នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បុគ្គលិកប្រចាំមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងឈ្មោះ ថុន ស្រីពេជ្រ បានចុះទៅកាន់ភូមិជើងទឹក សង្កាត់ជើងទឹក ក្រុងព្រៃវែង ក្នុងគោលបំណង ធ្វើការសង្កេត និង ផ្តល់ការណែនាំបន្ថែមដល់យុវជនស្ម័គ្រចិត្ត ក្នុងគម្រោង «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និង អភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» ឈ្មោះ ធី ស្រីពេជ្រ ដែលកំពុងអនុវត្តដំណើរការជួបសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ស្ថិតនៅភូមិជើងទឹក ធី ស្រីពេជ្រ បានជួបជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ឈ្មោះ ម៉ៅ បូរិន អតីតជាមន្រ្តីរាជការចូលនិវត្តន៍។
ជាកិច្ចចាប់ផ្តើមនៃសកម្មភាពការងារ ធី ស្រីពេជ្រ បានលើកយកចំណេះដឹងដែលធ្លាប់រៀនសូត្រពីវគ្គបណ្តុះបណ្តាលចំនួនពីរលើករួចមករបស់មជ្ឈមណ្ឌលឯកសារកម្ពុជា មកអនុវត្តផ្ទាល់ជាមួយលោក ម៉ៅ បូរិន។ ចំណែកឯបុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ដែលមានវត្តមាននៅទីនោះ គឺជាអ្នកសង្កេត និងតាមដានដំណើរការជួបសម្ភាសន៍របស់ ធី ស្រីពេជ្រ ព្រមទាំងបានកត់ត្រាពីចំណុចខ្វះខាត និងចំណុចល្អប្រសើរជាដើម។
នៅផ្នែកទីមួយនៃកម្រងសំណួរដែលជាផ្នែក «ព័ត៌មានផ្ទាល់ខ្លួន និងក្រុមគ្រួសារ» ធី ស្រីពេជ្រ អនុវត្តបានយ៉ាងត្រឹមត្រូវ និងអាចចាត់ទុកថាល្អប្រសើរ។ ហេតុនេះអ្នកសង្កេតការពុំមានអ្វីដែលត្រូវណែនាំបន្ថែមឡើយ។
នៅផ្នែកទីពីរនៃកម្រងសំណួរ ដែលជាផ្នែកទាក់ទងនឹង «បទពិសោធន៍ជីវិតឆ្លងកាត់របបខ្មែរក្រហម» ធី ស្រីពេជ្រ នៅមានចំណុចខ្វះខាតខ្លះៗ ទាក់ទងនឹងការប្រើប្រាស់សំណួរ «ប្រដេញ» ដើម្បីស្រង់យកព័ត៌មានលម្អិតចេញពីបទពិសោធន៍ឆ្លងកាត់របបខ្មែរក្រហម។ ត្រង់ចំណុចនេះតួនាទីអ្នកសង្កេតការណ៍ បានបង្ហាញពីការកែលម្អ និងការណែនាំ តាមរយៈការសួរសំណួរបន្ថែមខ្លះៗ ភ្ជាប់ពីសំណួរដែល ធី ស្រីពេជ្រ បានសួរ។ ការធ្វើរបៀបនេះ គឺជាការបង្រៀន ធី ស្រីពេជ្រ ឱ្យចេះសួរដេញទៅលើសំណួរដំបូង។ ក្រៅពីផ្នែកនេះ ធី ស្រីពេជ្រ ធ្វើបានល្អគ្រប់ផ្នែកទាំងអស់នៃកម្រងសំណួរ។ ទាក់ទងនឹងវិធីសាស្ត្រស្រាវជ្រាវ ការសំណេះសំណាលមុននឹងចាប់ផ្តើមសម្ភាសន៍ និងការបញ្ចប់កិច្ចសម្ភាសន៍ ធី ស្រីពេជ្រ បានអនុវត្តតាមការណែនាំរបស់វាគ្មិន ដែលបានធ្វើបទបង្ហាញនៅក្នុងវគ្គបណ្តុះបណ្តាលលើកទី២នាពេលកន្លងមក។
ចុងបញ្ចប់នៃកិច្ចសម្ភាសន៍ជាមួយលោក ម៉ៅ បូរិន បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានផ្តល់ការណែនាំបន្ថែមដល់ ធី ស្រីពេជ្រ ពីរបៀបនៃការធ្វើបទសម្ភាសន៍ឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន ជាពិសេស បទសម្ភាសន៍ក្នុងផ្នែកទី២ ទាក់ទងនឹងព័ត៌មានអំពីបទពិសោធន៍ឆ្លងកាត់របបខ្មែរក្រហម។ ថុន ស្រីពេជ្រ បានពន្យល់ថា «យើងគួរផ្តល់ពេលវេលាច្រើនឱ្យអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនិយាយរឿងរ៉ាវដែលគាត់ចងចាំមិនភ្លេចឱ្យអស់ជាមុនសិន ទើបចាប់ផ្តើមសួរនូវចំណុចដែលយើងចង់សួរបន្តទៀត ឬមួយវិញទៀត យើងអាចសួរអំពីជីវិត ឬការងាររបស់គាត់ឱ្យអស់ ទើបសួរគាត់អំពីការងារណាដែលលំបាកខ្លាំងជាងគេ ដែលគាត់មិនអាចបំភ្លេចបានរហូតមកដល់សព្វថ្ងៃ។ បន្ទាប់មក ទើបយើងចាប់ផ្តើមសួរនូវចំណុចបន្តទៀត ដូចជា រឿងរ៉ាវនេះកើតឡើងនៅពេលណា? ឬ នរណាជាអ្នកបង្កឱ្យមានហេតុការណ៍នេះកើតឡើងជាដើម។ រីឯរបៀបនៃការសង្ខេបសាច់រឿងវិញ យើងអាចជ្រើសរើសសាច់រឿងណាមួយដែលយើងគិតថាជាសាច់រឿងដែលគាត់ចងចាំមិនភ្លេច ឬជាសាច់រឿងដែលគួរឱ្យចាប់អារម្មណ៍ និងជូរចត់ជាងគេ យកមកបំពេញនៅកម្រងសំណួរក្នុងផ្នែកទី២»។
លើសពីនេះ ថុន ស្រីពេជ្រ ក៏បានបង្ហាញបន្ថែមលើវិធីសាស្ត្រនៃការថតរូបអ្នករស់រានមានជីវិត ភ្ជាប់នឹងទេសភាពជុំវិញថា «យើងគួរថតរូបគាត់ឱ្យបានពី៤ ទៅ៥សន្លឹក ជាពិសេស ត្រូវថតឱ្យឃើញផ្ទៃមុខរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងចៀសវាងការថតពីក្រោយត្រឹមតែ១សន្លឹក ឬថតពីចំហៀងត្រឹមតែ១សន្លឹក។ ការថតបែបនេះ ពុំអាចឱ្យយើងបានស្គាល់ពីមុខមាត់ច្បាស់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានទេ»។
ធី ស្រីពេជ្រ បានយល់ និងទទួលយកការណែនាំគ្រប់ចំណុចទាំងអស់។ ប៉ុន្តែគាត់បានលើកឡើងពីការព្រួយបារម្ភរបស់ខ្លួនថា នៅពេលដែលគាត់ចំណាយពេលវេលាសម្ភាសន៍រយៈពេលច្រើននាទីពេក អាចនឹងធ្វើឱ្យអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមានអារម្មណ៍ធុញទ្រាន់ និងមិនចង់ផ្តល់បទសម្ភាសន៍តទៅទៀត។ ត្រង់ចំណុចនេះ ថុន ស្រីពេជ្រ បានផ្តល់ការណែនាំបន្ថែមថា «ការសម្ភាសន៍ គឺមិនត្រូវធ្វើដោយប្រញាប់ប្រញាល់ពេកទេ។ យើងត្រូវសម្ភាសន៍បែបធម្មតា ឬសម្ភាសន៍ជារបៀបអ្នកភូមិជជែកគ្នា និយាយពីនេះពីនោះជាដើម»។
ខាងក្រោមនេះ ជាសាច់រឿងសង្ខេបដកចេញពីបទសម្ភាសន៍ ម៉ៅ បូរិន៖
អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ឈ្មោះ ម៉ៅ បូរិន គឺជាអតីតអនុប្រធានមន្ទីរសង្គមកិច្ចខេត្តព្រៃវែង ដែលលោកបានចូលនិវត្តន៍នៅក្នុងឆ្នាំ២០១៧។ បទពិសោធន៍ដែលគាត់បានចងចាំមិនភ្លេចនៅក្នុងសម័យខ្មែរក្រហម គឺនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសគាត់ចេញពីក្រុងភ្នំពេញ ដែលកាលនោះ គាត់បានទៅបន្តការសិក្សាឆ្នាំទី១ នៅរាជធានីភ្នំពេញ។ នៅពេលនោះ គាត់ពុំត្រូវបានជម្លៀសមកកាន់ស្រុកកំណើតទេ។ ខ្មែរក្រហមបានជម្លៀសគាត់ទៅភូមិថ្នល់ជ័យ សង្កាត់ពពឹស ស្រុកព្រៃវែង ខេត្តព្រៃវែង។ ទៅដល់ទីនោះ ខ្មែរក្រហមបានសួរនាំអំពីប្រវត្តិរូបរបស់គាត់ ប៉ុន្តែគាត់បានកុហកអង្គការថា គាត់គឺជាអ្នករកស៊ីធាក់ស៊ីក្លូ នៅរាជធានីភ្នំពេញ ពុំមែនជាអ្នករៀនសូត្រ និងពុំមែនជាអ្នកចេះដឹងអ្វីឡើយ។ ដោយការងារអ្វីក៏គាត់អាចធ្វើបាន ខ្មែរក្រហមបានចាត់ចែងឱ្យគាត់ចូលទៅកងចល័ត ដើម្បីធ្វើស្រែ ជីកប្រឡាយ និងនេសាទត្រី។
រឿងរ៉ាវដែលគាត់ចងចាំមិនអាចបំភ្លេចបាននោះ គឺនៅឆ្នាំ១៩៧៧ អំឡុងពេលដែលអង្គការបានបញ្ជូនគាត់ឱ្យទៅជីកប្រឡាយនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម(ស្រុកកំចាយមារ) គាត់បានរាគមួល និងចុកពោះយ៉ាងខ្លាំង ប៉ុន្តែគាត់ពុំត្រូវបានអង្គការយកចិត្តទុកដាក់ឡើយ។ គាត់បានទៅសម្រាកនៅក្រោមដើមគុយយ៉ាងធំ ហើយប្រទះឃើញផ្លែគុយជាច្រើន។ ដោយសារគាត់ឃ្លានខ្លាំងពេក និងពុំដែលបានហូបផ្លែឈើ ឬអាហារបានគ្រប់គ្រាន់ គាត់ក៏សម្រេចចិត្តឡើងបេះផ្លែគុយនោះ ទោះបីជាដើមផ្លែគុយនោះខ្ពស់ពិបាកឡើងបេះយ៉ាងណាក៏ដោយ។ គាត់បានគិតនៅក្នុងចិត្តរួចហើយថា ប្រសិនបើគាត់ធ្លាក់ពីលើដើមគុយ ហើយត្រូវស្លាប់ក៏ស្លាប់ទៅចុះ ព្រោះគាត់គង់តែនឹងស្លាប់ដោយសារតែជំងឺរាគមួល និងការអត់ឃ្លាននៅក្នុងរបបខ្មែរក្រហមដដែល។ កាលនោះ គាត់បានហូបផ្លែគុយអស់ជាច្រើន បើទោះបីជាគាត់បានដឹងថា ការហូបផ្លែគុយអាចនឹងធ្វើឱ្យអាការរាគមួលរបស់គាត់កាន់តែធ្ងន់ធ្ងរឡើង។ ប៉ុន្តែផ្ទុយទៅវិញ អាការរាគរបស់គាត់បែរទៅជាបានធូរស្រាលទៅវិញ។ ពេលនោះគាត់ចាប់ផ្តើមមានកម្លាំងកំហែងឡើងវិញ ហើយបានធ្វើការងារជីកប្រឡាយនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម បន្តទៀត រហូតដល់ថ្ងៃដែលកងទ័ពវៀតណាមបានផ្លោងគ្រាប់មកកាន់ទីកន្លែងដែលគាត់កំពុងធ្វើការ ទើបគាត់ និងប្រជាជនជាច្រើននាក់ បានត្រឡប់មកសង្កាត់ពពឹស ស្រុកព្រៃវែង ខេត្តព្រៃវែងវិញ និងបានធ្វើជាកងចល័តរហូតដល់របបខ្មែរក្រហមដួលរលំនៅដើមខែមករា ឆ្នាំ១៩៧៩។ នៅឆ្នាំ១៩៨០ គាត់បានវិលត្រឡប់មកស្រុកកំណើតវិញ នៅភូមិជើងទឹក «ខ» សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។
អត្ថបទ៖ ថុន ស្រីពេជ្រ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា