អ៊ុច ហាំ ៖ ប្រជាជនក្នុងភូមិរើសអើង ព្រោះខ្ញុំមានប្តីធ្វើជាទាហាន លន់ នល់

ខ្ញុំឈ្មោះ អ៊ុច ហាំ ភេទស្រី អាយុ៧២ឆ្នាំ សព្វថ្ងៃរស់នៅភូមិព្រៃអង្គុញ ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ ខ្ញុំមានឪពុកឈ្មោះ ហែម អ៊ុច និងម្ដាយឈ្មោះ លឹម ហម ព្រមទាំងមានបងប្អូនចំនួន៦នាក់ គឺស្រី៣នាក់ និងប្រុស៣នាក់។ ឪពុកម្តាយរបស់ខ្ញុំបានស្លាប់ចោលខ្ញុំតាំងពីខ្ញុំនៅក្មេង ហើយខ្ញុំត្រូវរស់នៅជាមួយបងស្រីរបស់ខ្ញុំម្នាក់ដោយប្រកបរបរធ្វើស្រែ។ នៅអាយុ១៥ឆ្នាំ ខ្ញុំបានចូលរៀនថ្នាក់អក្ខរកម្មនៅផ្ទះម្ដាយមីង រហូតចេះអានអក្សរបានបន្តិចបន្តួច។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ពេលមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ពីតំណែងប្រមុខរដ្ឋ រដ្ឋាភិបាលថ្មីចាប់ផ្ដើមជ្រើសរើស និងប្រមូលកម្លាំងយុវជននៅក្នុងភូមិរបស់ខ្ញុំដើម្បីហ្វឹកហាត់ក្បួនទ័ព។ អំឡុងពេលនោះខ្ញុំមាននាទីជាប្រធានខ គ្រប់គ្រងមនុស្ស២០នាក់។ ក្រុមរបស់ខ្ញុំបានហ្វឹកហាត់ក្បួនយុទ្ធសាស្រ្តយោធា ដូចជា ហាត់ចោលកាំបិត វាយដោយដៃ បោកចំបាប់ បាញ់ លូនក្រាប ហើយគ្រូបង្វឹកគឺជាជនជាតិវៀតណាម និងមានជនជាតិខ្មែរចាំបកប្រែ។

អ៊ុច ហាំ អាយុ៧២ឆ្នាំ សព្វថ្ងៃរស់នៅភូមិព្រៃអង្គុញ ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅឆ្នាំ១៩៧១ បងស្រីរបស់ខ្ញុំបានរៀបការឲ្យខ្ញុំជាមួយបងប្អូនសាច់ញាតិឆ្ងាយម្នាក់ឈ្មោះ ប៉ុល ម៉េន ធ្វើទាហាននៅខេត្តរតនគិរី។ ជិតដល់ថ្ងៃរៀបការ ឪពុកក្មេករបស់ខ្ញុំបានទៅតាមកូនប្រុសរបស់គាត់ឲ្យមករៀបការ ប៉ុន្តែ ម៉េន មិននៅបន្ទាយទេ ព្រោះត្រូវបានអង្គភាពបញ្ជូនទៅប្រទេសវៀតណាម។ ថ្ងៃរៀបការរបស់ខ្ញុំគឺមិនមានកូនកម្លោះទេ ដូច្នេះយើងបានកាត់កម្មវិធីមួយចំនួនចេញគឺយកតែកម្មវិធីទទួលភ្ញៀវប៉ុណ្ណោះ។ ញាតិនៅក្នុងភូមិបាននិយាយចំអកដាក់ខ្ញុំថា ខ្ញុំរៀបការជាមួយស្បែកជើង ប៉ុន្តែខ្ញុំមិនខឹងអ្នកទាំងនោះទេ។ ជាច្រើនខែក្រោយមក ទើបប្ដីរបស់ខ្ញុំបានត្រឡប់មកផ្ទះវិញ ហើយឪពុកម្តាយរបស់ខ្ញុំបានរៀបចំសែនឲ្យខ្ញុំ និង ប្តី ម្ដងទៀតដើម្បីកុំឲ្យខុសមេបា។

បន្ទាប់ពីសែនព្រេនបានមួយថ្ងៃ ខ្ញុំនិងប្ដីរបស់ខ្ញុំបានចេញទៅខេត្តកំពង់ធំជាប្រញាប់ ព្រោះភូមិដែលខ្ញុំរស់នៅមានក្រុមយុវជនរត់ចូលព្រៃទៅចូលជាមួយចលនាបដិវត្តន៍ខ្មែរក្រហម ហើយបងប្អូនប្ដីរបស់ខ្ញុំជាច្រើននាក់ក៏បានទៅចូលរួមជាមួយបដិវត្តន៍ដែរ។ ខ្ញុំបានធ្វើដំណើរតាមប្ដីរបស់ខ្ញុំពីកន្លែងមួយទៅកន្លែងមួយទៀត រួមជាមួយប្រពន្ធទាហានផ្សេងទៀត។ ខ្ញុំត្រូវដេកនៅតាមវត្តអារាម ក្នុងព្រៃ រោងម៉ាស៊ីន និងពេលខ្លះសុំផ្ទះអ្នកភូមិដើម្បីស្នាក់នៅ។ ខ្ញុំនៅចាំកន្លែងដែលខ្ញុំរស់នៅជាមួយប្ដីរបស់ខ្ញុំមួយចំនួន ដូចជា នៅរោងម៉ាស៊ីនតាំងគោក វត្តពពេជ្រស្ថិតនៅក្នុងភូមិពពេជ្រ ភូមិបឹង និងនៅវត្តតាំងក្រសាំង។ ក្រោយមក ដោយសារកងទ័ព លន់ នល់ វាយចាញ់កងទ័ពបដិវត្តន៍ខ្មែរក្រហមជាបន្តបន្ទាប់ ទើបឈ្មោះ សារី ពាក់ស័ក្ដិ២ បានជូនប្រពន្ធៗទាហានទាំងអស់មកទីក្រុងភ្នំពេញតាមឧទ្ធម្ភាគចក្រវិញ។ ខ្ញុំស្នាក់នៅភ្នំពេញបាយរយៈពេល៤ថ្ងៃ ក៏ធ្វើដំណើរត្រឡប់មកផ្ទះនៅស្រុកកំណើតនៅខេត្តព្រៃវែងវិញ។ ចាប់តាំងពីពេលនោះមក ខ្ញុំបែកពីប្តីរហូត។

គោយន្តនៅផ្ទះរបស់ អ៊ុច ហាំ នៅភូមិព្រៃអង្គុញ ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ពេលមកដល់ផ្ទះ ទើបខ្ញុំដឹងថាខ្ញុំមានទម្ងន់៣ខែហើយ។ ពេលនោះ ខ្ញុំបានមករស់នៅជាមួយបងស្រីរបស់ខ្ញុំ។ ពេលដែលខ្ញុំរស់នៅជាមួយបងស្រីរបស់ខ្ញុំដំបូង ញាតិជិតខាងតែងតែ និយាយបញ្ឆិតបញ្ឆៀងថាខ្ញុំមានសាហាយជាមួយបងថ្លៃរបស់ខ្ញុំ ព្រោះឃើញខ្ញុំត្រឡប់មកផ្ទះតែម្នាក់ឯង។ ការរស់នៅរបស់ខ្ញុំមិនសូវទទួលបានការស្វាគមន៍ពីអ្នកភូមិប៉ុន្មានទេ ព្រោះខ្ញុំគឺជាប្រពន្ធរបស់ទាហាន លន់ នល់។ ប្រជាជនមូលដ្ឋានជាច្រើននាក់បានរើសអើងខ្ញុំ ហើយពេលចែករបបស្រូវក៏ខ្ញុំទទួលបានតិចជាងប្រជាជនផ្សេងដែរ។ ខ្ញុំខិតខំធ្វើការខ្លាំងណាស់ ព្រោះខ្លាចអង្គការយកខ្ញុំទៅសម្លាប់ចោល។ អង្គការមានគម្រោងយកខ្ញុំទៅរៀនសូត្រចំនួន៣លើក ប៉ុន្តែសំណាងល្អខ្ញុំបានរួចខ្លួន។ ការងារដែលខ្ញុំធ្វើនៅក្នុងសម័យខ្មែរក្រហម រួមមាន ស្ទូង ដក ច្រូតស្រូវ លើកប្រព័ន្ធប្រឡាយ ប្រព័ន្ធភ្លឺស្រែ ធ្វើប្រហុក កាប់ព្រៃដាំពោត និងបេះផ្លែពោត។ ការងារដែលលំបាកជាងគេសម្រាប់ខ្ញុំ គឺលើកប្រឡាយនៅកោះជ័យ។ ការងារនេះធ្វើឲ្យខ្ញុំឈឺស្បួន ដោយសារធ្វើការ​ងារធ្ងន់ធ្ងរបន្ទាប់ពីខ្ញុំឆ្លងទន្លេរួច។ ខ្ញុំបានឲ្យគ្រូខ្មែរអុជពោះរបស់ខ្ញុំដើម្បីកាត់បន្ថយការឈឺចាប់។

នៅចុងឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ខ្ញុំបានរៀបការម្ដងទៀតជាមួយឈ្មោះ វ៉ា ពិន និងសព្វថ្ងៃមានកូនចំនួន៦នាក់ គឺស្រី៤នាក់ និងប្រុស២នាក់។ នៅពេលដែលខ្ញុំសម្រាលកូនម្ដងៗខ្ញុំត្រូវអុចពោះរបស់ខ្ញុំ ដែលជាហេតុធ្វើឲ្យមានស្នាមរហូតមក។ សព្វថ្ងៃនេះខ្ញុំរស់នៅជាមួយកូនប្រុសរបស់ខ្ញុំដែលកើតនៅក្នុងរបបខ្មែរក្រហម។ ប្ដីទីមួយរបស់ខ្ញុំបានបាត់ដំណឹងបន្ទាប់ពីខ្ញុំបែកពីគាត់ពេលនៅខេត្តកំពង់ធំ ចំណែកប្ដីទីពីររបស់ខ្ញុំបានស្លាប់ចោលខ្ញុំជាង១០ឆ្នាំហើយ។

អត្ថបទ ៖ ភា រស្មី បុគ្គលិកមជ្ឈមណ្ឌលឯកសារព្រៃវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖