មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង រៀបចំវេទិកាថ្នាក់រៀនស្ដីអំពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)»

មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានរៀបចំវេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិ សាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)» ជាមួយសិស្សានុសិស្សមកពីវិទ្យាល័យតេជោសែនសំរោង ចំនួន៣៧នាក់ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។ វេទិកាថ្នាក់រៀននេះមានគោលបំណងលើកកម្ពស់ការចងចាំអំពីប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)» និងទប់ស្កាត់អំពើប្រល័យពូជសាសន៍នាពេលអនាគត។

បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានធ្វើបទបង្ហាញទៅកាន់សិស្សានុសិស្ស ព្រមទាំងចាក់បញ្ចាំងខ្សែវីដេអូទាក់ទងទៅនឹងជ័យជម្នះរបស់ខ្មែរក្រហមនៅពេលដណ្ដើមបានទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ និងការជម្លៀសប្រជាជនចេញពីទីក្រុង និងទីប្រជុំជននានា ដើម្បីឲ្យទៅធ្វើការងារនៅក្នុងសហករណ៍នៅតាមជនបទដាច់ស្រយាល។ ប្រជាជនត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែងរបស់ខ្លួន និងគ្មានគោលដៅច្បាស់លាស់។ ប្រជាជនរាប់សិបនាក់បានស្លាប់ដោយសារការខ្វះអាហារ ជំងឺ និងការសម្លាប់នៅតាមផ្លូវ។ បទបង្ហាញក៏ផ្ដោតសំខាន់ទៅលើការធ្វើទុក្ខបុកម្នេញរបស់ខ្មែរក្រហមទៅលើប្រជាជន និងទាហាន លន់ នល់ នៅទួលពោធិ៍ជ្រៃដែរ។

ទួលពោធិ៍ជ្រៃ គឺជាទីវាលធំមួយ ស្ថិតនៅកៀកនឹងបឹងទន្លេសាប និងជាប់តំបន់ព្រៃរនាម។ តាមការប៉ាន់ស្មានថា ទាហាន លន់ នល់ ត្រូវបានសម្លាប់នៅទីនោះចន្លោះពី២ពាន់ ទៅ៨ពាន់នាក់។ បន្ទាប់មក សិស្សានុសិស្សបានទស្សនាកុនឯកសារមន្ទីរស-២១ ឬគុកទួលស្លែង ដែលត្រូវបានថតដោយអ្នកថតរូបជនជាតិវៀតណាមម្នាក់ឈ្មោះ ហូ វ៉ាន់តៃ ក្នុងពេលបំពេញបេសកកម្មជាមួយកងទ័ពវៀតណាមនៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី១០ ខែមករា ឆ្នាំ១៩៧៩។ នៅទីនោះបានលេចចេញនូវក្លិនអសោច ដែលបង្កឲ្យមានការសង្ស័យ និងចូលទៅកាន់ទីនោះ ក៏ប្រទះឃើញនូវសាកសពអ្នកទោសដែលបានស្លាប់ជាមួយនឹងដៃជើងជាប់ខ្នោះ និងច្រវាក់យ៉ាងព្រៃផ្សៃ។ អ្នកទោសប្រមាណ១៤០០០នាក់ ត្រូវបានឃុំឃាំងនៅក្នុងគុកទួលស្លែង ហើយនៅពេលរបបខ្មែរក្រហមដួលរលំ អ្នកទោសប្រមាណ១២នាក់ប៉ុណ្ណោះដែលអាចនៅរស់រានមានជីវិតបាន។ តាមរយៈបទបង្ហាញ និងការចាក់បញ្ចាំងកុនឯកសារខាងលើនេះ វេទិកាថ្នាក់រៀនបានផ្សាភ្ជាប់ទៅនឹងអង្គហេតុ (អំពើឃោរឃៅ និងទីតាំងប្រព្រឹត្ដអំពើឃោរឃៅ) និងទិដ្ឋភាពផ្លូវច្បាប់នៅក្នុងដំណើរការកាត់ទោសមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតនៅក្នុងរបបខ្មែរក្រហមនៅក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬសាលាក្តីខ្មែរក្រហម។

សំណុំរឿង០០១ ជាបទចោទប្រកាន់ទៅលើ កាំង ហ្កេកអ៊ាវ ហៅ ឌុច គឺជាអតីតប្រធានមន្ទីរសន្ដិសុខស-២១ ឬគុកទួលស្លែង ហើយ ឌុច ត្រូវបានតុលាការរកឃើញថាមានពិរុទ្ធភាពពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ និងត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ ចំណែកឯសំណុំរឿង០០២ គឺពាក់ព័ន្ធទៅនឹងបទចោទលើ អៀង សារី,នួន ជា, ខៀវ សំផន និង អៀង ធីរិទ្ធ។ ទោះជាយ៉ាងនេះក្ដី អៀង សារី និង អៀង ធីរិទ្ធ បានស្លាប់ និងមិនត្រូវបានជំនុំជម្រះទោស ដូច្នេះ ពិរុទ្ធជនចំនួនពីររូបដែលនៅរស់រានមានជីវិតរួមមាន ៖ នួន ជា និង ខៀវ សំផន ត្រូវបានតុលាការជំនុំជម្រះ និងរកឃើញថាបានប្រព្រឹត្ដបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដោយបានរៀបចំផែនការញុះញង់ និងជួយជំរុញឲ្យមានឧក្រិដ្ឋកម្ម ដូចជា មនុស្សឃាត ការធ្វើទុកបុកម្នេញដោយមូលហេតុនយោបាយនិងអំពើអមនុស្សធម៌ផ្សេងៗក្នុងពេលនៃការជម្លៀ​សប្រជាជនពីលំនៅស្ថានដំណាក់កាលទី១ និងដំណាក់កាលទី២ ព្រមទាំងការសម្លាប់មនុស្សនៅទួលពោធិ៍ជ្រៃ។

នៅផ្នែកចុងក្រោយ សិស្សានុសិស្សក៏បានរៀនអំពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍នាពេលអនាគត ដោយផ្ដើមចេញពីកម្រិតបុគ្គលម្នាក់ៗ ក្រុមគ្រួសារ សហគមន៍ និងប្រទេសជាតិទាំងមូល។ ខាងក្រោមគឺជាចំណាប់អារម្មណ៍របស់សិស្សានុសិស្សចំនួន៤រូបដែលបានបង្ហាញទស្សនយល់ឃើញបន្ទាប់ពីចូលរួមក្នុងវេទិកាថ្នាក់រៀន៖

ភ្លង់ គា ភេទស្រី អាយុ១៨ឆ្នាំ រៀបរាប់ថា « វេទិកាថ្នាក់រៀនក្នុងថ្ងៃនេះ ខ្ញុំចាប់ទៅលើកុនឯកសារទាក់ទងនឹងមន្ទីរសន្ដិសុខស-២១ ដែលបង្ហាញនូវទិដ្ឋភាពដ៏ព្រៃផ្សៃដូចជាការធ្វើទារុណកម្មអ្នកទោស។ ខ្ញុំគិតថា មិនគួរណាខ្មែរក្រហមប្រព្រឹត្ដទង្វើឃោរឃៅដល់ថ្នាក់នេះទេ។ ដើម្បីចូលរួមទប់ស្កាត់អំពើឃោរឃៅ និងអំពើប្រល័យពូជសាសន៍បែបនេះ គឺយើងត្រូវលុបបំបាត់ការរើសអើង, ចេះសាមគ្គីគ្នា និងស្រឡាញ់គ្នាគ្រប់ជាតិសាសន៍ទាំងអស់, ជំរុញការអប់រំ ការអានសៀវភៅ, ការរៀនសូត្រតាមប្រព័ន្ធទូរសព្ទដៃ ឬអ៊ីនធឺណែត, វិទ្យុ និងទូរទស្សន៍ជាដើម ជាពិសេស គឺត្រូវចេះរកដំណោះស្រាយដោយសន្ដិវិធីចំពោះជម្លោះនានា»។

លី បាល់ ភេទប្រុស អាយុ១៨ឆ្នាំ យល់ឃើញថា « ខ្ញុំបានរៀនពីប្រវត្ដិសាស្រ្ដខ្មែរ និងអំពី សង្គ្រាមជាច្រើនដំណាក់កាលក្នុងថ្ងៃនេះ ជាពិសេស គឺអំពើឃោរឃៅ និងការកាប់សម្លាប់ទៅលើជនជាតិខ្មែរដូចគ្នា។ សម្រាប់ខ្ញុំ ការកាត់ទោសមេដឹកនាំខ្មែរក្រហម គឺជារឿងដ៏ស័ក្ដិសម និងយុត្ដិធម៌បំផុតដោយសារតែគាត់បានប្រព្រឹត្ដអំពើបាបជាច្រើនកន្លងមក ហើយការកាត់ទោសនេះ គឺជាគំរូដល់មនុស្សជំនាន់ក្រោយកុំឲ្យប្រព្រឹត្ដទង្វើបែបនោះបន្ដទៀត»។

ធឿន ចានរិត ភេទស្រី អាយុ២១ឆ្នាំ លើកឡើងថា «វេទិកាថ្នាក់រៀនក្នុងថ្ងៃនេះ ខ្ញុំបានចងចាំអំពីអំពើប្រល័យពូជសាសន៍ ការគ្រប់គ្រង និងការធ្វើសង្គ្រាម។ នៅក្នុងនោះ ខ្ញុំឃើញថា ការជម្លៀសប្រជាជនចេញពីទីក្រុងទៅទីជនបទ គឺជាអំពើមួយដែលមិនត្រឹមត្រូវដោយសារបង្កនូវផលវិបាកដល់ប្រជាជនក្នុងទីកន្លែងមួយដែលមិនមែនជាផ្ទះរបស់ខ្លួន»។

 រិទ្ធ ស្រីពៅ ភេទស្រី អាយុ១៨ឆ្នាំ ឲ្យដឹងថា «ខ្ញុំបានរៀនសូត្រពីការឡើងកាន់អំណាចរបស់ខ្មែរក្រហម នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ និងការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញទៅកាន់ទីជនបទយ៉ាងសង្វេគ។ នៅពេលនោះប្រជាជនមិនបានត្រៀមខ្លួនទេ សូម្បីតែចំណីអាហារ។ ខ្ញុំក៏បានយល់ដឹងអំពីដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហមនៅក្នុងសំណុំរឿង០០១ និង០០២ ជាពិសេសទៅលើការកាត់ទោស នួន ជា និង ខៀវ សំផន»។

អត្ថបទ ៖ សួត វិចិត្រ អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង

រូបថត ៖  បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖