នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានរៀបចំវេទិកាថ្នាក់រៀនស្ដីពីសារសំខាន់នៃការសិក្សា «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)» ដល់សិស្សនៃវិទ្យាល័យស្រែណូយចំនួន២០នាក់។ គោលបំណងនៃការរៀបចំវេទិកាថ្នាក់រៀននេះ គឺដើម្បីលើកកម្ពស់ការយល់ដឹង និងការចងចាំអំពីប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), ការការពារ និងទប់ស្កាត់ការកកើតឡើងវិញនៃអំពើប្រល័យពូជសាសន៍តាមរយៈការមិនប្រព្រឹត្ដអំពើហិង្សាគ្រប់ទម្រង់ មិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ ជនជាតិ និងនិន្នាការនយោបាយ។
មុនចាប់ផ្តើមកម្មវិធី បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ឲ្យសិស្សទស្សនាភាពយន្តឯកសារដែលមានចំណងជើងថា «គុកទួលស្លែង»។ ភាពយន្តឯកសារនេះត្រូវបានថតដោយអ្នកកាសែតជនជាតិវៀតណាមឈ្មោះ ហូ វ៉ាន់តាយ នៅថ្ងៃទី១០ ខែមករា ឆ្នាំ១៩៧៥ បន្ទាប់ពីការដួលរលំរបបខ្មែរក្រហម។ សិស្សម្នាក់ៗគឺតម្រូវឲ្យសរសេរការយល់ឃើញរបស់ខ្លួន បន្ទាប់ពីទស្សនាភាពយន្តឯកសារនេះចប់។ សិស្សមួយចំនួនយល់ឃើញថា ភាពយន្តឯកសារនេះពោរពេញទៅដោយការឈឺចាប់ និងទុក្ខលំបាក ដែលអ្នកទោសបានជួបប្រទះ។ ចំណែកសិស្សខ្លះទៀតយល់ថា របបខ្មែរក្រហមគ្មានច្បាប់ ហើយថែមទាំងសម្លាប់មនុស្សស្រេចតែចិត្ដ។ នៅផ្នែកបន្ទាប់ បណ្ឌិត លី សុខឃាង ក៏បានធ្វើបទបង្ហាញអំពីការជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុង និងទីប្រជុំជន ដោយយោងទៅលើហេតុផលសំខាន់ៗ ដូចជា ១) ខ្លាចកងទ័ពសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែក, ២) ខ្វះមធ្យោបាយដឹកស្បៀង, ៣) បោសសម្អាតខ្មាំង។ នៅក្នុងនោះ អតីតកងទ័ព និងមន្រ្ដីរដ្ឋការ លន់ នល់ ត្រូវបានដឹកទៅសម្លាប់នៅទួលពោធិ៍ជ្រៃ ដែលស្ថិតនៅកៀកនឹងបឹងទន្លេសាបក្នុងខេត្ដពោធិ៍សាត់ ក្នុងហេតុផលកោះហៅឲ្យចូលរួមវគ្គបណ្ដុះបណ្ដាល និងចូលគាល់សម្ដេចព្រះ នរោត្ដម សីហនុ។ មានការប៉ាន់ស្មានថា អតីតទាហាន និងមន្រ្ដីរដ្ឋការ លន់ នល់ ទាំងនោះត្រូវបានសម្លាប់ប្រមាណពី២ពាន់ទៅ៨ពាន់នាក់។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានចាត់ចូលសំណុំរឿងនេះជាសំណុំរឿងមួយដើម្បីជំនុំជម្រះទោសទៅលើមេដឹកនាំខ្មែរក្រហម។ នៅក្នុងទិដ្ឋភាពផ្លូវច្បាប់ កេរដំណែលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក) គឺជាឯកសារផ្លូវច្បាប់ដែលបញ្ជាក់ថា របបខ្មែរក្រហមបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងឧក្រិដកម្មយ៉ាងធ្ងន់ធ្ងរទៅលើប្រជាជនកម្ពុជា។ ជាងនេះទៀត យុវជនអាចរៀនសូត្រពីប្រវត្ដិសាស្រ្ដនៅក្នុងសង្គមរបស់ខ្លួនដែលមានប្រភពឯកសារច្បាស់លាស់។
នៅផ្នែកចុងក្រោយនៃវេទិកា សិស្សបានរៀនពីវិធីសាស្រ្ដនៃការទប់ស្កាត់អំពើហិង្សា និងអំពើប្រល័យពូជសាសន៍នាពេលអនាគត ដោយផ្អែកលើសំណួរមួយថា តើក្នុងនាមជាយុវជនម្នាក់អាចធ្វើអ្វីបានខ្លះចំពោះការទប់ស្កាត់អំពើហិង្សា និងអំពើប្រល័យពូជសាសន៍នាពេលអនាគត។ នៅក្នុងចំណុចនេះ ការបដិសេធចំពោះអំពើហិង្សា, ការលើទឹកចិត្ដឲ្យមានដំណោះស្រាយដោយសន្ដិវិធីចំពោះជម្លោះ និងនិយាយប្រឆាំងនឹងអំពើហិង្សា, ការការពារសិទ្ធិជាបុគ្គលរបស់សមាជិកក្នុងសហគមន៍ដោយមិនគិតពីពណ៌សម្បុរ និន្នាការនយោបាយ និងការបង្រៀនយុវជនឲ្យស្រឡាញ់ភាពសម្បូរបែបនៃវប្បធម៌ សាសនា និងសហគមន៍ ការទទួលបានការអប់រំ ទំនាក់ទំនងការទូត និងមូលហេតុដែលនាំឲ្យកើតមានអំពើប្រល័យពូជសាសន៍ គឺសុទ្ធសឹងតែជាវិធីសាស្រ្ដដែលអាចឲ្យយុវជនចេះគិតគូរពិចារណា និងឆ្លុះបញ្ចាំងអំពីខ្លួនឯង សហគមន៍ និងសង្គមជាតិ។
នៅចុងបញ្ចប់នៃវេទិកាថ្នាក់រៀន សិស្សបានបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម ៖
ណាន ផានិត ភេទប្រុស អាយុ១៧ឆ្នាំ រៀនថ្នាក់ទី១២ នៅវិទ្យាល័យស្រែណូយ បានលើកឡើងថា៖ «ខ្ញុំយល់ថាការសិក្សារៀនសូត្រពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ល្អខ្លាំងណាស់សម្រាប់ខ្ញុំ ព្រោះធ្វើឲ្យខ្ញុំដឹងពីប្រវត្តិសាស្រ្តដ៏ឃោរឃៅនៅក្នុងរបបនោះ។ នៅថ្ងៃមុខ ខ្ញុំអាចយកប្រវត្តិសាស្រ្តមួយនេះទៅប្រាប់ដល់ប្អូនជំនាន់ក្រោយ ដើម្បីកុំឲ្យអំពើប្រល័យពូជសាសន៍កើតមានឡើងម្ដងទៀត។ ការសិក្សាអំពីប្រវត្តិសាស្រ្តនៅថ្ងៃនេះ បានធ្វើឲ្យខ្ញុំយល់ដឹងបន្ថែមអំពីការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញដោយបង្ខំ ការកាប់សម្លាប់ ការធ្វើទារុណកម្មប្រជាជន និងអំពើកាចសាហាវផ្សេងៗទៀត។ ចំពោះការកាត់ទោសមេដឹកនាំខ្មែរក្រហមអាចជួយឲ្យខ្ញុំដឹងអំពីការទទួលបាននូវយុត្តិធម៌ សម្រាប់ជនរងគ្រោះ និងនាំឲ្យអ្នកដែលបានប្រព្រឹត្តកំហុស ទទួលទោសទៅតាមច្បាប់។ ក្នុងនាមខ្ញុំជាយុវជនម្នាក់ ដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍កុំឲ្យកើតមានឡើងម្ដងទៀត គឺត្រូវតែអប់រំលើផ្នែកសិទ្ធិមនុស្ស ការមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ មិនមានការបិទសិទ្ធិសេរីភាព និងធ្វើការណែនាំក្មេងៗជំនាន់ក្រោយឲ្យបានយល់ដឹងពីភាពឃោរឃៅនៅក្នុងរបបខ្មែរក្រហម។
ទូច ផល្លា ភេទស្រី អាយុ២១ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ វិទ្យាល័យស្រែណូយ រៀបរាប់ថា «ខ្ញុំពិតជាចង់រៀនអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)ខ្លាំងណាស់ ព្រោះការរៀនប្រវត្តិសាស្រ្តធ្វើឲ្យខ្ញុំបានដឹងពីរបៀបរបបនៃការរស់នៅរបស់ប្រជាជនពីសម័យកាលនីមួយៗ និងប្រវត្តិសាស្រ្តដ៏ខ្មៅងងឹតដែលប្រជាជបបានឆ្លងកាត់របបខ្មែរក្រហម។ ខ្ញុំគិតថាតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមបានជួយដល់ខ្ញុំរួមទាំងសង្គមជាតិយ៉ាងធំធេង ពីព្រោះតុលាការបានជួយរកយុត្តិធម៌ដល់បងប្អូនសាច់ញាតិដែលបានបាត់បង់សមាជិកគ្រួសារនៅក្នុងជំនាន់នោះ រួមទាំងអ្នកដែលបានស្លាប់ទៅហើយ។ លើសពីនេះទៅទៀត គឺជួយទប់ស្កាត់អំពើឃោរឃៅមិនឲ្យកើតមានឡើងនៅក្នុងប្រទេសកម្ពុជាម្ដងទៀត។ ក្នុងនាមខ្ញុំជាយុវជនម្នាក់ ដើម្បីចូលរួមទប់ស្កាត់អំពើប្រល័យពូជសាសន៍ ខ្ញុំត្រូវចូលរួមណែនាំអំពីការមិនប្រើប្រាស់អំពើហិង្សា ការចេះឲ្យតម្លៃគ្នាទៅវិញទៅមក និងយោគយល់អធ្យាស្រ័យគ្នាតាមដែលអាចធ្វើទៅបាន»។
ឈន ប៊ុនហេង ភេទប្រុស អាយុ១៧ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ វិទ្យាល័យស្រែណូយ បានឲ្យដឹងថា « ខ្ញុំពិតជារំភើបណាស់ដែលបានមកចូលរួមក្នុងវេទិកាថ្នាក់រៀន ស្តីអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ពីព្រោះការរៀនពីប្រវត្តិសាស្រ្តនេះបានធ្វើឲ្យខ្ញុំយល់ដឹងពីការដឹកនាំក្នុងរបបខ្មែរក្រហម។ លើសពីនេះទៅទៀត ខ្ញុំបានឈ្វេងយល់បន្ថែមទៀតពីការជម្លៀសប្រជាជនដោយបង្ខំ ការឡើងកាន់អំណាចរបស់ខ្មែរក្រហម ការធ្វើទារុណកម្មលើអ្នកទោស និងប្រជាជននៅក្នុងរបបកុម្មុយនីស្ត។ ក្នុងនាមខ្ញុំជាយុវជនជំនាន់ក្រោយម្នាក់ ដើម្បីទប់ស្កាត់កុំឲ្យអំពើប្រល័យពូជសាសន៍កើតមានឡើងម្ដងទៀត គឺខ្ញុំត្រូវផ្សព្វផ្សាយពីផលវិបាកនៃការកើតមានអំពើប្រល័យពូជសាសន៍ ចូលរួមឈ្វេងយល់ពីប្រវត្តិសាស្រ្តឲ្យបានកាន់តែច្រើនដើម្បីយកទៅប្រាប់ក្មេងៗជំនាន់ក្រោយ ហើយជាងនេះទៅទៀតនោះ គឺយើងមិនត្រូវប្រើប្រាស់អំពើហិង្សា និងរើសអើងពូជសាសន៍ឡើយ»។
នឹម ស៊ីនឿន ភេទស្រី អាយុ១៨ឆ្នាំ លើកឡើងថា «ការសិក្សាពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) បានជួយឲ្យខ្ញុំមានចំណេះដឹងទៅលើជីវភាពរស់នៅរបស់ប្រជាជនក្នុងរបបខ្មែរក្រហម។ ការឈ្វេងយល់ពីប្រវត្តិសាស្ត្រនេះបានធ្វើឲ្យខ្ញុំដឹងបន្ថែមអំពីការជម្លៀសប្រជាជនចេញពីទីក្រុង ការកៀបសង្កត់ប្រជាជន និងសង្គ្រាមនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំនៅតែចង់ដឹងថាហេតុអ្វីខ្មែរក្រហមធ្វើបាបប្រជាជនខ្លួនឯង ការបង្កើតរបបខ្មែរក្រហមដើម្បីតែសម្លាប់ប្រជាជនខ្មែរ ឬយ៉ាងណា? តើមូលហេតុអ្វីបានជាមានការជម្លៀសប្រជាជនដោយបង្ខំ និងប្រើប្រាស់អំពើហិង្សាយ៉ាងព្រៃផ្សៃទៅលើអ្នកទោស? ក្នុងនាមខ្ញុំជាយុវជនម្នាក់ ដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍យើងត្រូវចូលរួមអភិវឌ្ឍន៍ប្រទេស លុបបំបាត់ចោលនូវការរើសអើង និងប្រឆាំងនឹងអំពើពុករលួយដែលមាននៅក្នុងសង្គម។
អត្ថបទ ៖ សួត វិចិត្រ អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា