នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មបាននាំយករទេះរុញសម្រាប់ជនពិការចំនួន៥គ្រឿង និងកាសជំនួយត្រចៀកចំនួន១០០គ្រឿងទៅផ្តល់ជូន អង្គការជនពិការខេត្តត្បូងឃ្មុំ។
ជាកិច្ចចាប់ផ្តើម លោក អន ចាន់ថន ប្រធានអង្គការជនពិការខេត្តត្បូងឃ្មុំ មានប្រសាសន៍ថា អង្គការជនពិការខេត្តត្បូងឃ្មុំធ្វើការងារទាក់ទងនឹងការគាំទ្រមតិយ៉ាងសកម្ម ក្នុងការពង្រឹងសិទ្ធិរបស់ជនដែលមានពិការភាព និងបរិយាបន្នពិការភាពនៅក្នុងសហគមន៍តាំងពីឆ្នាំ២០០១។ នៅក្នុងឆ្នាំ២០១៩ លោក ចាន់ថន ត្រូវបានជ្រើសរើសឲ្យធ្វើជាប្រធានអង្គការតំណាងជនពិការភាពនៅក្នុងខេត្តត្បូងឃ្មុំ។ លោក ចាន់ថន បានប្រើប្រាស់បណ្តាញ និងទំនាក់ទំនង ដើម្បីស្វែងរកការគាំទ្រមតិសម្រាប់ធ្វើឲ្យកាន់តែប្រសើរឡើងនូវបរិយាបន្ននៃសេវាផ្សេងៗសម្រាប់ជនពិការ។ កន្លងមកអង្គការជនពិការខេត្តត្បូងឃ្មុំ បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កំណត់បណ្ណសម្គាល់ជនមានពិការភាព។ អង្គការជនពិការខេត្តត្បូងឃ្មុំ ក៏បានចូលរួមប្រមែប្រមូលកញ្ចប់ថវិកាជួយសម្រាលដល់ជីវភាពគ្រួសារជនពិការ និងជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្ដល់បណ្ណសមធម៌ដល់ប្រជាជនដែលក្រីក្រខ្វះខាតដែលជាជនពិការ។ គិតត្រឹមចុងខែធ្នូ ឆ្នាំ២០២៣ អង្គការជនពិការខេត្តត្បូងឃ្មុំបានចុះបញ្ជីជនពិការចំនួន១៧០០នាក់ ភាគច្រើនជនពិការដែលមានអាយុចន្លោះពី៣០ឆ្នាំឡើងទៅ។ ក្នុងនោះក៏មានជនពិការដែលរស់រានមានជីវិតពីរបបខ្មែរក្រហម និងសម័យសង្គ្រាម ដោយសារការជាន់មីន និងជំងឺលើសឈាម និងទឹកនោមផ្អែមជាដើម ។
តមក លោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្មបានលើកឡើងក្នុងពិធីផ្តល់រទេះរុញ និងកាសជំនួយត្រចៀកដល់អង្គការជនពិការខេត្តត្បូងឃ្មុំថា មជ្ឈមណ្ឌលឯកសារកោះថ្មបានបើកដំណើរការជាសាធារណៈនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ត្រូវនឹងខួបលើកទី៤៣ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (១៩៧៧ -២០២០)។ មជ្ឈមណ្ឌលឯកសារកោះថ្មមានគោលបំណងធំៗដូចខាងក្រោម៖
១) បង្ហាញប្រវត្តិសាស្ត្រសង្រ្គាមនៅប្រទេសកម្ពុជាចាប់ផ្តើមពីចុងទសវត្សរ៍ឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៩០ ។ ជាពិសេសប្រវត្តិសាស្ត្រពីសង្រ្គាមដែលចាប់ផ្តើមឡើងនៅតំបន់កោះថ្មក្នុងស្រុកមេមត់ ខេត្តកំពង់ចាម និងស្រុកស្នួល ខេត្តក្រចេះ នៅចុងទសវត្សរ៍ឆ្នាំ១៩៦០។
២) ពង្រឹងការកសាងសន្តិភាព និងការការពារជម្លោះតាមរយៈកម្មវិធីអប់រំ ដែលនឹងផ្តល់ឱកាសសម្រាប់យុវជននៅតំបន់ជនបទ និងតំបន់ដាច់ស្រយាលបានចូលរួមរៀនសូត្រ។
៣) លើកទឹកចិត្តឲ្យអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចែករំលែកការចងចាំរបស់ពួកគាត់ក្នុងរបបខ្មែរក្រហមដល់យុវជនជំនាន់ក្រោយ។
៤) ប្រមូលរឿងរ៉ាវ និងបទពិសោធន៍ពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងទីតាំងឧក្រិដ្ឋកម្មដែលបានកើតឡើងក្នុងរបបខ្មែរក្រហម។
មជ្ឈមណ្ឌលឯកសារកោះថ្មក៏បានយកចិត្តទុកដាក់លើ សុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក្នុងនោះក៏មានជនពិការក្នុងរបបខ្មែរក្រហម និងសម័យសង្គ្រាម។ កន្លងមកមជ្ឈមណ្ឌលឯកសារកោះថ្មបានពិនិត្យសុខភាព ផ្តល់រទេះរុញ និងកាសជំនួយត្រចៀកដល់ជនពិការជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលអ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកោះថ្មធ្លាប់បានជួប និងសាកសួរអំពីរឿងរ៉ាវ ឆ្លងកាត់របបខ្មែរក្រហម និងបញ្ហាសុខភាពប្រចាំថ្ងៃ ។
ថ្ងៃនេះក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មមានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់រទេះរុញចំនួន៥គ្រឿង និងកាសជំនួយត្រចៀកចំនួន១០០គ្រឿងជូនអង្គការជនពិការខេត្តត្បូងឃ្មុំ ពីព្រោះវាជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ជួយដល់យាយ តា អ៊ំ ពូមីង បងប្អូនជនពិការ ដែលអាចយកវាទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍។ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មសង្ឃឹមថា រទេះរុញ និងកាសជំនួយត្រចៀកអាចចូលរួមចំណែកដោះស្រាយការលំបាកបានមួយកម្រិតចំពោះអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាជនពិការក្នុងការធ្វើដំណើរទៅមកប្រចាំថ្ងៃ និងទំនាក់ទំនងជាមួយសមាជិកក្នុងក្រុមគ្រួសារ និងបងប្អូននៅក្នុងសហគមន៍។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាជនពិការកាន់តែមានភាពងាយស្រួលក្នុងការនិយាយរឿងរ៉ាវ និងការចងចាំរបស់ខ្លួនកាលពីរបបខ្មែរក្រហម និងបញ្ហាសុខភាពរបស់ខ្លួននាពេលបច្ចុប្បន្នប្រាប់ដល់កូនចៅជំនាន់ក្រោយ ដែលជាប្រយោជន៍ក្នុងការទប់ស្កាត់កុំឲ្យរបបឃោរឃៅនេះកើតឡើងវិញម្តងទៀត។ ការផ្តល់រទេះរុញ និងកាសជំនួយត្រចៀកក៏ជាផ្នែកមួយនៃកិច្ចសហការជិតស្និទ្ធរវាងមជ្ឈមណ្ឌលឯកសារកោះថ្ម និងអង្គការជនពិការខេត្តត្បូងឃ្មុំក្នុងពេលបច្ចុប្បន្ន និងអនាគត។
ចុងក្រោយ លោក ចាន់ថន បានថ្លែងអំណរគុណមជ្ឈមណ្ឌលឯកសារកោះថ្ម ដែលបានផ្តល់រទេះរុញសម្រាប់ជនពិការចំនួន៥ និងកាសជំនួយត្រចៀកចំនួន១០០ដល់អង្គការជនពិការខេត្តត្បូងឃ្មុំ សម្រាប់ចែកជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាជនពិការនៅក្នុងក្របខណ្ឌអង្គការជនពិការខេត្តត្បូងឃ្មុំ។ លោក ចាន់ថន បានបញ្ជាក់ថា ខ្ញុំចង់លើកទឹកចិត្តដល់ជនពិការឲ្យមានជំនឿចិត្តលើខ្លួនឯង បើទោះបីជាពួកគាត់មានពិការភាពក៏ដោយ ក៏ត្រូវបន្តក្តីសុបិន និងធ្វើការងារដែលមានប្រយោជន៍សម្រាប់ជីវិតខ្លួនបន្តទៅទៀត។
អត្ថបទ ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា