សុខ រី ៖ ប្រធានក្រុមដឹកនាំប្រជាជនធ្វើការតាមភូមិក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ សុខ រី ភេទប្រុស អាយុ៧៦ឆ្នាំ កើតនៅភូមិចាន់ ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ សព្វថ្ងៃខ្ញុំរស់នៅភូមិឃុំដដែល។ ខ្ញុំមានឪពុកឈ្មោះ សុខ ឈួន និងម្ដាយឈ្មោះ ឡុង សុំ ព្រមទាំងមានបងប្អូន៥នាក់ គឺស្រី២នាក់ និងប្រុស៣នាក់ ប៉ុន្តែសព្វថ្ងៃបងប្អូនរបស់ខ្ញុំនៅរស់តែ៣នាក់តែប៉ុណ្ណោះ។ កាលពីសង្គមចាស់គ្រួសាររបស់ខ្ញុំមានជីវភាពមធ្យម និងមានអាហារហូបគ្រប់គ្រាន់ ព្រោះមានដីសម្រាប់ធ្វើស្រែ ប៉ុន្តែឪពុកម្តាយរបស់ខ្ញុំមិនមានប្រាក់បញ្ជូនកូនឲ្យរៀនបានខ្ពង់ខ្ពស់ឡើយ។

ខ្ញុំចាប់ផ្ដើមចូលរៀនដំបូងនៅថ្នាក់ទី១២ ជាមួយព្រះសង្ឃនៅក្នុងវត្តពោធិ៍សីរី ហៅ វត្តភូមិចាន់។ ខ្ញុំរៀនបានត្រឹមថ្នាក់ទី១០ ក៏ឈប់រៀន ហើយទៅជួយធ្វើស្រែឪពុកម្ដាយវិញ។ នៅឆ្នាំ១៩៦៦ ខ្ញុំបានរៀបការជាមួយប្រពន្ធទី១របស់ខ្ញុំនៅភូមិតាធាវ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។​​ ពេលរស់នៅភូមិតាធាវ គ្រួសាររបស់ខ្ញុំប្រកបរបរធ្វើស្រែដើម្បីចិញ្ចឹមជីវិត ប៉ុន្តែជីវភាពគ្រួសាររបស់ខ្ញុំនៅតែមានការខ្វះខាតដដែល។ ទន្ទឹមនឹងនោះ ក៏មានយន្តហោះមកទម្លាក់គ្រាប់​បែកណាប៉ាល់នៅក្នុងភូមិ ព្រោះសង្ស័យថាមានកងទ័ពរំដោះខ្មែរក្រហមលាក់ខ្លួន។

ខ្ញុំចាំបានថា ថ្ងៃមួយនៅពេលដែលខ្ញុំនៅវាលស្រែ ស្រាប់តែមានយន្តហោះមកទម្លាក់គ្រាប់ណាប៉ាល់បណ្តាលឲ្យឆេះ។ ឃើញស្ថានភាពមិនស្រួលខ្ញុំបានរត់ចូលក្នុងត្រង់សេក្បែរនោះ ប៉ុន្តែឈ្មោះ ឆែម ដែលលាក់ខ្លួនក្នុងសេស្ថិតនៅចម្ងាយប្រមាណ១០០ម៉ែត្រពីខ្ញុំ ត្រូវបានសាំងក្នុងគ្រាប់ណាប៉ាល់ហូរចូលក្នុងត្រង់សេបណ្តាលឲ្យឆេះស្លាប់។ ក្រោយហេតុកការណ៍នោះ គ្រួសាររបស់ខ្ញុំបានភៀសខ្លួនទៅរស់នៅទ័ពស្ដេច ស្ថិតនៅក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែងដើម្បីគេចពីសមរភូមិប្រយុទ្ធ។ តួនាទីរបស់ខ្ញុំពេលទៅនៅទ័ពស្ដេច គឺធ្វើជាប្រធានក្រុម ដឹកនាំប្រជាជនធ្វើការ ហើយជាញឹកក្រុមរបស់ខ្ញុំបានជួយសែងកងទ័ពរំដោះខ្មែរក្រហមដែលរងរបួស ឬស្លាប់ពេលប្រយុទ្ធគ្នានៅសមរភូមិពាមរក៍ យកទៅដាក់នៅភូមិក្បែរនោះ។ នៅពេលនោះ ប្រពន្ធរបស់ខ្ញុំតែងតែដាំបាយច្រកស្មុគស្លឹកត្នោត ឬយកស្រូវអង្ករដែលធ្វើបានទៅចែកឲ្យកងទ័ពរំដោះខ្មែរក្រហមនៅសមរភូមិ។

នៅឆ្នាំ១៩៧៥ ខ្ញុំបានសុំអង្គការមករស់នៅក្នុងភូមិចាន់វិញ ប៉ុន្តែពេលមកដល់បងប្រុសរបស់ខ្ញុំដែលជាប្រធានសហករណ៍មិនឲ្យខ្ញុំនៅឡើយ ព្រោះខ្ញុំដឹកនាំក្រុមគ្រួសារផ្សេងទៀតមកច្រើនពេក។ ដូច្នេះ ក្រុមរបស់ខ្ញុំដែលមានសមាជិកប្រមាណ៣០គ្រួសារ បានទៅរស់នៅភូមិដូង ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង។ នៅភូមិដូងខ្ញុំបន្តធ្វើជាប្រធានក្រុមដដែល ដើម្បីដឹកនាំប្រជាជនធ្វើស្រែ ហើយភាគច្រើនគឺធ្វើស្រែប្រាំង។ ពេលខ្ញុំធ្វើជាប្រធានកង ខ្ញុំត្រូវបានថ្នាក់លើធ្វើការទិតៀនចំនួនដង ដោយសារខ្ញុំប្រាប់ប្រជាជនឲ្យកុហកអង្គការពេលធ្វើប្រវត្តិរូប ដោយដាក់ថាមិនមានសមាជិកគ្រួសារធ្វើទាហាន ឬគ្រូបង្រៀនឡើយ ជាពិសេសឲ្យប្រជាជនលាក់មាសទុកនៅពេលដែលអង្គការសួររក។ សំណាងល្អ ខ្ញុំមានទំនាន់ទំនងល្អជាមួយប្រធានកងធំឈ្មោះ ឆុន ហៅ ស្រាំង ទើបខ្ញុំបានរួចខ្លួនពីការទិតៀន។ នៅក្នុងសម័យខ្មែរក្រហម ខ្ញុំធ្លាប់ឈឺគ្រុនញាក់ពីរដង និងបានទៅសម្រាកនៅពេទ្យភូមិស្ដៅដែលជាពេទ្យតំបន់២៤។ អំឡុងពេលព្យាបាលខ្ញុំបានជួបឈ្មោះ ពីង ដែលជាប្រធានពេទ្យ ទើបខ្ញុំទទួលបានថ្នាំចាក់ល្អៗ និងឆាប់បានជាសះស្បើយត្រឡប់មកផ្ទះវិញ។

បន្ទាប់ពីរបបខ្មែរក្រហមដួលរលំភ្លាមៗ នៅឆ្នាំ១៩៧៩ ខ្ញុំបានបបួលអ្នកភូមិ៥នាក់ទៅរកដំឡូងនៅទួលជ្រៃ។ មូលហេតុដែលខ្ញុំដឹងថានៅទួលជ្រៃមានដំឡូង ពីព្រោះខ្ញុំធ្លាប់ទៅទីនោះ និងឃើញមានដំឡូងច្រើន។ ពេលទៅដល់ស្រាប់តែខ្ញុំឃើញមានឈាមនៅមាត់រណ្ដៅ ហើយដើមឈើដែលដុះក្បែររណ្ដៅក៏សឹកសម្បកអស់ដែរ ព្រោះឈ្លបខ្មែរក្រហមបោកមនុស្សខ្ទប់នឹងដើមឈើនោះ។ ពេលឃើញទិដ្ឋភាពបែបនោះ យើងនាំគ្នាត្រឡប់មកផ្ទះវិញ ហើយខ្ញុំលែងហ៊ានទៅទីនោះ។ មួយថ្ងៃក្រោយមក ខ្ញុំបានត្រឡប់មកភូមិចាន់ដើម្បីពឹងពាក់បងប្អូននៅក្នុងភូមិឲ្យយករទេះចំនួន៣គ្រឿងទៅដឹកផ្ទះរបស់ខ្ញុំ។ ចាប់តាំងពីពេលនោះមក ខ្ញុំបានត្រឡប់មករស់នៅភូមិចាន់វិញរហូតដល់បច្ចុប្បន្ន។ បន្ទាប់ពីប្រទេសកម្ពុជាត្រូវបានរំដោះបានរយៈពេល៤ឆ្នាំ ប្រពន្ធរបស់ខ្ញុំក៏ស្លាប់ ហើយក្រោយមកខ្ញុំបានរៀបការជាមួយប្រពន្ធមួយទៀតឈ្មោះ ទូច យ៉ា ប៉ុន្តែមិនមានកូនទេ។

អត្ថបទ ៖ ភា រស្មី បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖