ព្រះរាជបណ្ណាល័យហ្លួងម៉ែ ដែលជាសំណង់ប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប

ព្រះរាជបណ្ណាល័យហ្លួងម៉ែ គឺជាសំណង់អគារនិម្មាបនកម្មស៊ីវិល័យ សម័យទំនើប ឈរយ៉ាងស្កឹមស្កៃលើទឹកដីអច្ឆរិយ ក្រោមម្លប់សន្តិភាព នាសម័យតេជោ អគ្គមគ្គុទ្ទេសក៍ឯក និងជាស្ថាបនិកនយោបាយ ឈ្នះ ឈ្នះ នៃកម្ពុជា ជាបុព្វាធីការី ដែលយកជីវិតជាដើមទុន ដើម្បីភាពសុខសានត្រាន និងវឌ្ឍនភាពនៃទឹកដីជាតិមាតុភូមិ និងប្រជាពលរដ្ឋ។ ឆ្លងចូលមកដល់សម័យថ្នាក់ដឹកនាំជាបញ្ញវន្ត ដែលត្រូវបានទទួលស្គាល់ និងគាំទ្រភ្លូកទឹកភ្លូកដីពីប្រជាជាតិខ្មែរ និងបរទេស ដែលជាសន្ធានការីប្រកបដោយកតញ្ញុតាប្រាជ្ញាគតិបណ្ឌិត, ព្រះរាជបណ្ណាល័យហ្លួងម៉ែ គឺជាកញ្ចក់ឆ្លុះឲ្យឃើញនូវសមិទ្ធិផលជាសារវន្តដូចខាងក្រោម៖

-ជានិមិត្តរូបនៃការគោរពចំពោះវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានស្លាប់បាត់បង់ជីវិតដោយសារសង្រ្គាមអាណានិគម សង្រ្គាមស៊ីវិល (សង្រ្គាមមនោគមវិជ្ជា) និងអំពើប្រល័យពូជសាសន៍

-ជានិមិត្តរូបនៃមនសិការជាតិប្រកបដោយកតញ្ញូតវេទី ចំពោះដូនតាខ្មែរ ដែលបានបន្សល់ទុកនូវទឹកដី អរិយធម៌ វប្បធម៌ សាសនា ប្រពៃណី និងសង្គមជាតិ

-ជានិមិត្តរូបនៃ បដិការគុណ ចំពោះពលិកម្ម របស់វីរជន យុទ្ធជន ដូនតា និងព្រលឹងអាណោចអាធ័ម

-ជានិមិត្តរូបនៃការការពារសិទ្ធិ ស្វែងរកយុត្តិធម៌ជូនជនរួមឈាម ដែលបានស្លាប់យ៉ាងអាណោចអាធ័មក្នុងរបបអារញ្ញវាសី បីឆ្នាំ ប្រាំបីខែ និងម្ភៃថ្ងៃ

-ជានិមិត្តរូបនៃទឡ្ហីករណ៍សមត្ថភាព គំនិត ប្រាជ្ញាញាណ និងពលានុភាព ខេមរា បច្ឆាជនជំនាន់ថ្មី (យុវជន) អាចធ្វើបាន

-ជាភស្តុតាងនៃសាមគ្គីភាពក្រោមរដ្ឋធម្មនុញ្ញតែមួយ មហាស្វេតច្ឆត្រតែមួយ រាជរដ្ឋាភិបាលតែមួយ កងកម្លាំងប្រដាប់អាវុធតែមួយ ដើម្បីរក្សាសន្តិភាព និងអភិវឌ្ឍន៍

-ធ្វើនវានុវត្តកម្មពីបុព្វការី (មនុស្សជំនាន់មុន) មកសន្ធានការី (មនុស្សជំនាន់ថ្មី) ស្របតាមសត្យានុម័តភាពនៃសង្គម ក្នុងបរិបទសាកលភាវូបនីកម្មសង្គម

-ស្តម្ភនៃកិត្យានុភាព ដែលពុំធ្លាប់មានពីបុព្វកាល ទាំងក្នុងប្រទេសនិងពិភពលោក ដែលដូនតាបានបន្សល់ទុកនូវសម្បត្តិបេតិកភណ្ឌឲ្យកូនខ្មែរជំនាន់ក្រោយ ឯព្រះរាជបណ្ណាល័យហ្លួងម៉ែ ជាបណ្តុំឯកសារប្រាជ្ញាស្មារតីសម្រាប់មនុស្សជំនាន់ថ្មី និងជំនាន់បន្តបន្ទាប់

-ព្រះរាជបណ្ណាល័យហ្លួងម៉ែ មានអគារចំនួនប្រាំ ដែលមានឈ្មោះដូចខាងក្រោមនេះ ៖

*សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះរវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល

*ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

*សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

*សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

នៅថ្ងៃទី២២ ខែឧសភា លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា  បានរៀបចំការប្រជុំនិងពិភាក្សាទៅលើប្រធានបទការផ្សះផ្សា ដោយផ្តោតសំខាន់ទៅលើ ស្ថាបត្យកម្មក្នុងការបំប្លែងពីភាពសង្រេង មកជាក្តីសង្ឃឹម ជាមួយនិស្សិតស្ថាបត្យកម្មចំនួន២៥០នាក់, សាស្រ្តាចារ្យបណ្ឌិត សូ សុគន្ធារី ស្ថាបត្យករ, លោក ដេវ៉ា កាង វិស្វករផ្នែករចនាប្លង់ មកពីប្រទេសអង់គ្លេស, ក្រេក ខាន័រ នាយករងក្រុមហ៊ុន ហ្សាហា ហាឌីដ មកពីប្រទេសអង់គ្លេស, លោក ប្រាយយ៉ាន់ ដេល អ្នករចនាប្លង់ស្ថាបត្យកម្ម ស៊តស្តូឌីយូ មកពីសហរដ្ឋអាមេរិក និងបណ្ឌិត ម៉ាគើស ហ្សីមម័រ សមាជិកក្រុមប្រឹក្សាភិបាលរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា នៅសណ្ឋាគារហាយយ៉ាត់ រីជិនស៊ី ក្នុងទីក្រុងភ្នំពេញ។

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាតែងតែធ្វើបច្ចុប្បន្នភាពលើគម្រោងសាងសង់នេះជូនដល់រាជរដ្ឋាភិបាលកម្ពុជា និងទូលថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះរវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល និងគោរពជម្រាបជូនខុទ្ទកាល័យសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះ​រា​ជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និង ជាស្ថានិកព្រះរាជបណ្ណាល័យហ្លួងម៉ែ

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

 

អត្ថបទផ្សេងទៀត៖

មជ្ឈមណ្ឌលផ្សះផ្សាវាលវែងបញ្ចាំងខ្សែភាពយន្តឯកសាររឿង «កុំស្មានបងភ្លេច» ឱ្យសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយទស្សនាដើម្បីយល់ដឹងអំពីការបាត់បង់តន្រ្តីអំឡុងពេលសង្រ្គាម និងប្រវត្តិសាស្រ្តខ្មែរក្រហម