មជ្ឈមណ្ឌលឯកសារកម្ពុជារៀបចំសិក្ខាសាលាស្តីអំពី «ការសិក្សាពិសោធន៍ទៅលើហ្សែន ដើម្បីជួយព្យាបាលជំងឺមហារីក និងតំណពូជ ដល់និស្សិតផ្នែកវេជ្ជសាស្រ្តសុខាភិបាលដែលចុះជួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ក្រុមការងារគម្រោងសុខភាពនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបចំសិក្ខាសាលា ស្តីអំពី «តើការសិក្សាពីហ្សែន នឹងចូលរួមចំណែកដូចម្តេចទៅលើការថែទាំសុខភាពរបស់អ្នកជំងឺមហារីក និងជំងឺតំណពូជឲ្យកាន់តែល្អប្រសើឡើង?» ដល់និស្សិតផ្នែកវេជ្ជសាស្ត្រសុខាភិបាលចំនូន៨០នាក់ មកពីសាកលវិទ្យាល័យសុខាភិបាល សាលាពេទ្យទាហាន សាកលវិទ្យាល័យអន្តរជាតិ សាកលវិទ្យាល័យពុទ្ធិសាស្រ្ត និងសាកលវិទ្យាល័យន័រតុន ប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ដោយមានការចូលរួមពីវាគ្មិន វេជ្ជបណ្ឌិត ម៉ាណុប ភិធុផាកន គឺជាសាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រ និង មន្ទីរពិសោធន៍ នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ មន្ទីរពេទ្យសិរិរាជ សាកលវិទ្យាល័យម៉ាហ៊ីឌុល ប្រទេសថៃ និងជាអតីតក្រុមប្រឹក្សាភិបាលវេជ្ជសាស្រ្តសេនេទិចនៅប្រទេសអាមេរិក ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៧។

នេះគឺជាសិក្ខាសិលាលើកទី៥ ដែលរៀបចំដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីជួយដល់និស្សិតពេទ្យកម្ពុជាឲ្យមានការយល់ដឹងកាន់តែទូលំទូលាយអំពីការសិក្សាទៅលើហ្សែននិងការធ្វើតេស្តស្វែងរកជំងឺផ្សេងៗជាពិសេសជំងឺមហារីកដែលឆ្លងតាមហ្សែនរបស់មនុស្ស ដែលអាចជួយដល់ការព្យា​បាលជំងឺមហារីក និងជំងឺតំណពូជដែលកើតឡើងទៅលើប្រជាជនកម្ពុជា។ ជាពិសេសដើម្បីជួយដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលកំពុងតែប្រឈមនឹងជំងឺទាំង១០យ៉ាង រួមមាន ១) ជំងឺលើសឈាម ២) ជំងឺក្រពះពោះវៀន ៣) ជំងឺគ្រុនចាញ់ ៤) ជំងឺផ្លូវចិត្ត ៥) ជំងឺបេះដូង ៦) ជំងឺឈឺសន្លាក់ ៧) ជំងឺហឺតរ៉ាំរ៉ៃ ៨) ជំងឺទឹកនោមផ្អែម ៩) ជំងឺរបេង និង១០) ជំងឺឆ្កួតជ្រូក ដែលក្រុមការងារផ្នែកសុខភាពរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាបានរកឃើញក្នុងចំណោមមនុស្សដែលមានវ័យចាប់ពី៥៥ឆ្នាំឡើងទៅប្រមាណជាង៣២,០០០នាក់ ដែលបានផ្តល់បទសម្ភាសន៍ទាក់​ទងនឹងសុខភាព។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងនោះកំពុងតែប្រឈមនឹងបញ្ហាសុខភាព ហើយឈានដល់សភាពធ្ងន់ធ្ងរ និងបណ្តាលឲ្យស្លាប់បាត់បង់ជីវិត ប្រសិនបើមិនមានការថែទាំ និងព្យាបាលឲ្យបានត្រឹមតាមវេជ្ជបញ្ជា។

នៅក្នុងសិក្ខាសាលាព្រឹកនេះ វេជ្ជបណ្ឌិត ម៉ាណុប ភិធុផាកន បានលើកឡើងអំពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីដើម្បីធ្វើតេស្តទៅលើសេនេតិច ដែលអាចឲ្យគ្រូពេទ្យដឹងអំពីជំងឺដែលកើតឡើងដោយសារហ្សែនរបស់មនុស្ស ឬកើតឡើងដោយសារជំងឺតំណពូជ ជាពិសេសជំងឺមហារីក​ ដើម្បីប្រើប្រាស់ថ្នាំព្យាបាលឲ្យបានត្រឹមត្រូវទៅតាមប្រភេទជំងឺ។ វេជ្ជបណ្ឌិត ម៉ាណុប ភិធុផាកន បានបន្តថា សព្វថ្ងៃ គ្រូពេទ្យមួយចំនួននៅប្រើវិធីសាស្រ្តទូទៅនៅឡើយនៅក្នុងការព្យាបាលជំងឺ ជាពិសេសគឺ ជំងឺលើសឈាម និងទឹកនោមផ្អែមដែលបណ្តាលមកពីជាតិស្ករកើនឡើងជារៀងរាល់ថ្ងៃ ឬជំងឺមហារីក ដែលកើតឡើងទៅលើគ្រួសារដែលមានប្រវត្តិធ្លាប់កើតជំងឺនេះពីមុនមក ឬម្យ៉ាងទៀតកើតឡើងដោយសារការប្រព្រឹត្តរបស់ខ្លួនឯងផ្ទាល់ ដូចជា ការទម្លាប់ជក់បារីប្រចាំថ្ងៃដែលបណ្តាលឲ្យកើតជំងឺមហារីកសួត និងការទម្លាប់ហូបអាហារឆៅដែលបណ្តាលឲ្យកើតជំងឺមហា​រីកក្រពះ ពោះវៀនជាដើម។ ជំងឺមហា​រីកសុដន់ភាគច្រើនកើតលើស្រ្តីដែលមានវ័យចាប់ពី៥០ឆ្នាំឡើងទៅ ហើយក្នុងចំណោមនោះក៏កើតលើបុរសប្រមាណ៥ភាគរយផងដែរ។

រីឯ ជំងឺតំណពូជ គឺជាជំងឺកំណត់ដោយហ្សែនលើក្រូម៉ូសូម ហើយត្រូវបានបញ្ជូនផ្ទាល់ពីឪពុកម្តាយទៅឲ្យកូនពុំមានរំលងជំនាន់ឡើយ។ ជំងឺតពូជមានពីរប្រភេទគឺ ជំងឺតពូជលើក្រូម៉ូសូមធម្មតា និងលើក្រូម៉ូសូមភេទ។ ចំណែកក្រូម៉ូសូម គឺជាទម្រង់ឆ្មារៗរាងសរសៃអំបោះដែលកើតពី អាស៊ីតដេអុកស៊ីរីបូនុយក្លេអិច (DNA) និងប្រូតេអ៊ីនដែលផ្ទុកព័ត៌មានសេនេទិច។

វេជ្ជបណ្ឌិត ម៉ាណុប ភិធុផាកន បានលើកឡើងថា នៅក្នុងប្រទេសរបស់លោក រដ្ឋាភិបាលបានបង្កើតកម្មវិធីសុខភាព (ការធ្វើតេស្តទៅលើហ្សែន) ថ្នាក់ជាតិ និងបានបង្កើតមន្ទីរពិសោធន៍យ៉ាងធំអស់រយៈពេល៥ឆ្នាំមកហើយ និងបានប្រមូលសំណាក (ទិន្នន័យ) ពីប្រជាជន ប្រមាណជាង៥ម៉ឺននាក់នៅតាមមន្ទីរពេទ្យដើម្បីសិក្សា ហើយក្នុងចំណោមសំណាកទាំងនោះ ក៏អាចមានជនជាតិខ្មែរប្រមាណ២៥ភាគរយដែរ ដែលទៅពិនិត្យសុខភាព និងព្យា​បាលជំងឺក្នុងប្រទេសថៃដែរ។ លោកបន្តថា ទៅថ្ងៃអនាគតនឹងមានការធ្វើតេស្ត និងសិក្សាពិសោធន៍ទៅលើ DNA (គឺជាម៉ូលេគុលដែលអនុវត្តការណែនាំអំពីហ្សែនសម្រាប់ការអភិវឌ្ឍន៍ មុខងារ ការលូតលាស់ និងការបន្តពូជនៃសារពាង្គកាយមានជីវិតទាំងអស់) ដើម្បីឲ្យដឹងរាល់ព័ត៌មាននៅក្នុងខ្លួនមនុស្ស ដែលអាចលូតលាស់ទៅជាជំងឺនៅពេលខាងមុខ ដើម្បីធ្វើការទប់ស្កាត់ជាមុន។

ចុងក្រោយ វេជ្ជបណ្ឌិត ម៉ាណុប ភិធុផាកន លើកឡើងថា ការបង្កើតកម្មវិធីសិក្សាទៅលើហ្សែន ជាពិសេសការស្វែងរកជំងឺមហារីកដែលឆ្លងតាមហ្សែន នឹងមានប្រយោជន៍ខ្លាំងណាស់ដល់ប្រជាជនគ្រប់ជាតិសាសន៍ ដើម្បីបង្កាជំងឺ និងព្យាបាលជំងឺឲ្យបានត្រឹមត្រូវ។

អត្ថបទ ៖ សោម ប៊ុនថន ប្រធានក្រុមទស្សនាវដ្តីស្វែងរកការពិតនៃមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖