សៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានជំរុញលើកទឹកចិត្តសិស្សឲ្យមានការពិភាក្សាដេញដោលស៊ីជម្រៅពីប្រវត្តិសាស្ត្រខ្មែរក្រហម។ ការពិភាក្សានេះ បានកើតឡើងនៅក្នុងវេទិកា អំណានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» របស់សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន ពាមរក៍ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ សិស្សានុសិស្ស បានសួរសំណួរជាច្រើនទាក់ទងនឹងព្រឹត្តិការណ៍សំខាន់ៗមួយចំនួនដែលបានកើតឡើងក្នុងប្រវត្តិសាស្ត្រខ្មែរក្រហមដូចជារបៀប និងមូលហេតុនៃការកកើតមានសង្គ្រាម ការសម្លាប់មនុស្ស ការធ្វើទារុណកម្ម ផលប៉ះពាល់សិទ្ធិបុគ្គល និងភាពជាអ្នកដឹកនាំរបស់ ប៉ុល ពត។ ការចោទសួរនេះ បានធ្វើឡើងបន្ទាប់ពីលោក ផេង ពង្សរ៉ាស៊ី បានផ្តល់នូវការធ្វើបទបង្ហាញខ្លីស្តីអំពីព្រឹត្តិការណ៍មុនឆ្នាំ១៩៧៥។ ជាមួយនឹងការលើកឡើងពីចម្ងល់ទាក់ទងនឹងរបបខ្មែរក្រហម សិស្សានុសិស្សក៏បានប្រាប់ពីអារម្មណ៍ផ្ទាល់ខ្លួនពីការទទួលបានសៀវភៅនេះ និងបានប្រាប់ពីការឈ្វេងយល់បន្ថែមអំពីព្រឹត្តិការណ៍ខ្លះទៀតដែលបានសរសេរនៅក្នុងសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ទៀតផង តាមរយៈការអានដោយស្ងៀមស្ងាត់ និងអានដោយឮៗរបស់ខ្លួន។
សិស្ស ពេជ្រ ម៉ារីម៉ា បានប្រាប់ដូច្នេះថា «ខ្ញុំមានអារម្មណ៍សប្បាយរីករាយដែលបានទទួលសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ តាមរយៈការអានរបស់ខ្ញុំ គឺធ្វើឲ្យខ្ញុំទទួលបានចំណេះដឹងច្រើនទាក់ទងព្រឹត្តិការណ៍ដែលបានកើតឡើងកាលពីអតីតកាល។ សៀវភៅនេះបានផ្ដល់ចំណេះដឹងដល់ខ្ញុំយ៉ាងច្រើនសម្រាប់ការប្រឡងនៅពេលខាងមុខ»។
សិស្ស ផាន ធីដា បាននិយាយស្រដៀងគ្នានឹង ម៉ារីម៉ា ដែរថា «ខ្ញុំពិតជាមានអារម្មណ៍រំភើបខ្លាំងណាស់ដែលទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» នេះ។ សៀវភៅនេះបានធ្វើឲ្យខ្ញុំដឹងពីសម័យខ្មែរក្រហម ដែលមានព្រឹត្តិកាណ៍សំខាន់ៗជាច្រើនកើតឡើង»។
សិស្ស សោភ័ណ្ឌ បញ្ញា បានរៀបរាប់ថា «សៀវភៅមួយក្បាលនេះបានធ្វើឲ្យខ្ញុំចេះគិតពិចារណាល្អប្រសើរជាងមុន និងដឹងថាតើខ្ញុំគួរធ្វើដំណើរជីវិតដោយរបៀបណា»។ សៀវភៅ សាក្សីប្រវត្តិសាស្ត្រ មិនត្រឹមតែបានជួយបង្កើនការយល់ដឹងអំពីប្រវត្តិសាស្ត្រមុន និងក្នុងរបបខ្មែរក្រហមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឲ្យអ្នកអានជាសិស្សានុសិស្សវ័យក្មេង មើលឃើញពីទុក្ខលំបាក និងភាពតស៊ូមិនរួញរារបស់សម្តេចព្រះ នរោត្តម សីហនុ និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងការប្រយុទ្ធប្រឆាំងនឹងការគ្រប់គ្រងរបប លន់ នល់។
សិស្ស គង់ រស្មី បានប្រាប់ថា «ខ្ញុំចាប់អារម្មណ៍សម្ដេចយាយទួត មានភាពក្លាហានណាស់។ ព្រះអង្គហ៊ានធ្វើដំណើរមកជួបប្រជាជនកម្ពុជាទាំងដែលមានខ្មាំងសត្រូវនៅជុំវិញព្រះអង្គ»។ លើសពីនេះទៀត សិស្សានុសិស្សក៏មានការស្ងើចសរសើរដល់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ដែលព្រះអង្គតែងឆ្លៀតពេលវេលារបស់ព្រះអង្គក្នុងការចងក្រងឯកសារប្រវត្តិសាស្ត្រនេះ ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយៗបានអាន និងចងចាំទុក។
សិស្ស ផាន ធីដា តំណាងឲ្យសិស្សានុសិស្សទាំងអស់ បានថ្លែងអំណរគុណដល់ការចងក្រងឯកសារនេះថា «នាងខ្ញុំនិងសិស្សានុសិស្សទាំងអស់ ពិតជាអរព្រះគុណដល់សម្ដេចយាយទួត ដែលបានចងក្រងសៀវភៅសាក្សីប្រវត្តិសាស្រ្តនេះឡើងដើម្បីឲ្យយើងខ្ញុំបានអាន និងឈ្វេងយល់»។
សុខ រចនា បានបន្ថែមថា «ដោយសារតែមានឯកសារនេះ ដែលជាកំណត់ហេតុរបស់សម្តេចយាយទួត ទើបខ្ញុំអាចឈ្វេងយល់កាន់តែច្បាស់អំពីប្រវត្តិសាស្រ្ដ ជាពិសេសសម័យខ្មែរក្រហមដែលបានធ្វើឲ្យប៉ះពាល់ដល់សង្គមខ្មែរទាំងមូល»។
នៅចុងបញ្ចប់ សិស្សានុសិស្សទាំងអស់ ដែលមាន ផាន ធីដា, សុខ រចនា, ផាត វិសាល, ឌុច សូនីតា, វិច វឌ្ឍនៈ, គង់ ប៉ោសៀង, ពេជ្រ ម៉ារីម៉ា, គង់ រស្មី និង សោភ័ណ្ឌ បញ្ញា ជាតំណាង បានសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅ ដោយលើកដៃសំពះជូនពរសម្តេចយាយទួតឲ្យព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ជាម្លប់ដល់កូនចៅ ចៅទួតតរៀងទៅ។
អត្ថបទ ៖ ថុន ស្រីពេជ្រ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា