ណែម ខី ៖ រឿងដែលខ្ញុំចាំមិនភេ្លចគឺកូនរបស់ខ្ញុំឈឺធ្ងន់ ប៉ុន្តែប្រធានសហករណ៍មិនឲ្យខ្ញុំទៅមើលថែកូន

ខ្ញុំឈ្មោះ ណែម ខី ភេទស្រី មានអាយុ៧៥ឆ្នាំ រស់នៅភូមិព្រៃស្នៀត ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។ ខ្ញុំបានរៀបការនៅឆ្នាំ១៩៧០។ នៅអំឡុងឆ្នាំ១៩៧២ និងឆ្នាំ១៩៧៣ ខ្ញុំរស់នៅក្នុងតំបន់រំដោះដែលគ្រប់គ្រងដោយខ្មែរក្រហម។ ខ្មែរក្រហមបានប្រើឲ្យខ្ញុំ ដាំកប្បាសនៅភូមិព្រៃស្នៀតដើម្បីយកទៅធ្វើក្រមា។ ខ្ញុំធ្វើការងារដាំកប្បាសនេះមិនដល់មួយឆ្នាំទេ ក៏ខ្មែរក្រហមបញ្ជូនខ្ញុំឲ្យមកធ្វើស្រែវិញ។ ក្រៅពីការងារធ្វើស្រែចម្ការ ខ្មែរក្រហមបានប្រើឲ្យខ្ញុំធ្វើជី និងដាំដំណាំ។

រហូតដល់ឆ្នាំ១៩៧៦ ខ្មែរក្រហមបានស្នើឲ្យខ្ញុំជីកប្រឡាយនៅខាងកើតភូមិព្រៃស្នៀត។  ការងារជីកប្រឡាយគឺមិនសូវជានឿយហត់ប៉ុន្មានទេ ព្រោះយើងធ្វើការបណ្តើរ ហើយយើងច្រៀងបណ្តើរ។ ពេលហត់គឺយើងអាចសម្រាកបាន។ ពេលនោះ ខ្មែរក្រហមក៏ឲ្យទឹកត្នោតឲ្យប្រជាជនផឹកដែរពេលកំពុងធ្វើការងារ ប៉ុន្តែខ្ញុំផឹកទឹកត្នោតមិនបានច្រើនទេ។ នៅពេលខ្ញុំផឹកទឹកត្នោតម្តងណា គឺដឹងតែឈឺនិងកោសខ្យល់ ។ ជារៀងរាល់ពេលដែលខ្ញុំចេញទៅធ្វើការងារជីកប្រឡាយ ខ្ញុំបានផ្ញើកូនជាមួយម្តាយខ្ញុំដើម្បីជួយមើលថែទាំ។ មានពេលមួយដែលខ្ញុំចងចាំមិនភ្លេច គឺកូនរបស់ខ្ញុំក្តៅខ្លួន និងក្អកខ្លាំង។ ថ្ងៃនោះ ខ្ញុំគ្មានអារម្មណ៍ធ្វើការទេ។ អារម្មណ៍របស់ខ្ញុំគឺនៅនឹងកូនដែលឈឺនៅផ្ទះ។ ខ្ញុំសុំច្បាប់ប្រធានសហករណ៍មួយព្រឹក ដើម្បីទៅមើលថែកូន ប៉ុន្តែប្រធានសហករណ៍ឈ្មោះ វែន មិនឲ្យខ្ញុំទៅមើលកូនឡើយ ថែមទាំងស្តីបន្ទោសថា មិត្តនារីឯងគឺជាពេទ្យឬ? ពេលនោះខ្ញុំឈប់មាត់ ព្រោះខ្ញុំឆ្អែតនឹងសម្តីរបស់ វែន ហើយខ្ញុំចងចាំសម្តីនេះមួយជីវិត។ នៅក្នុងអារម្មណ៍របស់ខ្ញុំ គឺខ្ញុំនៅតែស្អប់ប្រធានសហករណ៍ឈ្មោះ វែន រហូតមកដល់សព្វថ្ងៃនេះ។ នៅសម័យនោះ ប្រធានសហករណ៍បានចាត់តាំងខ្ញុំឲ្យទៅធ្វើការងារផ្សេងៗ ដូចជា លើកប្រព័ន្ធភ្លឺស្រែ ប៉ុន្តែប្រសិនបើខ្ញុំលើកភ្លឺស្រែមិនត្រង់ គឺប្រធានកងស្តីឲ្យថា អារម្មណ៍របស់មិត្តបែកទៅណា ហេតុដូចម្តេចបានជាលើកភ្លឺស្រែមិនត្រង់?

ខ្ញុំនៅចាំថា ថ្ងៃមួយខ្ញុំបានទៅចូលរួមអង្គប្រជុំ ហើយអ្នកនៅក្នុងអង្គប្រជុំបានលើកឡើងថា «តាំងពីប្រជុំមក មិត្តនារី ខី មិនដែលបានក្រមាមួយប្រើសោះ សូមឲ្យក្រមាទៅគាត់មួយទៅ» ប៉ុន្តែប្រធានសហករណ៍ឈ្មោះ វែន និយាយតបទៅវិញថា «ហេ! មិនបាច់ឲ្យវាទេ»។ ខ្ញុំនឹកតូចចិត្តដេកមិនលក់ទេនៅថ្ងៃនោះ។ ខ្ញុំខំមកប្រជុំនឹងគេដែរ ប៉ុន្តែមិនដែលបានក្រមាយកទៅផ្ទះវិញទេ។ កាលនោះខ្ញុំគ្មានសម្លៀកបំពាក់គ្រប់គ្រាន់ទេ គឺមានត្រឹមតែមួយសម្រាប់ប៉ុណ្ណោះ។ ពេលត្រឡប់មកពីធ្វើការវិញ ខ្ញុំបោកខោអាវហាល ហើយពេលយប់ស្លៀកក្រមា។ ព្រឹកឡើង ខ្ញុំស្លៀកពាក់ខោអាវមួយសម្រាប់នេះដដែលទៀត។ នៅសម័យនោះ ខ្ញុំវេទនាណាស់។ ខ្ញុំត្រេកអរណាស់ នៅពេលដែលរបបខ្មែរក្រហមដួលរលំ។ ក្រោយប្រទេសកម្ពុជាត្រូវបានរំដោះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ខ្ញុំរស់នៅក្នុងភូមិឃុំដដែល និងបានប្រកបរបបធ្វើស្រែ។

សព្វថ្ងៃខ្ញុំមានជំងឺស្លាប់មួយចំហៀងខ្លួន ដោយសារជំងឺលើសឈាមអស់រយៈពេលជាងមួយឆ្នាំមកហើយ។ ខ្ញុំពិបាកចិត្តខ្លាំងណាស់ ព្រោះខ្ញុំមិនអាចទៅណាមកណាបានដូចមុនទៀត។ នៅពេលខ្ញុំចង់ទៅណាមកណា លុះត្រាតែមានអ្នកជួយគ្រា។ ខ្ញុំសប្បាយរីករាយណាស់បន្ទាប់ពីបានទទួលរទេះរុញពីក្រុមកាងារមជ្ឈមណ្ឌលឯកសារខេត្តតាកែវ ហើយរទេះរុញនេះនឹងអាចជួយសម្រួលការលំបាករបស់ខ្ញុំបានច្រើនជាងមុន។ ខ្ញុំពេញចិត្តរទេះរុញនេះ ព្រោះខ្ញុំអាចអង្គុយបានស្រួលខ្លួន ដោយមិនឈឺចង្កេះ។ ខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌលឯកសារខេត្តតាកែវ ហើយសូមជូនពរឲ្យក្រុមការងារទាំងអស់ជួបតែសំណាងល្អ សុខភាពល្អ និងទទួលបានជ័យជម្នះគ្រប់ភារកិច្ច។

អត្ថបទ ៖ ភា រស្មី បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖