នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ មជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានរៀបចំវេទិកាថ្នាក់រៀនស្តីអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាជាធិបតេយ្យ (១៩៧៥-១៩៧៩) ផ្ដោតលើប្រធានបទ «ការជម្លៀសប្រជាជនដោយបង្ខំនៅដំណាក់កាលទី១,ទី២ និងទី៣ ដោយមានការចូលរួមពីយុវជនចំនួន២៣នាក់ ក្នុងនោះមានស្រី១៥នាក់ មកពីស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
គោលបំណងនៃការរៀបចំវេទិកាថ្នាក់រៀនគឺមាន៤ចំណុចដូចខាងក្រោម៖ ១) ចង់ឲ្យយុវជនឈ្វេងយល់ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាចាប់ពីទសវត្សរ៍ឆ្នាំ១៩៧០ រហូតដល់ទសវត្សរ៍ឆ្នាំ១៩៩០។ ២) ពង្រឹងដល់ដំណើរការសន្តិភាព និងការជួយទប់ស្កាត់ជម្លោះនានាតាមរយៈកម្មវិធីអប់រំ និងផ្ដល់ឱកាសឲ្យសិស្សានុសិស្សជំនាន់ក្រោយដែលភាគច្រើនរស់នៅតាមទីជនបទដាច់ស្រយាល បានចូលរួមវេទិកានេះ។ ៣) លើកទឹកចិត្តដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ឲ្យចែករំលែករឿងរ៉ាវ បទពិសោធន៍ក្នុងរបបខ្មែរក្រហម ទៅកាន់យុវជនជំនាន់ក្រោយ និង ៤) ប្រមែប្រមូលរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងទីតាំងបទឧក្រិដ្ឋដែលបន្សល់ពីរបបខ្មែរក្រហម។ ចំណុចសំខាន់មួយទៀត គឺយុវជនបានសិក្សាឈ្វេងយល់ពីនិយមន័យនៃអំពើប្រល័យពូជសាសន៍ ដើម្បីជាការទប់ស្កាត់កុំឲ្យមានអំពើប្រល័យពូជសាសន៍កើតឡើងនាពេលអនាគត ស្របតាមសន្និសីទលើកទី១ ស្តីពី«អនាគតប្រទេសកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍» នាថ្ងៃទី២០-២២ ខែឧសភា ឆ្នាំ២០២៤។
មុនឈានទៅដល់ការធ្វើបទបង្ហាញពីប្រវត្តិសាស្រ្តខ្មែរក្រហម លោក ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានណែនាំខ្លួននិងក្រុមការងារ រួចតម្រូវឲ្យយុវជនបំពេញតារាងស្ទាបស្ទង់ចំណេះដឹងមុនចូលរៀន និងស្នើឲ្យយុវជនចែករំលែកអំពីអ្វីដែលខ្លួនបានដឹងទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហម (១៩៧៥-១៩៧៩) ឬមានសំណួរអ្វីដែលឆ្ងល់ និងចង់ដឹងអំពីប្រវត្តិសាស្ត្រខ្មែរក្រហម (១៩៧៥-១៩៧៩)។ សំណួរដែលយុវជនសួរក្នុងវេទិកាថ្នាក់រៀន មានដូចជា៖ ហេតុអ្វីបានខ្មែរក្រហមបំបែកក្មេងឲ្យរស់នៅឆ្ងាយពីឪពុកម្តាយ? ហេតុអ្វីបានខ្មែរក្រហមឲ្យប្រជាជនធ្វើស្រែ ប៉ុន្តែមិនឲ្យប្រជាជនហូបគ្រប់គ្រាន់? ហេតុអ្វីបានជាខ្មែរក្រហមស្អប់ជនជាតិវៀតណាម? តើខ្មែរក្រហមធ្វើអ្វីខ្លះទៅលើប្រជាជនរស់នៅភូមិភាគបូព៌ា? មូលហេតុអ្វីបានរបបខ្មែរក្រហមដួលរលំ? ក្នុងផែនការ៤ឆ្នាំ ខ្មែរក្រហមមានគម្រោងចង់ធ្វើអ្វីខ្លះ? ហេតុអ្វីបានជាជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ?
ក្រោយពីទទួលបានសំណួរខាងលើរួច លោក ឡុង ដានី បានធ្វើបទបង្ហាញឆ្លើយតបរាល់សំណួរជាសង្ខេប។ លោក ឡុង ដានី បានលើកឡើងថា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ខ្មែរក្រហមបានជម្លៀសប្រជាជនដោយបង្ខំមានបីដំណាក់កាលដូចខាងក្រោម ៖
១)ការជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ និងទីក្រុងនានាចាប់តាំងពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ក្រោយពីកងទ័ពខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ។ នៅខណៈពេលខ្មែរក្រហមមកដល់ទីក្រុងភ្នំពេញបានរយៈពេលតែ២ទៅ៣ម៉ោង មេដឹកនាំខ្មែរក្រហមបានបញ្ជាឲ្យកងទ័ពរបស់ខ្លួនជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ និងទីក្រុងនានាទៅធ្វើការងារពលកម្មដ៏លំបាកវេទនានៅតាមវាលស្រែនៃតំបន់ដាច់ស្រយាល ក្នុងប្រទេសកម្ពុជា។ កងទ័ពខ្មែរក្រហមបានយកលេសដើម្បីជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញថា សហរដ្ឋអាមេរិកនឹងមកទម្លាក់គ្រាប់បែកនៅទីក្រុងភ្នំពេញ ប្រជាជនត្រូវជម្លៀសចេញពីទីក្រុងភ្នំពេញតែរយៈពេល៣ថ្ងៃនឹងបានវិលត្រឡប់មកផ្ទះវិញហើយ ដូច្នេះប្រជាជនទាំងអស់មិនចាំបាច់យកទ្រព្យសម្បត្តិច្រើនទៅតាមខ្លួន និងចាក់សោផ្ទះឡើយ។
២) ការជម្លៀសប្រជាជនដោយបង្ខំតាមរថភ្លើងចាប់ពីខែកញ្ញា ឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៧ ពីភូមិភាគនិរតី ភូមិភាគបស្ចិម ឆ្ពោះទៅកាន់ភូមិភាគពាយ័ព្យ (បច្ចុប្បន្នខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន) និងការផ្លាស់ទីប្រជាជននៅតាមទីជនបទក្នុងភូមិភាគកណ្តាល ភូមិភាគនិរតី ភូមិភាគបស្ចិម ភូមិភាគបូព៌ា ចាប់ពីចុងឆ្នាំ១៩៧៥ទៅកាន់ផ្នែកដទៃៗទៀតនៃប្រទេសកម្ពុជា។
៣) ការជម្លៀសប្រជាជនភូមិភាគបបូព៌ាដោយបង្ខំទៅកាន់ភូមិភាគពាយ័ព្យ និងភូមិភាគកណ្តាលក្នុងឆ្នាំ១៩៧៧ និង១៩៧៨ ជាដំណាក់កាលទី៣ ឆ្ពោះទៅកាន់ភូមិភាគពាយ័ព្យ (បច្ចុប្បន្ន ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន)។
យោងតាមឯកសារនៅមជ្ឈមណ្ឌលឯកសារកម្ពុជាដែលបន្សល់ទុកពីរបបខ្មែរក្រហមបានបង្ហាញឲ្យដឹងថា ប្រជាជនចន្លោះពី៤សែន ទៅ៥សែននាក់ ត្រូវបានខ្មែរក្រហមបញ្ជូនទៅកាន់ភូមិភាគពាយ័ព្យ ហើយប្រជាជនប្រមាណ៥ម៉ឺននាក់ទៀតត្រូវជម្លៀសចេញពីភូមិភាគបូព៌ា រួមមានខេត្តព្រៃវែង និងខេត្តស្វាយរៀង។ បុគ្គលិកធ្វើការនៅស្ថានីយរថភ្លើង ពិតជាបានឃើញប្រជាជនរាប់ម៉ឺននាក់ ត្រូវបានជម្លៀសតាមខ្សែរថភ្លើងចេញពីភ្នំពេញ ឆ្ពោះទៅកាន់ស្ថានីយរថភ្លើងផ្សេងៗ ដូចជា ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបងនៃភូមិភាគពាយ័ព្យ។
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានរកឃើញថា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសបង្ខំប្រជាជនចេញពីទីក្រុងភ្នំពេញយ៉ាងហោចណាស់ចំនួនប្រហែល២លាននាក់ រួមមាន៖ បុរស ស្រ្តី មនុស្សចាស់ ក្មេង ព្រះសង្ឃ វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា អ្នកជំងឺ អ្នករបួស ស្រ្តីទើបសម្រាលកូន។ ប្រជាជនទាំងនោះមិនត្រូវបានខ្មែរក្រហមផ្តល់កន្លែងស្នាក់ និងស្បៀងអាហារហូបចុកគ្រប់គ្រាន់នោះឡើយ ដែលជាហេតុនាំឲ្យមានការលំបាកវេទនា និងស្លាប់យ៉ាងច្រើនសន្ធឹកសន្ធាប់។ តាមការប៉ាន់ប្រមាណ មានប្រជាជនចំនួនចន្លោះពី២ពាន់ ទៅ២ម៉ឺននាក់បានស្លាប់បាត់បង់ជីវិតនៅអំឡុងពេលបង្ខំឲ្យចាកចេញពីទីក្រុងភ្នំពេញ និងការធ្វើដំណើរតាមផ្លូវទៅកាន់ទីជនបទនានា។ មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមរួមមាន នួន ជា និង ខៀវ សំផន ត្រូវអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានរកឃើញថាបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដូចជា ការធ្វើមនុស្សឃាត ការធ្វើទុក្ខបុកម្នេញដោយមូលហេតុនយោបាយរួមទាំងអំពើអមនុស្សធម៌ផ្សេងៗទៀតដែលជាប់ពាក់ព័ន្ធនឹងការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នួន ជា និង ខៀវ សំផន ត្រូវបានអង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានសម្រេចផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។
លោក ឡុង ដានី ក៏បានបង្ហាញអំពីនិយមន័យអំពើប្រល័យពូជសាសន៍ និងវិធាននៃការទប់ស្កាត់អំពើឃោរឃៅធ្ងន់ធ្ងរ ដល់យុវជនដែលចូលរួមក្នុងវេទិកាថ្នាក់រៀនក្នុងថ្ងៃនេះ។ មុននឹងបញ្ចប់វេទិកាថ្នាក់រៀន ក្រុមការងារនៃមជ្ឈមណ្ឌលផ្សះផ្សាវាលវែង តម្រូវឲ្យយុវជនបំពេញតារាងស្ទាបស្ទង់ចំណេះដឹងក្រោយវេទិកាថ្នាក់រៀនជាកិច្ចបិទបញ្ចប់កម្មវិធី។
បន្ទាប់ពីចូលរួមវេទិកាថ្នាក់រៀនរួចមក យុវជនបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនដូចខាងក្រោម៖
ណឹម សុភ័ក្រ ភេទប្រុស អាយុ១៧ឆ្នាំ រៀនថ្នាក់ទី១២ បានរៀបរាប់ថា « បន្ទាប់ពីខ្ញុំចូលរៀនក្នុងវេទិកាថ្នាក់រៀនស្ដីពីរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ខ្ញុំទទួលបានចំណេះដឹងជាច្រើនដូចជា ដឹងពីបញ្ហាការជម្លៀសដោយបង្ខំមានបីដំណាក់កាលធំៗ, បានយល់ដឹងបន្ថែមពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ក្នុងសំណុំរឿង០០១ និង០០២ និងបានយល់ដឹងកាន់តែច្បាស់ពីរបបកម្ពុជាប្រជាធិតេយ្យ»។
ឡា ផារី ភេទស្រី អាយុ១៨ឆ្នាំ រៀនថ្នាក់ទី១២ បានឲ្យដឹងថា «បន្ទាប់ពីខ្ញុំចូលរួមវេទិកាថ្នាក់រៀនស្ដីពីរបបកម្ពុជាប្រជាធិបតេយ្យ ខ្ញុំទទួលបានចំណេះដឹងមួយចំនួនដូចជា បានយល់ដឹងពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងទទួលបានបទពិសោធន៍និងចំណេះដឹងថ្មីៗ។ ខ្ញុំចង់ឲ្យយុវជនជំនាន់ក្រោយបានយល់ដឹងពីរបបខ្មែរក្រហមគ្រប់ៗគ្នា និងមិនចង់ឲ្យមានសង្គ្រាមម្ដងទៀតទេ»។
នេត ច័ន្ទរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រៀនថ្នាក់ទី១២ បានលើកឡើងថា៖« ខ្ញុំទទួលបានចំណេះដឹងជាច្រើននិងបានស្ដាប់ពីការបកស្រាយយ៉ាងក្បោះក្បាយពីលោកគ្រូ ឡុង ដានី ដែលនិយាយអំពីរបបកម្ពុជាប្រជាធិបតេយ្យ។ ខ្ញុំយល់ដឹងពីគោលការណ៍របស់ ប៉ុល ពត, ការរស់នៅ ស្ថានការនយោបាយ និងសង្រ្គាម នៅក្នុងរបបខ្មែរក្រហម»។
អត្ថបទ ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា