មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងសហការជាមួយរដ្ឋបាលស្រុកអន្លង់វែង ចែករទេះរុញចំនួន១៦គ្រឿង ជូនដល់ប្រជាជនដែលមានពិការភាពនៅភូមិជើងភ្នំ

មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង សហការជាមួយ រដ្ឋបាលស្រុកអន្លង់វែង មានកិតិ្តយសផ្តល់រទេះរុញចំនួន១៦គ្រឿង ជូនដល់ប្រជាជនចំនួន១៦នាក់ ដែលមានពិការភាពដោយសារសង្រ្គាម ឬពីកំណើត នៅភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។ កម្មវិធីនៃការចែកជូនរទេះរុញនេះត្រូវបានធ្វើឡើង ដើម្បីសម្រាលបន្ទុក និងជួយរំលែកការលំបាកនៃការបម្លាស់ទីសម្រាប់ការងារនិងការរៀនសូត្រ លើកកម្ពស់ការចូលរួមរបស់ជនមានពិការភាពនៅក្នុងកិច្ចការសង្គមផ្សេងៗប្រកបដោយភាពស្មើភាពគ្នា និងគាំទ្រដល់បរិយាសសង្គមដែលគ្មានការរើសអើងចំពោះជនមានពិការភាព។

ការផ្តល់ជូនរទេះរុញដល់ជនមានពិការភាពនៅភូមិជើងភ្នំ នៃស្រុកអន្លង់វែង គឺជាកាយវិការមនុស្សធម៌ ដោយសារតែផលវិបាកនៃសង្គ្រាមនិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ស្រុកអន្លង់វែងត្រូវបានស្គាល់ជាទូទៅថាជាតំបន់តស៊ូចុងក្រោយបង្អស់នៃចលនាខ្មែរក្រហម ដែលបានធ្វើសមាហរណកម្មចូលក្នុងរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ប្រជាជនជាច្រើននៅក្នុងសហគមន៍បានប្រឈមមុខនឹងស្លាកស្នាមរបួស ទាំងផ្នែករាងកាយ និងស្មារតី។

កម្មវិធីចែកជូនរទេះរុញដល់ជនមានពិការភាពត្រូវបានធ្វើឡើងជាលើកដំបូងនៅភូមិជើងភ្នំ ដោយសារតែភូមិនេះត្រូវបានកំណត់ថា ជាភូមិជនពិការក្នុងរយៈកាលនៃការតស៊ូប្រដាប់ខ្មែរក្រហមចន្លោះឆ្នាំ១៩៧៩ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ នៅពេលនោះ អ៊ុង ជឿន ឬត្រូវស្គាល់ជាទូទៅថាជា តាម៉ុក ដែលបានដឹកនាំចលនាខ្មែរក្រហមនៅអន្លង់វែង បានកំណត់ឲ្យជនមានពិការភាពទាំងអស់រស់នៅភូមិជើងភ្នំ ដែលមានទីតាំងជាប់ជើងភ្នំដងរែកនៃស្រុកអន្លង់វែង។ តាម៉ុក បានយល់ឃើញថា នៅពេលមានការវាយប្រហារប្រដាប់អាវុធពីសំណាក់កងកម្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ជនមានពិការភាពទាំងអស់អាចចល័ត និងគេចខ្លួនឡើងទៅលើភ្នំដងរែក។ សព្វថ្ងៃនេះ ជនមានពិការភាពជាច្រើនបន្តរស់នៅក្នុងភូមិជើងភ្នំនេះ ហើយប្រកបរបរចិញ្ចឹមជីវិតដោយធ្វើស្រែចម្ការផ្សេងៗ។

អត្ថបទ ៖  លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារ

អត្ថបទផ្សេងទៀត៖