នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារកោះថ្ម បានរៀបចំកម្មវិធីវេទិកាថ្នាក់រៀនស្ដីអំពីប្រវត្តិសាស្រ្តរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដោយមានការចូលរួមពីសិស្សចំនួន២០នាក់ ក្នុងនោះមានសិស្សស្រីចំនួន១១នាក់ មកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែនលាជលើ។
ជាកិច្ចចាប់ផ្ដើម លោក ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្មធ្វើបទបង្ហាញដល់សិស្សអំពីពិព័រណ៍ផ្ទាំងគំនូរ, រូបភាព, ផែនទី ដែលដាក់តាំងនៅក្នុងការិយាល័យមជ្ឈមណ្ឌលឯកសារកោះថ្ម។ ពិព័រណ៍ទាំងនេះ រួមមានរូបថតចំនួន១៣៣សន្លឹក រូបគំនូរចំនួន៣៨ផ្ទាំង និងផែនទីចំនួន៦ផ្ទាំង និងត្រូវបានបែងចែកជា៥ផ្នែកដែលមានរៀបរាប់ដូចខាងក្រោម ៖
ផ្នែកទី១៖ ផែនទីអំពីឧទ្ធម្ភាគចក្រចំនួន៣គ្រឿងរបស់សហរដ្ឋអាមេរិកដែលបានធ្លាក់ក្នុងសង្គា្រមវៀតណាមទសវត្សរ៍ឆ្នាំ១៩៧០ នៅតំបន់កោះថ្ម (ឃុំជាំក្រវៀន) ស្រុកមេមត់។
ផ្នែកទី២៖ បណ្ដុំរូបភាពក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ថតដោយជនជាតិស៊ុយអ៊ែតឈ្មោះ ហ្គូណា បឺយស្រ្តម ដែលត្រូវបាន ប៉ុល ពត អញ្ជើញឲ្យមកទស្សនកិច្ចប្រទេសកម្ពុជាក្នុងខែសីហា ឆ្នាំ១៩៧៨។ ខ្មែរក្រហមបានរៀបចំឲ្យ ហ្គូណា បឺយស្រ្តម ធ្វើដំណើរ និងទស្សនានៅទីកន្លែងមួយចំនួនក្នុងខេត្តកំពង់ចាម និងខេត្តកំពង់ធំ ដូចជា នៅផ្សារក្នុងខេត្តកំពង់ចាម ការដ្ឋានទំនប់១មករា។ ហ្គូណា បឺយស្រ្តម បានសរសើររបបកម្ពុជាប្រជាធិបតេយ្យ និងបានឃើញទឹកមុខប្រជាជនធ្វើការងារដោយសា្នមញញឹម។ នៅពេល ហ្គូណា បឺយស្រ្តម ត្រឡប់មកប្រទេសកម្ពុជាម្ដងទៀតនៅក្នុងឆ្នាំ២០០៨ ទើបគាត់ដឹងច្បាស់ថា ប្រជាជនកម្ពុជាច្រើនលាននាក់ទៀតត្រូវបានខ្មែរក្រហមសម្លាប់យ៉ាងឃោរឃៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ហ្គូណា បឺយស្រ្តម បានប្រគល់រូបថតទាំងអស់ដែលបានថតដល់មជ្ឈមណ្ឌលឯកសារកម្ពុជា និងមានការសោកស្ដាយជាខ្លាំង ចំពោះថាជឿជាក់លើរបបកម្ពុជាប្រជាធិបតេយ្យ។
ផ្នែកទី៣៖ រូបភាពថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជាថ្ងៃដែលប្រជាជនកម្ពុជាបានរស់រាន និងមានសេរីភាពឡើងវិញ។ ប្រជាជនកម្ពុជាបានធ្វើដំណើរវិលត្រឡប់មកស្រុកកំណើតវិញ និងចាប់ផ្ដើមកសាងជីវភាពឡើងវិញពីបាតដៃទទេ។
ផ្នែកទី៤៖ បណ្ដុំរូបភាពអំពីសកម្មភាពក្រោយពេលដែលរបបកម្ពុជាប្រជាធិបតេយ្យដួលរលំ សកម្មភាពប្រជាជនធ្វើដំណើរ និងប្រកបរបររកស៊ី។ ចំណែកក្មេងៗត្រឡប់ទៅរៀនសូត្រវិញ។ ក្រុមអ្នកស្រាវជ្រាវចាប់ផ្ដើមស្វែងរក និងជីករណ្ដៅសាកសព សាងសង់បូជនីយស្ថាន ដើម្បីធ្វើពិធីបង្សុកូល និងឧទ្ទិសកុសលដល់អ្នកចែកឋានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ បណ្ដុំរូបភាពឧក្រិដ្ឋកម្មទាក់ទងជាមួយរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ដូចជាវត្តអារាមត្រូវបានប្រើប្រាស់ជាកន្លែងធ្វើជី ជាមន្ទីរសន្តិសុខ ធ្វើឲ្យបែកបាក់រូបបដិមាករ និងបន្សល់ទុកជនពិការជាច្រើននាក់។
ផ្នែកទី៥៖ ផ្ទាំងរូបគំនូរ សម្ដេច ហ៊ុន សែន ទីតាំងបន្ទាយកងវរសេនាធំ តំបន់២១ ភូមិភាគបូព៌ា។ ដោយឃើញការសម្លាប់យ៉ាងឃោរឃៅ សម្ដេច ហ៊ុន សែន បានសម្រេចចិត្តដកខ្លួនចេញពីរបបខ្មែរក្រហម។ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្ដេច និងសមមិត្ត៤រូបទៀត បានធ្វើដំណើរពីទីតាំងបន្ទាយកងវរសេនាធំទៅកាន់ប្រទេសវៀតណាម ដើម្បីកងសាងកងកម្លាំងសាមគ្គីសង្រ្គោះជាតិកម្ពុជាវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ជាកិច្ចបន្ទាប់ លោកឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម បានធ្វើការណែនាំខ្លួន និងគោលបំណងដែលបង្កើតមជ្ឈមណ្ឌលឯកសារកោះថ្ម ដែលមាន៤ចំណុចសំខាន់ៗដូចខាងក្រោម ៖
១) បង្ហាញអំពីប្រវត្តិសាស្ត្រកម្ពុជា ជាពិសេសសង្រ្គាមស៊ីវិលចាប់ផ្តើមពីចុងទសវត្សរ៍ឆ្នាំ១៩៦០ ដល់ ឆ្នាំ១៩៩០។
២) ពង្រឹងកសាងសន្តិភាព និងទប់ស្កាត់ជម្លោះ តាមរយៈកម្មវិធីអប់រំ ដែលផ្តល់ឱកាសដល់យុវជនតាមជនបទ និងតំបន់ដាច់ស្រយាលបានចូលរៀនសូត្រ។
៣) លើកទឹកចិត្តឲ្យយុវជនសួរនាំអំពីបញ្ហារឿងរ៉ាវដែលលោកតាលោកយាយ ធ្លាប់បានឆ្លងកាត់ពីរបបខ្មែរក្រហម ថា តើមានរឿងរ៉ាវអ្វីដែលលោកតា លោកយាយ អ៊ំពូ មីង នៅចងចាំមិនភ្លេច និង មួយទៀតសួរទាក់ទងជាមួយ បញ្ហាសុខភាពដែលលោកតា លោកយាយ អ៊ំពូមីងកំពុងតែកើតមានបច្ចុប្បន្ន។
៤) មជ្ឈមណ្ឌលឯកសារកោះថ្មនៅតែបន្តចងក្រងឯកសារជាប្រវត្តិសាស្រ្តផ្ទាល់មាត់ និងទីតាំងឧក្រិដ្ឋកម្មនានា ដើម្បីទុកជាឯកសារឲ្យក្មេងៗជំនាន់ក្រោយបានសិក្សាស្វែងយល់បន្ថែមទៀត។
តមកទៀត លោក ឡុង ដានី បានឲ្យសិស្សានុសិស្សធ្វើការចែករំលែកចំណេះដឹងមុនសិក្សាអំពី ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) និងផ្ដល់ឱកាសឲ្យសិស្សានុសិស្សសួរសំណួរមាន៖
១) តើការធ្វើទារុណកម្មនៅសម័យខ្មែរក្រហមធ្ងន់ធ្ងរប៉ុណ្ណា?
២) ហេតុអ្វីបានជាខ្មែរក្រហមជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ?
៣) តើរបប ប៉ុល ពត ធ្វើទារុណកម្មអ្វីខ្លះ?
៤) ហេតុអ្វីបានជាបង្កឲ្យមានសង្រ្គាមកើតឡើងនៅប្រទេសកម្ពុជា?
៥) តើនៅរបប ប៉ុល ពត មានគោលបំណងអ្វីបានជាលុបបំបាត់សាសនា និង សាលារៀន?
៦) ហេតុអ្វីបានជាខ្មែរក្រហមបង្អត់អាហារប្រជាជន ហើយឲ្យប្រជាជនធ្វើការងារធ្ងន់?
៧) តើនៅក្នុងសង្រ្គាមប្រជាជនជួបផលលំបាកអ្វីខ្លះ?
៨) ប្រជាជនខំធ្វើស្រែចម្កាគ្មានពេលសម្រាក ហើយហូបមិនគ្រប់គ្រាន់ តើទិន្នផលទាំងអស់នោះត្រូវប្រមូលយកទៅណាខ្លះ?
៩) តើហេតុអ្វីបានជាខ្មែរក្រហមធ្វើសង្រ្គាមជាមួយប្រទេសវៀតណាម?
ក្នុងឱកាសនោះ លោក ឡុង ដានី ឡើងធ្វើបទបង្ហាញអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ដោយផ្តោតលើការឡើងកាន់អំណាចរបស់ខ្មែរក្រហម ៖ «ការជម្លៀសប្រជាជនចេញពីទីក្រុង និងការជម្លៀសដោយបង្ខំដំណាក់កាលទី៣»។ លោក ឡុង ដានី បានលើកឡើងថា នៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមចូលដល់ទីក្រុងភ្នំពេញ ពេលនោះប្រជាជននាំគ្នាអបអរជាមួយខ្មែរក្រហម ពីព្រោះគិតថាប្រទេសបានរួចផុតពីសង្គ្រាម ដោយសារតែរដ្ឋប្រហាររបស់ លន់ នល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ប្រជាជននាំគ្នាសប្បាយរីករាយ ដោយយល់ថានឹងមានសន្តិភាពវិញ ប៉ុន្តែរយៈពេល២ទៅ៣ម៉ោងក្រោយមក ខ្មែរក្រហមបានប្រកាសជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ដោយយកលេសថា ខ្លាចអាមេរិកទម្លាក់គ្រាប់បែក។ ដូច្នេះសូមឲ្យប្រជាជនចាកចេញដោយមិនបាច់យករបស់របរទៅជាមួយខ្លួនឡើយ ព្រោះមានអង្គការបដិវត្តន៍នៅចាំទទួល។ ចំពោះប្រជាជនដែលជំទាស់ជាមួយអង្គការត្រូវបានខ្មែរក្រហមគំរាមសម្លាប់ ដើម្បីព្រមានដល់ប្រជាជនផ្សេងទៀត។ ការជម្លៀសប្រជាជនក៏ចាប់ផ្តើមឡើងតាំងពីពេលនោះមក ដោយបែងចែកជា៣ដំណាក់កាល ៖
១) ដំណាក់កាលទី១៖ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញដោយគ្មានគោលដៅច្បាស់លាស់។
២) ដំណាក់កាលទី២៖ ពីខែកញ្ញា ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៧ ខ្មែរក្រហមជម្លៀសប្រជាជនចេញពីភូមិភាគមួយទៅកាន់ភូមិភាគមួយ និងពីតំបន់មួយទៅតំបន់មួយទៀត។ នៅពេលនោះរថភ្លើងគឺជាមធ្យោបាយដ៏សំខាន់ក្នុងការជម្លៀសប្រជាជនដោយបង្ខំទៅកាន់ភូមិភាគពាយ័ព្យ ដោយឈរប្រជ្រៀតគ្នា និងគ្មានអាហារហូបចុក។
៣) ដំណាក់កាលទី៣៖ ចាប់ពីចុងឆ្នាំ១៩៧៧ ដល់១៩៧៨ ខ្មែរក្រហមជម្លៀសប្រជាជនចេញពីភូមិភាគបូព៌ា ទៅភូមិភាគពាយ័ព្យ ដោយមានការសង្ស័យលើប្រជាជនភូមិភាគបូព៌ាថា ក្បត់ គឺមានក្បាលយួនខ្លួនខ្មែរ។ ជាពិសេស ខ្មែរក្រហមជម្លៀសប្រជាជនដែលរស់នៅខេត្តស្វាយរៀង និងខេត្តព្រៃវែង តាមរទេះគោ និងធ្វើដំណើរដោយថ្មើរជើងទៅអ្នកលឿង រួចហើយធ្វើដំណើរតាកាណូតបន្តរហូតមកដល់ទីក្រុងភ្នំពេញ។ ខ្មែរក្រហមបានចែក ខោអាវ និងក្រមាឲ្យប្រជាជនភូមិភាគបូព៌ា និងប្រាប់ប្រជាជនឲ្យប្រើប្រាស់វាគ្រប់ពេល។ ប៉ុន្តែគោលបំណងដែលអង្គការចែកខោអាវ និងក្រមាឲ្យនោះ គឺជាការសម្គាល់ថា ប្រជាជនដែលជម្លៀសចេញពីភូមិភាគបូព៌ា។ ប្រសិនបើប្រជាជនដែលជម្លៀសចេញពីភូមិភាគបូព៌ាធ្វើខុស ឬមានការជំទាស់បន្តិចជាមួយអង្គការ និងត្រូវយកទៅសម្លាប់ចោលជាមិនខាន។
ក្រោយខ្មែរក្រហមដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ មានប្រជាជនចន្លោះពី១.៧ទៅ២លាននាក់បានស្លាប់ និងបានបន្សល់ទុកស្រ្តីមេម៉ាយ និងកុមារកំព្រាំរាប់ពាន់នាក់។ ប្រជាជនខ្មែររាប់សែននាក់បានរត់ចេញពីប្រទេស ហើយបានក្លាយជាជនភៀសខ្លួន។ គ្រាប់មីនរាប់លានគ្រាប់ត្រូវបង្កប់ដោយសារសង្រ្កាម ដែលបណ្តាលឲ្យប្រជាជនរាប់ពាន់នាក់ស្លាប់ និងពិការ ចាប់តាំងទសវត្សរ៍ឆ្នាំ១៩៧៩ រហូតមកដល់សព្វថ្ងៃ។ កត្តាទាំងអស់នេះហើយជាឧបសគ្គដ៏ចម្បងក្នុងការអភិវឌ្ឈន៍ប្រទេសកម្ពុជា។ ចំណែកអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានប្រឈមបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរ។ ផ្អែកតាមលទ្ធផលស្ទាបស្ទង់មតិរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៣២០០០នាក់ បានរកឃើញថាភាគច្រើននៃអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមានជំងឺប្រមាណ១០ប្រភេទ រួមមាន ៖ ) ជំងឺលើសឈាម ២) ជំងឺក្រពះពោះវៀន ៣) ជំងឺគ្រុនចាញ់ ៤) ជំងឺផ្លូវចិត្ត ៥) ជំងឺបេះដូង ៦) ជំងឺរលាកសន្លាក់៧) ជំងឺហឺតរ៉ាំរ៉ៃ ៨) ជំងឺរបេង ៩) ជំងឺឆ្កួតជ្រូក និង ១០) ជំងឺទឹកនោមផ្អែម។
ឆ្លៀតឱកាសនោះ លោក ឡុង ដានី ក៏បានធ្វើបទបង្ហាញជាសង្ខេបអំពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដល់សិស្សានុសិស្សដូចជា សំណុំរឿង០០១ សំណុំរឿង០០២ (០០២/១ និង ០០២/២) និងដឹកនាំដំណើរទស្សនកិច្ចសិក្សាទៅកាន់តំបន់ប្រវត្តិសាស្រ្តយោធាតេជោ X-១៦។
បន្ទាប់ពីចប់វេទិកាថ្នាក់រៀន សិស្សបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម ៖
នាងខ្ញុំឈ្មោះ សារ៉ាត់ នីតា គឺជាសិស្សមកពីវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន លាជលើ។ ថ្ងៃនេះខ្ញុំពិតជាមានអារម្មណ៍រំភើប ណាស់ដែលបានមកចូលរួម ក្នុងដំណើរទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯកសារកោះថ្ម។ ខ្ញុំបានឃើញទិដ្ឋភាពនៅលើពិព័រណ៍របស់ប្រជាជននៅក្នុងរបបខ្មែរក្រហមដោយផ្ទាល់ភ្នែក ដូចជា ប្រជាជនកំពុងធ្វើការ ក្មេងកំព្រា វត្តអារាមបាក់បែក គួរឲ្យសោកសង្រេងខ្លាំងណាស់។ បន្ទាប់ពីបានស្ដាប់លោក ឈុំ រ៉ា ធ្វើបទបង្ហាញអំពីរូបភាព ខ្ញុំទទួលបានចំណេះដឹងថ្មីៗច្រើនទាក់ទងនឹងរឿងរ៉ាវប្រវត្តិសាស្រ្តនៅក្នុងពិព័រណ៍។ ចំណែកលោកគ្រូ ឡុង ដានី បានធ្វើបទបង្ហាញអំពីការជម្លៀសប្រជាជនដោយបង្ខំ ដែលធ្វើឲ្យខ្ញុំអាណិតអាសូរដល់ប្រជាជនដែលរស់នៅក្នុងរបបខ្មែរក្រហមកាន់តែខ្លាំង ជាពិសេសប្រជាជនភូមិភាគបូព៌ា។ ខ្ញុំក៏បានដឹងអំពីវិធីសាស្រ្តនៃការទប់ស្កាត់អំពើប្រល័យពូជសាសន៍ដែរ។ ចុងក្រោយ ខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌលឯកសារកោះថ្មដែលបានរៀបចំកម្មវិធីសិក្សាអំពីរបបកម្ពុជាប្រជាធិបតេយ្យនេះឡើង ដើម្បីផ្ដល់ឱកាសឲ្យខ្ញុំនិងប្អូនៗជំនាន់ក្រោយបានសិក្សាបន្ថែមទៀតអំពីប្រត្តិសាស្រ្តខ្មែរក្រហម។
នាងខ្ញុំឈ្មោះ ភី សុខណា គឺជាសិស្សមកពីវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន លាជលើ។ ដំបូងខ្ញុំសូមអរគុណដល់លោកគ្រូនាយកសាលាប៊ុនរ៉ានី ហ៊ុន សែន លាជលើ ដែលបានផ្ដល់ឲ្យខ្ញុំបានមកចូលរួមទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯកសារកោះថ្ម។ ពីមុនមកខ្ញុំមិនសូវយល់ដឹងប៉ុន្មានទេអំពីរបបកម្ពុជាប្រជាធិបតេយ្យ។ ចាប់ពីពេលខ្ញុំបានមកទស្សនកិច្ចនៅមជ្ឈមណ្ឌលឯកសារកោះថ្មមក បានឲ្យខ្ញុំយល់ដឹងកាន់តែច្រើនជាងមុនពីការជម្លៀសប្រជាជនដោយការបង្ខំក្នុងរបបខ្មែរក្រហម។ ខ្ញុំចាប់អារម្មណ៍រូបថតដែលដាក់តាំងបង្ហាញនៅមជ្ឈមណ្ឌលឯកសារកោះថ្ម រូបថតមួយចំនួនគឺជាលោកយាយលោកតាមអ៊ំពូមីងដែលបានខិតខំតស៊ូព្យាយាមទោះបីដឹងថា របបខ្មែរក្រហមប្រព្រឹត្តអំពើឃោរឃៅលើរូបគាត់ ក៏គាត់អត់ធ្មត់ដើម្បីបានរស់ជីវិត ។
អត្ថបទ ៖ វី ស៊ីថា, វន បុប្ជា និង ម៉ាប់ ស៊ីណា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា