ពីថ្ងៃទី៩ និងទី១០ ខែមករា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានរៀបចំវគ្គបណ្តុះបណ្តាលដល់អ្នកស្ម័គ្រចិត្តកម្ពុជា ជំនាន់ទី៨ ចំនួន៥៣នាក់ អំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងទាក់ទងនឹងប្រវត្តិសាស្រ្តនៅមុនពេលចុះទៅអនុវត្តសកម្មភាពការងារ និងជួបសម្ភាសន៍ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅតាមមូលដ្ឋាននៃស្រុកព្រៃកប្បាស, ស្រុកបាទី, ស្រុកកោះអណ្ដែត, ស្រុកបូរីជលសារ, ស្រុកត្រាំកក់, ស្រុកទ្រាំង និងក្រុងដូនកែវ នៃខេត្តតាកែវ។ នៅអំឡុងពេលវគ្គបណ្តុះបណ្តាល អ្នកស្ម័គ្រចិត្តទាំងអស់ទទួលបានសំណុំឯកសារម្នាក់មួយកញ្ចប់ ដែលនៅក្នុងកញ្ចប់នោះមាន ៖ កម្រងសំណួរសម្រាប់សម្ភាសន៍ចំនួន១ច្បាប់, ទស្សនាវដ្តីស្វែងរកការពិតចំនួន១ច្បាប់, មេរៀនស្តីអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខ្មែរក្រហមសង្ខេបចំនួន១ច្បាប់, តារាងលទ្ធផលការងារប្រចាំសប្តាហ៍ចំនួន១៥ច្បាប់, អាវយឺតចំនួន១ និងមួកចំនួន១។
ជាកិច្ចចាប់ផ្ដើមនៃវគ្គបណ្តុះបណ្ដាលនៅពេលព្រឹក លោក ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានផ្ដល់ឱកាសឲ្យអ្នកស្ម័គ្រចិត្តចូលរួមការពិភាក្សា និងឡើងធ្វើបទបង្ហាញអំពី មាតិកាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដោយសង្ខេបដោយផ្តោតសំខាន់លើព្រឹត្តិការណ៍ផ្លាស់ទីលំនៅរបស់ប្រជាជនកម្ពុជាដោយបង្ខំ, ការលុបបំបាត់រូបិយប័ណ្ណ សាសនា ទីផ្សារ និងការអប់រំ, ការបង្កើតសហករណ៍និងការដ្ឋានការងារ, ការកម្ចាត់សត្រូវវណ្ណៈ, ការបណ្តេញជនជាតិវៀតណាម និងការបញ្ជូនកងទ័ពទៅតាមព្រំដែន ជាពិសេសព្រំដែនកម្ពុជា-វៀតណាម។ បន្ទាប់មក លោក ផេង ពង្សរ៉ាស៊ី បង្ហាញពីវិធីសាស្ត្រក្នុងការចុះទៅជួបអាជ្ញាធរមូលដ្ឋាន និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលជាគោលដៅក្នុងការធ្វើបទសម្ភាសន៍។
នៅពេលរសៀល គឺជាការបង្ហាញអំពីវិធីសាស្ត្រក្នុងការប្រមូលឯកសារ និងការបញ្ជូនឯកសារដែលជាលទ្ធផលការងាររបស់អ្នកស្ម័គ្រចិត្តម្នាក់ៗ ដែលបានសម្ភាសន៍ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ព្រមទាំងការអនុវត្តជាក់ស្តែងពីវិធីប្រើប្រាស់បច្ចេកវិទ្យាសម្រាប់បញ្ជូនឯកសារពីចម្ងាយចូលទៅក្នុង «សំណុំឯកសារ» របស់មជ្ឈមណ្ឌលឯកសារខេត្តតាកែវ។ ចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាលនេះ អ្នកស្ម័គ្រចិត្តទាំងអស់បានបង្ហាញពីការទទួលបានចំណេះដឹងទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហម, វិធីសាស្ត្រទំនាក់ទំនង, វិធីសាស្ត្រអនុវត្តសកម្មភាពការងារ, វិធីសាស្ត្រសម្ភាសន៍, ការប្រើប្រាស់កម្រងសំណួរនិងសំណួរស្រាវជ្រាវ ព្រមទាំងវិធីសាស្ត្របញ្ជូនឯកសារ ដោយមិនចាំបាច់យកឯកសារដែលជាលទ្ធផលការងាររបស់ខ្លួន ដូចជា កិច្ចសម្ភាសន៍ជាសំឡេង, រូបថត, និងសេចក្តីសង្ខេប មកកាន់ការិយាល័យ មជ្ឈមណ្ឌលឯកសារខេត្តតាកែវដោយផ្ទាល់ឡើយ។
ដើម្បីធ្វើកិច្ចការនេះបានជោគជ័យ ដំបូងបង្អស់ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានបង្កើតតំណភ្ជាប់ «សំណុំឯកសារ (folder)» សម្រាប់អ្នកស្ម័គ្រចិត្តម្នាក់ៗ រួចផ្ញើ «សំណុំឯកសារ» នោះតាមប្រព័ន្ធតេឡេក្រាម ទៅកាន់អ្នកស្ម័គ្រចិត្តជាបុគ្គល ដើម្បីរក្សាទុកជា «សំណុំឯកសារ» ផ្ទាល់ខ្លួន។ បន្ទាប់មក អ្នកស្ម័គ្រចិត្តត្រូវបានបង្រៀនអំពីវិធីក្នុងការប្រើប្រាស់ «សំណុំឯកសារ» នោះ។ អ្នកស្ម័គ្រចិត្តក៏ត្រូវបានបង្រៀនផងដែរ អំពីវិធីបញ្ជូនឯកសារតាមប្រព័ន្ធអ៊ីនធើណែត តាមរយៈការប្រើប្រាស់កម្មវិធីក្នុងទូរសព្ទដៃមួយចំនួនដូចជា កម្មវិធី Camscanner, Google Drive, និង Onedrive។ អ្នកស្ម័គ្រចិត្តទាំងអស់ បានប្រាប់ថាខ្លួនមានមូលដ្ឋានគ្រឹះក្នុងការចុះទៅអនុវត្តការងារ និងមានភាពជឿជាក់លើសមត្ថភាពរបស់ខ្លួន។
អ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៨របស់មជ្ឈមណ្ឌលឯកសារខេត្តតាកែវ ភាគច្រើនជាក្រុមនិស្សិតដែលកំពុងសិក្សានៅវិទ្យាល័យ កំពុងបន្តការសិក្សាថ្នាក់សាកលវិទ្យាល័យ និងបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យនានា ហើយសមត្ថភាពរបស់អ្នកទាំងនោះត្រូវបានមើលឃើញថាគ្រប់គ្រាន់ ក្នុងការចុះទៅធ្វើការងារជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានល្អប្រសើរ។ ម្យ៉ាងទៀត អ្នកស្ម័គ្រចិត្តទាំងនោះក៏មានចំណេះដឹងច្រើនទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យា និងកម្មវិធីទូរសព្ទ។
ខាងក្រោមគឺជាចំណាប់អារម្មណ៍របស់អ្នកស្ម័គ្រចិត្តជំនាន់ទី៨ នៅខេត្តតាកែវ បន្ទាប់ពីបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល ៖
ខ្ញុំឈ្មោះ យូ សុភា ភេទប្រុស អាយុ២៧ឆ្នាំ សព្វថ្ងៃខ្ញុំរស់នៅភូមិសម្ដេចពាន់ ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ខ្ញុំសប្បាយចិត្តដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្ត ព្រោះបានដឹងពីកិច្ចការថ្មីៗ និងដឹងពីរបបខ្មែរក្រហមបានច្រើនជាងមុន បន្ទាប់ពីបានស្ដាប់គ្រូឧទ្ទេសធ្វើបទបង្ហាញ។
នាងខ្ញុំឈ្មោះ ជឹម ស្រីនិច គឺជាអ្នកស្ម័គ្រចិត្តជំនាន់ទី៧ ដែលបានបន្តធ្វើអ្នកស្ម័គ្រចិត្តជំនាន់ទី៨ទៀត។ ខ្ញុំមានអាយុ២២ឆ្នាំ និងកំពុងសិក្សាជំនាញ អក្សរសាស្រ្តខ្មែរ-ប្រវត្តិ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សព្វថ្ងៃខ្ញុំរស់នៅភូមិស្នោរ ឃុំស្នោរ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បន្ទាប់ពីខ្ញុំបានចូលរួមវគ្គបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្តជំនាន់ទី៨ នៅមជ្ឈមណ្ឌលឯកសារខេត្តតាកែវរយៈពេលមួយថ្ងៃនេះ ខ្ញុំបានដឹងអំពីប្រវត្តិសាស្រ្តច្រើនបន្ទាប់ពីគ្រូឧទ្ទេសបានបង្ហាញពីឯកសារ និងរៀបរាប់អំពីប្រវត្តិសាស្រ្តខ្មែរក្រហម។ ខ្ញុំគឺជាក្មេងជំនាន់ក្រោយបានដឹងអំពីរឿងរ៉ាវក្នុងរបបខ្មែរក្រហម ទោះបីជាខ្ញុំមិនបានឆ្លងកាត់ក្នុងរបបនោះក៏ដោយ។ បន្ថែមលើនេះ ខ្ញុំទទួលបានចំណេះដឹងថ្មីៗដើម្បីធ្វើជាមូលដ្ឋានក្នុងការចុះទៅសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងភូមិ និងយល់ដឹងពីការរៀបឥរិយាបថនៅពេលចុះទៅសម្ភាសន៍។ ខ្ញុំសប្បាយរីករាយដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្តជំនាន់ទី៨។ ខ្ញុំបានទទួលបានទាំងចំណេះដឹង និងបទពិសោធន៍ការងារបន្ថែមទៀត។ នាងខ្ញុំចង់ឲ្យមានវគ្គបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្តលើកក្រោយទៀត ព្រោះពេលយើងចុះធ្វើការតាមមូលដ្ឋាន គឺទាមទារនូវបទពិសោធន៍ក្នុងការអនុវត្តការងារ។ ជាចុងក្រោយ ការចូលរួមវគ្គបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្តពេញមួយថ្ងៃនេះ គឺទី១) ទទួលចំណេះដឹងប្រវត្តិសាស្រ្ត, ទី២) ឥរិយាបថក្នុងការធ្វើការងារ និងទី៣) ទាក់នឹងកម្រងសំណួរពាក់ព័ន្ធជាមួយនឹងការងារ។
នាងខ្ញុំឈ្មោះ សាន វណ្ណេត អាយុ១៩ឆ្នាំ គឺជានិស្សិតឆ្នាំទី២ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ឯកទេសគណិតវិទ្យា។ សព្វថ្ងៃខ្ញុំរស់នៅភូមិស្នោរ ឃុំស្នោរ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ខ្ញុំមានអារម្មណ៍រំភើប និងសប្បាយរីករាយ ព្រោះខ្ញុំមិនធ្លាប់បានចូលរួមប្រជុំឬក៏ចូលរួមវគ្គសិក្សាណាមួយដូចថ្ងៃនេះឡើយ។ បន្ថែមលើនេះ ខ្ញុំបានទទួលបានចំណេះដឹងប្រវត្តិសាស្រ្តប្រទេសរបស់ខ្លួន ដឹងពីទុក្ខលំបាករបស់អ៊ំពូមីងដែលបានឆ្លងកាត់របបខ្មែរក្រហម។ ការងារស្ម័គ្រចិត្តពិតជាមានសារសំខាន់ដែលធ្វើឲ្យខ្ញុំទទួលបាននូវបទពិសោធន៍ថ្មីៗ និងចំណេះដឹងក្នុងការទំនាក់ទំនង ចំណែកអ្នកភូមិទទួលបានអត្ថប្រយោជន៍ដូចគ្នា គឺគាត់ទទួលបានការពិនិត្យសុខភាព។
នាងខ្ញុំឈ្មោះ ហ៊ុន ឃីនលី អាយុ២២ឆ្នាំ គឺជានិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិទង្កែ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ក្នុងការចូលរួមវគ្គបណ្ដុះបណ្ដាលក្នុងថ្ងៃនេះ នាងខ្ញុំទទួលបានកម្រងសំណួរទាំង១៩ ដើម្បីត្រៀមខ្លួនចុះទៅសម្ភាសន៍តា យាយ អ៊ំ ពូ មីង ដែលរស់នៅភូមិឃុំរបស់ខ្ញុំ។ ម្យ៉ាងទៀត វគ្គបណ្តុះបណ្តាលនេះធ្វើឲ្យខ្ញុំទទួលបានចំណេះដឹងទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យា។ លោកគ្រូឧទ្ទេស ក៏បានបង្ហាញអំពីអំពើប្រល័យពូជសាសន៍ដែលប្រជាជនកម្ពុជាធ្លាប់បានឆ្លងកាត់ ទើបធ្វើឲ្យខ្ញុំបានយល់ដឹងបន្ថែមអំពីរបបខ្មែរក្រហម។ វគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារសំខាន់សម្រាប់ខ្ញុំ ព្រោះខ្ញុំបានដឹងកាន់តែច្បាស់អំពីរបបប្រល័យពូជសាសន៍ អំពើឃោឃៅ ដែលធ្វើឲ្យអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមានការឈឺចាប់។ ខ្ញុំសប្បាយរីករាយដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ និងចង់ឲ្យមានវគ្គបណ្តុះបណ្តាលនេះបន្តទៅថ្ងៃក្រោយទៀត ព្រោះធ្វើក្មេងៗជំនាន់ក្រោយចងចាំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងទប់ស្កាត់កុំឲ្យរបបប្រល័យពូជសាសន៍កើតឡើងម្ដងទៀត។
ខ្ញុំឈ្មោះ គិន មករា អាយុ១៧ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យ សុខ អាន ដូងខ្ពស់។ បន្ទាប់ពីខ្ញុំបានចូលវគ្គបណ្ដុះបណ្ដាលជំនាន់ទី៨ នៅមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ រយៈពេលមួយថ្ងៃនេះ ខ្ញុំទទួលបានចំណេះដឹងពីរបបខ្មែរក្រហម ការចុះទៅសម្ភាសន៍ និងឥរិយាថនៃការចុះសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលរស់នៅក្នុងភូមិឃុំរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍រំភើប និងសប្បាយចិត្តដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្ត ព្រោះខ្ញុំទទួលបានមេរៀនថ្មីៗជាច្រើនក្នុងថ្ងៃនេះ។ ការចូលរួមវគ្គបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្តពេញមួយថ្ងៃនេះ ធ្វើឲ្យខ្ញុំទទួលបានបទពិសោធន៍ថ្មីៗ។ លើសពីនេះ វគ្គបណ្តាលក៏មានសារសំខាន់សម្រាប់ក្មេងជំនាន់ក្រោយ ព្រោះបានជួបសម្ភាសន៍ផ្ទាល់ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។
ខ្ញុំឈ្មោះ ញ៉ុត សុខហេង អាយុ១៨ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យ សុខ អាន ដូងខ្ពស់។ ខ្ញុំទទួលបានបទពិសោធន៍ថ្មី, ទទួលចំណេះដឹងបន្ថែមទៀតពីប្រវត្តិសាស្រ្តខ្មែរក្រហម និងដឹងពីរបៀបនៃការចុះសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ខ្ញុំសប្បាយចិត្តដែលបានសិក្សាពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ឬរបបខ្មែរក្រហម។ វគ្គបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្តក្នុងថ្ងៃនេះមានសារសំខាន់ ព្រោះធ្វើឲ្យក្មេងជំនាន់ក្រោយបានយល់ដឹងពីរបបខ្មែរក្រហមកាន់តែច្បាស់, ដឹងពីវិធីសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងទទួលបានប្រាក់ឧបត្ថម្ភខ្លះៗសម្រាប់ការសិក្សារៀនសូត្រ។
អត្ថបទ ៖ ផេង ពង្សរ៉ាស៊ី និង ង៉ាន់ វីន ក្រុមការងារមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា