ឮស្នូរបាញ់កាំភ្លើង

​អនុសេនីយ៍ឯក សំរិទ្ធ ព្រី អាយុ៥៨ឆ្នាំ គឺជាកងទ័ពជួរមុខកងពលតូចអន្តរាគមន៍លេខ៨​ នៃកងយោធពលខេមរភូមិន្ទ បានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយទាហានថៃ នៅតំបន់ភ្នំទ្រព្យ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។​ អនុសេនីយ៍ឯក សំរិទ្ធ ព្រី មានឪពុកឈ្មោះសំរិទ្ធ ម៉ន (ស្លាប់) និងម្ដាយឈ្មោះ  ងិន លួន អាយុ៨៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ងិន លួន ត្រូវជាម្តាយមានប្រសាសន៍ថា​ «កូនរបស់ខ្ញុំឈ្មោះ សំរិទ្ធ ព្រី ចូល​ធ្វើកងទ័ពតាំងពីអាយុ១៥ឆ្នាំមកម៉េ្លះ។ ពេល​ចូលធ្វើកងទ័ពដំបូងមានអ្នកស្រឡាញ់រាប់អានកូនរបស់ខ្ញុំច្រើនណាស់ រីឯកូនរបស់ខ្ញុំមិនដែលធ្វើអ្វីផ្តេសផ្តាស់ទេ ហើយជាមនុស្សស្មោះត្រង់បំផុត»។​

តុន គីមលាង ដែលត្រូវជាប្រពន្ធ អាយុ៣៧ឆ្នាំ (និងមានកូនស្រីចំនួន៣នាក់) បានរៀបរាប់ថា ប្តី របស់ខ្ញុំត្រឡប់មកលេងកូនបាន៤យប់ មុនពេលមានជម្លោះនៅតាមព្រំដែនថៃ-កម្ពុជា។ នៅពេលគាត់    ត្រឡប់ទៅវិញ គាត់សុំលុយពីខ្ញុំចំនួន២​ម៉ឺនរៀល ហើយនិយាយមកកាន់ខ្ញុំថា «ម៉ែអាហ៊ាងអើយខ្ញុំឡើងទៅភ្នំទ្រព្យវិញហើយ»។ គាត់ធ្លាប់ទូរសព្ទផ្តែរផ្តាំមកខ្ញុំថា នឹកកូនចៅ​ ហើយមើលថែកូនចៅផង។ បន្ទាប់មកប្តីខ្ញុំទូរសព្ទមកខ្ញុំម្តងទៀតថា​ «ម៉ែអាហ៊ាងអើយថ្ងៃនេះបាញ់គ្នាហើយ​​ ឮស្នូរបាញ់កាំភ្លើងហើយ»។ ចាប់តាំងពីពេលនោះមក​ តុន គីមលាង លែងបានទទួលដំណឹងពីប្តី​ទាល់តែសោះ។ គាត់បានទូរសព្ទទៅវិញ ប៉ុន្តែប្តី របស់គាត់មិនលើកទូរសព្ទ។ ក្រោយមកគាត់ទទួលដំណឹងថាប្តីរបស់គាត់បានស្លាប់ដោយសារគ្រាប់កំាភ្លើង និងគ្រាប់ផ្លោងរបស់កងទ័ពថៃបាញ់ ត្រូវចំជើង និងដៃ។

ព្រី ឡៃហ៊ាង ដែលត្រូវជាកូនស្រីច្បង បានរៀបរាប់ថា ប៉ាមិនដែលបាននៅមើលកូនៗ និងមិនដែលនៅជាមួយកូនៗ។ ពេលប៉ានៅរស់ ប៉ាធ្លាប់បានប្រាប់ថា នៅពេលចប់សង្រ្គាម ប៉ាត្រឡប់មកវិញហើយ។

សពអនុសេនីយ៍ឯក សំរិទ្ធ ព្រី ត្រូវបាននាំមកធ្វើបុណ្យនៅស្រុកកំណើត និងមានសាច់ញាតិ បងប្អូន មន្រ្តីរដ្ឋាភិបាល បានមកចូលរួមសម្តែងនូវសេចក្តីទុក្ខក្រៀមក្រំ និងសោកស្តាយក្រៃលែងចំពោះការបាត់បង់វីរកងទ័ព សំរិទ្ធ ព្រី។

អត្ថបទ ៖ យិន​ នាន បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្តាញសង្គម

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖