យុវជនជំនាន់ក្រោយយល់ដឹងកាន់តែច្បាស់អំពីការប្រព្រឹត្តឧក្រិដ្ឋកម្មឃោរឃៅរបស់ខ្មែរក្រហម បន្ទាប់ពីទស្សនកិច្ចសិក្សាទីតាំងសម្លាប់មនុស្ស និង តម្កល់អដ្ឋិធាតុ ទួលជ្រៃ

ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងដឹកនាំសិស្សានុសិស្សចំនួន៣៣នាក់ ស្រី១៥នាក់ ទស្សនកិច្ចសិក្សាទៅកាន់កន្លែងតម្កល់អដ្ឋិធាតុជនរងគ្រោះក្នុងរបបខ្មែរក្រហមមួយកន្លែង ស្ថិតនៅក្នុងបរិវេណវត្ត ទួលជ្រៃ នាភូមិទួលជ្រៃ ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលមានចម្ងាយប្រមាណ២៥គីឡូម៉ែត្រពីទីរួមខេត្តព្រៃវែង តាមកំណាត់ផ្លូវជាតិលេខ១១ ឆ្ពោះទៅកាន់ទីប្រជុំជនអ្នកលឿង។ ការធ្វើទស្សនកិច្ចសិក្សានេះ គឺដើម្បីឆ្លើយតបទៅនឹងសំណួររបស់ក្មេងប្រុសម្នាក់ឈ្មោះ ហ៊ាប សំណាង ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ មេសាង ដែលបានសួរថា «តើសកម្មភាពក្នុងរបបខ្មែរក្រហមនៅតាមមូលដ្ឋាន ពិតដូចការរៀបរាប់នៅក្នុងសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យដែរឬទេ? សំណួរនេះ បានបង្ហាញពីអារម្មណ៍ និងភាពមិនទាន់ជឿជាក់ច្បាស់ក្នុងចិត្តនៅឡើយថា តើពិតជាមានអំពើព្រៃផ្សៃកើតមាននៅក្នុងរបបខ្មែរក្រហមដែរឬយ៉ាងណា។

អំឡុងពេលនោះ លោក ផេង ពង្សរ៉ាស៊ី ដែលជាគ្រូឧទ្ទេសក្នុងកម្មវិធីវេទិកាថ្នាក់រៀនចុងសប្តាហ៍ បានពន្យល់លម្អិតទាក់ទងនឹងព្រឹត្តិការណ៍សំខាន់ៗដែលកើតមានក្នុងរបបខ្មែរក្រហម ព្រមទាំងបានលើកឧទាហរណ៍មួយចំនួនស្តីពីការជួបសម្ភាសន៍ និងសាច់រឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ប្រាប់ទៅកាន់សិស្សានុសិស្ស។ ដើម្បីឲ្យយុវជនឈ្មោះ សំណាង ឈ្វេងយល់កាន់តែច្បាស់ពីរឿងរ៉ាវកើតមានក្នុងប្រទេសកម្ពុជាចន្លោះឆ្នាំ១៩៧៥ ដល់ ១៩៧៩ លោក ផេង ពង្សរ៉ាស៊ី សន្យាថានឹងនាំ សំណាង និងយុវជនទាំងអស់ ទៅជួបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និង ទៅពិនិត្យមើលដោយផ្ទាល់ភ្នែកនូវទីតាំងតម្កល់អដ្ឋិធាតុជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបខ្មែរក្រហមនៅទួលជ្រៃ។ ក្រោយមក ក៏មានដំណើរទស្សនកិច្ចនេះឡើង ដោយមានការអញ្ជើញអ្នករស់រានមានជីវិតចំនួនប្រាំនាក់ មករៀបរាប់ពីបទពិសោធន៍របស់ខ្លួនឆ្លងកាត់របបខ្មែរក្រហម និងប្រវត្តិទីតាំង ទួលជ្រៃ ដែលជាទីតាំងសម្លាប់មនុស្សរបស់ខ្មែរក្រហម ប្រាប់ដល់សិស្សានុសិស្សទាំងនោះ។

ពេលមកដល់ទួលជ្រៃ យុវជនទាំងអស់ ខ្លះឈរ ខ្លះអង្គុយស្តាប់យ៉ាងយកចិត្តទុកដាក់ចំពោះរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងឈ្វេងយល់កាន់តែច្បាស់ថែមទៀតពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅទីនេះ។ អាចារ្យវត្តទួលជ្រៃឈ្មោះ សុខ ឃាង បានរៀបរាប់យ៉ាងលម្អិតពីរឿងរ៉ាវដែលបានកើតឡើងនៅបរិវេណភូមិទួលជ្រៃតាំងពីឆ្នាំ១៩៧០ គឺក្រោយពេលកើតមានព្រឹត្តិការណ៍រដ្ឋប្រហារ១៨មីនា រហូតដល់ចុងឆ្នាំ១៩៧៨។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ទៀតឈ្មោះ ឡុក រៀបរាប់ពីជីវិតដ៏លំបាកនៅក្នុងរបបខ្មែរក្រហម និងប្រាប់ពីហេតុការណ៍ដែលគាត់បានឃើញផ្ទាល់ភ្នែកនូវសាកសពមនុស្សយ៉ាងច្រើន និងរណ្តៅសាកសពពាសពេញនៅលើទួលជ្រៃ។ លោកយាយបានបន្ថែមថា លោកយាយតែងតែឃើញស្រស់ៗនូវព្រលឹងសាកសពមនុស្សដែលស្លាប់នៅទួលជ្រៃ និងបានបញ្ជាក់ថាព្រលឹងទាំងនោះហាក់តាមថែរក្សាជីវិតរបស់គាត់ទៀតផង។ លោកយាយបានមករស់នៅលើទីទួលជ្រៃដំបូងគេក្រោយឆ្នាំ១៩៧៩។ លោកយាយប្រាប់ថា មុនដំបូងគាត់មានអារម្មណ៍ខ្លាចខ្មោចដែរ ប៉ុន្តែក្រោយមកពេលដែលគាត់ឧស្សាហ៍ឃើញវិញ្ញាណនៅនឹងភ្នែកញឹកញាប់ពេក ទើបគាត់លែងខ្លាចខ្មោចរហូតមកដល់សព្វថ្ងៃនេះ។

ចំណែក អាចារ្យវត្តទួលជ្រៃម្នាក់ទៀត ឈ្មោះ ទេព ភុន បានយំសោកនៅចំពោះមុខសិស្សានុសិស្ស ដោយសារគាត់បាត់បង់សាច់ញាតិបងប្អូនរបស់គាត់ទាំងអស់នៅទួលជ្រៃនេះ។ គាត់មិនបានរៀបរាប់ច្រើនក្រៅពីនេះទេ ដោយសារតែគាត់រន្ធត់និងសោកសង្រេង។ សូមបញ្ជាក់ថា ទួលជ្រៃគឺជាទីទួលមួយដែលពុំមានមនុស្សរស់នៅឡើយកាលពីមុនរបបខ្មែរក្រហម។ មានតែផ្ទះរបស់អ្នកភូមិមួយចំនួនតូចប៉ុណ្ណោះដែលស្ថិតនៅក្បែរទីទួលនេះកាលពីរបប លន់ នល់។ នៅក្នុងរបបខ្មែរក្រហម ទីទួលនេះបានប្រែក្លាយទៅជាកន្លែងកប់សាកសពទាហាន លន់ នល់, សាកសពយោធានិងកម្មាភិបាលខ្មែរក្រហមជំនាន់ សោ ភឹម និងសាកសពប្រជាជន ដែលត្រូវខ្មែរក្រហមសម្លាប់ពីបទប្រព្រឹត្តិកំហុសតិចតួចដូចជាលួចអាហារហូបជាដើម។

ក្រោយឆ្នាំ១៩៧៩ រណ្តៅកប់សាកសពស្ទើរតែទាំងអស់ត្រូវបានប្រជាជនគាស់ដើម្បីរកមាស និងវត្ថុមានតម្លៃដែលស្ថិតនៅជាប់នឹងខោអាវសាកសព។ ឆ្អឹងសាកសពជាច្រើនត្រូវបានលើកចេញពីរណ្តៅ និងនាំយកមកដាក់តម្កល់នៅក្នុងវត្តពាម ដែលស្ថិតនៅចម្ងាយប្រមាណពីរគីឡូម៉ែត្រពីទីទួលនេះ។ ដោយសារតែខ្វះការថែទាំ អដ្ឋិធាតុភាគច្រើន ត្រូវបានបំផ្លាញដោយសត្វពាហនៈ និងមនុស្ស ហើយអដ្ឋិធាតុមួយចំនួនតូចដែលនៅសេសសល់ ត្រូវនាំយកមកដាក់តម្កល់នៅក្នុងចេតិយមួយនៅក្នុងបរិវេណវត្តទួលជ្រៃ បន្ទាប់ពីវត្តនេះត្រូវបានកសាងឡើងនៅឆ្នាំ២០១៣។ ហ៊ាប សំណាង បានស្តាប់យ៉ាងយកចិត្តទុកដាក់។ យុវជន សំណាង ដែលកំពុងឈរនៅក្នុងចំណោមសិស្សានុសិស្សទាំង៣៣នាក់ មកពីវិទ្យាល័យ មេសាង ស្តាប់ការរៀបរាប់របស់អ្នករស់រានមានជីវិតទាំងអស់ បានសម្តែងឲ្យឃើញទឹកមុខស្រពាប់ស្រពោន មិននិយាយស្តី និងហាក់ដូចជាជឿជាក់លើពាក្យសម្តីពិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងនោះ។ អាចារ្យ សុខ ឃាង បានបញ្ជាក់ថា រឿងរ៉ាវដែលគាត់ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបាននិយាយនៅពេលនេះ គឺជារឿងរ៉ាវពិតដែលបានកើតមានចំពោះអ្នកភូមិទួលជ្រៃប្រាកដមែន។ លោកបន្តថា អ្នកភូមិទាំងអស់ដែលមានវ័យចំណាស់ៗ គឺសុទ្ធសឹងតែមានប្រវត្តិរឿងរ៉ាវស្រដៀងគ្នាចំពោះការបាត់បង់សមាជិកគ្រួសារនៅក្នុងរបបខ្មែរក្រហម។

បន្ទាប់ពីអ្នករស់រានមានជីវិតទាំងអស់បញ្ចប់ការចែករំលែករឿងរ៉ាវជីវិតរបស់ខ្លួនរួចមក យុវជនទាំងអស់ត្រូវបាននាំទៅកាន់ចេតិយមួយកន្លែងស្ថិតនៅភាគខាងត្បូងព្រះវិហារ។ ទីនោះគឺជាកន្លែងតម្កល់អដ្ឋិធាតុដែលនៅសេសសល់បន្តិចបន្តួច។ លោក សុខ ឃាង បានពន្យល់ដល់ក្មេងៗទាំងអស់ពីដើមហេតុដែលនាំឲ្យមានការនាំយកអដ្ឋិធាតុមកតម្កល់នៅទីនេះ និងបានប្រាប់ថា ជារៀងរាល់ឆ្នាំឲ្យតែមានពិធីបុណ្យផ្សេងៗ គឺមានប្រជាជនរស់នៅជុំវិញបរិវេណទួលជ្រៃ និងប្រជាជនមកពីទីជិតឆ្ងាយចូលមកធ្វើបុណ្យដើម្បីឧទ្ធិកុសលជូនសាច់ញាតិដែលបានស្លាប់នៅទីនោះ។

អត្ថបទ ៖ ភា រស្មី បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖