ខ្ញុំឈ្មោះ ម៉ែ សំឡាន អាយុ៧៣ឆ្នាំ កើតនៅភូមិអូរតាទាត់ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិកណ្ដាល ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំមានឪពុកឈ្មោះ ឆាយ ហិន(ស្លាប់) និងម្ដាយឈ្មោះ សើ (ស្លាប់)។ ខ្ញុំមានបងប្អូនបង្កើតចំនួន៣នាក់ គឺប្រុស២នាក់ និងស្រីម្នាក់ ហើយខ្ញុំគឺជាកូនទី២នៅក្នុងគ្រួសារ។ ប្អូនប្រុសពៅរបស់ខ្ញុំបានស្លាប់ ដោយសារជំងឺបេះដូងចំហ។ ខ្ញុំមានប្ដីឈ្មោះ ម៉ែ សាម៉ី អាយុ៦៧ឆ្នាំ មានស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្ដាល។ ប្ដីប្រពន្ធខ្ញុំមានកូនស្រីចំនួន៣នាក់។ មុនពេលមានសង្រ្គាមតាមព្រំដែនរវាងកម្ពុជា និងថៃ ខ្ញុំប្រកបមុខរបរលក់ដូរ។
កាលពីក្មេង ខ្ញុំចូលរៀនបានត្រឹមថ្នាក់ទី២ នៅសាលាឆទានរបស់វត្ត ស្ថិតនៅភូមិអូរតាទាត់ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ មូលហេតុដែលខ្ញុំឈប់រៀនដោយសារតែសាលារៀននៅឆ្ងាយពីផ្ទះ ពិបាកក្នុងការធ្វើដំណើរ។ បន្ទាប់ពីឈប់រៀន ខ្ញុំបានជួយម្ដាយចិញ្ចឹមសត្វជ្រូក មាន់ និង ទា។ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ១៩៧០ ឪពុករបស់ខ្ញុំបានស្លាប់ដោយសារជំងឺគ្រុនចាញ់។ បន្ទាប់ពីឪពុកស្លាប់បានរយៈពេល២ថ្ងៃ ឧត្ដមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះ នរោត្ដម សីហនុ ចេញពីតំណែង។ នៅ អំឡុងពេលនោះ ភូមិតាអូរតាទាត់ចាប់ផ្ដើមមានភាពច្របូកច្របល់ ដោយសារតែកងទ័ពរំដោះខ្មែរក្រហមបានចូលមកដល់ក្នុងភូមិ និងបានដុតប៉ុសិ៍យាម រួមទាំងស្ពានអស់ជាច្រើន។
បន្ទាប់មក ក្រុមគ្រួសាររបស់ខ្ញុំ និងប្រជាជនរស់នៅក្នុងស្រុកព្រៃនប់ត្រូវបានកងទ័ពរំដោះខ្មែរក្រហមជម្លៀសឱ្យទៅរស់នៅខេត្តកំពត។ ខណៈពេលធ្វើដំណើរដល់ខេត្តកំពត ម្ដាយរបស់ខ្ញុំបានសាងសង់ផ្ទះតូចល្មមសម្រាប់ស្នាក់នៅបណ្តោះអាសន្ន និងបានកាប់ឆ្ការព្រៃយកដីប្រកបមុខរបរធ្វើចម្ការ។ ខ្ញុំ និងក្រុមគ្រួសាររស់នៅក្នុងខេត្តកំពតបានរយៈពេល២ឆ្នាំ ទើបវិលត្រឡប់មករស់នៅស្រុកកំណើតវិញ។ ខណៈពេលត្រឡប់ខ្ញុំមកដល់ស្រុកកំណើត ខ្មែរក្រហមបានបញ្ជូនខ្ញុំឱ្យទៅធ្វើការងារនៅក្នុងសហករណ៍ស្ថិតនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។ ដំបូង ខ្មែរក្រហមបញ្ចូលខ្ញុំទៅក្នុងកងចល័តដើម្បីជួយដាំបន្លែ និងជួយធ្វើស្រែជាមួយប្រជាជននៅទីនោះ ចំណែកប្រធានសហករណ៍គឺមិត្តនារី វណ្ណា និង រ៉ុន (ស្លាប់)។ ក្រោយមក ខ្មែរក្រហមជ្រើសរើសខ្ញុំចេញពីកងចល័តឱ្យចូលធ្វើការនៅក្នុងកងនារីដែលមានសមាជិក២០០នាក់ គ្រប់គ្រងដោយប្រធានកងឈ្មោះ ឆែត។ បន្ទាប់មក កងនារីត្រូវបានបានបំបែកជាក្រុមតូចៗ ដោយនៅក្នុងមួយក្រុមមានសមាជិក១២នាក់។ ពេលនោះ ខ្ញុំខិតខំធ្វើស្រែ និងចម្ការសកម្មជាងមិត្តនារីនៅក្នុងក្រុម ទើបប្រធានកងដកឈ្មោះខ្ញុំឱ្យមកធ្វើការនៅអង្គភាពកាត់ដេរសម្លៀកបំពាក់ឱ្យកងទ័ព ដែលមានទីតាំងនៅឃុំជីខ ស្រុកស្រែអំបិល ខេត្តកោះកុងវិញ។ ប្រធានកាត់ដេរមានឈ្មោះ យាយ ណំ។ បន្ទាប់ពីឃើញខ្ញុំដេរសម្លៀកបំពាក់យឺតមិនគ្រប់ទៅតាមផែនការកំណត់ យាយ ណំ បានដកខ្ញុំឱ្យទៅធ្វើការនៅអង្គភាពសេដ្ឋកិច្ចវិញ។ ខ្ញុំត្រូវបានថ្នាក់លើបំបែកឱ្យទៅនៅតាមសាខាតូចៗ ដែលមានសមាជិកចំនួន៣នាក់។ បន្ទាប់មកថ្នាក់លើបានចែកកាំភ្លើងអាកាឱ្យក្រុមខ្ញុំចំនួនមួយដើម រទេះគោមួយគ្រឿង និងគោមួយនឹម ដើម្បីដឹកជញ្ជូនក្រណាត់យកទៅស្រុកសំឡូត ខេត្តបាត់ដំបង និងដឹកអង្ករពីស្រុកសំឡូតយកមកទុកនៅអង្គភាពសេដ្ឋកិច្ចវិញ។
នៅឆ្នាំ១៩៧៩ កងទ័ពស្ម័គ្រចិត្តវៀតណាម និងកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានធ្វើដំណើរតាមខេត្តកំពតសំដៅមកវាយរំដោះយកស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ខណៈពេលនោះ ម្ដាយ និងបងប្អូនរបស់ខ្ញុំ បាននាំគ្នារត់ភៀសខ្លួនចេញពីស្រុកព្រៃនប់សំដៅទៅស្រុកស្រែអំបិល ខេត្តកោះកុង ហើយបានជួបខ្ញុំនៅទីនោះ។ បន្ទាប់មក កងទ័ពស្ម័គ្រចិត្តវៀតណាម និងកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានវាយរំដោះយកស្រុកស្រែអំបិល ខេត្តកោះកុង បន្ថែមទៀត។ ដោយមើលទៅសភាពការណ៍មិនស្រួល ខ្ញុំ និងម្ដាយបានរត់ភៀសខ្លួនចេញពីខេត្តកោះកុង សំដៅទៅរស់នៅក្នុងជំរំខាវឡាន ដែលមានទីតាំងស្ថិតនៅក្នុងទឹកដីប្រទេសថៃ។ បន្ទាប់ពីរស់នៅជំរំខាវឡានបានរយៈពេលមួយឆ្នាំ ខ្ញុំបានដើរស៊ីឈ្នួលធ្វើការលើទូកនេសាទ រហូតបានរៀបការជាមួយប្ដីដែលជាជនជាតិថៃ។ បន្ទាប់ពីរៀបការបានរយៈពេល៤ឆ្នាំ ខ្ញុំសម្រាលបានកូនស្រីម្នាក់។
នៅឆ្នាំ១៩៨៩ ប្ដីរបស់ខ្ញុំបានស្លាប់ដោយសារជំងឺលើសឈាម។ បន្ទាប់ពីប្ដីខ្ញុំស្លាប់ ខ្ញុំ និងម្ដាយបានធ្វើដំណើរចាកចេញពីទឹកដីប្រទេសថៃចូលទៅរស់នៅខេត្តកោះកុង ដោយប្រកបមុខរបរដឹកទុរេនលក់ និងលក់ដូរបន្តិចបន្តួចនៅផ្ទះ។ បន្ទាប់ពីរស់នៅខេត្តកោះកុងបានរយៈពេល៣ឆ្នាំ ខ្ញុំបានរៀបការជាមួយប្ដីម្នាក់ទៀតឈ្មោះ ម៉ែ សាម៉ី។
នៅឆ្នាំ២០០២ ដោយសារតែគ្រួសារមានជីវភាពខ្វះខាត ខ្ញុំនិងប្តីបានចាកចេញពីខេត្តកោះកុងមករកស៊ីនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ពេលចូលមកដល់ឃុំថ្មដាដំបូង ខ្ញុំ និង ប្ដីបានចាប់ដីមួយកន្លែងស្ថិតនៅក្នុងភូមិកណ្ដាល ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីសាងសង់ផ្ទះរស់នៅ។ បន្ទាប់មក ខ្ញុំ និងប្ដីបាននាំគ្នាកាប់ឆ្កាព្រៃដើម្បីយកដីដាំដើមទុរេន និងដាំដើមកៅស៊ូ។ នៅឆ្នាំ២០២២ ខ្ញុំ និង ប្ដីបានសម្រេចចិត្តលែងលះគ្នា ដោយសារការរស់នៅមិនចុះសម្រុងគ្នា។
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅតាមព្រំដែនឃុំថ្មដា ចាប់ផ្ដើមមានសភាពតានតឹងរវាងកងទ័ពកម្ពុជា និងទាហានថៃ។ ខណៈពេលនោះមេភូមិកណ្ដាលឈ្មោះ រិទ្ធ និងមេឃុំថ្មដាឈ្មោះ ព្រំ ង៉ុន បានប្រកាសប្រាប់ប្រជាជនឱ្យត្រៀមភៀសខ្លួនទៅកន្លែងសុវត្ថិភាព បើសភាពការណ៍នៅតាមព្រំដែនថ្មដាមានភាពតានតឹងខ្លាំង។ ខណៈពេលនោះ ខ្ញុំ និងប្រជាជនដែលរស់នៅក្នុងភូមិកណ្ដាល បាននាំគ្នាភៀសខ្លួនចេញពីភូមិទាំងយប់ដើម្បីទៅរកទីកន្លែងដែលមានសុវត្ថិភាព។ បន្ទាប់ពីជិះម៉ូតូជាមួយអ្នកភូមិមកដល់ ស្ពានស្ទឹងមេទឹក ខ្ញុំបានចុះពីលើម៉ូតូ រួចបានសុំរថយន្តរបស់អ្នកភូមិជិះបន្តទៅជំរំជនភៀសសឹក វិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតនៅក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ទាហានថៃបានបាញ់ផ្លោងគ្រាប់កាំភ្លើងត្បាល់ជាច្រើនគ្រាប់ចូលមកទីតាំងភូមិសាស្រ្តអូរភ្លុកដំរី។ បន្ទាប់ពីស្នាក់ក្នុងជំរំភៀសសឹកបានរយៈពេលកន្លះខែ ខ្ញុំបានធ្វើដំណើរទៅលេងប្អូននៅទីក្រុងភ្នំពេញរយៈពេលកន្លះខែបន្ថែមទៀត ទើបវិលត្រឡប់មកស្នាក់នៅក្នុងជំរំភៀសសឹកវិញ។ នៅពេលសភាពការណ៍នៅតាមព្រំដែនមានភាពស្ងប់ស្ងាត់ ខ្ញុំបានចាកចេញពីជំរំភៀសសឹកវិលត្រឡប់ទៅរស់នៅក្នុងលំនៅឋានវិញ។ ខ្ញុំរស់នៅក្នុងផ្ទះបានរយៈពេល១ខែ សភាពការណ៍នៅតាមព្រំដែនឃុំថ្មដាចាប់ផ្ដើមតានតឹងសាឡើងវិញ។ ខណៈពេលនោះ ទាហានថៃបានបង្ហោះដ្រូនជាច្រើនគ្រឿងដើម្បីស្វែងរកទីតាំងឈរជើងរបស់កងទ័ពកម្ពុជា។ ភ្លាមៗនេះ មេឃុំថ្មដាឈ្មោះ ព្រំ ង៉ុន ដែលមានផ្ទះជាប់នឹងរបងផ្ទះរបស់ខ្ញុំបានប្រាប់ខ្ញុំឱ្យភៀសខ្លួនទៅកន្លែងសុវត្ថិភាពជាបន្ទាន់ ដោយសារតែគាត់ឃើញខ្ញុំគឺជាស្រ្តីមេម៉ាយមានវ័យចំណាស់ គ្មានម៉ូតូ គ្មានបងប្អូន ហើយកូនៗរវល់ធ្វើការងារ។
នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ខ្ញុំបានឡើងជិះរថយន្តជាមួយអ្នកភូមិចាកចេញពីភូមិកណ្ដាល ដើម្បីទៅរស់ក្នុងជំរំភៀសសឹកនៅក្នុងសាលាវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយម្តងទៀត។ ក្រោយពីបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងទាហានថៃ ត្រូវបានអនុវត្តជាថ្មីកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ខ្ញុំមិនហ៊ានវិលត្រឡប់ទៅរស់ក្នុងលំនៅឋានវិញទេ ដោយសារតែផ្ទះរបស់ខ្ញុំនៅកៀកនឹងទីតាំងដែលទាហានថៃចូលមកដាក់ទូរកុងតឺន័រ។
អត្ថបទ ៖ ចាន់ ណារិទ្ធ បុគ្គលិកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា



