អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ផ្ដល់ទីតាំងសម្រាប់ កិច្ចសន្ទនាជាមួយបុរសក្នុងតួនាទីសម្រេចចិត្ត លើកកម្ពស់សមភាពយេនឌ័រ និងភាពជាអ្នកដឹកនាំរបស់ក្មេងស្រី

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ អគារមរតកសង្គមរាស្ត្រនិយម សម្ដេចឪ សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានផ្តល់ទីតាំងសម្រាប់អង្គការនារីដើម្បីសន្ដិភាព រៀបចំកម្មវិធីកិច្ចសន្ទនាដ៏សំខាន់មួយក្រោមប្រធានបទ «សមភាពយេនឌ័រ និងភាពជាអ្នកដឹកនាំរបស់ក្មេងស្រី» ដោយមានការចូលរួមពីបុរសក្នុងសហគមន៍ចំនួន១២នាក់ ដែលសុទ្ធតែជាអ្នកដឹកនាំក្នុងគ្រួសារ និងមានតួនាទីជាអ្នកសម្រេចចិត្តនៅក្នុងសហគមន៍។

គោលបំណងនៃកិច្ចសន្ទនា គឺជំរុញឱ្យបុរសក្នុងតួនាទីសម្រេចចិត្ត ជម្នះនូវបទដ្ឋាននៃភាពជាបុរស និងបិតាធិបតេយ្យ (បុរសជាធំ) ដែលបង្កគ្រោះថ្នាក់ តាមរយៈការដោះស្រាយនូវហិង្សារបស់បុរស និងអំណាចលុបលើក្នុងតួនាទីដឹកនាំ ព្រមទាំងបណ្តុះនូវសាមគ្គីភាពយ៉ាងសកម្ម ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងភាពជាអ្នកដឹកនាំរបស់ក្មេងស្រី។

លទ្ធផលដែលរំពឹងទុក នៃកិច្ចសន្ទនា គឺ៖១) ការយល់ដឹងកាន់តែស៊ីជម្រៅអំពីបទដ្ឋានយេនឌ័រ និងភាពជាបុរសក្នុងតួនាទីសម្រេចចិត្ត។ អភិវឌ្ឍន៍ការយល់ដឹងស៊ីជម្រៅអំពីភាពជាបុរស និងបិតាធិបតេយ្យ ដែលមានឥទ្ធិពលលើអាកប្បកិរិយា ភាពជាអ្នកដឹកនាំ និងទំនាក់ទំនងក្នុងការងារ។ ២) ការប្តេជ្ញាចិត្តចំពោះភាពជាអ្នកដឹកនាំប្រកបដោយសមភាពយេនឌ័រ និងគ្មានប្រើហិង្សា និងទទួលស្គាល់ពីឥទ្ធិពលនៃបទដ្ឋានយេនឌ័រ ភាពជាបុរស និងបិតាធិបតេយ្យ ហើយប្តេជ្ញាចិត្តលើភាពជាអ្នកដឹកនាំរបស់ពួកគាត់ តាមបែបការចូលរួម ចែករំលែកអំណាច ឬ ការគ្រប់គ្រង និងបដិសេធឥរិយាបថហិង្សា។ ៣) ការគាំទ្រយ៉ាងសកម្មចំពោះភាពជាអ្នកដឹកនាំរបស់ក្មេងស្រី និងសមភាពយេនឌ័របុរសក្នុងតួនាទីសម្រេចចិត្ត ដាក់កំណត់ និងប្តេជ្ញាចិត្តអនុវត្តសកម្មភាពជាក់លាក់ ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី និងសមភាពយេនឌ័រនៅក្នុងគ្រួសារ សហគមន៍ និងស្ថាប័នផ្សេងៗ។

ចុងបញ្ចប់នៃកិច្ចសន្ទនា អ្នកចូលរួមបានបញ្ចេញចំណាប់អារម្មណ៍របស់ខ្លួន និងសម្តែងនូវការភ្ញាក់រឭក និងការប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថរបស់ខ្លួនដូចខាងក្រោម៖

លោក សឺន សុផា អាយុ៤១ឆ្នាំ គឺជានាយកសាលាអនុវិទ្យាល័យអូរស្វាយ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានចែករំលែកថា៖ «បន្ទាប់ពីខ្ញុំបានចូលរួមកិច្ចសន្ទានា ឬ វគ្គបណ្តុះបណ្តាលរួច ខ្ញុំបានយល់កាន់តែច្បាស់ថា ពាក្យថាបុរសពិត គឺមានតួនាទីជាច្រើនដែលយើងត្រូវធ្វើក្នុងនោះមាន៖ ទំនួលខុសត្រូវក្នុងគ្រួសារ, មិនត្រូវប្រើអំពើហិង្សាលើស្ត្រី, យើងត្រូវផ្តល់សិទ្ធិដល់ស្ត្រីឱ្យបានស្មើនឹងបុរស, យើងក៏ត្រូវតែរឹងមាំព្រោះយើងជាបង្គោលក្នុងគ្រួសារ, និងត្រូវស្ដាប់មតិយោបល់ភរិយា»។ សុផា បានបញ្ជាក់ពីភាពខុសគ្នារវាងមុនបានចូលរួមកិច្ចសន្ទនា  និងក្រោយការចូលរួមថា៖ «ភាពខុសគ្នារវាងពីមុនដែលខ្ញុំមិនទាន់ចូលរួមវគ្គបណ្ដុះបណ្ដាល និងក្រោយពេលខ្ញុំចូលរួមវគ្គបណ្ដុះបណ្ដាលនេះរួច គឺពីមុនខ្ញុំគិតថាខ្ញុំធ្វើអ្វីក៏បានតាមចិត្ត ចំណែកឯភរិយានៅផ្ទះមិនមានសិទ្ធិបញ្ចេញមតិឡើយ។ ប៉ុន្តែក្រោយពេលខ្ញុំចូលរួមវគ្គបណ្ដុះបណ្ដាលនេះរួច ខ្ញុំត្រូវតែឱ្យភរិយារបស់ខ្ញុំបញ្ចេញមតិយោបល់ដើម្បីសម្រេចអ្វីមួយរួម»។

ចំណែកលោក ហេង ឆយ មានតួនាទីជាមេភូមិអូររុន មានអាយុ៧១ឆ្នាំ រស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានរៀបរាប់ថា៖ «អ្វីដែលខ្ញុំរៀនសូត្របានគឺផ្ដោតទៅលើយេនឌ័រ ភាពស្មើគ្នារវាងបុរសនិងស្ត្រី។ វគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារសំខាន់ណាស់។ ជាក់ស្ដែង ខ្ញុំគឺជាមេភូមិដែលគ្រប់គ្រងលើប្រជាជនជាច្រើន។ បច្ចុប្បន្នប្រជាពលរដ្ឋក្នុងភូមិ មានចំនួនភាគច្រើនដែលបានយល់ដឹងពីបញ្ហាយេនឌ័ររវាងបុរសនិងស្រ្តី ហើយគ្រួសារទាំងអស់នោះមិនសូវមានអំពើហិង្សានៅក្នុងគ្រួសារឡើយ។ ប៉ុន្ដែនៅមានគ្រួសារមួយចំនួនតូចពុំទាន់យល់ដឹងអំពីបញ្ហាយេនឌ័រ ដែលជាហេតុតែងតែមានទំនាស់ទាស់ទែងគ្នាជារឿយៗ។ នេះគឺជាមេរៀនមួយផ្នែកទៀត ដែលខ្ញុំត្រូវយកទៅអនុវត្តក្នុងការចែករំលែកចំណេះដឹងទាំងអស់នេះទៅកាន់អ្នកភូមិរបស់ខ្ញុំ ឱ្យយល់ដឹងកាន់តែច្បាស់អំពីបញ្ហាយេនឌ័រ»។

អត្ថបទ៖ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖