ខ្ញុំឈ្មោះ ស៊ឹន សាលីន អាយុ៥៧ឆ្នាំ កើតនៅភូមិតាម៉ៅកើត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នខ្ញុំរស់នៅភូមិឃុំដដែល។ ខ្ញុំមានឪពុកឈ្មោះ សែ ស៊ឹន ត្រូវបានខ្មែរក្រហមសម្លាប់ និងម្តាយឈ្មោះ សួង ឆេង។ ខ្ញុំមានបងប្អូនចំនួន៨នាក់ស្លាប់៣នាក់ បច្ចុប្បន្ន នៅរស់ចំនួន៥នាក់ ក្នុងនោះមានស្រីចំនួន៣នាក់។ ខ្ញុំមានប្តី និងមានកូនចំនួន៥នាក់។
កាលពីកុមារខ្ញុំបានចូលរៀនជាមួយក្មេងៗនៅរោងវែងមួយ ស្ថិតនៅចំកណ្តាលភូមិជិតកន្លែងសហករណ៍ ព្រោះភូមិខ្ញុំមិនមានសាលារៀនទេ។ ក្នុងមួយថ្ងៃខ្ញុំរៀនមួយម៉ោង ហើយមិនបានរៀនអ្វីច្រើនទេ គឺរៀនតែអក្សរ៥តួប៉ុណ្ណោះ ចំណែកគ្រូបង្រៀនមកពីកន្លែងផ្សេងៗ។ ពេលម៉ោង១០ព្រឹក ខ្មែរក្រហមវាយជួងឲ្យក្រុមខ្ញុំ និងក្មេងៗដទៃទៀតហូបអាហារ រួចហើយត្រៀមចេញទៅឃ្វាលគោ។ នៅឆ្នាំ១៩៧៤ ប្រជាជននាំគ្នាធ្វើស្រែចម្ការប្រវាស់ដៃ និងបានផលចែកតាមសមាជិកគ្រួសារ។ ពេលនោះ យើងហូបបាយតាមផ្ទះរៀងខ្លួន រីឯរបស់របរមិនទាន់ប្រមូលដាក់រួមទេ។
នៅចុងឆ្នាំ១៩៧៤ ទើបប្រធានសហករណ៍ប្រកាសប្រាប់ប្រជាជននៅក្នុងភូមិប្រមូលរបស់របរតាមគ្រួសារនីមួយៗមកដាក់នៅកន្លែងសហករណ៍។ មានថ្ងៃខ្លះខ្ញុំបានហូបបាយ និងថ្ងៃខ្លះទៀតខ្ញុំហូបបបរ។ ខ្ញុំបានឮប្រធានសេដ្ឋកិច្ចក្នុងសហករណ៍និយាយថា ប្រជាជនរស់នៅក្នុងភូមិគឺឲ្យហូបបរ ព្រោះទុកស្រូវអង្ករសម្រាប់នាំចេញទៅក្រៅ។
នៅខែឧសភា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជនពីទីក្រុងភ្នំពេញឲ្យមករស់នៅភូមិតាម៉ៅកើត ក្នុងឃុំជាំតាម៉ៅ និងមួយចំនួនទៀតទៅរស់នៅភូមិផ្សេងៗក្នុងឃុំជាំតាម៉ៅដដែល។ ពេលនោះខ្ញុំនៅជាកុមារ ដូច្នេះពេលព្រឹកខ្ញុំត្រូវក្រោកឡើងទៅរើសអាចម៍គោ អាចម៍ក្របី សម្រាប់ធ្វើជីដាក់ស្រូវ ចំណែកថ្ងែរសៀលខ្ញុំ និងកុមារប្រមាណ១០នាក់ទៀតចេញទៅឃ្វាលគោ និងក្របី ទាល់ល្ងាចបាននាំគ្នាដេញក្របីត្រឡប់មកភូមិវិញ។ ចាប់តាំងពីពេលខ្មែរក្រហមជម្លៀសអ្នកភ្នំពេញមកនៅក្នុងភូមិ ខ្ញុំលែងបានរៀនសូត្រ ហើយគ្រូធ្លាប់បង្រៀនខ្ញុំកន្លងមកត្រូវបានខ្មែរក្រហមផ្លាស់ទៅកន្លែងផ្សេង។ ខ្ញុំធ្លាប់បានឃើញប្រជាជនមកពីភ្នំពេញ មានសម្បុរសជ្រះ ខុសពីប្រជាជននៅមូលដ្ឋាន។ ដំបូងខ្មែរក្រហមបានបែងចែកប្រជាជនជម្លៀសទាំងនោះនៅតាមផ្ទះ ហើយផ្ទះខ្ញុំមានអ្នកភ្នំពេញពីរគ្រួសារ។ អ្នកភ្នំពេញទាំងនោះស្លូតបូត ហើយមិនសូវចេះធ្វើស្រែដូចប្រជាជននៅក្នុងភូមិទេ។ ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជនជម្លៀសទាំងនោះចេះធ្វើការងារកាន់តែស្ទាត់ជំនាញ។ ក្នុងកងចល័តពេលនោះគឺមានប្រជាជនច្រើននាក់ត្រូវលើកប្រព័ន្ធភ្លឺស្រែនៅខាងលើភូមិតាម៉ៅ ហើយទំហំភ្លឺស្រែគឺធំជាងភ្លឺស្រែបច្ចុប្បន្ននេះបីដង។ ចំណែកកន្លែងដេក គឺមនុស្សប្រុស និងមនុស្សស្រីដេកនៅកន្លែងខុសគ្នា លើកលែងតែពេលទៅធ្វើការងារគឺកន្លែងជាមួយគ្នា។ នៅភូមិតាម៉ៅកើត ឃុំជាំតាម៉ៅ ខ្មែរក្រហមបានបែងចែកកម្លាំងជាបីប្រភេទ គឺ ១) កងកុមារ ២) កងចល័ត និង ៣) កងមនុស្សចាស់ ចំណែកខ្ញុំនៅក្នុងកងកុមារ។ ចំពោះកងចល័តមានមនុស្សចាប់ពី២០នាក់ទៅ៣០នាក់ លើកប្រព័ន្ធភ្លឺស្រែចាប់ពីម៉ោងព្រឹក៧ ដល់ ម៉ោង១១ ទើបឡើងហូបបាយនៅរោងសហករណ៍ភូមិតាម៉ៅកើតទាំងអស់គ្នា។ ពេលរសៀល ខ្ញុំធ្វើការចាប់ពីម៉ោង១ដល់ម៉ោង៥ល្ងាចទើបឈប់សម្រាក និងត្រឡប់មកសហករណ៍វិញ។ ចំពោះការហូបចុកក្នុងសហករណ៍មានពីរពេល គឺពេលថ្ងៃ និងពេលល្ងាច។
នៅពាក់កណ្តាលឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានចូលមកដល់ក្នុងភូមិ ហើយចាប់ប្រជាជនទាំងអស់ដែលធ្លាប់ធ្វើការងារក្នុងរបប លន់ នល់ រួមជាមួយគ្រូបង្រៀន គ្រូពេទ្យ អ្នកធ្វើការងារក្នុងឃុំជាំតាម៉ៅ និងមន្ត្រីមួយចំនួនដែលខ្មែរក្រហមចាត់ទុកជាសត្រូវ។ អំឡុងេពេលខ្មែរក្រហមចូលមកក្នុងភូមិ ខ្ញុំបានចេញពីផ្ទះទៅឃ្វាលគោនៅវាលស្រែ ហើយពេលត្រឡប់មកផ្ទះវិញ ម្តាយខ្ញុំបាននិយាយប្រាប់ខ្ញុំថា ឪពុកកូនត្រូវបានកងទ័ពខ្មែរក្រហមចាប់ចងស្លាបសេក យកទៅឃុំឃាំងនៅសាលាឃុំជាំតាម៉ៅ ព្រោះនៅឆ្នាំ១៩៧៥ ឪពុកខ្ញុំធ្វើជាប្រធានសហករណ៍ក្នុងភូមិតាម៉ៅកើត។ ប្រជាជននៅក្នុងភូមិតាម៉ៅកើតដែលត្រូវបានខ្មែរក្រហមចាប់ខ្លួន មានចំនួន៥នាក់ គឺឪពុករបស់ខ្ញុំឈ្មោះ សែ ស៊ឹន, តាកុក, តាឆ្លូញ, តាអំ និង ពូសឹង រីឯភូមិតាម៉ៅជើងមាន ពូហឹន ចំណែកនៅឃុំជាំតាម៉ៅ រួមមាន តាឡាយ និង តាភូមិ។ មានមនុស្សជាច្រើនទៀតក៏ត្រូវបានចាប់ខ្លួនឃុំឃាំង បន្ទាប់មកខ្មែរក្រហមយកឡានមកដឹកអ្នកទាំងនោះទៅស្រុកស្នួល ខេត្តក្រចេះ។ ក្រោយពីឪពុកខ្ញុំត្រូវខ្មែរក្រហមចាប់ទាំងគ្មានកំហុស បានរយៈពេល៣ខែ ខ្មែរក្រហមក៏បានជម្លៀសប្រជាជនដែលមកពីភ្នំពេញ និងប្រជាជនភូមិតាម៉ៅកើតចេញទាំងអស់ ដោយអ្នកខ្លះធ្វើដំណើរដោយរទេះ និងខ្លះទៀតធ្វើដំណើរថ្មើរជើង ហើយចំពោះគ្រួសារខ្ញុំជិះរទេះ។ ពេលគ្រួសារខ្ញុំទៅដល់ភូមិកូនក្រពើគឺជិតល្ងាចហើយ ដូចេ្នះប្រធានក្រុមមកពីតំបន់ផ្សេងបានប្រាប់ប្រជាជនទាំងអស់ឈប់សម្រាកសិន ចាំព្រឹកចាំបន្តដំណើរទៅមុខទៀត។ នៅភូមិកូនក្រពើ ឃុំជាំតាម៉ៅ យើងនាំគ្នាដេកតាមព្រៃ ដោយកាច់ស្លឹកឈើយកមកទ្រាប់ដេកមួយយប់ រង់ចាំរហូតដល់ព្រឹកឡើងទើបយើងចេញដំណើរទៅភូមិស្អាត ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ ខ្ញុំឈប់សម្រាកក្នុងផ្ទះប្រជាជននៅភូមិស្អាត ប៉ុន្តែផ្ទះដែលខ្ញុំនិងគ្រួសារស្នាក់មិនមានមនុស្សរស់នៅទេ ហើយខ្ញុំក៏មិនដឹងថាម្ចាស់ផ្ទះត្រូវខ្មែរក្រហមជម្លៀសចេញតាំងពីពេលណាដែរ។ បងស្រីរបស់ខ្ញុំម្នាក់ឈ្មោះ ស៊ឹន ញិប មិនបានមកជាមួយខ្ញុំទេ ព្រោះគាត់ធ្វើការក្នុងកងចល័តនៅកន្លែងផ្សេង។ ខ្ញុំចេញពីឃុំស្រែចារ ដោយជិះរទេះរយៈពេលបីថ្ងៃទើបទៅដល់ភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។ ខ្ញុំស្នាក់នៅភូមិកាត់ដៃបានចំនួន៥ថ្ងៃ ស្រាប់តែមានកងទ័ពធ្លាប់ស្នាក់នៅផ្ទះខ្ញុំពីមុនមក បានមកប្រាប់ម្តាយ និងគ្រួសារខ្ញុំថា ឪពុកខ្ញុំត្រូវបានខ្មែរក្រហមសម្លាប់នៅចម្ការក្រូច ចម្ងាយប្រមាណ២គីឡូម៉ែត្រពីភូមិកាត់ដៃ។ ពេលខ្ញុំនិងម្តាយបានឮដំណឹងនេះភ្លាម ម្តាយខ្ញុំគិតពីយំ និងអស់សង្ឃឹមយ៉ាងខ្លាំងព្រោះមិនមានអ្នកចិញ្ចឹមកូនតូចៗ។
នៅចុងឆ្នាំ១៩៧៦ ខ្មែរក្រហមជម្លៀសខ្ញុំ និងក្រុមគ្រួសារពីចេញភូមិកាត់ដៃឲ្យទៅនៅស្រែព្រីង ក្នុងស្រុកស្នួល ខេត្តក្រចេះ ចំណែកគោ និងរទេះត្រូវបានខ្មែរក្រហមយកទាំងអស់។ អំឡុងខែវស្សាមានភ្លៀងធ្លាក់រាល់ថ្ងៃ ដូច្នេះយើងត្រូវសង់ខ្ទមតូចមួយនៅក្នុងព្រៃផុតពីទឹក ព្រោះខែវស្សាកន្លែងក៏ណាក៏មានទឹកដែរ ហើយម្យ៉ាងទៀតខ្លាចសត្វពស់ ខ្យាដំរី ចឹកឬទិច។ ខ្ញុំត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើជីសម្រាប់ដាក់ដំណាំ និងស្រូវ ចំណែកម្តាយខ្ញុំពេលព្រឹកត្រូវចេញទៅដកស្មៅនៅវាលស្រែ។ ចំពោះការហូបចុកនៅស្រែព្រីងពិបាកខ្លាំងណាស់ ព្រោះមិនមានអង្ករសម្រាប់ដាំបាយហូប។ ខ្មែរក្រហមប្រាប់យើងថា អង្ករយើងនៅសល់មួយចំនួនតូចសម្រាប់ផ្គត់ផ្គង់កងកម្លាំងចេញទៅសមរភូមិមុខ ចំណែកសមមិត្តទាំងអស់គ្នាត្រូវដើររកក្តួច ដំឡូងមកលាយជាមួយបបរ។ ខ្ញុំត្រូវចេញទៅរកក្តួចយកមកហូបបន្ថែម ហើយដោយសារតែការស្រេកឃ្លានខ្លាំងពេក ទើបខ្ញុំយកក្តួចទៅចម្អិនហូបទាំងមិនទាន់សាបជាតិពុល។ បន្ទាប់ពីហូបក្តួចរួច ប្រហែលមួយម៉ោងក្រោយមកខ្ញុំមានអារម្មណ៍មិនស្រួលខ្លួន។ ខ្ញុំពុលក្តួច ដោយរកកល់ចង់ដេកបន្តិច និងឈឺក្បាលបន្តិច។ ចាប់តាំងពីពេលនោះមក ខ្ញុំស្អប់ក្តួច និងស្អប់បបរមកដល់សព្វថ្ងៃ។ ចំពោះបបរ ពេលខ្ញុំឈឺហើយពេទ្យតម្រូវឲ្យខ្ញុំហូបបបរក៏ខ្ញុំមិនហូបដែរ គឺខ្ញុំសុខចិត្តអត់ព្រោះខ្ញុំស្អប់បបរតាំងពីសម័យខ្មែរក្រហម។ នៅក្នុងមួយថ្ងៃ ខ្ញុំហូបអាហារពីរពេល គឺមានតែអង្ករបួនដប់គ្រាប់លាយជាមួយទឹករាវៗ ហើយនៅក្នុងម្នាក់ទទួលបានបបរកន្លះកូនការ។ ខ្ញុំឃើញតាផាន់ គឺជាអ្នកភូមិតាម៉ៅជាមួយខ្ញុំ បានចេញទៅលួចកាច់ពោតយកមកដុតហូប ព្រោះគាត់ឃ្លានខ្លាំងពេក ប៉ុន្តែមិនទាន់បានហូតពោតផង ស្រាប់តែខ្មែរក្រហមមកទាន់ក៏ចាប់គាត់យកទៅសម្លាប់ចោល។
ក្រោយមក ខ្មែរក្រហមជម្លៀសគ្រួសារខ្ញុំឲ្យទៅរស់នៅភ្នំព្រិចវិញ។ នៅទីនោះ ខ្មែរក្រហមបានចោទប្រកាន់ម្តាយខ្ញុំថា បង្កភាពចលាចលដោយបបួលគ្នារត់ទៅប្រទេសវៀតណាម។ ព្រឹកឡើងមានកម្មាភិបាលបីនាក់ចូលមកចាប់ម្តាយខ្ញុំ និងមនុស្សប្រុសចំនួន៥នាក់ទៀតចេញពីភ្នំព្រិចដើម្បីយកទៅសួរចម្លើយមួយថ្ងៃពេញ ទើបឲ្យត្រឡប់មកផ្ទះវិញ។
ចន្លោះពីឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ ខ្ញុំនិងគ្រួសារទៅរស់នៅភូមិកោះរងាវ ឃុំកំពង់ក្របី ស្រុកសំបូរ ខេត្តក្រចេះ ដោយនៅសងខាងកោះមានទឹកទន្លេព័ទ្ធជំវិញ។ ខ្ញុំរស់នៅទីនោះបានរយៈពេលមួយខែស្រាប់តែបានជួបបងស្រីខ្ញុំឈ្មោះ ស៊ឹន ញិប ធ្វើជាកងចល័តនៅកោះរងាវ ហើយក្រោយមក ខ្មែរក្រហមឲ្យឈប់ធ្វើកងចល័តមកដាំដំណាំបន្លែបង្ការវិញ។ នៅទីនោះ ខ្ញុំក៏ដាំបន្លែ ដូចជាត្រប់ សណ្តែក និង ពោត ដែរ។ ខ្ញុំនៅកោះរងាវបានយូរជាងកន្លែងផ្សេងៗ បន្ទាប់មកទើបខ្ញុំចេញទៅថ្មគ្រែរង់ចាំកប៉ាល់ដឹកទៅស្រុកស្ទឹងត្រង់។ ពេលមកដល់ស្រុកស្ទឹងត្រង់ មានឡានមកដឹកគ្រួសារខ្ញុំ និងគ្រួសារពីរទៀតបន្តទៅស្រុកចម្ការលើ។ ប្រហែលម៉ោង១២ថ្ងៃត្រង់ ទើបខ្ញុំទៅដល់ស្រុកចំការលើ ខេត្តកំពង់ចាម ដោយមានអ្នកភូមិមកទទួល និងឲ្យចេកហាលមកខ្ញុំនិងគ្រួសារហូបម្នាក់មួយឆ្អែត។ ប្រធានសហករណ៍នៅស្រុកចំាការលើបែងចែកប្រជាជនជាក្រុម ហើយក្រុមខ្ញុំគឺត្រូវបានចាត់តាំងឲ្យទៅជីកដំឡូង ចំណែកបងស្រីនិងម្តាយទៅច្រូតស្រូវ។ ខ្ញុំរស់នៅទីនោះរហូតដល់កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាចូលមកដល់ ហើយព្រឹកឡើងក៏ប្រកាសឲ្យប្រជាជនត្រឡប់ទៅស្រុកកំណើតរៀងខ្លួនវិញ។ ខ្ញុំដើរចេញពីស្រុកចំការលើទៅសម្រាកទីរួមខេត្តកំពង់ចាមមួយយប់។ នៅថ្ងៃបន្ទាប់ ក៏មានរថយន្តកងទ័ពវៀតណាមដឹកខ្ញុំ និងក្រុមគ្រួសារពីទីរួមខេត្តកំពង់ចាមទៅដាក់នៅសួង ហើយត្រូវខ្ញុំបន្តដំណើរដោយថ្មើរជើងរហូតដល់ផ្ទះ។
នៅក្នុងរបបខ្មែរក្រហម ខ្ញុំបានបាត់បង់បងប្រុសឈ្មោះ ស៊ឹន នី ធ្លាប់ធ្វើជាគ្រូពេទ្យនៅស្រុកមេមត់ បន្ទាប់ពីខ្មែរក្រហមចូលមកដល់គាត់ឈប់ពីគ្រូពេទ្យមកចូលធ្វើជាកងទ័ពវិញ ហើយចាប់តាំងពីពេលនោះមកបងប្រុសខ្ញុំបាត់ខ្លួនរហូតមកដល់សព្វថ្ងៃ។
អត្ថបទ ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា