សិស្សានុសិស្សនៃវិទ្យាល័យ ទេពប្រណម្យ អានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» និងស្វែងយល់ពីមាតិកាប្រវត្តិសាស្ត្រជាតិក្នុងទសវត្សរ៍ឆ្នាំ១៩៧០

នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារកម្ពុជា បាននាំយកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ចំនួន១២០ក្បាល ទៅចែកជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សិស្សានុសិស្ស គ្រូបង្រៀនប្រវត្តិវិទ្យា និងបណ្ណាល័យនៃវិទ្យាល័យ ទេពប្រណម្យ តាមការស្នើសុំរបស់គណៈគ្រប់គ្រងវិទ្យាល័យនេះ។ កម្មវិធីចែកចាយនេះ បានប្រព្រឹត្តទៅនៅក្នុងអគារប្រជុំជាន់ទី១នៃវិទ្យាល័យ។ អ្នកចូលរួម រួមមានអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៥នាក់ សិស្សានុសិស្សចំនួន១០០នាក់ និងគ្រូបង្រៀនប្រវត្តិវិទ្យាចំនួន៧នាក់។

លោកនាយកវិទ្យាល័យ ទេពប្រណម្យ បានចាប់ផ្តើមកម្មវិធី ដោយបានលើកឡើងពីសារសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រជាតិ និងលើកទឹកចិត្តសិស្សានុសិស្សឲ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការស្រាវជ្រាវអំពីប្រវត្តិសាស្ត្រជាតិ ហើយសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» គឺជាឯកសារដ៏មានសារសំខាន់បំផុត ដែលត្រូវអាន ឈ្វេងយល់ និងទុកជាឯកសារសម្រាប់ការស្រាវ​ជ្រាវនាពេលអនាគត។ លោកនាយក ក៏បានដាស់តឿនសិស្សានុសិស្សទាំងអស់ ឲ្យចេះគិតគូរពីការជ្រើសរើសឯកសារមកអាន និងស្រាវជ្រាវ ជាពិសេសឯកសារប្រវត្តិសាស្ត្រ ព្រោះថាមានឯកសារជាច្រើនដែលបានអធិប្បាយពីប្រវត្តិសាស្ត្រដែលមានអត្ថន័យមិនដូចគ្នា។ លោកនា​យកក៏បានបង្ហាញដល់សិស្សានុសិស្ស ឲ្យមើលប្រភព និងឈ្មោះអ្នកនិពន្ធឲ្យច្បាស់លាស់ មុននឹងចាប់ផ្តើមអានឯកសារនោះ។ ការផ្តល់ដំបូន្មាននេះ គឺជាបំណិនមួយដ៏មានសារសំខាន់សម្រាប់សិស្សានុសិស្ស ក្នុងការពិចារណាខ្ពស់ក្នុងការជ្រើសរើសឯកសារប្រវត្តិសាស្ត្រមកសិក្សា។

ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា បានលើកឡើងពីបុព្វហេតុមួយចំនួនដែលនាំឲ្យកើតមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ, ការបង្កើតរណសិរ្ស ឬរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា, ការបង្ហាញពីចេតនាវិលត្រឡប់មកកាន់ប្រទេសកម្ពុជានៅឆ្នាំ១៩៧៣ របស់សម្តេចព្រះ នរោត្តម សីហនុ, ការប៉ុនប៉ងរារាំងរបស់ក្រុមមេដឹកនាំខ្មែរក្រហមចំពោះចេតនាយាងមកកាន់ប្រទេសកម្ពុជារបស់សម្តេចព្រះ នរោត្តម សីហនុ, ការឈ្វេងយល់របស់សម្តេចព្រះ នរោត្តម សីហនុ ចំពោះផែនការរបស់ខ្មែរក្រហមក្នុងការរារាំងសម្តេចមិនឲ្យយាងមកប្រទេសកម្ពុជា និងការជាប់ឃុំឃាំងរបស់សម្តេចព្រះ នរោត្តម សីហនុ នៅក្នុងព្រះបរមរាជវាំងពីចន្លោះឆ្នាំ១៩៧៥ដល់១៩៧៩។

នៅក្នុងសកម្មភាពចែកចាយសៀវភៅនេះ សិស្សានុសិស្ស គ្រូបង្រៀន និងអ្នករស់រានមានជីវិត បាននិយាយពីចំណាប់អារម្មណ៍របស់ខ្លួនចំពោះការទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ម្នាក់មួយក្បាល។ គ្រូបង្រៀនប្រវត្តិវិទ្យា បានបង្ហាញពីការកើនឡើងនូវចំណេះដឹងបន្ថែមស្តីពីព្រឹត្តិការណ៍មុនឆ្នាំ១៩៧៥ ជាពិសេសដំណើរយាងមកកាន់ប្រទេសកម្ពុជារបស់សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឆ្នាំ១៩៧៣។ សិស្សានុសិស្ស បានសម្តែងការសប្បាយរីករាយចំពោះការទទួលបានសៀវភៅនេះ និងបានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួន ទាក់ទងនឹងការដោះស្រាយចម្ងល់ពីមាតិកាប្រវត្តិសាស្ត្រដែលខ្លួនបានឆ្ងល់ជាយូរមកហើយ។ ចំណែកអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក៏បានបង្ហាញពីការសប្បាយចិត្តចំពោះខ្លឹមសារប្រវត្តិសាស្ត្រជាក់លាក់ ច្បាស់លាស់នៅក្នុងសៀវភៅនេះ និងបានចែករំលែកបទពិសោធន៍លំបាករបស់ខ្លួនប្រាប់ទៅកាន់អ្នកចូលរួមទាំងអស់ ដើម្បីឈ្វេងយល់បន្ថែម។

លោកនាយកវិទ្យាល័យ ទេពប្រណម្យ បានសម្តែងការត្រេកអរជាអនេក ចំពោះការនាំយកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» មកចែកជូនសិស្សានុសិស្ស និងគ្រូបង្រៀននៅក្នុងវិទ្យាល័យ ទេពប្រណម្យ និងបានស្នើសុំការសហការពីមជ្ឈមណ្ឌលឯកសារកម្ពុជា ឲ្យផ្តល់នូវការបង្កើត «វេទិកាថ្នាក់រៀនស្តីពីការសិក្សាប្រវត្តិសាស្ត្រខ្មែរក្រហម» ដល់សិស្សានុសិស្សរបស់ខ្លួនចាប់ពីឆ្នាំសិក្សាក្រោយនេះ។

ចុងបញ្ចប់នៃកម្មវិធីចែកចាយ និងអានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» អ្នកចូលរួម និងវាគ្មិនទាំងអស់បានថតរូបទុកជាអនុស្សាវរីយ៍ ហើយក្រុមអ្នកជំនាញថត បានផលិតចេញជាខ្សែវីដេអូខ្លីមួយ ស្តីអំពីសកម្មភាពចែកចាយសៀវភៅនៅក្នុងថ្ងៃនេះ។

អត្ថបទ ៖ ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖