តបតាមសំណើរបស់លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា សុំក្រសួងមហាផ្ទៃជួយអន្តរាគមន៍ទៅអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ដើម្បីផ្តល់កិច្ចសហការក្នុងការទទួលកូនសៀវភៅព័ត៌មានអំពីសុខភាព ផ្ទាំងរូបភាពសុខភាព និងផ្សព្វផ្សាយបន្តជូនប្រជាពលរដ្ឋ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជំនួសឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្តល់ការអនុញ្ញាត និងកិច្ចសហការក្នុងការទទួលកូនសៀវភៅព័ត៌មានអំពីសុខភាព និងផ្ទាំងរូបភាពសុខភាព និងជួយផ្សព្វផ្សាយបន្តជូនប្រជាពលរដ្ឋនៅតាមបណ្តាក្រុង ស្រុក ខណ្ឌ នៃរដ្ឋបាលរាជធានី ខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា។
ចាប់តាំងពីឆ្នាំ១៩៩៥ មជ្ឈមណ្ឌលឯកសារកម្ពុជា ធ្វើការងារផ្តោតលើការប្រមូល ការចងក្រងឯកសារ ការបោះពុម្ពសៀវភៅ និងការបង្រៀនប្រវត្តិសាស្រ្តខ្មែរក្រហមដល់សិស្សានុសិស្ស ក្នុងគោលបំណង យុត្តិធម៌ និងការចងចាំ។ ថ្មីៗនេះមជ្ឈមណ្ឌលឯកសារបានធ្វើការងារទាក់ទងនឹងគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»។ គម្រោងនេះធ្វើយ៉ាងណាឲ្យអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទទួលបាននូវសេវាសុខភាពកាន់តែប្រសើរឡើង និងមានការចូលរួមពីក្រុមនិស្សិតស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាដែលត្រូវជាកូនចៅរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងនោះ។ ក្រុមនិស្សិតស្ម័គ្ររបស់មជ្ឈមណ្ឌលឯកសារកម្ពុជាប្រមាណជាង១០៣០នាក់បានត្រឡប់ទៅធ្វើការងារនៅសហគមន៍របស់ខ្លួន និងបានចុះទៅសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៣២០០០នាក់ ដែលកំពុងរស់នៅតាមតំបន់ជនបទដាច់ស្រយាលក្នុងប្រទេសកម្ពុជា។
កូនសៀវភៅអំពីសុខភាព និងផ្ទាំងរូបភាពសុខភាពនេះ បានបង្ហាញអំពីព័ត៌មានសុខភាពទូទៅដែលកើតមានចំពោះអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅទូទាំងប្រទេសកម្ពុជា ដែលផ្អែកលើលទ្ធផលនៃការស្ទង់មតិចំនួន៣២០០០នាក់ នៅចុងឆ្នាំ២០២២ ដោយក្រុមនិស្សិតស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាលើគម្រោង «ការលើកកម្ពសើសិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»។ សៀវភៅនេះផ្ដោតលើចំណុចសំខាន់ពីរយ៉ាងគឺ ៖
១) សារសំខាន់នៃការពិនិត្យសុខភាព សម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម
២) ណែនាំឲ្យអ្នករស់រានមានជីវិតពីររបបខ្មែរក្រហម ឲ្យយល់ដឹងអំពីរបៀបរស់នៅឲ្យមានសុខភាពល្អ ការយល់ដឹងពីមូលហេតុដែលធ្វើឲ្យមានជំងឺលើមនុស្សចាស់ និងការយល់ដឹងអំពីរបៀបបង្ការកុំឲ្យមានជំងឺទាំង១០ ដែលភាគច្រើនកើតឡើងចំពោះអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។
បន្ថែមលើនេះ ការពិនិត្យសុខភាពពិតជាមានសារសំខាន់ខ្លាំងណាស់ និងមិនគួរមើលរំលងឡើយសម្រាប់ការថែទាំសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរកក្រហម ព្រោះអ្នករស់រានមានជីវិតភាគច្រើនដែលមានអាយុ៦០ឆ្នាំ និងលើសពី៦០ឆ្នាំ (ក្នុងចំណោមមនុស្ស៣២០០០នាក់) ងាយនឹងមានជំងឺឈឺថ្កាត់ផ្សេងៗ។ ម្យ៉ាងទៀត ការពិនិត្យនិងរកឃើញថាមានជំងឺ គឺជាជំនួយដើម្បីអាចមានលទ្ធភាពព្យាបាលជំងឺឲ្យបានជោគជ័យ និងទាន់ពេលវេលា។
មជ្ឈមណ្ឌលឯកសារកម្ពុជា បានស្រាវជ្រាវរកឃើញថា «មានប្រជាជនចំនួន៥លាននាក់ដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម ដែលស្មើនឹង ៣៣% នៃប្រជាជនទូទាំងប្រទេសកម្ពុជា។ អ្នករស់រានមានជីវិតទាំងនេះបានកសាងប្រទេសឡើងវិញពីបាតដៃទទេ ដែលត្រូវជា មា មីង អ៊ំ យាយ និងតារបស់យើង។ បច្ចុប្បន្ន អ្នកទាំងនេះមានវ័យកាន់តែចាស់ និងចាប់ផ្ដើមមានជំងឺ។ នៅក្នុងចំណោម៣៣% នៃអ្នករស់រានជីវិតពីរបបខ្មែរក្រហមទាំងនេះកំពុងប្រឈមនឹងជំងឺ១០យ៉ាង ដូចគ្នា រួមមាន ១) ជំងឺលើសឈាម ២) ជំងឺក្រពះពោះវៀន ៣) ជំងឺគ្រុនចាញ់ ៤) ជំងឺផ្លូវចិត្ត ៥) ជំងឺបេះដូង ៦) ជំងឺឈឺសន្លាក់ ៧) ជំងឺហឺតរ៉ាំរ៉ៃ ៨) ជំងឺទឹកនោមផ្អែម ៩) ជំងឺរបេង និង១០) ជំងឺឆ្កួតជ្រូក។
អត្ថបទ ៖ សោម ប៊ុនថន ប្រធានក្រុមទស្សនាវដ្តីស្វែងរកការពិត
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា