ប្រជាជនរស់នៅភូមិស្ទឹងថ្មីស្ទើរតែទាំងអស់ប្រកបរបរកសិកម្ម ហើយភាគច្រើនដាំពោត និងដំឡូង ដោយសារតែសណ្ឋានដីនៅក្នុងភូមិគឺជាប្រភេទដីទួល ដីភ្នំ និងដីក្រហម។ នៅក្នុងឆ្នាំ២០២៣នេះ ប្រជាកសិករបានចំណាយប្រាក់ច្រើនក្នុងការធ្វើចម្ការដោយសារតែការប្រែប្រួលអាកាសធាតុ ព្រោះដំណាំពោត និងដំឡូង អាចលូតលាស់បានល្អលុះត្រាតែមានទឹកស្រោចស្រពគ្រប់គ្រាន់។ នៅពេលប្រជាកសិករចាប់ផ្តើមដាំដំណាំទាំងនេះនៅដើមរដូវ អាកាសធាតុបានប្រែទៅជារាំងស្ងួត បណ្តាលឲ្យងាប់កូនដំណាំ។ ដោយឡែកនៅពេលដែលដំណាំចាប់ផ្តើមចុះមើម និងចេញក្តិប ភ្លៀងចាប់ផ្តើមធ្លាក់ជោកជាំរហូតធ្វើឲ្យរលួយមើម និងរលួយក្តឹប ។ តាមសម្តីរបស់មេភូមិស្ទឹងថ្មី ប៊ុន ស្រីពៅ បានឲ្យដឹងថា ប្រជាជនមានការលំបាកខ្លាំងក្នុងការធ្វើចម្ការ ដោយសារតំបន់ខ្លះមិនទាន់មានផ្លូវធ្វើដំណើរស្រួលបួលនៅឡើយ ដែលជាផលរំខានដល់ប្រជាកសិករនៅរដូវប្រមូលផលដំណាំ ព្រោះត្រូវចំណាយប្រាក់លើការដឹកជញ្ជូនថ្លៃដែលធ្វើឲ្យកសិករមិនបានទទួលផលចំណេញ។ កសិករភាគច្រើនខ្ចីលុយពីធនាគារដើម្បីធ្វើស្រែចម្ការ ប៉ុន្តែនៅពេលដែលផលដំណាំខូចខាត គឺកសិករត្រូវប្រឈមនឹងការសងប្រាក់ធនាគារផង និងផ្គត់ផ្គង់ជីវភាពគ្រួសារផង ដូច្នេះមានពេលខ្លះមេភូមិបានស្វែងរកសុំជំនួយពីមូលនិធិឃុំជួយដល់កសិករដែលខ្វះខាតខ្លាំង។
កន្លងមកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង មានទីតាំងស្ថិតនៅភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានជ្រើសរើសយកភូមិស្ទឹងថ្មី ដែលស្ថិតនៅឃុំប្រម៉ោយជាមួយគ្នាជាភូមិគោលដៅសម្រាប់ឲ្យអ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៦ ចុះធ្វើការសម្ភាសន៍ប្រជាជនដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម រួមមាន ស្ត្រីមេម៉ាយ ជនពិការ និងជាជនជាតិភាគតិចព័រ។ បើតាមការឲ្យដឹងពីលោក ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ភូមិស្ទឹងថ្មី គឺជាភូមិដាច់ស្រយាលមួយនៃឃុំប្រម៉ោយ។ កន្លងមកអ្នកស្ម័គ្រចិត្តកម្ពុជាពីរនាក់រស់នៅស្រុកវាលវែងឈ្មោះ ធី គីមហុង និង ចាន់ ណារិទ្ធ បានចុះសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានចំនួន៧២នាក់ ទាក់ទងនឹងបញ្ហាប្រឈមផ្នែកសុខភាព និងរឿងរ៉ាវឆ្លងកាត់របបខ្មែរក្រហម ក្នុងរយៈពេល៣ខែ។ ដូច្នេះហើយ ទើបក្រុមការងារ គម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» បានរៀបចំវេទិកាចុះពិនិត្យសុខភាពបឋម និងចែកសៀវភៅ «ព័ត៌មានពីការថែទាំសុខភាព» ដល់អ្នកដែលបានផ្តល់បទសម្ភាសន៍ទាំង៧២នាក់ ដែលអ្នកធ្លាប់ឆ្លងកាត់របបខ្មែរក្រហម ពីថ្ងៃទី៩ ដល់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។
វេជ្ជបណ្ឌិត ឡុង ដារ៉ា ឯកទេសជំងឺទូទៅ និងលោកស្រីគិលានុបដ្ឋាកយិការ អ៊ូ បញ្ញា បានពិនិត្យសុខភាពបឋមជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅភូមិស្ទឹងថ្មីចំនួន៣៦នាក់ ក្នុងមួយថ្ងៃ ដែលការពិនិត្យសុខភាពបឋមនេះធ្វើឡើងរយៈពេលពីរថ្ងៃជាប់គ្នា គឺថ្ងៃទី ១០ និងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។ ដោយឡែកនៅថ្ងៃដំបូង គឺថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា រួមទាំងក្រុមគ្រូពេទ្យ បានចុះទៅពិនិត្យសញ្ញាណជីវិត និងចង្វាក់បេះដូង ដោយម៉ាស៊ីនពិនិត្យស្វ័យប្រវត្តិ (ECG) ជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំង៧២នាក់ ដោយបែងចែកជា ពីរក្រុម ក្រុមព្រឹក និងក្រុមរសៀល។
ក្រោយពីការពិនិត្យចប់រួចរាល់ វេជ្ជបណ្ឌិត ឡុង ដារ៉ា បានរកឃើញអ្នករស់រានជីវិតពីរបបខ្មែរក្រហមស្ទើរតែ៩០ភាគរយមានជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម។ វេជ្ជបណ្ឌិតឡុង ដារ៉ា លើកឡើងថា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំង៧២នាក់ គួរតែទទួលបានការអប់រំអំពីការថែទាំសុខភាព ជាពិសេសតាមរយៈចំណីអាហារ និងការផ្លាស់ប្តូររបៀបរស់នៅប្រចាំថ្ងៃ។
គុជ ស៊ីថុល ភេទស្រី អាយុ៧២ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិស្ទឹងថ្មី ដែលបានមកពិនិត្យសុខភាពជាមួយក្រុមការងារគម្រោងសុខភាពរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីថ្ងៃនេះល្អណាស់ ជាពិសេសបានជួយដល់អ្នកជំងឺដែលមានជីវភាពក្រខ្សត់ ព្រោះអ្នកជំងឺមិនដែលបានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យឯកជនទេដោយសារខ្វះខាតថវិកា គួបផ្សំនឹងថ្លៃធ្វើដំណើរ។ កម្មវិធីពិនិត្យសុខភាពនេះបានជួយស្រោចស្រង់ជីវិតខ្ញុំ ព្រោះបើខ្ញុំមិនបានពិនិត្យសុខភាព ហើយចេះតែទិញថ្នាំលេបផ្តេសផ្តាស់ធ្វើឲ្យខ្ញុំអស់ថវិកា ហើយជីវិតខ្ញុំក៏ស្លាប់ទៀត។ នៅពេលដែលវេជ្ជបណ្ឌិតមកពិនិត្យសុខភាពឲ្យខ្ញុំផ្ទាល់បែបនេះ ហើយរកឃើញប្រភេទជំងឺ ដូចជា លើសសម្ពាធឈាម លើសសារជាតិស្ករក្នុងឈាម ព្រមទាំងមានការណែនាំ និងចេញវេជ្ជបញ្ជាឲ្យទិញថ្នាំលេបព្យាបាលត្រឹមត្រូវ ព្រមទាំងហូបអាហារល្អនឹងធ្វើឲ្យសុខភាពរបស់ខ្ញុំល្អប្រសើរឡើងវិញ។ ការពិនិត្យសុខភាពនេះ មានប្រយោជន៍ណាស់សម្រាប់ខ្ញុំ ព្រោះធ្វើឲ្យខ្ញុំដឹងថាជំងឺដែលខ្ញុំធ្លាប់មានកន្លងមកបានធូរស្បើយ ឬមានការវិវឌ្ឍន៍ទៅជាធ្ងន់ធ្ងរជាងមុនឬយ៉ាងណានោះ។ ខ្ញុំមិនដែលបានពិនិត្យសុខភាពដោយឥតគិតថ្លៃបែបនេះទេ។
ជិន បឿន ភេទប្រុស អាយុ៦៨ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិស្ទឹងថ្មី ដែលបានមកពិនិត្យសុខភាពជាមួយក្រុមការងារគម្រោងសុខភាពរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា រៀបរាប់ថា ខ្ញុំមានការពេញចិត្តជាខ្លាំងដែលបានចូលរួមពិនិត្យសុខភាពនៅថ្ងៃនេះ ព្រោះកន្លងមកមិនដែលមានវេទិកា និងមានពេទ្យមកពិនិត្យសុខភាពដល់ប្រជាជនក្នុងភូមិទេ។ ក្រុមគ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យ និងចេញវេជ្ជបញ្ជាឲ្យអ្នកភូមិដែលមានជំងឺទៅទិញថ្នាំលេបព្យាបាលឲ្យបានត្រឹមត្រូវថែមទៀត។ កន្លងមក ខ្ញុំធ្លាប់ទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពដោយត្រូវចំណាយថវិកាផ្ទាល់ខ្លួន ប៉ុន្តែនៅថ្ងៃនេះខ្ញុំបានពិនិត្យសុខភាពដោយឥតគិតថ្លៃ ថែមទាំងទទួលបានមធ្យោបាយធ្វើដំណើរពីក្រុមការងារគម្រោងសុខភាពរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាថែមទៀតផង។
អ៊ុន ហន ភេទប្រុស អាយុ៦៥ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិស្ទឹងថ្មី ដែលបានមកពិនិត្យសុខភាពជាមួយក្រុមការងារគម្រោងសុខភាពរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានឲ្យដឹងថា ខ្ញុំសប្បាយរីករាយដែលបានចូលរួមពិនិត្យសុខភាពថ្ងៃនេះ ជាពិសេសគ្រូពេទ្យពិនិត្យសុខភាពខ្ញុំច្បាស់លាស់ និងប្រាប់ពីប្រភេទជំងឺរបស់ខ្ញុំ ថែមទាំងចេញវេជ្ជបញ្ជាឲ្យខ្ញុំទៅទិញថ្នាំលេបព្យាបាលឲ្យត្រឹមត្រូវ និងចំគោលដៅ។
ជា សារ៉ន ភេទប្រុស អាយុ៦១ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិស្ទឹងថ្មី មានប្រសាសន៍ថា កម្មវិធីនេះល្អណាស់សម្រាប់ជួយដល់មនុស្សចាស់ និងជនពិការ តាមរយៈក្រុមគ្រូពេទ្យចុះមកពិនិត្យស្វែងរកជំងឺរបស់អ្នកភូមិច្បាស់លាស់ និងប្រាប់ពីវិធីថែទាំសុខភាពឲ្យបានប្រសើជាងមុន។
ជាង ទឹម ភេទប្រុស អាយុ៦៥ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិស្ទឹងថ្មី លើកឡើងថា សូមអរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានចុះមកជួយដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានអាយុច្រើន និងផ្តល់ជាមធ្យោបាយដំណើរមកពិនិត្យសុខភាពនៅថ្ងៃនេះ។ ជាទូទៅទាល់តែខ្ញុំឈឺទើបខ្ញុំទៅពេទ្យ។ នៅពេលក្រុមគ្រូពេទ្យមកពិនិត្យសុខភាពខ្ញុំបែបនេះ អាចឲ្យខ្ញុំដឹងពីជំងឺផ្សេងៗជាមុនដើម្បីព្យាបាលទាន់ពេល និងទប់ស្កាត់កុំឲ្យឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។
ជា ភាន ភេទប្រុស អាយុ៦៦ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិស្ទឹងថ្មី ដែលបានមកពិនិត្យសុខភាពជាមួយក្រុមការងារគម្រោងសុខភាពរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានឲ្យដឹងថា កម្មវិធីនេះគឺល្អណាស់សម្រាប់ខ្ញុំ ព្រោះមានទាំងការពិនិត្យសុខភាព និងមានទាំងការជួយឧបត្ថម្ភមធ្យោបាយធ្វើដំណើរ។ កន្លងមក ខ្ញុំមិនដែលឃើញមានអ្នកចុះមកធ្វើកិច្ចការបែបនេះទេ។ ក្នុងនោះដែរ ខ្ញុំបានយល់ដឹងពីសុខភាពរបស់ខ្ញុំ ជាពិសេសពេលអានសៀវភៅ «ព័ត៌មានពីការថែទាំសុខភាព» ដែលមានរោគសញ្ញាដែលពាក់ព័ន្ធជាមួយខ្ញុំ។ កន្លងមកពេលដែលខ្ញុំទៅមន្ទីរពេទ្យ ខ្ញុំពុំដែលទទួលបានការណែនាំបែបនេះទេ ដូចជាការតមអាហារណាដែលប៉ះពាល់ដល់សុខភាពខ្ញុំផ្ទាល់ ជាក់ស្តែង ដូចជា បារី ស្រា ជាដើម។
យាន ឌឿន ភេទប្រុស អាយុ៧៥ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិស្ទឹងថ្មី រៀបរាប់ថា កម្មវិធីនេះបានជួយខ្ញុំ ក៏ដូចជាអ្នកភូមិខ្ញុំដែលរស់នៅក្នុងតំបន់ព្រៃភ្នំឲ្យបានយល់ដឹងអំពីការថែទាំសុខភាព និងបញ្ចៀសកុំឲ្យកើតមានជំងឺផ្សេងៗ។ ថ្ងៃនេះគ្រូពេទ្យបានចុះមកពិនិត្យសុខភាពដល់ខ្ញុំ និងចាស់ទុំដែលរស់នៅតំបន់ព្រៃឲ្យបានដឹងពីជំងឺខ្លួន ដើម្បីព្យាបាលឲ្យបានត្រឹមត្រូវដើម្បីបន្តជីវិតទៅថ្ងៃមុខទៀត។
វ៉ន រ៉ម ភេទស្រី អាយុ៦០ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិស្ទឹងថ្មី មានប្រសាសន៍ថា ខ្ញុំមានការត្រេកអរណាស់ដែលក្រុមគ្រូពេទ្យចុះមកជួយពិនិត្យសុខភាព និងពិគ្រោះជំងឺឲ្យខ្ញុំ ព្រោះពេលនេះសុខភាពរបស់ខ្ញុំទ្រុឌទ្រោម ដោយសារកន្លងមកខ្ញុំមិនដែលបានពិនិត្យសុខភាពទេ។ ក្រោយពីការពិនិត្យសុខភាពរួច គ្រូពេទ្យរកឃើញថា ខ្ញុំឡើងឈាម ដែលតម្រូវឲ្យខ្ញុំតម្លើងកម្រិតថ្នាំ និងត្រូវតមអាហារប្រៃ។
អត្ថបទ ៖ គឹម សុវណ្ណដានី អ្នកសម្របសម្រួលគម្រោងសុខភាពរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ សុខ វណ្ណៈ/មជ្ឈមណ្ឌលឯកសារកម្ពុជា