អនុសេនីយ៍ត្រី ថន ញ៉ាញ់ គឺជាវីរយុទ្ធជនរបស់កម្ពុជា ប្រចាំទិសភ្នំទ្រព្យ ដែលបានពលីជីវិតក្រោយពេលផ្ទុះជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជា និងថៃ កាលពីថ្ងៃទី២៤ ដល់២៨ ខែកក្កដា ឆ្នាំ២០២៥ ។
តើអនុសេនីយ៍ត្រី ថន ញ៉ាញ់ មានប្រវត្តិយ៉ាងណា?
តាមអ្វីដែលខ្ញុំបានសាកសួរ ទៅអ្នកស្រី មួត ម៉ៅ អាយុ៦៣ឆ្នាំ ត្រូវជាម្តាយអនុសេនីយ៍ត្រី ថន ញ៉ាញ់ ជាយុទ្ធជននៅលីវ មិនមានប្រពន្ធកូនទេ។ គាត់មានអាយុ៣៩ឆ្នាំ។ កាលពីក្មេងគាត់ធ្លាប់បានបួសរៀន បានបីវស្សា បន្ទាប់ពីឈប់រៀនពីសាលាបឋមសិក្សាសសរស្តម្ភ ត្រឹមថ្នាក់ទី៦។ ឪពុកឈ្មោះ មាន ថន សព្វថ្ងៃមានជំងឺ និងមានអារយុ៦៤ឆ្នាំ នៅភូមិគោកកណ្តាល ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។ ថន ញ៉ាញ់ បានលាចាកសិក្ខាបទ ទៅចូលបម្រើយោធាដែលមានទីតាំងឆ្ងាយពីភូមិនិងស្រុកកំណើត។ នៅក្នុងគ្រួសារ ញ៉ាញ់ គឺជាកូនប្រុសទី៣ ក្នុងចំណោមបងប្អូនបង្កើត៥នាក់ និងបងប្អូនម្តាយទីទៃរបស់គាត់២នាក់ទៀត។ ដោយសារការលះបង់សឹងមួយជិវិត ក្នុងកិច្ចការការពារប្រទេសជាតិ រយៈកាលជិត២១ឆ្នាំមកនោះ ទើបយុទ្ធជនថន ញ៉ាញ់ មិនមានគូរស្រករ ដូចបងប្អូនប្រុសស្រីរបស់គាត់ផ្សេងទៀត ហើយយូរៗម្តង ទើបបានសុំអង្គភាពមកលេងស្រុកកំណើត។ ជាទូទៅគាត់មកលើងនៅរដូវបុណ្យភ្ជុំ។ បងប្អូនបង្កើតរបស់ ញ៉ាញ់ ក្រោយពីរៀបចំមានគ្រួសាររួច បានចាកចេញទៅរស់នៅឆ្ងាយពីភូមិ ដូចជា៖
-បងប្រុស ថន ភេន បានទៅនៅត្រពាំងថ្ម ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
-បងស្រី ថន សឿន បានទៅធ្វើការនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
-ប្អូនប្រុស ថន ចាន់ បានទៅធ្វើការនិងរស់នៅភ្នំពេញ ជាមួយប្អូនស្រីឈ្មោះ ថន គង់នៅ។
រីឯឪពុក ម្តាយ ក៏បានចំណាកស្រុក ទៅរស់នៅស្រុកវ៉ារិន ខេត្តសៀមរាប ដើម្បីប្រកបរបរធ្វើស្រែចម្ការជាប្រចាំឱ្យគេនៅទីនោះ ហើយមិនបានដឹងថាអង្គភាពឈរជើងរបស់យុទ្ធជន ញ៉ាញ់ លេខប៉ុន្មាន។ ឪពុកម្តាយរបស់គាត់ត្រឹមតែដឹងថានៅក្បែរប្រាសាទព្រះវិហារ លុះត្រាបានទទួលសព ពលីក្នុងសង្រ្គាម៥ថ្ងៃ ទើបបានដឹងថាកូនរបស់គាត់នៅឈរជើងទីតាំងមូលដ្ឋានចំណុចភ្នំទ្រព្យ។
ប្រវតិ្តការស្លាប់ ក្នុងជម្លោះព្រំដែន កម្ពុជា-ថៃ៖ ខ្ញុំនឹកឃើញកូនមុនគេ
ថន ញ៉ាញ់ ចូលកងទ័ពជាមួយប្អូនប្រុសឈ្មោះ ថន ចាន់ ដែលក្រោយពីសម័យកូវីដ-១៩ ថន ចាន់ បានលាឈប់ និងរៀបការមានគូរស្រករ រួចបានចាកចេញមករស់នៅភ្នំពេញ។ នៅមុនពេលកើតជម្លោះ គឺនៅឆ្នាំ២០២៤ មួត ម៉ៅ និងកូនស្រីពៅ បានទៅលេងខេត្តព្រះវិហារ ហើយបានត្រឹមតែទូរសព្ទទាក់ទងរកគ្នាជាមួយ ថន ញ៉ាញ់ ហើយគាត់បានប្រាប់ថា «រវល់ខ្លាំងនិងមិនអាចសុំអង្គភាពចុះមកជួបបាន»។ តាំងពីពេលនោះ គាត់មិនដែលបានត្រឡប់មកផ្ទះវិញទៀតទេ។ នៅពេលឮដំណឹងថាសង្រ្គាមផ្ទុះឡើងតាមព្រំដែនកម្ពុជា-ថៃ មួត ម៉ៅ នឹករឭកដល់ ថន ញ៉ាញ់ មុនគេ ហើយមិនដឹងសុខឬទុក្ខយ៉ាងដូចម្តេច បើទាក់ទងលេខឯណាក៏មិនចូល។ ស្រាប់តែថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ប្អូនស្រីរបស់ ថន ញ៉ាញ់ ឈ្មោះ គង់ នៅ បានទទួលដំណឹងតាមបណ្តាញសង្គមហ្វេសប៊ុក របស់មាឈ្មោះ មាន ធឿត នៅខេត្តព្រះវិហារ ថាបងប្រុស(ថន ញ៉ាញ់) បានស្លាប់ហើយ និងសាកសពកំពុងត្រូវបានដឹកចេញពីច្រកជាំ ខេត្តឧត្តរមានជ័យ។ សពនោះគឺក្នុងចំណោមសពយុទ្ធជនកម្ពុជា១២រូប ដែលថៃបានប្រគល់មកឱ្យកម្ពុជា។ តាមសម្តីមាឈ្មោះ មាន ធឿត បានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ សង្រ្គាមព្រំដែនកំពុងកើនកម្តៅ ការវាយប្រហារគ្នា កើតមានខ្លាំងក្លាលើទីតាំងចំណុចភ្នំទ្រព្យ ថន ញ៉ាញ់ នៅក្រាញននាលទាំងមានរបួស។ ពេលដែលក្រុមទាហានថៃ អាចចូលទៅដល់ដើម្បីប្រមូលសាកសព និងអ្នកមានរបួស ថន ញ៉ាញ់ ត្រូវបានថៃចាប់បញ្ជូនយកទៅ ប៉ុន្តែក្រោយមកសព១២នាក់ដែលគេបានទទួលនៅច្រកជាំមានសភាពហើម និងមានស្នាមរបួស បែរជាមាន ថន ញ៉ាញ់ ម្នាក់ដែរ ។ មាន ធឿត អាចកំណត់ភិនភាគបាន តាមស្លាកលេខលើអាវ។ មួត ម៉ៅ បានធ្វើដំណើរតាមគោយន្តទាំងភ័យស្លុតចិត្តពីស្រុកវ៉ារិន មកកាន់រុនតាឯក កន្លែងធ្វើពិធីបុណ្យសព។ ក្រោយពីបូជានៅទីនោះរួច គាត់បានយកអដ្ឋិធាតុអនុសេនីយ៍ត្រី ថន ញ៉ាញ់ មកធ្វើពិធីបន្តនៅវត្តសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប និងបានតម្កល់នៅក្នុងកុដិមួយជាមួយព្រះសង្ឃដែលជាគ្រូរបស់ ថន ញ៉ាញ់ កាលពីពេលនៅបួសរៀន។
ស្រណោះពេលកូន ពលីជីវិតទៅទាំងនៅមិនទាន់មានគូរស្រករ
យុវជនភាគច្រើននៅភូមិរបស់ មួត ម៉ៅ បន្តការងារចូលបម្រើជាកងទ័ពតមកពីឪពុក និងជីតា។ ឪពុក ញ៉ាញ់ ក៏ជាកងទ័ពមួយរូប ដែលក្រោយមក មានជំងឺ និងពិការមួយចំហៀងខ្លួន បានលាឈប់ពីកងទ័ព។ មិត្តភក្តិដទៃទៀតរបស់ ញ៉ាញ់ កាលនោះសុទ្ធបានចូលបម្រើជាកងទ័ព តែអ្វីដែល មួត ម៉ៅ ស្រណោះពេលនឹកដល់ ញ៉ាញ់ គឺវីរភាពរបស់កូន តស៊ូបម្រើកងទ័ព និងពលីទាំងមិនទាន់មានគូរស្រករដូចគេ។ ពេលរៀបចំបុណ្យសពរួចរាល់ ថវិកាដែល មួត ម៉ៅ ទទួលបានពីសប្បុរសជន ត្រូវបានបែងចែកទុកសង់កុដិមួយនៅក្នុងវត្តសសរស្តម្ភ ម៉្យាងទុកបានជាទីសំណាក់របស់ព្រះសង្ឃ និងម៉្យាងទុកជាទីប្រារព្ធពិធីបុណ្យរំឭក និងថវិកាខ្លះនៅសេសសល់ ទុកព្យាបាលឪពុកឈ្មោះ មាន ថន ដែលនៅមានអាការៈ ញ័រ ភ័យ និង រន្ធត់ ។ គាត់ យំរាល់់់់់លើក ពេលឃើញរូបថត ថន ញ៉ាញ់។
ការស្រណោះរឿងរ៉ាវបែកបាក់ ពលីជិវិតរបស់អនុសេនីយ៍ត្រី ថន ញ៉ាញ់ មួត ម៉ៅបានបន្តថា «នៅតែខឹងចំពោះការស្រេកឃ្លាន ចង់បានទឹកដីខ្មែរពីសំណាក់ទាហានថៃ» ហើយគាត់បន្តថា «ប្រសិនបើ នៅក្មេងមានកម្លាំងកំហែង ខ្ញុំមានចិត្តចង់កាន់អាវុធតស៊ូឆ្ពោះទៅសមរភូមិជួរមុខជំនួសកូនប្រុស ទប់ទល់ទាហានថៃបន្តទៀត»។
អត្ថបទ ៖ មាស ប៊ុនថាន បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ ក្រុមគ្រួសារ ថន ញ៉ាញ់/មជ្ឈមណ្ឌលឯកសារកម្ពុជា