នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សិស្សានុសិស្សដែលកំពុងសិក្សាថ្នាក់ទី១២ មកពីវិទ្យាល័យព្រែកដំបូកសរុបចំនួន៥០នាក់ ចូលរួមវេទិកាអប់រំសហគមន៍ស្ដីអំពី ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ក្រោមប្រធានបទ «សុខភាពទ្រុឌទ្រោមរបស់ប្រជាជនក្នុងរបបខ្មែរក្រហម» រៀបចំដោយមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម និងបានចុះទស្សនកិច្ចផ្ទាល់ទៅកាន់ទំនប់ដែលត្រូវបានកសាងនៅក្នុងសម័យខ្មែរក្រហម រួមមាន ទំនប់តាកុដ ស្ថិតនៅឃុំមៀន ស្រុកព្រៃឈរ (ជាប់ព្រំប្រទល់នឹងស្រុកកងមាស) និងទំនប់ក្បាលទឹកឆា ស្ថិតនៅក្នុងឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ជាកិច្ចចាប់ផ្ដើមលោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានឡើងស្វាគមន៍ និងប្រកាសបើកវេទិកាថ្នាក់រៀន។ បន្ទាប់មក លោក ស៊ាង ចិន្តា ធ្វើបទបង្ហាញយ៉ាងខ្លីអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដែលប្រជាជនកម្ពុជាឆ្លងកាត់រាល់ទុក្ខវេទនា ការបែកបាក់គ្រួសារ និងការបាត់បង់ជីវិត។ លោក ស៊ាង ចិន្ដា បានបង្កើតកិច្ចពិភាក្សាទៅលើប្រធានបទ «សុខភាពទ្រុឌទ្រោមរបស់ប្រជាជនក្នុងរបបខ្មែរក្រហម» ដោយផ្ដោតទៅលើផែនការ៤ឆ្នាំរបស់ខ្មែរក្រហមដែលចាប់ផ្ដើមពីឆ្នាំ១៩៧៧ ដល់ ឆ្នាំ១៩៨០។ ផែន ការ៤ឆ្នាំ ត្រូវបានដាក់ចេញជាផែនការសំខាន់ដែលផ្ដោតទៅលើវិស័យកសិកម្ម ដូចជា ការបង្កើនទិន្នផលស្រូវ និងការកសាងទំនប់ជាដើម។
បន្ទាប់ពីបទបង្ហាញ និងការពិភាក្សាបានបញ្ចប់ សិស្សានុសិស្សបានជួប និងស្ដាប់ការចែករំលែកបទពិសោធន៍ផ្ទាល់ របស់អ្នករស់មានជីវិតពីរបបខ្មែរក្រហមចំនួន២រូប ដូចខាងក្រោម ៖
ហែម វ័ន អាយុ៧៦ឆ្នាំ អតីតកងចល័តខ្មែរក្រហម រស់នៅក្នុងភូមិក្រូចសើច ឃុំកោះអណ្ដែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និយាយរៀបរាប់ប្រាប់សិស្សានុសិស្សចូលរួមអំពីសាវតា និងបទពិសោធន៍របស់ខ្លួនក្នុងរបបខ្មែរក្រហមដូចខាងក្រោម ៖
«ខ្ញុំកើតនៅភូមិស្កៀរក្ដី ឃុំព្នៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ ខ្ញុំមានបងប្អូនសរុបចំនួន៣នាក់ គឺប្រុស១នាក់ និង ស្រី២នាក់។ កាលនៅវ័យក្មេង ខ្ញុំបានចូលរៀននៅសាលាបឋមសិក្សាវត្តសំពៅផល និង ទៅរៀនបន្ដនៅវត្តមួយទៀតឈ្មោះសាលាបឋមសិក្សាជ្រៃក្រាំង ស្ថិតក្នុងស្រុកពារាំង ខេត្តព្រៃវែង។ ខ្ញុំឈប់រៀនត្រឹមថ្នាក់ទី១០ ចាស់ ដោយសារតែកម្រិតជីវភាពគ្រួសារក្រីក្រ និងកំព្រាឪពុក។ ខ្ញុំជួយម្ដាយខ្ញុំភ្ជួរស្រែ។
ក្រោយមកទៀត ខ្ញុំបួសជាព្រះសង្ឃបាន២ព្រះវស្សា គឺចាប់ពីឆ្នាំ១៩៦២ ដល់ឆ្នាំ១៩៦៤។ បន្ទាប់ពីលាចាកសិក្ខាបទ ខ្ញុំរៀបការប្រពន្ធ និងមករស់នៅខាងគ្រួសារប្រពន្ធនៅស្រុកស្រីសន្ធរ នៅឆ្នាំ១៩៦៩។ ខ្ញុំបានដឹងថាមានរដ្ឋប្រហារទម្លាក់សម្ដេច សីហនុ ពីសេនាប្រមុខ លន់ នល់ នៅឆ្នាំ១៩៧០។ នៅចុងឆ្នាំ១៩៧០ អ្នកភូមិចាប់ផ្ដើមរត់ចូលព្រៃម៉ាគីដើម្បីប្រឆាំងនឹងរបបលន់ នល់។ ខ្ញុំមិនបានរត់ទៅជាមួយអ្នកភូមិទាំងនោះទេ ពីព្រោះខ្ញុំមានប្រពន្ធ និងកូនស្រីម្នាក់។
ចន្លោះពីឆ្នាំ១៩៧១ និងឆ្នាំ១៩៧២ កងទ័ពរំដោះខ្មែរក្រហមបានបញ្ជូនកងទ័ពមកឈរជើង និងរំដោះភូមិសាស្រ្តជាច្រើននៅក្នុងស្រុកស្រីសន្ធរ គឺរួមទាំងមូលដ្ឋានដែលខ្ញុំរស់នៅដែរ។ ទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម ប្រយុទ្ធគ្នានៅសមរភូមិជាច្រើនទាំងផ្លូវគោក និងផ្លូវទឹក ខណៈពេលខ្លះទាហាន លន់ នល់ បើកការវាយប្រហារពីអាកាស ដោយការបាញ់រះ ឬការទម្លាក់គ្រាប់បែកពីយន្តហោះ។ ខ្ញុំធ្លាប់ឃើញយន្តហោះទាហាន លន់ នល់ ដូចជា អាស្លាបកាត់ អាម៉ិច និងអាទ្រុងជ្រូក។ រាល់ពេលដែលមានការទម្លាក់គ្រាប់បែកម្ដងៗ ខ្ញុំនាំប្រពន្ធកូនរត់ចូលក្នុងរណ្ដៅត្រង់សេ។ សង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម ផ្ទុះតែខ្លាំងឡើង ដែលភាគច្រើនកើតឡើងនៅតាមដងទន្លេមេគង្គ និងការបន្តទម្លាក់គ្រាប់បែកពីអាកាស។ កងទ័ពរំដោះខ្មែរក្រហម អាចត្រឹមបណ្ដែតដើមគរ ឬដើមចេកបង្កៃគ្រាប់បែកពាសពេញទន្លេ នៅពេលដែលមានក្បួនធ្វើដំណើររបស់នាវាទាហានម៉ារីន លន់ នល់។
បន្ទាប់ពីកងទ័ពរំដោះខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ និងជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុង ខ្ញុំឃើញមានប្រជាជន ១៧ មេសា បានមកដល់ភូមិនេះដែរ។ ក្រោយមកទៀត ប្រជាជន ១៧ មេសា ត្រូវបានជម្លៀសបន្តទៀត។ នៅឆ្នាំ១៩៧៦ សហករណ៍ត្រូវបានបង្កើត។ ខ្ញុំត្រូវបានចាត់តាំងធ្វើជាប្រធានកងរោងបាយរួម ចំណែកឯប្រពន្ធខ្ញុំទៅធ្វើការនៅកងចល័តវ័យកណ្ដាល។ រោងបាយរួមរបស់ខ្ញុំទទួលត្រីកងនេសាទ និងស្រូវអង្ករពីឃ្លាំងសហករណ៍ ដើម្បីដាំបបរ និងធ្វើម្ហូបសម្រាប់មនុស្ស១០០នាក់។ ខ្ញុំមើលការខុសត្រូវនៅរោងបាយ ចំណែកឯអនុប្រធានចាត់ចែងរបបអាហារនៅតាមការដ្ឋាន។ នៅឆ្នាំ១៩៧៧ និងឆ្នាំ១៩៧៨ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីមកគ្រប់គ្រង និងចាប់ផ្ដើមចាប់មនុស្សយកទៅសម្លាប់។ ខ្មែរក្រហមមកពីភូមិភាគនិរតីចាប់ចង និងបណ្ដើរមនុស្សយកទៅសម្លាប់ចោលនៅវត្តជ្រៃ។ ខ្ញុំឃើញបុគ្គលិកពេទ្យជាច្រើនត្រូវបានចាប់បណ្ដើរយកទៅសម្លាប់នៅវត្តជ្រៃផងដែរ។ នៅខែវស្សាក្នុងឆ្នាំ១៩៧៨ ក្នុងកងរោងបាយរួមក៏មានការស្រាវជ្រាវអ្នកមកពីខាងមេមត់ផងដែរ ប៉ុន្តែខ្ញុំបានលាក់អត្តសញ្ញាណពួកគេ និងមិនមាននរណាម្នាក់នៅក្នុងកងខ្ញុំត្រូវបានចាប់យកទៅសម្លាប់នោះទេ។ ខ្ញុំបានជួយមិត្តឈ្មោះ នេន, មិត្ត វុធថា និងសុខ។ នៅឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិ ចូលមករំដោះប្រជាជនចេញពីការកាប់សម្លាប់ពីសំណាក់ខ្មែរក្រហម។ ខ្ញុំនិងគ្រួសាររួចផុតពីសេចក្ដីស្លាប់នៅពេលនោះ និងបន្តរស់នៅក្នុងភូមិនេះរហូតមកដល់បច្ចុប្បន្ន»។
កេត សុខឃី មានអាយុ៦៥ឆ្នាំ រស់នៅភូមិត្នោតលើ ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានរំឭកអំពីបទពិសោធន៍របស់ខ្លួនក្នុងរបបខ្មែរក្រហមជាលើកដំបូងទៅកាន់សិស្សានុសិស្សខាងក្រោម៖
«កាលនៅពីកុមារភាព ខ្ញុំរៀនសូត្របានត្រឹមថ្នាក់ទី២។ ពីឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧៥ ខ្ញុំរស់នៅភូមិត្នោតលើ ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេក្តកំពង់ចាមដោយមិនបានរត់គេចខ្លួនទៅកន្លែងណាទេ ខណៈដែលតំបន់នេះទទួលរងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង។ នៅពេលនោះ ខ្ញុំក៏ឃើញយន្តហោះមកពីទិសខាងលិចទម្លាក់គ្រាប់បែក។ នៅឆ្នាំ១៩៧៦ សហករណ៍ត្រូវបានបង្កើតឡើង ដែលជាការចាប់ផ្ដើមរបស់ប្រជាជនត្រូវតែហូបបាយរួម។
គិតត្រឹមឆ្នាំ១៩៧៦ ខ្ញុំមានអាយុ១៧ឆ្នាំ ត្រូវចូលធ្វើការក្នុងកងចល័ត។ នៅក្នុងកងចល័តខ្មែរក្រហម មានគ្នាប្រហែល៣០០នាក់ដែលត្រូវធ្វើការងារជីកដី រែកដីនៅស្រុកស្វាយទាប ខេត្តស្វាយរៀង អស់រយៈពេល៣ខែ។ ក្នុងអំឡុងពេលលើកទំនប់ ខ្ញុំមុតជើងហើយធ្វើការងារមិនកើត ទើបខ្មែរក្រហមបញ្ជូនខ្ញុំមកស្រុកកំណើតវិញ។ បន្ទាប់ពីខ្ញុំព្យាលបាលជើងជាសះស្បើយ ខ្មែរក្រហមចាត់តាំងខ្ញុំទៅសែងទ័ពដែលរងរបួសយកមកព្យាបាល។ អ្នករងរបួសទាំងអស់នោះត្រូវបានសែងមកពីស្រុកកងមាស និងកោះដាច់។ អ្នករងរបួសត្រូវបានយកមកទុកនៅមាត់ទន្លេមេគង្គ។ ក្រោយមកទៀត ខ្មែរក្រហមបានបញ្ជូនខ្ញុំឲ្យទៅធ្វើជាចុងភៅ នៅឃុំស្យា ស្រុកស្រីសន្ធរ ប៉ុន្តែខ្មែរក្រហមមិនឲ្យខ្ញុំដាំស្លរអ្វីទេ បែរជាឲ្យខ្ញុំទៅលាងពាងចំនួន៣៥ពាងសម្រាប់ដាក់បបរ។ ក្រោយមកទៀត ខ្មែរក្រហមបានឲ្យខ្ញុំមកធ្វើជាអ្នកចែកថ្នាំពេទ្យឲ្យអ្នកជំងឺ។ ថ្នាំព្យាបាលនៅពេលនោះ គឺថ្នាំបេអង និងថ្នាំអាចម៍ទន្សាយ។ ខ្ញុំរៀបការនៅសម័យខ្មែរក្រហម កាលនោះអ្នករៀបការមានចំនួន៦០គូរ។ បន្ទាប់ពីរៀបការរួចរាល់ ខ្ញុំទទួលបានសម្លៀកបំពាក់ ខោអាវខ្មៅម្នាក់មួយកំផ្លេរ។ ខ្ញុំរៀបការបានតែ២០ថ្ងៃប៉ុណ្ណោះ ប្រទេសកម្ពុជាត្រូវបានរំដោះពីខ្មែរក្រហម។ ក្រោយមក ខ្ញុំវិលត្រឡប់មករស់នៅភូមិត្នោតលើ ឃុំឬស្សីស្រុកវិញ។ ខ្ញុំ និងគ្រួសារ ប្រករបរដាំដំណាំ និងស៊ីឈ្នួញដាំដំណាំឲ្យគេរហូតដល់សព្វថ្ងៃ» ។
បន្ទាប់ពីស្ដាប់រឿងរ៉ាវរបស់អ្នករស់រានមានជីវិតរបបខ្មែរក្រហមទាំង២រូបខាងលើ សិស្សានុសិស្សត្រូវបានបែងចែកជាក្រុមពិភាក្សា ដែលក្រុមនីមួយៗទទួលបានប្រធានបទពិភាក្សារៀងៗខ្លួន និងមានរយៈពេល៣០នាទីដើម្បីពិភាក្សា។ បន្ទាប់មក សិស្សានុសិស្សទាំងអស់ត្រូវទៅទស្សនកិច្ចទីតាំងទំនប់ខ្មែរក្រហម គឺទំនប់តាកុដ ស្ថិតនៅឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាមដើម្បីពិនិត្យមើលទិដ្ឋភាពទំនប់ផ្ទាល់។
អត្ថបទ៖ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម
រូបថត ៖ លី ដេវីត/មជ្ឈមណ្ឌលឯកសារកម្ពុជា