នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានចាប់ផ្ដើមសារថ្មីជាមួយនឹងសិស្សានុសិស្សឈ្មោះ ថន យឿន ភេទស្រី អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៨ នៃអនុវិទ្យាល័យត្រពាំងប្រិយ៍បានរៀបរាប់ពីរឿងរ៉ាវប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យដែលខ្លួនបានដឹងតាមរយៈឪពុកម្ដាយយាយតាថា ៖ « លោកយាយលោកតាខ្ញុំ តែងតែនិយាយរៀបរាប់ប្រាប់ពីការលំបាកនៅក្នុងជំនាន់ខ្មែរក្រហមទាក់ទងនឹងការរស់នៅបែកបាក់គ្រួសារ ការអត់អាហារហូបចុក ការធ្វើការហួសកម្លាំង ជាពិសេសការវាយធ្វើបាបមនុស្សគ្មានកំហុស។ តាមការនិយាយរបស់តាយាយខ្ញុំ គឺខ្ញុំមិនទាន់ជឿទាំងស្រុងទេ ព្រោះខ្ញុំគិតថាប្រទេសមួយមិនអាចបង្អត់អាហារ បង្ខំឱ្យប្រជាជនធ្វើការហួសកម្លាំង វាយធ្វើបាបសម្លាប់ ប្រជាជនបានស្រួលៗនោះទេ។ រហូតដល់ខ្ញុំបានសិក្សារៀនសូត្រតាមសៀវភៅប្រវត្តិសាស្រ្តបន្ថែម ទើបដឹងថារឿងរ៉ាវដែលយាយតាខ្ញុំប្រាប់សុទ្ធតែជាការពិត និងបានឆ្លងកាត់។ ទន្ទឹមនឹងនេះ ខ្ញុំក៏បានឆ្លងកាត់ក្នុងសង្គ្រាមការប៉ះទង្គិចគ្នារវាងកងទ័ពថៃឈ្លានពានមកលើទឹកដីកម្ពុជាដែរ ទើបខ្ញុំដឹងថា ប្រជាជនខ្មែរពីមួយជំនាន់ទៅមួយជំនាន់ គឺសុទ្ធតែជួបនូវផលលំបាក ភាពខ្វះខាតស្បៀងអាហារ តាមរយៈការកើតមានសង្គ្រាម។
បទឧក្រិដ្ឋកម្មសង្គ្រាម ជាទូទៅត្រូវបានឱ្យនិយមន័យថាជាការរំលោភធ្ងន់ធ្ងរលើច្បាប់ និងទំនៀមទម្លាប់ស្ដីពីសឹកសង្គ្រាម។ ឧក្រិដ្ឋកម្មសង្គ្រាមត្រូវបានកំណត់ថាជាបទល្មើសនៅក្នុងឧបករណ៍គតិយុត្ដិអន្ដរជាតិជាច្រើន ដូចជាអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ និងពិធីសារបន្ថែមទី១ឆ្នាំ១៩៧៧។
លក្ខន្ដិកៈទីក្រុងរ៉ូមបានឱ្យនិយមន័យឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងមាត្រា៨ ហើយបានចែងថា ឧក្រិដ្ឋកម្មនេះស្ថិតក្នុងសមត្ថកិច្ចរបស់តុលាការព្រហ្មទណ្ឌអន្ដរជាតិ និងសមត្ថកិច្ចរបស់តុលាការនៃបណ្ដាប្រទេសជាសមាជិកលក្ខន្ដិកៈស្របទៅតាមគោលការណ៍នៃការបំពេញបន្ថែម។ ដូចគ្នានឹងករណីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដែរ នីតិកម្មជាតិនៃប្រទេសកម្ពុជាចាំបាច់ត្រូវធ្វើយ៉ាងណាឱ្យតុលាការជាតិអាចជំនុំជម្រះឧក្រិដ្ឋជនសង្គ្រាម ដើម្បីឱ្យស្របទៅនឹងកាតព្វកិច្ចអន្ដរជាតិដែលកម្ពុជាបានព្រមព្រៀង។
ចាប់តាំងពីមានជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ ពីថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០២៥មក ការទទួលព័ត៌មាន និងការយល់ដឹងអំពីសង្គ្រាម ការបំផ្លិចបំផ្លាញ និងឧក្រិដ្ឋកម្មនានានៃសង្គ្រាមត្រូវបានពិភាក្សាទូទៅ ជាពិសេស គឺយុវជនទាំងនេះបានជួបហេតុការណ៍ផ្ទាល់ភ្នែក និងស្ដាប់ឮផ្ទាល់ត្រចៀក ក្នុងពេលថ្មីៗ។ ការរៀនសូត្រដោយភ្ជាប់នឹងព្រឹត្ដិការណ៍ជាក់ស្ដែងបែបនេះធ្វើឱ្យយុវជនងាយយល់ និងចងចាំ ជាពិសេសបង្កើនការចង់ចេះចង់ដឹងបន្ថែមទៀតទៅតាមការវិវត្ដន៍ស្ថានការណ៍ជាក់ស្ដែង។
វេទិកាថ្នាក់រៀននេះមានគោលបំណងលើកកម្ពស់ការអប់រំពីប្រវត្ដិសាស្ដ្រកម្ពុជាប្រជាធិបតេយ្យ និងទប់ស្កាត់អំពើប្រល័យពូជសាសន៍នាពេលអនាគត។ ដើម្បីឆ្លើយតបទៅនឹងគោលបំណងនេះ វេទិកាថ្នាក់រៀនបានផ្តោតលើការពិភាក្សាជុំវិញប្រធានបទស្ដីពី «ទំនាក់ទំនងការបរទេសកម្ពុជាប្រជាធិបតេយ្យ,ការអត់ឃ្លាន និងសាលាក្ដីខ្មែរក្រហម»។
ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ កម្ពុជាមានទំនាក់ទំនងការទូតល្អជាមួយប្រទេស ចិន, កូរ៉េខាងជើង ,វៀតណាម, ឡាវ, រ៉ូម៉ានី, យូហ្គោស្លាវី, អាល់បានី និង អេហ្ស៊ីប។ ហេតុដូចនេះ ការមានទំនាក់ទំទងការទូតល្អជាមួយបណ្ដាប្រទេសផ្សេងៗគឺជាការបង្ហាញពីមិត្តភាពរវាងប្រទេសនឹងប្រទេស ក្នុងការប្រាស្រ័យទាក់ទងគ្នាធ្វើកិច្ចការអ្វីមួយ។ កម្ពុជាប្រជាធិបតេយ្យខិតខំពង្រីកទំនាក់ទំនងការទូតរបស់ខ្លួន និងពាណិជ្ជកម្មក្រៅប្រទេសជាមួយ៖ ចិន កូរ៉េខាងជើង ថៃ ជប៉ុន ហុងកុង ម៉ាដាហ្កាស្កា បង់ក្លាដែស សឹង្ហបុរី។ ក្នុងការទំនាក់ទំនងនេះ កម្ពុជាបាននាំចេញទំនិញមួយចំនួនមាន ស្រូវ ជ័រកៅស៊ូ ឈើ និងសរីរាង្គសត្វដ៏កម្រ។ ចំណែកឯទំនិញនាំចូលត្រឡប់មកវិញមានគ្រឿងសព្វាវុធ រថក្រោះ កាំភ្លើងធំ ម៉ាស៊ីនសម្រាប់កសិកម្ម ផលិតផលគីមី និងក្រណាត់។
ស្ថិតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ស្ទើរតែគ្មាននរណាម្នាក់អាចទទួលបានរបបអាហារគ្រប់គ្រាន់ឡើយ។ ប្រជាជនភាគច្រើនហូបតែបបរលាយពោត លាយដើមចេក និងលាយគល់ល្ហុង ហើយទទួលបានរបបអង្ករតិចជាងកន្លះកំប៉ុងទឹកដោះគោក្នុងមួយថ្ងៃ។ មានតែកម្មាភិបាល និងកងទ័ពខ្មែរក្រហមប៉ុណ្ណោះ ដែលមានបាយហូបគ្រប់គ្រាន់។ អ្នកដែលរស់រានមានជីវិតពីរបបនេះ បានយល់ស្របថាអ្វីដែលគាត់ចងចាំបំផុតក្រៅពីការបង្ខំឱ្យធ្វើការហួសកម្លាំង និងការកាប់សម្លាប់នោះ គឺការខ្វះខាតអាហារយ៉ាងខ្លាំង។ យោងតាមបទសម្ភាសន៍ អ៊ុំ សារ៉េត ស្រ្តីវ័យ៥៧ឆ្នាំ មួយរូបរស់នៅក្នុងទីក្រុងភ្នំពេញបានរៀបរាប់ពីជីវិតឈឺចាប់របស់គ្រួសារខ្លួន ដែលបង្កមកពីការហូបមិនគ្រប់គ្រាន់ថា៖ «នៅឆ្នាំ១៩៧៦ ដោយទ្រាំមិនបាននឹងការស្រេកឃ្លានឪពុកខ្ញុំបានដួសកូនក្អុកមកស្ងោរហូបដោយគាត់គិតថានោះគឺជាកូនត្រី។ ថ្ងៃមួយ កម្មាភិបាលខ្មែរក្រហមម្នាក់បានសម្លាប់ពស់មានពិសមួយ ហើយយកមកទុកចោលនៅលើរបង។ ឪពុកខ្ញុំបានដឹងថាពស់នោះមានពិស ប៉ុន្តែគាត់នៅតែហូបរហូតធ្វើឱ្យស្លាប់។ ប្អូនស្រី និងកូនៗខ្ញុំបានស្លាប់ដោយសារតែការអត់ឃ្លាន»។
នៅផ្នែកចុងក្រោយសិស្សានុសិស្សបានបង្ហាញនូវចំណាប់អារម្មណ៍ដូចតទៅ៖
នូ ដានី ភេទស្រី វ័យ១៤ឆ្នាំ បានបង្ហាញចំណាប់អារម្មណ៍និងការចងចាំបន្ទាប់ពីខ្លួនបានចូលរួមក្នុងវេទិកាដូចតទៅ «ការសិក្សានេះបានធ្វើឱ្យខ្ញុំបានយល់ដឹងបន្ថែមពីការរស់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ពោរពេញទៅដោយទុក្ខលំបាក ប្រទេសកើតមានសង្គ្រាម ប្រជាជនជួបនូវការអត់ឃ្លានដោយសារខ្វះខាតស្បៀងអាហារ។ បញ្ហាសង្គ្រាមដែលបានកើតឡើងនៅក្នុងប្រវត្តិសាស្រ្តខ្មែរក្រហម និងប្រទេសកម្ពុជានាពេលថ្មីៗនេះ គឺមិនខុសគ្នាប៉ុន្មានទេ ពីព្រោះការកើតមានសង្គ្រាមនៅក្នុងប្រទេសមួយសុទ្ធសឹងតែជួបផលវិបាកទាំងអស់ ជាពិសេសកើតលើប្រជាជន។ ប៉ុន្តែការកើតមានសង្គ្រាមរវាងកម្ពុជា-ថៃ គឺកើតឡើងមកពីការឈ្លានពានចង់បានទឹកដីរបស់កម្ពុជា។ ប្រសិនបើខ្ញុំជាអ្នកដឹកនាំ ខ្ញុំនឹងបង្កើតទំនាក់ទំនងល្អជាប្រទេស ចិន ឡាវ មីយ៉ាន់ម៉ា វៀតណាម និងម៉ាឡេស៊ី។ ខ្ញុំគិតថាទំនាក់ទំនងការបរទេសសំខាន់ណាស់ ពីព្រោះវាជាមធ្យោបាយមួយងាយស្រួលក្នុងការពឹងពាក់គ្នាទៅវិញទៅមក។ ការបញ្ចប់ជម្លោះព្រំដែន កម្ពុជា-ថៃ គឺត្រូវចរចាសម្របសម្រួលគ្នាដោះស្រាយតាមសន្តិវិធីដោយគ្មានល្បិចកល»។
ធឿន គឹមលាង អាយុ១៥ឆ្នាំ ភេទស្រី រៀនថ្នាក់ទី៩ បានលើកឡើងថា «ខ្ញុំចងចាំពីមេរៀនក្នុងវេទិកានេះអំពី ការកើតមានសង្គ្រាមនៅក្នុងប្រទេសកម្ពុជា និងមេរៀននិយាយពីទំនាក់ទំនងការបរទេសកម្ពុជាប្រជាធិបតេយ្យ។ ការកើតមានសង្គ្រាមនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងនៅក្នុងប្រទេសកម្ពុជា គឺបានធ្វើឱ្យកើតមានជនភៀសសឹក ដោយបាត់បង់ផ្ទះសម្បែង ការព្រាត់ប្រាស់ក្រុមគ្រួសារ។ ប្រសិនបើខ្ញុំជាថ្នាក់ដឹកនាំ ខ្ញុំនឹងបង្កើតទំនាក់ទំនងល្អជាមួយប្រទេសមហាអំណាចដូចជា ចិន អង់គ្លេស។ ខ្ញុំយល់ថាទំនាក់ទំនងការបរទេសពិតជាល្អខ្លាំងណាស់ពីព្រោះ វាបានបង្កើតឱ្យមានការគាំទ្រ និងគំនិតផ្ដួចផ្ដើមជាមួយគ្នា កាន់តែមានទំនាក់ទំនងការបរទេសច្រើនកាន់តែល្អ។ ចំពោះវិធីសាស្រ្តបញ្ចប់សង្គ្រាមព្រំដែនកម្ពុជា-ថៃ គឺមានតែអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពកុំឱ្យមានការវាយប្រហារមកលើកម្ពុជាជាលើកទីបី ពីព្រោះកម្ពុជាត្រូវការសន្តិភាព មិនត្រូវការសង្គ្រាមឡើយ»។
ថន យឿន ភេទស្រី អាយុ១៤ឆ្នាំ បានលើកឡើងថា «ខ្ញុំចាប់អារម្មណ៍លើប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ និងទំនាក់ទំនងការបរទេសល្អជាមួយប្រទេសជិតខាង ដូចជា ប្រទេសចិន ឡាវ វៀតណាម កូរ៉េខាងជើង យូហ្គោស្លាវី, អាល់បានី និង អេហ្ស៊ីប។ បន្ថែមពីនេះ ខ្ញុំបានដឹងថាប្រទេសចិន ក៏ធ្លាប់បានជួយគាំទ្រជាគ្រឿងសភាវុធមកកម្ពុជាតាំងពីរបបកម្ពុជាប្រធិបតេយ្យមកម៉្លេះ។ ប្រសិនបើខ្ញុំជាអ្នកដឹកនាំ ខ្ញុំនឹងមានទំនាក់ទំនងល្អជាមួយប្រទេសមហាអំណាចដូចជា ចិន កូរ៉េ និងវៀតណាម ពីព្រោះសុទ្ធតែជាប្រទេសដែលធ្លាប់បានជួយគាំទ្រដល់កម្ពុជា»។
លឹម ចាន់ណាវ៉ាន់ ភេទស្រី អាយុ១៤ឆ្នាំ បានប្រាប់ថា «ក្នុងការសិក្សានេះខ្ញុំចាប់អារម្មណ៍ខ្លាំងទៅលើរបបកម្ពុជាប្រជាធិបតេយ្យក្នុងការខិតខំពង្រីកទំនាក់ទំនងការទូតរបស់ខ្លួន និងពាណិជ្ជកម្មក្រៅប្រទេសជាមួយ ចិន កូរ៉េខាងជើង ជប៉ុន ហុងកុង បង់ក្លាដែស និងសឹង្ហបុរី។ នៅក្នុងទំនាក់ទំនងនេះ គឺដើម្បីនាំចេញនាំចូលផលិតផលដែលប្រទេសនីមួយត្រូវការរៀងៗខ្លួន។ ប្រសិនបើខ្ញុំជាអ្នកដឹកនាំ ខ្ញុំនឹងជ្រើសរើសយកប្រទេសចិនជាមិត្តក្នុងការទំនាក់ទំនងការបរទេស។ ពិតណាស់ បញ្ហាសង្គ្រាមកើតឡើងនៅក្នុងប្រទេសគឺសុទ្ធតែមានផលវិបាកទាំងអស់ គិតចាប់តាំងពីការពលីជីវិត ការពិការភាព ប្រជាជនភៀសសឹកគេចពីការទម្លាក់គ្រាប់ ការស្នាក់នៅ និងការហូបចុកមានភាពខ្វះខាត។
សុន ដានី ភេទស្រី អាយុ១៤ឆ្នាំ បានបង្ហាញចំណាប់អារម្មណ៍ដូចតទៅ «បន្ទាប់ពីបានចូលរួមវេទិកាថ្នាក់រៀនមក ខ្ញុំពិតជាបានយល់ដឹងបន្ថែមពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ និងបានចំណេះដឹងបន្ថែមអំពីទំនាក់ទំនងការបរទេសកម្ពុជាប្រជាធិបតេយ្យ ជាមួយប្រទេសដៃគូរជិតស្និទ្ធ។ ចំពោះបញ្ហាសង្គ្រាមដែលបានកើតឡើងក្នុងប្រវត្តិសាស្រ្តខ្មែរ និងប្រទេសកម្ពុជា គឺបានធ្វើឱ្យប្រជាជនរងទុក្ខលំបាក បែកបាក់ពីគ្រួសារ អ្នកខ្លះត្រូវបាត់បង់ជីវិត។ ប្រសិនបើខ្ញុំ ជាអ្នកដឹកនាំខ្ញុំនឹងបញ្ចប់ជម្លោះព្រំដែនកម្ពុជា ថៃ ដោយប្រើការចរចារវាងភាគីទាំងពីរបញ្ចប់សង្គ្រាម។ ខ្ញុំយល់ថាទំនាក់ទំនងការបរទេសពិតជាមានសារសំខាន់ណាស់រវាងប្រទេសនិងប្រទេស។ ប្រសិនជាខ្ញុំជាអ្នកដឹកនាំ ខ្ញុំប្រាកដជាបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេស ចិន វៀតណាម ឡាវ កូរ៉េ និងអង់គ្លេស»។
ចរិយា ភេទស្រី អាយុ១៥ឆ្នាំ បានលើកឡើងថា «ខ្ញុំចងចាំ និងបានរៀនសូត្រអំពីប្រវត្តិសាស្រ្តការកើតសង្គ្រាម និងរឿងរ៉ាវរបស់ប្រជាជនខ្មែរ។ ចំណែកឯសង្គ្រាមដែលបានកើតឡើងក្នុងប្រវត្តិសាស្រ្តខ្មែរក្រហម និងប្រទេសកម្ពុជាសុទ្ធសឹងតែធ្វើឱ្យប្រជាជនជួបនូវទុក្ខលំបាក ហេដ្ឋារចនាសម្ព័ន្ធត្រូវខូចខាត កងទ័ពត្រូវពលីជីវិត ជាពិសេសការខ្វះខាតស្បៀងអាហារហូបចុក។ ពិតប្រាកដណាស់ ទំនាក់ទំនងការបរទេសពិតជាមធ្យោបាយមួយយ៉ាងល្អចំពោះប្រទេសនិងប្រទេស ដែលជាកម្លាំងគាំទ្រគ្នាទៅវិញទៅមក។ កាលណាប្រទេសមួយមានទំនាក់ទំនងល្អជាមួយប្រទេសដទៃទៀតបានកាន់តែច្រើន នោះពិតណាស់ប្រទេសនោះនឹងមានការជឿនលឿនបានយ៉ាងឆាប់រហ័ស។ ដើម្បីបញ្ចប់ជម្លោះព្រំដែនកម្ពុជា ថៃ ខ្ញុំយល់ថាលុះត្រាតែភាគីទាំងសងខាងព្រមទទួលយកនូវកិច្ចព្រមព្រៀងគ្នាដែលបានចុះរួចរាល់ហើយ និងមិនត្រូវមានចិត្តលោភលន់ចង់បានទឹកដីរបស់ភាគីណាមួយ ហើយរស់នៅដោយសន្តិវិធីរវាងគ្នានឹងគ្នា។
អត្ថបទ ៖ លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា








