រំភើបចិត្ត ពេលឃើញសម្តេចម៉ែ

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា បានចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ចំនួន៥ក្បាល ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម៥នាក់ក្នុងចំណោម៧នាក់ ដែលកំពុងស្នាក់នៅក្នុង «មជ្ឈមណ្ឌលថែទាំមនុស្សចាស់ជរាគ្មានទីពឹង» នៅក្នុងបរិវេណវត្តសឹម្ពលីព្រឹក្សារការជួរ ស្ថិតនៅក្នុងភូមិរការជួរទី១ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។ អ្នកទាំង៥នាក់មានឈ្មោះ៖

១) អ៊ុក អេង ភេទស្រី អាយុ៨៩ឆ្នាំ គឺជាស្រ្តីម៉េម៉ាយ គ្មានកូនចិញ្ចឹម។

២) នូ ថន ភេទស្រី អាយុ៥៥ឆ្នាំ គ្មានប្តី សាច់ញាតិ និងបងប្អូនចិញ្ចឹម។

៣) ពុធ ធាវី ភេទស្រី អាយុ៦៨ឆ្នាំ គ្មានប្តី សាច់ញាតិ និងបងប្អូនចិញ្ចឹម។

៤) ញ៉ាញ់ យោ ភេទស្រី អាយុ៦៣ឆ្នាំ គ្មានប្តី សាច់ញាតិ និងបងប្អូនចិញ្ចឹម។

៥) សុខ ទូច ភេទស្រី អាយុ៥៤ឆ្នាំ គឺជាស្រ្តីម៉េម៉ាយ និងមានកូនតូចពិការសតិបញ្ញា។

អ្នកទាំង៥នាក់ បានសម្តែងអារម្មណ៍រំភើបរីករាយ និងបានបើកសៀវភៅនេះអាន ព្រមទាំងពិនិត្យមើលរូបថតដែលពួកគាត់ពុំធ្លាប់បានឃើញពីមុនមក។ ក្នុងចំណោមអ្នកទាំង៥នាក់ មានតែ ពុធ ធាវី និង សុខ ទូច ប៉ុណ្ណោះដែលចេះអានអក្សរ។

អ៊ុក អេង បានប្រាប់ថា គាត់បានឃើញសម្តេចម៉ែម្តងទៀតហើយ តាមរយៈរូបថតព្រះអង្គនៅក្នុងសៀវភៅនេះ។ អេង រំភើបចិត្តណាស់ ព្រោះគាត់គោរព និងស្រឡាញ់សម្តេចម៉ែ តាំងពីគាត់មានអាយុ១៧ឆ្នាំមកម៉្លេះ។ អេង និយាយដូច្នេះថា «ខ្ញុំធ្លាប់ឃើញ និងបានសំពះសម្តេចម៉ែបានពីរដង គឺក្នុងពេលដែលខ្ញុំទៅចូលរួមមើលពិធីអុំទូកសំពះព្រះខែ កាលពីខ្ញុំមានអាយុ១៧ឆ្នាំ។ សម្តេចម៉ែស្អាតណាស់ ហើយទន់ភ្លន់គួរឲ្យគោរពស្រឡាញ់ណាស់។ ខ្ញុំស្រឡាញ់សម្តេចម៉ែណាស់។ ខ្ញុំមិនដែលបានជូប និងឃើញសម្តេចម៉ែទៀតទេ រហូតមកដល់ពេលនេះ។ ឥឡូវ ខ្ញុំបានព្រះអង្គគង់នៅជាមួយហើយ ព្រោះខ្ញុំមានសៀវភៅនេះ! ព្រោះនៅក្នុងសៀវភៅនេះមានរូបសម្តេចម៉ែដែលខ្ញុំស្រឡាញ់»។ តាំងពីក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ មក អេង លែងបានដឹងពីដំណឹងសម្តេចម៉ែទៀតហើយ ព្រោះគាត់ត្រូវរស់នៅក្នុងតំបន់រំដោះខ្មែរក្រហម។ ក្នុងរបបខ្មែរក្រហម អេង គឺជាអ្នកចែកបាយនៅក្នុងរោងបាយ។ ក្រោយឆ្នាំ១៩៧៧ អេង ត្រូវបានជម្លៀសទៅកាន់ភូមិតាម៉ៅ ក្នុងស្រុកពាមជរ គឺជាកន្លែងដែលគាត់បានដឹងពីការសម្លាប់មនុស្សយ៉ាងច្រើននៅទីនោះ។ ក្រោយឆ្នាំ១៩៧៩ អេង បានមករស់នៅក្នុងស្រុកកំណើតវិញ គឺភូមិរកាជួរ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។ នៅខែកក្កដា ឆ្នាំ២០២៣នេះ អេង ត្រូវបានជ្រើសរើសឲ្យមកស្នាក់នៅក្នុង «មជ្ឈមណ្ឌលថែទាំមនុស្សចាស់ជរាគ្មានទីពឹង» ស្ថិតនៅក្នុងបរិវេណវត្តសឹម្ពលីព្រឹក្សា។

នូ ថន បានបង្ហាញពីអារម្មណ៍រីករាយពេលដែលគាត់ទទួលបានសៀវភៅនេះ។ ថន មិនដែលបានជួបសម្តេចម៉ែពីមុនមកទេ ប៉ុន្តែគាត់មានបំណងប្រាថ្នាជាយូរមកហើយថា ចង់ជួបសម្តេចម៉ែដោយផ្ទាល់ខ្លាំងណាស់។ ឥឡូវនេះ គាត់ទទួលបានសៀវភៅដែលជាស្នាព្រះហស្ថដោយផ្ទាល់របស់សម្តេចម៉ែពីកំណត់ហេតុរបស់ព្រះអង្គ ក្នុងដំណើរយាងមកកាន់ប្រទេសកម្ពុជា ឆ្លងកាត់ផ្លូវដ៏គ្រោះថ្នាក់គឺផ្លូវលំហូជីមិញ។ ថន តែងតែញញឹមពេលដែលគាត់បើកសន្លឹកសៀវភៅនេះឃើញរូបថតស-ខ្មៅដែលមានព្រះភក្រ្ត និងព្រះរាជសកម្មភាពរបស់សម្តេចម៉ែ។ ថន និយាយដូច្នេះថា «ខ្ញុំមិនចេះអានអក្សរទេ។ ខ្ញុំធំដឹងក្តីឡើងក្នុងរបបខ្មែរក្រហម ដូច្នេះខ្ញុំមិនបានរៀនសូត្រទេ។ ខ្ញុំស្រឡាញ់សៀវភៅនេះណាស់ ទោះបីជាខ្ញុំមិនចេះអានអក្សរក៏ដោយ ព្រោះថាខ្ញុំអាចមើលឃើញរូបថតសម្តេចម៉ែរាល់ពេលដែលខ្ញុំចង់ឃើញព្រះអង្គ។ ពេលទំនេរពីការងារ ខ្ញុំនឹងស្នើសុំឲ្យបង (ធាវី) អានឲ្យខ្ញុំស្តាប់ម្តងមួយសន្លឹកៗ។ ខ្ញុំនឹងថែរក្សាសៀវភៅនេះឲ្យល្អ។ ពេលយប់ឡើង ខ្ញុំនឹងបើកវា ដើម្បីមើលរូបថតសម្តេចម៉ែ»។

ពុធ ធាវី អង្គុយនៅក្បាលតុ ហើយអានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ដោយមិនខ្វល់ពីអ្នកឯទៀតឡើយ។ គាត់អានឮៗ ហើយអ្នកឯទៀតស្តាប់ផង មើលសៀវភៅដែលជាកម្មសិទ្ធិរបស់ខ្លួនផង។ ធាវី បានប្រាប់ថា គាត់ធ្លាប់តែមើលឃើញសម្តេចម៉ែតាមទូរទស្សន៍។ គាត់មិនដែលបានជួបសម្តេចម៉ែពីមុនមកទេ។ ធាវី និយាយថា សៀវភៅនេះស្រួលអាន និងងាយស្រួលយល់ណាស់ ជាពិសេសកំណត់ហេតុប្រចាំថ្ងៃនីមួយៗរបស់សម្តេចម៉ែ។​ ក្នុងពេលជួបជាមួយក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជារយៈពេលជាងមួយម៉ោង ធាវី អានសៀវភៅនេះរហូត។ គាត់បានចាប់ផ្តើមអានពីសន្លឹកទំព័រទី១៧ អានបណ្តើរ មើលរូបថតបណ្តើរ រហូតដល់ចប់ផ្នែកទី១នៃសៀវភៅនេះ។ យើងមិនបាននៅស្តាប់ ធាវី អានតទៅទៀតទេ ព្រោះដល់វេលាល្ងាចណាស់ទៅហើយ ហើយម៉្យាងទៀត ពួកគាត់ទាំង៥នាក់ ក៏ដល់ពេលពិសារអាហារពេលល្ងាចដែរ។ ពេលជូនដំណើរយើងមកវិញ ធាវី បានប្រាប់ថា «ខ្ញុំនឹងអានសៀវភៅនេះឲ្យចប់»។

ញ៉ាញ់ យោ និង សុខ ទូច មិនមាត់កអ្វីទាំងអស់ ក្រៅពីអានសៀវភៅ និងមើលរូបថតក្នុងសៀវភៅ។ យោ មិនចេះអានអក្សរដូច ថន និងអេង ដែរ។ ទូច បាននិយាយថា គាត់នឹងអានសៀវភៅនេះនៅពេលយប់ ពេលដែលកូនតូចពិការរបស់គាត់ដេកលក់។ អ្នកទាំងពីរ ថ្វីត្បិតតែមិនចេញស្តីអ្វីច្រើនក៏ពិតមែន ប៉ុន្តែគាត់បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ នៅពេលដែលគាត់បានឃើញរូបថតជាច្រើនសន្លឹក ជាពិសេសរូបថតសម្តេចម៉ែ នៅក្នុងសៀវភៅនេះ។ ទូច បានប្រាប់យើងពេលជូនដំណើរយើងត្រឡប់មកវិញថា គាត់នឹងកាន់សៀវភៅនេះទៅឲ្យកូននេន (ព្រះសង្ឃ) អានឲ្យស្តាប់។

សូមបញ្ជាក់ថា ការធ្វើដំណើរទៅកាន់ «មជ្ឈមណ្ឌលថែទាំចាស់ជរាគ្មានទីពឹង» គឺដើម្បីសួរសុខទុក្ខ ជូនដំណឹងពីកិច្ចការរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាទាក់ទងនឹងការថែទាំសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​ និងសម្រួលដល់ការសហការការងាររវាងមជ្ឈ​មណ្ឌលឯកសារកម្ពុជាសាខាខេត្តព្រៃវែង និងមជ្ឈមណ្ឌលថែទាំមនុស្សចាស់ជរាគ្មានទីពឹង ទាក់ទងនឹងការចែករំលែកបទពិសោធន៍ឆ្លងកាត់របបខ្មែរក្រហម និងការអប់រំដល់ក្មេងៗជំនាន់ក្រោយពីប្រវត្តិសាស្ត្រខ្មែរក្រហម។

អត្ថបទ​ ៖ ផេង ពង្សរ៉ាស៊ី​ នាយកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖