មឹះ ភេល ៖ ចងចាំមិនបំភ្លេចពេលខ្មែរក្រហមបង្ខំឱ្យធ្វើការងារធ្ងន់ដោយមិនឱ្យហូបគ្រប់គ្រាន់ និងហាមឃាត់ទំនៀមទម្លាប់ស្ទៀង

ខ្ញុំឈ្មោះ មឹះ ភេល ភេទប្រុស អាយុ៦៨ឆ្នាំ គឺជាជនជាតិដើមភាគតិចស្ទៀង កើតនៅភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានឪពុកឈ្មោះ វ៉ាញ់ មឹះ ស្លាប់ក្នុងឆ្នាំ១៩៦៤ និងម្តាយឈ្មោះ វែង ស្លាប់ក្នុងឆ្នាំ១៩៨៤ ដោយសារជំងឺ។ ខ្ញុំមានបងប្អូនប្រុសចំនួន២នាក់។ នៅឆ្នាំ១៩៨១ ខ្ញុំបានរៀបការជាមួយប្រពន្ធឈ្មោះ សួង ម៉ៅ ក្រោយមកយើងមានកូនចំនួន៥នាក់ ក្នុងនោះមានកូនស្រីចំនួន៤នាក់ និងប្រុសម្នាក់។

កាលពីក្មេង ខ្ញុំមិនបានរៀនសូត្រទេ ព្រោះក្នុងភូមិមិនមានសាលា និងគ្មានគ្រូបង្រៀន។ កាលពីសម័យសង្គមរាស្រ្តនិយម យាយតា និងឪពុកម្តាយរបស់ខ្ញុំនិយាយគ្នាជាភាសាស្ទៀងជាប្រចាំថ្ងៃ។ ចាប់ពីឆ្នាំ១៩៧០ មានសង្គ្រាមទម្លាក់គ្រាប់បែកធ្វើឱ្យប្រជាជនមិនសូវបានប្រើប្រាស់ភាសាស្ទៀងទេ។ រាល់ថ្ងៃខ្ញុំអាចចេះនិយាយភាសាស្ទៀងបន្តិចបន្តួចនៅក្នុងគ្រួសារ។

តាំងពីជំនាន់ដើម ជនជាតិដើមភាគតិចស្ទៀងមានជំនឿទៅលើអរូបី គឺ ព្រាយ បិសាច អារក្ខ អ្នកតា (អ្នកតាស្រុក និងអ្នកតាព្រៃ) និងខ្មោចជាដើម។ រៀងរាល់ឆ្នាំ ជនជាតិដើមភាគតិចស្ទៀងប្រារព្ធពិធីបុណ្យផ្សេងៗនៅក្នុងភូមិធ្វើឱ្យមានភាពរីករាយគ្រប់គ្រួសារ។ ពិធីបុណ្យទាំងនេះភាគច្រើនប្រារព្ធឡើងក្រោយពេលប្រមូលផលដំណាំរួចរាល់។ ជនជាតិដើមភាគតិចស្ទៀងនៅក្នុងភូមិពងទឹក ឬភូមិក្តុលលើ បានរៀបចំពិធីឡើងអ្នកតា (បុណ្យចម្រើនផល) ដោយមានប្រជាជនក្មេង ចាស់ ប្រុស ស្រី មកជួបជុំគ្នា។ បន្ទាប់មក មានជនជាតិដើមភាគតិចស្ទៀងមួយក្រុមបានគូរមុខមាត់ឱ្យដូចព្រាយ បិសាច រួមជាមួយ គ្រឿងប្រដាប់ធ្វើពីឈើ និងដើមចេក មួយចំនួនសម្រាប់បណ្តេញព្រាយបិសាចចេញពីភូមិ។ គ្រឿងប្រដាប់ទាំងនោះ រួមមាន៖ រូបតំណាង សត្វសេះ ដំរី ធ្វើពីដើមចេក និង ដាវ លំពែង ធ្វើពីឈើ សម្រាប់វាយទៅលើជញ្ជាំងផ្ទះ វាយឆ្នាំង ចាន វាយមាន់ និងទា របស់ជនជាតិដើមភាគតិចស្ទៀងក្នុងភូមិ។ សត្វ មាន់ ទា ដែលវាយបាន ត្រូវអ្នកចូលរួមកម្មវិធីយកទៅដាក់នៅខ្ទមអ្នកតាម្ចាស់ស្រុក និងនាំគ្នាសុំសេចក្តីសុខសប្បាយ​ក្នុងភូមិ និងក្នុងក្រុមគ្រួសារ។

ខ្ញុំគឺជាអ្នកលេងភ្លេងអារក្ខ ជំនាញវាយស្គរដៃ និងប្រគុំភ្លេងនៅពេលមានគ្រួសារណាលាបំណន់ ឬបន់មេបាប្រុស-ស្រី។ ពិធីលៀងអារក្ខមានពីរវង់ភ្លេងគឺ ទី១) លៀងអារក្ខវង់ភ្លេងតូច និងទី២) លៀងអារក្ខវង់ភ្លេងធំ។

នៅឆ្នាំ១៩៧៥ ពេលខ្មែរក្រហមជម្លៀសប្រជាជនក្នុងភូមិពងទឹក ឱ្យចូលមករស់នៅភូមិក្តុលលើ ភូមិចង្គំកណ្តាល ភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ពេលនោះមកខ្មែរក្រហមឈប់ឱ្យជនជាតិដើមភាគតិចបដិបត្តិទំនៀមទម្លាប់ ប្រពៃណី សាសនា និងបំបិទសិទ្ធិសេរីភាពទាំងអស់សូម្បីតែនិយាយភាសាស្ទៀងខ្លួនឯង។ ខ្មែរក្រហមបានគំរាមអ្នកណាហ៊ាននិយាយភាសាស្ទៀង គឺត្រូវបានចោទប្រកាន់ថាក្បត់ជាមួយអង្គការ និងត្រូវយកទៅកសាង។ ចាប់តាំងពីពេលនោះមក គ្រួសារខ្ញុំមិនហ៊ាននិយាយភាសាស្ទៀងទេ។

នៅឆ្នាំ១៩៧៦ ខ្មែរក្រហមចាត់តាំងខ្ញុំឱ្យធ្វើការនៅកងចល័តលើកប្រព័ន្ធភ្លឺស្រែ និងលើកអាងស្តុកទឹកចម្ងាយ៤គីឡូម៉ែត្រ ចាប់ពីភូមិក្តុលក្រោម ដល់ភូមិចង្គំទី១ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំលើកទំនប់ទឹកពេលព្រឹកចាប់ពីម៉ោង៧ ដល់ម៉ោង១១ ហើយពេលរសៀលចាប់ពីម៉ោង១ ដល់ម៉ោង ៥ល្ងាច។

នៅឆ្នាំ១៩៧៧ ប្រធានកងធំឈ្មោះ ប៊ុន សារី មានស្រុកកំណើតនៅភូមិថ្មដាប់ ឃុំរំចេក ស្រុកមេមត់ និងអនុប្រធានឈ្មោះ តាលាភ មានស្រុកកំណើតនៅភូមិពាមជីលាំង ឃុំពាមជីលាំង ដែលគ្រប់គ្រង កងចល័តនៅឃុំទន្លូង បានបញ្ជូនខ្ញុំ និងកងចល័តដទៃទៀតទៅលើកទំនប់ ជីកប្រឡាយ នៅបឹងក្រចាប់ ស្ថិតនៅភូមិជីរោទិ៍ ឃុំជីរោទិ៍ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ ពេលនោះមានកងចល័តមកពីតំបន់ផ្សេងៗ ហើយកងចល័តដែលខ្ញុំស្គាល់ភាគច្រើនមកពីស្រុកចំការលើ ស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ និងស្រុកមេមត់។ ពេលខ្ញុំលើកទំនប់នៅបឹងក្រចាប់ ខ្មែរក្រហមបង្ខំខ្ញុំឱ្យធ្វើការងារហួសកម្លាំង។ ខ្មែរក្រហមកំណត់ក្នុងមួយថ្ងៃឱ្យប្រជាជនកាប់ដីឱ្យបានចំនួនបីម៉ែត្រគុបក្នុងម្នាក់។ ប្រជាជនដែលធ្វើការហើយមុនម៉ោង ប្រធានកងអនុញ្ញាតឱ្យមកសម្រាក និងហូបបាយមុន។ ដំបូង ខ្ញុំ និងប្រជាជនផ្សេងទៀត មានកម្លាំងគ្រប់គ្រាន់ជីកដីនៅបឹងក្រចាប់ ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃកម្លាំងកាន់តែចុះខ្សោយ ព្រោះគ្មានអាហារហូបគ្រប់គ្រាន់ បណ្តាលឱ្យធ្លាក់ខ្លួនឈឺ និងមួយចំនួនទៀតស្លាប់នៅកន្លែងធ្វើការ។ ខ្ញុំនៅចាំឈ្មោះ ចឹក និងមិត្តនារី ហិច  គឺជាកងចល័តមកពីឃុំទន្លូង ស្រុកមេមត់ជាមួយខ្ញុំ បានស្លាប់ដោយសារជំងឺ និងអត់អាហារ។

ខ្ញុំ និងគ្រួសារត្រូវក្រោកតាំងពីព្រលឹមដើម្បីទៅធ្វើការនៅតាមការដ្ឋានច្រូតកាត់ឱ្យទាន់ពេលវេលា និងតាមផែនការ។ ប្រសិនបើខ្ញុំ និងគ្រួសារមិនអាចបំពេញការងារទៅតាមការកំណត់ នឹងត្រូវរងការគំរាមកំហែងពីកម្មាភិបាលខ្មែរក្រហមដល់អាយុជីវិត។ ចំណែករបបអាហារដែលអង្គការផ្ដល់ឱ្យមិនគ្រប់គ្រាន់ឡើយ និងត្រូវទៅហូបនៅតាមសហករណ៍។ ក្នុងមួយថ្ងៃៗ ខ្ញុំទទួលបានបបររាវៗលាយត្រកួន ឬដើមចេកតែមួយវែក ឬពីរវែកតែប៉ុណ្ណោះក្នុងមួយពេល។ ការស្វែងរកអាហារបន្ថែម ដូចជា ដើរបេះផ្លែឈើ ដើររើសខ្យង ឬដើរជីកដំឡូង ត្រូវបានចាត់ទុកជាបទល្មើសប្រឆាំងនឹងអង្គការ និងបំផ្លាញទ្រព្យសម្បត្តិសមូហភាព។ ប្រជាជនដែលត្រូវខ្មែរក្រហមចោទថាលួចហូប តែងតែរងទារុណកម្មយ៉ាងធ្ងន់ធ្ងរ ឬរងការរិះគន់ ឬត្រូវយកទៅសម្លាប់។ ស្ថានភាពអត់ឃ្លាន និងការងារធ្ងន់ធ្ងរនេះ បានបណ្ដាលឱ្យខ្ញុំធ្លាក់ខ្លួនស្គមរីងរៃ កើតជំងឺហើម និងរាករូសធ្ងន់ធ្ងរ។

ក្រោយឆ្នាំ១៩៧៩ ខ្មែរក្រហមនៅតែបន្តធ្វើសកម្មភាពលួច និងប្លន់ប្រជាជនក្នុងឃុំទន្លូង ស្រុកមេមត់។ នៅឆ្នាំ១៩៨៤ ប្អូនប្រុសខ្ញុំឈ្មោះ មឹះ ម៉ាំ បានចូលធ្វើជាកងកម្លាំងខ្មែរក្រហមស្ថិតនៅស្រុកស្នួល ខេត្តក្រចេះ។ នៅឆ្នាំ១៩៨៦ ប្អូនខ្ញុំឈ្មោះ មឹះ ម៉ាំ មានទំនាស់ជាមួយឈ្មោះ ងា លោម គឺជាកងកម្លាំងខ្មែរក្រហមដូចគ្នា។ រយៈមួយសប្តាហ៍ក្រោយមក ប្អូនប្រុសខ្ញុំត្រូវកម្លាំងខ្មែរក្រហមចាញ់សម្លាប់ នៅភូមិស្រែចារ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ ខ្ញុំបានទៅយកសាកសពប្អូនខ្ញុំមកធ្វើពិធីបញ្ចុះនៅក្នុងព្រៃ ស្ថិតនៅភូមិស្រែចារដដែល។

រឿងរ៉ាវពីអតីតកាល បានបន្សល់ទុកនូវភាពសោកសៅសម្រាប់ខ្ញុំ និងក្រុមគ្រួសារ។ ខ្ញុំចង់ឱ្យមានការអប់រំអំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងចងក្រងរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមសម្រាប់យុវជនជំនាន់ក្រោយអាន និងរៀនសូត្រ ដើម្បីការពារកុំឱ្យអំពើឃោរឃៅកើតឡើងម្តងទៀត។

អត្ថបទ ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖