នៅថ្ងៃទី១៦ ដល់១៧ ខែកក្កដា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានផ្តល់រទេះរុញ ចំនួន៥គ្រឿង ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៥នាក់ ដែលមានពិការភាព រស់នៅក្នុងឃុំត្រពាំងធំខាងត្បូង និងឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។ ការផ្តល់ជូនរទេះរុញ គឺក្នុងគោលបំណង ជួយសម្រួលដល់ការធ្វើដំណើរ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកដែលមានពិការភាព។
ជាកិច្ចចាប់ផ្តើមលោក ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានណែនាំខ្លួន និងក្រុមការងារ ព្រមទាំងបានសួរសុខទុក្ខលោកមេភូមិ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលបានអញ្ជើញមកចូលរួម។ បន្ទាប់មកលោក ផេង ពង្សរ៉ាស៊ី ក៏បានសួរនាំអ្នករស់រានមានជិវិតពីរបបខ្មែរក្រហមអំពីមូលហេតុដែលបណ្ដាលឲ្យមានពិការភាព និងបានថ្លែងអំណរគុណដល់អាជ្ញាធរភូមិឃុំ ដែលតែងតែ សហការយ៉ាងល្អជាមួយបុគ្គលិក និងអ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារខេត្តតាកែវ ព្រមទាំងអរគុណ អ៊ំ ពូ មីង ដែលបានចំណាយពេលវេលាកន្លងមក ដូចជា ការផ្តល់បទសម្ភាសន៍ដល់អ្នកស្ម័គ្រចិត្តកម្ពុជា។
លោក ផេង ពង្សរ៉ាស៊ី បន្ថែមថា ការចែករទេះរុញនៅក្នុងថ្ងៃនេះ គឺមិនបានគ្រប់គ្នាសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពឡើយ ព្រោះមជ្ឈមណ្ឌលឯកសារកម្ពុជាបានស្រង់ឈ្មោះតាមបញ្ជីឈ្មោះអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលធ្លាប់បានផ្តល់បទសម្ភាសន៍ដល់បុគ្គលិក និងអ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជានាពេលកន្លងមកតែប៉ុណ្ណោះ។ ហេតុនេះ ក្រុមការងារ បានផ្តល់រទេះរុញជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពទាំង៥នាក់ ព្រមទាំងបានបង្រៀនអំពីរបៀបប្រើប្រាស់រទេះរុញដែរ។ បន្ទាប់ពីចប់កម្មវិធី ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារខេត្តតាកែវ ជួបជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពដើម្បីសម្ភាសន៍ និងសាកសួរអំពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់គាត់។ ខាងក្រោមនេះជាចំណាប់អារម្មណ៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ៖
ខ្ញុំឈ្មោះ ជុំ អ៊ូច ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិត្រពាំងឈូក ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ពេលដែលបានទទួលរទេះរុញពីមជ្ឈមណ្ឌលឯកសារខេត្តតាកែវ ព្រោះរទេះរុញនេះអាចជួយខ្ញុំឲ្យធ្វើដំណើរទៅណាមកណាបានដោយខ្លួនឯង ដោយមិនចាំបាច់ពឹងពាក់អ្នកដទៃ។
ខ្ញុំឈ្មោះ ចាន់ ហេម ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិត្រពាំងថ្ម ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។ បន្ទាប់ពីទទួលបានរទេះរុញនេះ ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ ព្រោះខ្ញុំអាចធ្វើដំណើរបានដោយខ្លួនឯង។ ខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជា និងក្រុមការដែលបានចែករទេះរុញនេះដល់ខ្ញុំ។ ខ្ញុំសូមឲ្យក្រុមការងារធ្វើដំណើរត្រឡប់ទៅវិញដោយសុវត្ថិភាព។
ខ្ញុំឈ្មោះ ឯក ក្រិល ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិត្រពាំងឈូក ឃុំត្រពាំងខាងធំត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានការត្រេកអរខ្លាំងណាស់នៅពេលដែលទទួលបានរទះរុញពីមជ្ឈមណ្ឌលឯកសារកម្ពុជា ព្រោះវាជួយកាត់បន្ថយនូវការលំបាកដល់ខ្ញុំក្នុងការធ្វើដំណើរ។ ពីមុន គឺខ្ញុំត្រូវដើរដោយកាន់ឈើច្រត់ និងមិនងាយស្រួលឡើយ។ រទេះរុញនេះគឺសម្រួលដល់ខ្ញុំនិងគ្រួសារបានច្រើនណាស់។ ខ្ញុំកាត់ជើងនៅឆ្នាំ២០០៦ ប៉ុន្តែខ្ញុំកើតមានជំងឺតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ។ ខ្ញុំធ្លាប់សុំរទេះរុញពីកន្លែងផ្សេងៗច្រើនដងដែរ ប៉ុន្តែពុំមាននរណាផ្តល់ឲ្យខ្ញុំសោះ។ នៅពេលនេះ ខ្ញុំបានទទួលហើយ គឺបានទទួលពីមជ្ឈមណ្ឌលឯកសារកម្ពុជា។ ជាចុងក្រោយ ខ្ញុំគ្មានអ្វីក្រៅតែពីបួងសួងដល់ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ព្រមទាំងអ្នកដែលថែរក្សាម្ចាស់ទឹកម្ចាស់ដី ជួយឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជានិងក្រុមការងារទាំងអស់ឲ្យរីកចម្រើន និងជួបប្រទះតែសេចក្ដីសុខទៅមុខបន្តទៀត។
ខ្ញុំឈ្មោះ សែន ប៊ុន ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅត្រពាំងឈូក ឃុំត្រពាំងខាងធំត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំពិតជាសប្បាយចិត្តជាខ្លាំង នៅពេលដែលខ្ញុំទទួលបានរទេះរុញនេះ។ ខ្ញុំពុំដែលបានទទួល រទេះរុញនេះពីមុនមកទេ។ ក្រៅពីពិការភាពដោយសារជាន់មីន ខ្ញុំនៅមានជំងឺផ្សេងទៀតដូចជាសួត លើសឈាម បេះដូង និងខ្វះជាតិស្ករ។
ខ្ញុំឈ្មោះ ទន់ និន ភេទស្រី អាយុ៨៣ឆ្នាំ រស់នៅភូមិត្រពាំងតាសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានអារម្មណ៍សប្បាយចិត្ត និងសូមអរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលផ្តល់រទេះរុញដល់ខ្ញុំ។ រទេះរុញនេះអាចជួយសម្រួលការលំបាករបស់ខ្ញុំ ហើយខ្ញុំអាចជិះទៅធ្វើបុណ្យនៅវត្តជិតៗនេះបាន។
អត្ថបទ៖ ជឹម សុខគា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា