ខ្ញុំឈ្មោះ ញៀន ខាំម៉ានី អាយុ៧៥ឆ្នាំ កើតនៅភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ បច្ចុប្បន្នស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមានឪពុកឈ្មោះ ថិន ញៀន និងម្តាយឈ្មោះ ព្រះ ដាំ។ ឪពុកម្តាយខ្ញុំស្លាប់អស់ហើយ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៣នាក់។ ខ្ញុំគឺជាកូនច្បងនៅក្នុងគ្រួសារ ចំណែកប្អូនប្រុសរបស់ខ្ញុំមានឈ្មោះ ញៀន ចៀម និងឈ្មោះ ញៀន ម៉ៅ។ ខ្ញុំរៀបការជាមួយប្ដីឈ្មោះ ណៃ ស្រេង តាមរបៀបពិធីសែនព្រេន និងទទួលបានប្រាក់ខាន់ស្លាត្រឹមត្រូវតាមប្រពៃណីចំនួន១,៥០០រៀល ដែលសម័យនោះមាសមួយជីមានតម្លៃ៣០០រៀលប៉ុណ្ណោះ។ បន្ទាប់ពីរៀបការរួច ខ្ញុំមានកូន ចំនួន៥នាក់ គឺ កូនប្រុសទី១) ឈ្មោះ ស្រេង ទិត្យ, កូនប្រុសទី២) ឈ្មោះ ស្រេង សៅ, កូនប្រុសទី៣) ឈ្មោះ ស្រេង ហេង, កូនប្រុសទី៤) ឈ្មោះ ស្រេង ហៀង និងកូនស្រីទី៥) ឈ្មោះ ស្រេង ចាន់លៀង។ សព្វថ្ងៃ ខ្ញុំមានចៅចំនួន១៥នាក់ និងចៅទួតចំនួន៣នាក់។
នៅក្នុងរបបខ្មែរក្រហម ប្រធានកងបានបង្ខំប្រជាជនឱ្យធ្វើការងារជាទម្ងន់ ដូចជា លើកទំនប់ ជីក ប្រឡាយ ស្ទូងស្រូវដោយជ្រលក់ជាមួយទឹកជីលាមក និងហូបតែបបរមួយវែក ឬហូបមើមក្ដួចដើម្បីបំពេញក្រពះ។ បន្ទាប់មក ខ្មែរក្រហមចាត់តាំងខ្ញុំឱ្យធ្វើជាចុងភៅដាំស្លឱ្យសមាជិកក្នុងសហករណ៍ ដែលមានប្រជាជនប្រមាណ១៥គ្រួសារ។ ក្នុងមួយថ្ងៃខ្ញុំត្រូវដាំស្លចំនួនពីរខ្ទះធំៗ គឺពេលព្រឹកមួយខ្ទះ និងពេលល្ងាចមួយខ្ទះ ដោយត្រូវថ្លឹងបន្លែ ត្រី និងប្រហុកតាមចំនួនកំណត់របស់ប្រធានចុងភៅ។ ម្ហូបដែលខ្ញុំធ្វើរាល់ថ្ងៃ គឺមានតែត្រកួន ស្លឹកដំឡូងមី និងប៉េងប៉ោះ ស្ងោរជាមួយទឹក ដោយគ្មានអំបិល ស្ករ ឬប៊ីចេងឡើយ។ សម្លទាំងនេះគ្មានរសជាតិឡើយ ហើយធ្វើឱ្យខ្ញុំមិនចូលចិត្តត្រកួនរហូតមកដល់សព្វថ្ងៃ។ ចំណែកបាយគឺត្រូវលាយជាមួយមើមក្តួច និងដើមចេក។ មានថ្ងៃខ្លះសំណាងល្អ ខាងចុងភៅរកបានសាច់សត្វប្រើស ឬត្រីប្រា ទើបខ្ញុំយកមកចិញ្ច្រាំស្ងោរលាយអង្ករធ្វើបបរចែកគ្នាបានម្នាក់មួយកូនចានចង្កឹះ។
ក្រៅពីម៉ោងដាំស្ល ខ្ញុំត្រូវដើរកើបលាមកមនុស្សពីបង្គន់នៅកងចុងភៅ និងត្រូវដើរកាប់ដីដំបូកយកលាយធ្វើជាជី។ នៅរបបខ្មែក្រហម គ្រួសារខ្ញុំត្រូវរស់នៅបែកខ្ញែកគ្នាដោយប្តីខ្ញុំត្រូវចេញទៅធ្វើការងារឆ្ងាយៗ ហើយពីរទៅបីថ្ងៃទើបគាត់ឆ្លៀតយកដំឡូងស្យា និងមើមក្តួចមកផ្ញើគ្រួសារម្តង។ នៅពេលនោះ កូនប្រុសច្បងឈ្មោះ ស្រេង ទិត្យ បានកើតបូសនៅលើជើង ប៉ុន្តែដោយសារគ្មានថ្នាំព្យាបាលត្រឹមត្រូវ ទើបរបួសបានក្លាយ រហូតបានបន្សល់ទុកស្នាមចង្អូរជ្រៅលើជើងរហូតមកដល់សព្វថ្ងៃ។ ក្រោយមក ប្រជាជននៅក្នុងភូមិក្រឡាពាសត្រូវបានជម្លៀសឱ្យទៅរស់នៅបែកខ្ញែកគ្នា ខ្លះទៅភូមិអូររី ខ្លះទៅភូមិម៉ង ភូមិស្រែឫស្សី ភូមិរំដេង និងភូមិចំការលើ។ នៅទីនោះ ខ្ញុំនៅតែបន្តធ្វើជាចុងភៅដដែល ប៉ុន្តែខ្ញុំមានអង្ករហូបច្រើនជាងមុន។ ខ្ញុំធ្លាប់លួចបាយក្ដាំងយកទៅហាល និងលួចដំឡូងដែលដាំជុំវិញខ្ទម យកមកស្ងោរលាយអង្ករមួយកំប៉ុងក្នុងឆ្នាំងស្ពាន់ចែកក្រុមគ្រួសារហូប ទោះបីដឹងថាមានគ្រោះថ្នាក់ដល់អាយុជីវិតប្រសិនបើអង្គការដឹងក៏ដោយ។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំមិនដែលឃើញឈ្លបចាប់មនុស្សយកទៅសម្លាប់ផ្ទាល់នឹងភ្នែកទេ ប៉ុន្តែភាពភ័យខ្លាចតែងតែកើតមានជានិច្ច ជាពិសេសនៅពេលឃើញ តាលេង ដែលធ្លាប់សម្លាប់មនុស្សដើរមកម្តងៗ ហើយអ្នកភូមិតែងតែដកបង្គោលរបងយកមកកាន់ និងត្រៀមវាយតបតការពារខ្លួនប្រសិនបើមានហេតុការណ៍អាក្រក់កើតឡើង។ ខ្ញុំបានបាត់បង់ប្អូនប្រុសទីពីរឈ្មោះ ញៀន ចៀម ពេលខ្មែរក្រហមបញ្ជូនទៅនៅ «កងកុមារលះបង់» ហើយបាត់ដំណឹងសូន្យរហូតមកទល់សព្វថ្ងៃ។
ក្រោយថ្ងៃរំដោះ ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពខ្មែរក្រហមជម្លៀសខ្ញុំ និងគ្រួសារចេញពីអូរត្រែល ទៅកាន់ភូមិក្រឡាពាសវិញ។ ពេលនោះប្ដីរបស់ខ្ញុំបានអុំទូកធំមួយគ្រឿងពីស្រុកថាឡាបរិវ៉ាត់ ស្កាត់មកជួបជុំខ្ញុំ និងគ្រួសារ។ យើងបាននាំគ្នាត្រឡប់មកអូរស្វាយវិញ ប៉ុន្តែផ្ទះសម្បែងត្រូវបានបំផ្លិចបំផ្លាញគ្មានសល់ឡើយ។ គ្រួសារខ្ញុំបានសង់ខ្ទមតូចមួយរស់នៅបណ្តោះអាសន្ន ហើយពេលចុះងូតទឹកនៅកំពង់ទឹក ស្រាប់តែប្រទះឃើញលលាដ៍ក្បាលមនុស្សនៅក្នុងទឹក។ ក្រោយមក ប្ដីរបស់ខ្ញុំដែលមានកម្លាំងមាំមួនបានជិះកង់ទៅកាប់ឈើ និងលីឈើយកមកសង់ផ្ទះ ព្រមទាំងខិតខំធ្វើស្រែចម្ការ បង្កបង្កើនផល ដើម្បីចិញ្ចឹមកូនៗរហូតធំៗ។ ប៉ុន្តែនៅឆ្នាំ១៩៨៩ ប្ដីរបស់ខ្ញុំបានធ្លាក់ខ្លួនឈឺស្លាប់ដោយសារជំងឺ។
បច្ចុប្បន្ន ខ្ញុំកាន់តែជរា និងមានជំងឺប្រចាំកាយជាច្រើន ដូចជា ជំងឺលើសឈាម បេះដូងខ្សោយ បេះដូងរីក និងឈឺសន្លាក់ជើង ដែលមិនអាចដើរទៅណាឆ្ងាយ។ ប៉ុន្តែនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានកូន ចៅ និងចៅទួត បានធ្វើដំណើរឆ្លងកាត់ដងទន្លេមកជួបជុំគ្នានៅផ្ទះខ្ញុំយ៉ាងច្រើនកុះករ នាំយកបាយ ម្ហូប ផ្លែឈើ នំអន្សម មកជូនខ្ញុំ ធ្វើឱ្យខ្ញុំមានសេចក្តីរីករាយយ៉ាងខ្លាំង។
ជាចុងក្រោយ ខ្ញុំបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមជ្ឈមណ្ឌលឯកសារកម្ពុជា និងព្រះរាជបណ្ណាល័យហ្លួងម៉ែ ដែលបានផ្តល់រទេះរុញមួយគ្រឿងដល់ខ្ញុំ។ រទេះរុញនេះមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់ខ្ញុំតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់កម្លាំងចិត្តដល់ខ្ញុំថែមទៀត។ ខ្ញុំសូមប្រសិទ្ធពរជ័យ បវរសួស្តី ជូនចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងព្រះរាជបណ្ណាល័យហ្លួងម៉ែ ឱ្យជួបប្រទះតែសេចក្តីសុខ និងជោគជ័យគ្រប់ភារកិច្ច។
សូមរំឭកថា ភូមិក្រឡាពាស គឺជាភូមិមួយស្ថិតក្នុងឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង និងមានចម្ងាយប្រមាណ៦គីឡូម៉ែត្រពីទីរួមស្រុកបុរីអូរស្វាយសែនជ័យ។ ភូមិនេះមានប្រជាជនសរុប ៦៥៦នាក់ ស្មើនឹង ២១២ គ្រួសារ ដែលភាគច្រើនប្រកបរបរកសិកម្ម។ ទីតាំងភូមិសាស្ត្រឃុំព្រះរំកិល៖ ខាងកើតជាប់ឃុំអូរស្វាយ, ខាងលិចជាប់ស្រុកឆែប (ខេត្តព្រះវិហារ), ខាងត្បូងជាប់ឃុំកោះស្នែង និងខាងជើងជាប់ព្រំដែនប្រទេសឡាវ។
អត្ថបទ ៖ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា












