ក្រុមការងារគម្រោងសុខភាពនៃមជ្ឈមណ្ឌលឯកសារកម្ពុជាពិនិត្យសុខភាពបឋមជូន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិក្តុលលើ

ចាប់ពីថ្ងៃទី១៨, ១៩ និង២០ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារគម្រោង «ការលើកកម្ពស់សិទ្ធ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបចំវេទិកាពិនិត្យសុខភាពជូនដល់អ្នកភូមិក្តុលលើ ឃុំទន្លូង​ ស្រុកមេមត់ ខេត្តត្បូងឃ្មុំចំនួន៩០នាក់​ ដែលជាអ្នករស់រាន​មានជីវិតពីរបបខ្មែរក្រហម​​ និងបានផ្តល់បទសម្ភាសន៍ដល់អ្នកស្ម័គ្រចិត្តកម្ពុជាដែលចុះសម្ភាសន៍តាំងពីឆ្នាំ២០២១។ តាមរយៈលទ្ធផលនៃការពិនិត្យសុខភាពរកឃើញជំងឺ៣ប្រភេទចម្បងគឺ៖ ១) ជំងឺលើសឈាម ៩៨​ ភាគរយ ២)ជំងឺក្រពះពោះវៀន ៥០ភាគរយ ៣) និងជំងឺសន្លាក់ ៤៥ ភាគរយ។ ចំពោះជំងឺទឹកនោមផ្អែមមានតែ១០ភាគរយ ប៉ុណ្ណោះ។

លោកវេជ្ជបណ្ឌិត ដោក រដ្ឋា សង្កេតឃើញថា របបអាហាររបស់អ្នកភូមិក្តុលលើគឺចូលចិត្តហូបអាហារប្រៃ និងអាហារផ្អាប់ទុកយូរ ដូចជា ផ្អក ប្រហុក​ ជ្រក់​ ត្រីប្រឡាក់​ និងសាច់ប្រឡាក់ ដែលប្រើប្រាស់អំបិលច្រើន។ បន្ថែមលើនេះ ពេលបរិភោគអាហារអ្នកភូមិភាគច្រើនតែងតែមានបន្ថែមទឹកជ្រលក់ដូចជាទឹកត្រី និង ទឹកស៊ីអ៊ីវជាដើម។ លោកវេជ្ជបណ្ឌិតបានណែនាំឲ្យអ្នកជំងឺផ្លាស់ប្តូររបបអាហារ ដើម្បីជួយពន្លឿនការព្យាបាលឲ្យកាន់តែមានប្រសិទ្ធភាព ព្រោះតាមការពិនិត្យ និងប្រឹក្សាយោបល់ដល់អ្នកជំងឺឃើញថា ទោះបីជាអ្នកជំងឺផឹកថ្នាំទៀងទាត់ក៏សម្ពាធឈាម​ និងស្ថានភាពជំងឺពុំបានធូរស្បើយឡើយ។ ដូច្នេះហើយទើបលោកវេជ្ជបណ្ឌិតលើកឡើងថា គ្រូពេទ្យបានត្រឹមតែណែនាំ និងចេញវេជ្ជបញ្ជាជូនដល់អ្នកជំងឺ ប៉ុន្តែប្រសិនបើអ្នកជំងឺមិនតមចំណីអាហារដែលពេទ្យហាមឃាត់ ឬក៏ផ្លាស់ប្តូរបបអាហារតាមការណែនាំរបស់ពេទ្យ គឺមិនអាចព្យាបាលជាសះស្បើយទេ។ ជាពិសេស ជំងឺលើសឈាមអាចឈានដល់ការស្លាប់មួយចំហៀងខ្លួន ឬដល់កម្រិតធ្ងន់ធ្ងរ ដែលអ្នកជំងឺត្រូវសម្រាន្តនៅកន្ទេលអស់មួយជីវិត។

ភូមិក្តុលលើ មានប្រជាពលរដ្ឋប្រមាណ៩០ភាគរយ គឺជាជនជាតិដើមភាគតិចស្ទៀង ដែលប្រកបការងារធ្វើស្រែ, ចម្ការកៅស៊ូ, ចម្ការស្វាយ, ចម្ការម្រេច,​ ចម្ការទុរេន, ចម្ការសាវម៉ាវ។ ដោយឡែក​ បន្លែដែលប្រមូលផលឆាប់រួមមាន ពោត និងសណ្តែក តាមរដូវកាល។ តាំងពី​យូរលង់ណាស់មកហើយ ពេលដែលមានជំងឺដង្កាត់ផ្សេងៗ ជនជាតិដើមភាគតិចស្ទៀង តែងតែប្រើវិធីតាមព្រហ្មញ្ញសាសនា ដូចជា សែនអ្នកតា ការបញ្ជាន់អារក្ស សំពះគ្រូបាធ្យាយ និងការប្រើវិធីសាស្ត្រអុជព្យាបាលជំងឺ ដែលជនជាតិដើម​ភាគតិចស្ទៀងហៅថា អណ្តើក អារ៉ើស ពោះកុក។ ការព្យាបាលនេះ​ គឺតាមការស្មានដោយអុជឲ្យបាត់ឈឺ​ រួមមាន ឈឺពោះ ចុកពោះ គ្រុន ក្តៅខ្លួន ព្រោះពេលដែលឈឺក្នុងពោះមានសភាពរឹងដែលអ្នកជំនាញអុជព្យាបាលហៅថា អណ្តើក។ ពេលដែលអុជរួច គឺសភាពរឹងនោះនឹងបាត់ទៅវិញព្រមគ្នានឹងរោគសញ្ញាផ្សេងៗ​ ដោយបន្ថែមការដាំថ្នាំស្លឹកឈើ​ ឫសឈើ សម្បកឈើ។ វិធីសាស្រ្តអុជព្យបាលនេះ​​គឺប្រើ ធូប ប៉ុយ ខ្សែ សម្បក ឬសំឡីគ និងកំបោរដើម្បីអុជតាមអាការៈដែលកើតមាន។ ការអុជព្យាបាលជំងឺនេះ គឺអុជម្តុំពោះ និងមានខ្លះទៀតអុជដល់ទ្រូង​ ហើយការអុជនេះ​ធ្វើឡើងដោយព្រឹទ្ធាចារ្យដែលមានវ័យចំណាស់ និងធ្លាប់មានបទពិសោធន៍តាំងពីដើមមក។ បន្ទាប់ពីអុជរួច គ្រូព្យាបាលជំងឺប្រើផេះ ដើម្បីលាបលើស្នាមអុជកុំឲ្យមានដំបៅ និងឲ្យឆាប់ផ្សះ។ ចាប់តាំងពីឆ្នាំ២០០០ ជំនឿទាំងនេះចាប់ផ្តើមបាត់បង់បន្តិចម្តងៗ ដោយប្រជាជនចា​ប់ផ្តើមយល់ដឹង​អំពីការព្យា​បាលតាមវិទ្យាសាស្ត្រសុខាភិបាល ដែលមានប្រសិទ្ធភាពខ្ពស់ជាងការព្យាបាល ដោយប្រើថ្នាំបូរាណ​។ បន្ថែមលើនេះទៀត ខាងមន្ទីរសុខាភិបាល មានពេទ្យខេត្ត ពេទ្យស្រុក បានចុះមកជួយពន្យល់ពីការដាក់ថ្នាំកម្ចាត់មូសខ្លា​ និងការសម្អាតអនាម័យតាមភូមិ ដែលបានជួយកាត់បន្ថយការចម្លងជំងឺគ្រុនឈាម​ ដោយរដូវនេះជារដូវស្សា​​ ដែលអាចបង្កើតនូវជម្រកមូសខ្លាបានប្រសិនបើមិនមានការយល់ដឹងពីវិធីសាស្រ្តបង្ការ។

ឈម ផាត​ អាយុ៣៣ឆ្នាំ ភេទស្រី ត្រូវជាកូនរបស់ នាយ​​ ឈម​ បានរៀបរាប់ថា ឪពុករបស់គាត់នាយ ឈម បានទទួលមរកាលកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងអាយុ៦៨ឆ្នាំ ដោយជំងឺរលាកក្រពះ រលាកសួត និងជំងឺឈាមស ស៊ីឈាមក្រហម​។ ឪពុករបស់គាត់បានសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាមរយៈពេល១២ថ្ងៃ បន្ទាប់មកវិលត្រឡប់មកព្យាបាលនៅផ្ទះបន្តដោយលេបថ្នាំ។ តាមសម្តីរបស់ ផាត បានឲ្យដឹងបន្ថែមថា ឪពុករបស់គាត់មិនដែលបានពិនិត្យសុខភាពទេ។ ឪពុករបស់គាត់មិនព្រមទៅពិនិត្យសុខភាព និងទទួលការព្យាបាលនៅមន្ទីរពេទ្យទេ គឺឪពុកគាត់បានទិញថ្នាំនៅហ្វាម៉ាស៊ីដើម្បីព្យាបាលពេលមានជំងឺក្អកតែប៉ុណ្ណោះ។ ផា បានបញ្ជាក់បន្ថែមថា ប្រសិនបើឪពុកព្រមទៅទទួលការព្យាបាលតាំងពីឆ្នាំមុន លោកពូនឹងអាចព្យាបាលជា ព្រោះពេទ្យដឹងរោគសញ្ញា និងឲ្យថ្នាំមកត្រូវនឹងជំងឺ។​ ផាត មានអារម្មណ៍ត្រេកអរណាស់ដែលបានមកទទួលសេវាពិនិត្យសុខភាពដោយ ឥតគិតថ្លៃជំនួសឪពុក ព្រោះ ផាត មិនធ្លាប់ដឹងថា​ខ្លួនមានជំងឺលើសសម្ពាធឈាមទេពីមុនមក។ លោកគ្រូពេទ្យផ្តល់យោបល់ឲ្យ ផាត ទៅពិនិត្យអេកូបន្ថែមនៅមន្ទីរពេទ្យដើម្បីស្វែងរកពីជំងឺចុករួយជើងទាំងសងខាង។ ក្នុងនោះដែរ ផាត ចាប់អារម្មណ៍ចំពោះចំណីអាហារដែលហូបប្រចាំថ្ងៃគឺចូលចិត្តសម្លផ្អែម និងភេសជ្ជៈប៉ូវកម្លាំង​ ដែលអាចមានជំងឺ ទឹកនោមផ្អែម និងជាកត្តាដែលធ្វើឲ្យ ផាត មានជំងឺលើសឈាម។ ជាចុងក្រោយ ផាត អរគុណដល់ក្រុមការងារ ដែលអនុញ្ញាតឲ្យទទួលសេវាពិនិត្យសុខភាពជំនួសឪពុក និងបានដឹងពីស្ថានភាពសុខភាពរបស់ខ្លួនដោយមិនអស់ថ្លៃសេវាពិនិត្យ​ និងធ្វើដំណើរទៅមន្ទីរពេទ្យ។

ម៉ាត់ ភាក់ អាយុ៤១ឆ្នាំ មេភូមិក្តុលលើ មានសេចក្តីត្រេកអរក្រៃលែងដែលក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា រួមទាំងលោកគ្រូ អ្នកគ្រូពេទ្យ ដែលបានចុះមកពិនិត្យសុខភាពដល់ប្រជាពលរដ្ឋក្នុ​ងភូមិដល់ទីកន្លែង និងជួយជាថវិការឧបត្ថម្ភ ដើម្បីឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរទៅពិ​និត្យសុខភាពបន្ថែមនៅពេលក្រោយ ជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។ ការ​​ចុះមកពិនិត្យសុខភាពអ្នកភូមិដល់ទីតាំងនេះគឺ ទី១ ជួយដល់អ្នកភូមិបានពិនិត្យសុខភាពដើម្បីព្យាបាល និងថែទាំសុខភាពឲ្យបានល្អប្រសើរ, ទី២​ ជួយសម្រួលដល់ការចំណាយថវិការលើការពិគ្រោះ និងពិនិត្យសុខភាព ក៏ដូចជាការទិញថ្នាំព្យាបាលដល់ប្រជាពលរដ្ឋ និងទី៣ ជួយសម្រួលដល់ការធ្វើដំណើរឆ្ងាយទៅពិនិត្យសុខភាព ដែលប្រជាពលរដ្ឋត្រូវចំណាយថវិកាផ្ទាល់ខ្លួន។ ម៉ាត់ ភាក់ គឺជាមេភូមិបង្ហាញការគាំទ្រ និងសំណូមពរដល់មជ្ឈមណ្ឌលឯកសារកម្ពុជាជួយសម្រួលរៀបចំកម្មវិធីពិនិត្យសុខភាពឲ្យបានញឹកញ៉ាប់ ដល់ប្រជាពលរដ្ឋដែលមានការខ្វះខាត​ឲ្យបាន​យល់ដឹងបន្ថែមពីបញ្ហាថែទាំសុខភាព។

តាមការសាកសួរមតិពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបានចូលរួមទទួលសេវាពិនិត្យសុខភាព រយៈពេល៣ថ្ងៃនេះ​​ ១) ញឹក​ ញ៉ាល់ អាយុ ៧៩ឆ្នាំ ភេទប្រុស ២) ចប ម៉ូ អាយុ​ ៦២ឆ្នាំ​ ភេទប្រុស ៣) កន​ សេង​ អាយុ ៨២ឆ្នាំ ភេទប្រុស និង​៤) ឃុល ម៉ូយ អាយុ ៦២ឆ្នាំ ភេទប្រុស គឺមានការសប្បាយចិត្ត និងអរគុណដល់ក្រុមការងារ ក៏ដូចជា លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលបានចំណាយពេលវេលាចុះមក ពិនិត្យសុខភាពដល់ភូមិផ្ទាល់ ដែលបានជួយសម្រួលដល់ការធ្វើដំណើរឆ្ងាយ និងការព្យាបាលនៅមន្ទីរសម្រាកព្យាបាលឯកជន ក៏ដូចជាមណ្ឌលសុខភាពរដ្ឋ។ ជាពិសេស​ អ៊ំពូមីង ដែលកំពុងតែមានជំងឺ​ស្រាប់បានទទួល សេវាពិនិត្យសុខភាពនៅជិតផ្ទះតែម្តង។ ការពិនិត្យសុខភាពនេះ​ អ៊ំពូមីង ជឿជាក់ថា នឹងអាចជួយព្យាបាលជំងឺគាត់ ឲ្យបានធូរស្បើយ មានស្ថានភាពសុខភាពប្រសើរឡើងវិញ​​ ដោយលោកគ្រូពេទ្យមានបទពិសោធន៍ច្បាស់លាស់ និងបានណែនាំគាត់ឲ្យយល់ដឹងបន្ថែមពីការវិវត្តន៍ធ្ងន់ធ្ងរនៃជំងឺប្រសិនបើមិនមានការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។

អត្ថបទ ៖ គឹម សុវណ្ណដានី បុគ្គលិកគម្រោងសុខភាពនៃមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំវេទិកាស្រាវជ្រាវស្តីអំពី «ជីវិតប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហម និងបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅជំរំជនភៀសខ្លួន»