អ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៨ ទទួលការបណ្តុះបណ្តាល «ការពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំក្នុងដំណើរការអនុវត្តសកម្មភាពការងារស្ម័គ្រចិត្តជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»

អ្នកស្ម័គ្រចិត្តកម្ពុជាចំនួន១៣៥នាក់ក្នុងនោះស្រីចំនួន១០៣នាក់ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាល    រយៈពេលបួនថ្ងៃគឺចាប់ពីថ្ងៃទី៨ ដល់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលឯកសារខេត្តតាកែវ ក្រោមប្រធានបទ «ការពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំក្នុងដំណើរការអនុវត្តសកម្មភាពការងារជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងបង្កើនចំណេះដឹងអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) បណ្តុះស្មារតីឲ្យមានភាពជាអ្នកដឹកនាំ និងឈ្វេងយល់អំពីវិធីសាស្ត្រជាក់លាក់ក្នុងការចុះទៅអនុវត្តសកម្មភាពការងារនៅតាមមូលដ្ឋាន។ ដើម្បីឆ្លើយតបទៅនឹងគោលបំណងខាងលើនេះ វគ្គបណ្តុះបណ្តាល បានអនុវត្តតាមរបៀបវារៈសំខាន់ៗមួយចំនួន ដូចជា ១) បទបង្ហាញលម្អិតពីបរិបទប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), ២) ណែនាំពីគន្លឹះចាំបាច់មួយចំនួនក្នុងការចុះអនុវត្តសកម្មភាពការងារនៅតាមមូលដ្ឋាន, ៣) វេទិកាពិភាក្សាអំពីវិធីសាស្ត្រសម្ភាសន៍ ឥរិយាបទរបស់អ្នកសម្ភាសន៍ និងសរសេរសេចក្តីសង្ខេប និង ៤) ណែនាំពីការប្រមូល និងថែរក្សាទិន្នន័យតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។ ដើម្បីឈានទៅសម្រេចបាននូវរបៀបវារៈទាំង៤នេះ អ្នកស្ម័គ្រចិត្តកម្ពុជាបានចំណាយពេលវេលាជាង៦ម៉ោង ក្នុងការទទួលបានគ្រប់ចំណុចនៃរបៀបវារៈដែលបានកំណត់។

ការជ្រើសរើសអ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៨ ព័ត៌មានស្តីពីការជ្រើសរើសអ្នកស្ម័គ្រចិត្ត

នៅខែកក្កដា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានប្រកាសព័ត៌មានស្តីពីការជ្រើសរើសអ្នកស្ម័គ្រចិត្តចេញពីមូលដ្ឋាននានាក្នុងស្រុកព្រៃកប្បាស ស្រុកត្រាំកក់ បូរីជលសារ និងស្រុកបាទី។ សេចក្តីប្រកាសព័ត៌មាន ត្រូវបានបិទនៅតាមសាលាឃុំ វិទ្យាល័យ សាកលវិទ្យាល័យបៀលប្រាយសាខាខេត្តតាកែវ ការិយាល័យអប់រំស្រុក និងតាមរយៈការពិភាក្សា និងផ្លាស់ប្តូរយោបល់ជាមួយមន្ត្រីនៅសាលាស្រុក ។ មជ្ឈមណ្ឌលឯកសារខេត្តតាកែវ សូមថ្លែងអំណរគុណដល់ស្ថាប័ន និងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលបានផ្តល់ការសម្របសម្រួល និងសហការខ្ពស់ក្នុងការបំពេញកិច្ចការងារនេះ។

ប្រវត្តិរូបសង្ខេប និង ចំណាប់អារម្មណ៍ការងាររបស់អ្នកស្ម័គ្រចិត្ត

នៅដើមខែសីហាឆ្នាំ២០២៣ដដែល មជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានទទួលពាក្យស្នើសុំធ្វើជាអ្នកស្ម័គ្រចិត្តចំនួន១០២នាក់ មកពីស្រុកព្រៃកប្បាស ត្រាំកក់ បូរីជលសារ និងស្រុកបាទី ហើយនៅសប្តាហ៍ទីបីខែសីហាដដែល អ្នកដាក់ពាក្យស្នើសុំ កើនរហូតដល់១៣៥នាក់។ អ្នកទាំងនេះ បានផ្ញើប្រវត្តិរូប និងចំណាប់អារម្មណ៍ធ្វើជាអ្នកស្ម័គ្រចិត្តកម្ពុជា ពីចម្ងាយតាមរយៈប្រព័ន្ធតេឡេក្រាម និងមកកាន់ការិយាល័យមជ្ឈមណ្ឌលឯកសារខេត្តតាកែវផ្ទាល់។ ប្រវត្តិរូបដែលបានដាក់មក យើងសង្កេតឃើញមានភាគច្រើនគឺជាសិស្សានុសិស្សនៅកម្រិតវិទ្យាល័យ និងភាគតិចគឺជានិស្សិតដែលបានបញ្ចប់ការសិក្សា និងកំពុងសិក្សានៅសាកលវិទ្យាល័យ។ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានរៀបចំនិងទុកដាក់ឯកសារទាំងនោះយ៉ាងត្រឹមត្រូវសម្រាប់ការប្រើប្រាស់ក្នុងផ្នែករដ្ឋបាលនាពេលក្រោយ។

អ្នកស្ម័គ្រចិត្ត បំពេញកម្រងសំណួរស្តីពីការវាយតម្លៃបុគ្គលិកលក្ខណៈរបស់អ្នកស្ម័គ្រចិត្ត (រយៈពេល៣០នាទី) កិច្ចចាប់ផ្តើមវគ្គបណ្តុះបណ្តាលនៅថ្ងៃនីមួយៗ អ្នកស្ម័គ្រចិត្តត្រូវបានណែនាំឲ្យបំពេញកម្រងសំណួរចំនួន៤ទំព័រ រួមមានសំណួរស្តីអំពី ៖ ១) អត្តចរិតរបស់អ្នកសម្ភាសន៍ (មាន៣សំណួរ), ២) ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកស្ម័គ្រចិត្ត និងព័ត៌មានទាក់ទងនឹងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម (មាន៣សំណួរ), ៣) អំពីកិច្ចការផ្នែកសុខភាព (មាន៦សំណួរ), និង៤) អំពីការប្តេជ្ញាចិត្តលះបង់ពេលវេលារបស់អ្នកស្ម័គ្រចិត្តចំពោះកិច្ចការនៅតាមមូលដ្ឋាន (មាន៣សំណួរ)។ ការចំណាយពេលវេលាដើម្បីឆ្លើយទៅនឹងសំណួរខាងលើ គឺជាការចំណាយពេលវេលាគិតគូរច្បាស់លាស់សម្រាប់អ្នកស្ម័គ្រចិត្តម្នាក់ៗ មុននឹងសម្រេចចិត្តធ្វើជាអ្នកស្ម័គ្រចិត្តកម្ពុជា។ សំណួរទាំងអស់ដែលមាននៅក្នុងកម្រងសំណួរ គឺដើម្បីវាស់ស្ទង់ពីសមត្ថភាព និងភាពជាអ្នកដឹកនាំរបស់ខ្លួន ក្នុងការបំពេញភារកិច្ចជាអ្នកស្ម័គ្រចិត្តកម្ពុជានៅមជ្ឈមណ្ឌលឯកសារខេត្តតាកែវ។

លោក ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារសាខាខេត្តតាកែវ បានពន្យល់ដល់អ្នកចូលរួមទាំងអស់ពីសារសំខាន់កិច្ចការស្ម័គ្រចិត្ត និងផលប្រយោជន៍ដែលទទួលបានពីការធ្វើកិច្ចការងារនេះថា អ្នកស្ម័គ្រចិត្តនឹងទទួលបាន ៖ ១) បទពិសោធន៍ធ្វើការងារសង្គមជាមួយអ្នករស់នៅក្នុងភូមិឃុំជាមួយខ្លួន ២) បង្កើនសមត្ថភាពលើជំនាញទំនាក់ទំនងជាសាធារណៈ ភាពជាអ្នកដឹកនាំ និងការទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តកិច្ចការដោយឯករាជ្យ ៣) មានសមត្ថភាពក្នុងការឈ្វេងយល់បន្ថែមពីមាតិកាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ៤) ទទួលបានការស្ញប់ស្ញែង និងកើតសរសើរពីមនុស្សដែលនៅជុំវិញខ្លួនចំពោះកិច្ចការងារសង្គម ៥) មានទម្លាប់ល្អក្នុងការប្រើប្រាស់ពេលវេលាទំនេរពីការសិក្សា មកធ្វើកិច្ចការងារបម្រើសង្គម និងប្រទេសជាតិ និង ៦) មានឱកាសច្រើនក្នុងការចូលបម្រើកិច្ចការងារដែលខ្លួនចង់ធ្វើនាពេលអនាគត តាមរយៈបទពិសោធន៍ជាអ្នកស្ម័គ្រចិត្ត។

អ្នកស្ម័គ្រចិត្ត ស្វែងយល់ពីគម្រោងស្តីពី «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម (រយៈពេល៥នាទី) លោក ផេង ពង្សរ៉ាស៊ី បានបង្ហាញដល់អ្នកស្ម័គ្រចិត្តទាំងអស់ពីឈ្មោះគម្រោង និងពីគោលបំណងរបស់គម្រោង ដែលផ្តោតលើចំណុចសំខាន់ចំនួនបីគឺ ៖ ១) ធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជនពិការ តាមរយៈការអន្តរាគមន៍ដែលមានគោលដៅសំដៅទៅដល់ការលើកកម្ពស់ការយល់ដឹងពីសុខភាពសាធារណៈ និងការទទួលបានសេវាសុខភាពសាធារណៈ ២) ស្រាវជ្រាវអំពីស្ថានភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជនពិការនៅតាមសហគមន៍ដាច់ស្រយាល សម្រាប់ជាព័ត៌មានក្នុងការរៀបចំជំនួយអភិវឌ្ឍន៍នាពេលអនាគតដល់ប្រជាជន និងសហគមន៍ទាំងនោះ។

អត្ថបទ ៖ ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖