នៅវេលាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ សិស្សានុសិស្សថ្នាក់ទី១២ ចំនួន១៤នាក់ មកពីវិទ្យាល័យ ហ៊ុន សែន កំពង់លាវ បានចូលរួមវេទិកាថ្នាក់រៀនរៀបចំដោយមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង។ ប្រធានបទដែលត្រូវបានលើកយកមកពិភាក្សា និងបង្ហាញ គឺ «ផលប៉ះពាល់ និងតម្រូវការចាំបាច់របស់ប្រជាជនកម្ពុជាក្នុងការចាកចេញពីផ្ទះសម្បែង (១៩៧៥-២០២៥) ក្រោមហេតុផលនយោបាយ សេដ្ឋកិច្ច សុវត្ថិភាព និងជម្លោះប្រដាប់អាវុធបង្កដោយទាហានឈ្លានពានថៃ»។ ប្រធានបទបន្ទាប់បន្សំគឺ «ព្រឹត្តិការណ៍ជម្លៀសក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ក៏ត្រូវបានលើកយកមកពិភាក្សាជាមួយសិស្សានុសិស្សដែរ។
វេទិកាថ្នាក់រៀននេះ មានគោលបំណងសំខាន់ៗចំនួនបីគឺ៖ ១) ផ្តល់ដល់សិស្សានុសិស្សនូវចំណេះដឹងស្តីពីផលប៉ះពាល់ និងតម្រូវការចាំបាច់ដើម្បីរស់របស់ប្រជាជនកម្ពុជាដែលធ្លាប់ឆ្លងកាត់ព្រឹត្តិការណ៍ជម្លៀស និងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។ ២) ការសិក្សាឈ្វេងយល់បន្ថែមពីប្រវត្តិសាស្រ្តខ្មែរក្រហម និង ៣) ការត្រិះរិះពិចារណាទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងសង្គ្រាមនៅកម្ពុជានាពេលអនាគត។
បន្ទាប់មក លោក ផេង ពង្សរ៉ាស៊ី បានលើកជាសំណួរទៅកាន់សិស្សានុសិស្សថា «តើប្រជាជនកម្ពុជា ធ្លាប់ទទួលរងការចាកចេញពីផ្ទះសម្បែងប៉ុន្មានដងចាប់តាំងពីឆ្នាំ១៩៧៥-២០២៥? បន្ទាប់ពីសិស្សពិភាក្សានៅក្នុងក្រុមរួច លោក ផេង ពង្សរ៉ាស៊ី បានសង្ខេបថា ប្រជាជនកម្ពុជាធ្លាប់បានចាកចេញពីផ្ទះសម្បែងរបស់ខ្លួនចំនួនបីលើកគឺ ការចាកចេញពីផ្ទះសម្បែងក្រោមព្រឹត្តិការណ៍នៃការជម្លៀសដោយបង្ខំរបស់ខ្មែរក្រហម ការភៀសខ្លួនទៅកាន់ជំរំស្ថិតនៅតាមព្រំដែនក្នុងគោលបំណងស្វែងរកការជ្រកកោនពីប្រទេសមួយចំនួន និងការភៀសសឹកដែលបង្កដោយជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ។
បន្ទាប់ពីបញ្ចប់ការពិភាក្សាពីប្រធានបទខាងលើរួចមក វាគ្មិនបានបន្តពន្យល់ពីប្រធានបទសំខាន់មួយទៀតគឺ ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ នៅផ្នែកនេះ វាគ្មិនបានលើកឡើងពី «ទុក្ខវេទនារបស់ប្រជាជនក្នុងរបបខ្មែរក្រហម» ដើម្បីឱ្យសិស្សប្រៀបធៀប ដូចជា ៖ ១) ការធ្វើដំណើរយ៉ាងលំបាក ដោយពុំមានការត្រៀមខ្លួនជាមុន ពុំមានអាហារហូបគ្រប់គ្រាន់ និងស្លាប់ការបាត់បង់ជីវិតនៅតាមផ្លូវ)។ ២) ការទារុណកម្មលើកាយសម្បទា ដោយបង្ខំឱ្យប្រជាជនកម្ពុជាធ្វើការចំនួន១២ទៅ១៥ម៉ោងក្នុងមួយថ្ងៃ។ ៣) ការអត់ឃ្លាន និងកង្វះជីវជាតិ ។ ៤) ការបាត់បង់សិទ្ធិជាមូលដ្ឋាន រួមមានបំបែកសមាជិកគ្រួសារឱ្យទៅនៅតាមកងចល័ត លុបបំបាត់សាសនា និងបំបិទការអប់រំ។ ៥) ការសម្លាប់រង្គាល និង ៦) កង្វះប្រព័ន្ធសុខាភិបាល បណ្តាលឱ្យប្រជាជនស្លាប់ដោយសារជំងឺ។ ក្នុងអំឡុងពេលធ្វើបទបង្ហាញ លោក ផេង ពង្សរ៉ាស៊ី បានផ្ដល់ឱកាសដល់សិស្សានុសិស្សបានលើកជាសំណួរទាក់ទងនឹងប្រធានបទដំបូងនិងប្រធានបទបន្ទាប់ដែរ។
ចុងក្រោយ លោក ផេង ពង្សរ៉ាស៊ី បានបង្ហាញពី «តម្រូវចាំបាច់សម្រាប់ប្រជាជនជម្លៀស ប្រជាជនភៀសខ្លួន និង ភៀសសឹក ដើម្បីការរស់រានមានជីវិតពីហេតុការណ៍ជាប្រវត្តិសាស្ត្រទាំងនោះ។ គ្រូឧទ្ទេស បានសង្កត់ធ្ងន់លើតម្រូវការខុសៗគ្នារបស់ប្រជាជន សម្រាប់ព្រឹត្តិការណ៍ខុសៗគ្នា។ តម្រូវការរបស់ប្រជាជននៅក្នុងរបបខ្មែរក្រហម គឺត្រូវការហូបចុកគ្រប់គ្រាន់ និងរកវិធីសាស្ត្រដើម្បីបានហូបឆ្អែត។ តម្រូវការរបស់ប្រជាជនភៀសខ្លួនគឺ សុខសុវត្ថិភាព និងសន្តិភាព ដែលជាមូលហេតុនាំឱ្យអ្នកទាំងនោះភៀសខ្លួនទៅកាន់ប្រទេសទី៣ ដើម្បីអាចមានជីវិតរស់នៅប្រសើរជាងមុន។ ចំណែកតម្រូវការប្រជាជនភៀសសឹកវិញ គឺសន្តិភាព ស្ថិរភាពសង្គម និងគ្មានសង្គ្រាម។ វាគ្មិនក៏បានរំឭកដល់សិស្សានុសិស្សអំពីមូលដ្ឋានគ្រឹះក្នុងការថែរក្សាសន្តិភាពបាន គឺទប់ស្កាត់កុំឱ្យមានសង្គ្រាម រៀនពីសង្គ្រាម និងត្រៀមខ្លួនដើម្បីធ្វើសង្គ្រាម។
បន្ទាប់ពីចប់វេទិកាថ្នាក់រៀន សិស្សបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម៖
ខ្ញុំឈ្មោះ ឈួន សាន់ដាវ៉ាន់ អាយុ១៦ឆ្នាំ គឺជាសិស្សរៀនថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន កំពង់លាវ។ បន្ទាប់ពីខ្ញុំបានចូលរួមនៅក្នុងវេទិកាថ្នាក់រៀននៅក្នុងថ្ងៃនេះ ខ្ញុំបានដឹងពីព្រឹត្តិការណ៍សង្គ្រាម តាំងពីរបប លន់ នល់ របបខ្មែរក្រហម និងសង្គ្រាមរហូតមកដល់សម័យបច្ចុប្បន្ន។ កាលពីអតីតកាល យើងក៏មានសង្គ្រាមដែរ ប៉ុន្តែគឺជាសង្គ្រាមស៊ីវិលដែលកើតមានក្នុងប្រទេស។ ចូលមកដល់របបខ្មែរក្រហម ប្រជាជនភៀសខ្លួនពុំមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការសម្រេចចិត្ត ដោយគាត់ត្រូវទៅរស់នៅតាមសហករណ៍ដែលគ្មានអាហារហូបចុកគ្រប់គ្រាន់ និងត្រូវបង្ខំឱ្យធ្វើការងារជាទម្ងន់ជូនអង្គការ។ នៅពេលដែលប្រជាជនមានជំងឺគឺពុំមានថ្នាំសង្កូវដើម្បីព្យាបាលតាមផ្នែកវេជ្ជសាស្ត្រទេ។ បច្ចុប្បន្ន នៅពេលប្រទេសមានសង្គ្រាម ប្រជាជនដែលរស់នៅតាមព្រំដែនត្រូវភៀសសឹកទៅកាន់ទីកន្លែងដែលមានសុវត្ថិភាព។ ប្រជាជនត្រូវឃ្លាតឆ្ងាយពីស្រែចម្ការ ផ្ទះសម្បែង។ ខ្ញុំពិបាកចិត្ត និងអាណិតដល់ប្រជាជនខ្មែរភៀសសឹកណាស់ ព្រោះមិនមានកន្លែង រស់នៅស្រួលបួល ជាពិសេសប្រជាជនដែលធ្លាប់រស់នៅក្នុងតំបន់ចំនួន១៤កន្លែង ដែលថៃប្លន់យក។ តំបន់ទាំងនោះគឺជាកន្លែងដែលប្រជាជនខ្មែរធ្លាប់រស់នៅពីមុន ហើយក៏ជាតំបន់ទេសចរណ៍របស់ប្រទេសកម្ពុជាដែរ។ ទោះបីខ្ញុំមិនអាចជួយជាកម្លាំងដល់ពូៗនិងបងៗកងទ័ព ប៉ុន្តែខ្ញុំមានកម្លាំងចិត្ត ស្បៀងអាហារ របស់របរប្រើប្រាស់ និង ថវិកាបន្តិចបន្តួចឧបត្ថម្ភជូនដល់គាត់។
ខ្ញុំឈ្មោះ គ្រី ប៉េងហុង អាយុ១៨ឆ្នាំ រៀននៅថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន កំពង់លាវ។ ខ្ញុំបានសិក្សាពីរបបខ្មែរក្រហម មានរយៈពេល៣ឆ្នាំ ៨ខែ២០ថ្ងៃ ដែលធ្វើឱ្យប្រជាជនជួបនូវការលំបាកជាច្រើន។ ខ្មែរក្រហមបានជម្លៀសប្រជាជន និងធ្វើឱ្យប្រជាជនបែកបាក់ក្រុមគ្រួសារ។ ខ្មែរក្រហមបានបង្អត់អាហារដល់ប្រជាជន និងបង្ខំប្រជាជនឱ្យធ្វើការលើសកម្លាំង។ ក្រៅពីរបបខ្មែរក្រហម ខ្ញុំមានការចាប់អារម្មណ៍អំពីសង្គ្រាមរវាងកម្ពុជា និង ថៃ ដែលធ្វើឱ្យប្រជាជន និងកងទ័ពកម្ពុជាស្លាប់បាត់បង់ជីវិត និងរបួសអស់ជាច្រើននាក់។ ប្រជាជនខ្លះត្រូវភៀសខ្លួនពីកន្លែងមួយទៅកន្លែងមួយ។ ខ្ញុំអាណិតប្រជាជនភៀសសឹកនៅតាមជំរំ ដែលបង់ដីធ្លី និងផ្ទះសម្បែង។ ខ្ញុំសោកស្តាយតំបន់ចំនួន១៤កន្លែងរបស់កម្ពុជា ដែលថៃចូលមកគ្រប់គ្រងដោយខុសច្បាប់។ ដើម្បីទទួលបានតំបន់ទាំង១៤កន្លែងមកវិញ យើងត្រូវធ្វើការងារទូតឱ្យខ្លាំង ហើយបើនៅតែមិនទទួលបានលទ្ធផល យើងអាចនឹងឈានទៅដល់ការធ្វើសង្គ្រាម។ យើងគួររៀនសូត្រពីសង្គ្រាមឱ្យបានច្បាស់ ថាសង្គ្រាមបានផ្តល់ផលអវិជ្ជមានអ្វីខ្លះមកដល់ប្រទេសជាតិ។
អត្ថបទ ៖ ដារ៉ារដ្ឋ មេត្តា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា









