នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ មជ្ឈមណ្ឌលលឯកសារខេត្តកំពង់ចាម រៀបចំវេទិកាអប់រំសហគមន៍ស្តីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ក្រោមប្រធានបទ «ការចងចាំនៃជនរងគ្រោះដែលបានស្លាប់ក្នុងរបបខ្មែរក្រហម និងបទពិសោធន៍របស់ជនជាតិចាមក្នុងសហគមន៍កោះសូទិនក្នុងរបបខ្មែរក្រហម» ដោយមានការចូលរួមរបស់សិស្សានុសិស្សមកពីវិទ្យាល័យ ឈីន លាន ហាន់ជ័យ ចំនួន៥៤នាក់។ វេទិកាអប់រំសហគមន៍នេះត្រូវបានបង្កើតឡើងដើម្បីផ្ដល់ចំណេះដឹងដល់សិស្សអំពីប្រវត្តិសាស្រ្តខ្មែរក្រហម តាមរយៈការធ្វើបទបង្ហាញ ការចាក់បញ្ចាំងវីដេអូឯកសារ និងបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលរស់នៅក្នុងសហគមន៍ចាម ក្នុងរបបខ្មែរក្រហម។
ជាកិច្ចចាប់ផ្ដើម លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានស្វាគមន៍សិស្សានុសិស្សទាំងអស់ និងចាប់ផ្ដើមធ្វើបទបង្ហាញស្ដីអំពីប្រវត្តិសាស្រ្ត ចាប់តាំងពីរដ្ឋប្រហាររបស់ លន់ នល់ នៅឆ្នាំ១៩៧០, ការផ្ទុះឡើងនូវសង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម, ការឡើងកាន់អំណាចរបស់ខ្មែរក្រហម រហូតដល់ការជម្លៀសប្រជាជនចេញពីទីក្រុង និងទីប្រជុំជនទៅកាន់ជនបទ។ ក្នុងបទបង្ហាញនេះ លោក ស៊ាង ចិន្ដា បានផ្ដោតសំខាន់ទៅលើការកំណត់ និងការបែងចែកប្រជាជនរបស់ខ្មែរក្រហម រួមមាន ៖ ប្រជាជនចាស់ (ឬហៅថា ប្រជាជន៧០) គឺជាប្រជាជន រស់នៅតំបន់ដែលខ្មែរក្រហមបានរំដោះចាប់តាំងពីឆ្នាំ១៩៧០។ ប្រជាជនកណ្ដាល (ឬហៅថា ប្រជាជន៧៣) គឺជាប្រជាជនរស់នៅតំបន់ដែលខ្មែរក្រហមបានរំដោះនៅឆ្នាំ១៩៧៣ និង ប្រជាជន៧៥ ឬប្រជាជន១៧មេសា គឺជាប្រជាជនដែលត្រូវបានជម្លៀសចេញពីទីក្រុងភ្នំពេញ និងទីរួមខេត្តមកកាន់ភូមិនានា បន្ទាប់ពីខ្មែរក្រហមបានឡើងកាន់កាប់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
ការកំណត់ និងការបែងចែកប្រជាជន គឺជាចំណុចសំខាន់មួយដើម្បីឲ្យសិស្សានុសិស្សយល់ដឹងអំពីប្រជាជនដែលត្រូវបានកំណត់អត្តសញ្ញាណក្នុងពេលវេលាមួយ និងទទួលរងបទពិសោធន៍ និងទុក្ខលំបាកផ្សេងៗរបស់ជនរងគ្រោះក្នុងរបបខ្មែរក្រហម។
បន្ទាប់ពីបទបង្ហាញត្រូវបានបញ្ចប់ លោក ស៊ាង ចិន្ដា បានបន្តដឹកនាំសិស្សពិភាក្សាក្រោមប្រធានបទ ៖ «ការចងចាំនៃការបាត់បង់ជីវិតសមាជិក និងបទពិសោធន៍របស់ជនជាតិចាមនៅសហគមន៍កោះសូទិនក្នុងរបបខ្មែរក្រហម» ដោយមានការចូលរួមពីអ៊ំស្រី ណីស រំតះ និងអ៊ំស្រី ម៉ាត់ វី ដែលត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិទៅលត់ដំនៅខេត្តបាត់ដំបងក្នុងឆ្នាំ១៩៧៦ និងបានបាត់បង់បងប្អូន និងឪពុកម្ដាយនៅពេលនោះ។ អ៊ំស្រី ណីស រំតះ និង ម៉ាត់ វី ត្រូវបានដឹកជញ្ជូនតាមស្រឡាង តាមរថយន្ត និងតាមរថភ្លើង រហូតដល់ខេត្តបាត់ដំបង។ បទពិសោធន៍នៃការធ្វើដំណើរដ៏វែងឆ្ងាយ និងមិនអាចវិលត្រឡប់មកភូមិកំណើតក្នុងរបបខ្មែរក្រហម គឺនៅតែស្ថិតក្នុងការចងចាំរបស់អ៊ំស្រីទាំង២ដែលបានចែករំលែកបទពិសោធន៍ និងការបាត់បង់សមាជិកគ្រួសារ ទៅកាន់សិស្សានុសិស្សដូចខាងក្រោម៖
ណីស រំតះ អាយុ៧២ឆ្នាំ រស់នៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម គឺជាជនជាតិចាមដែលត្រូវបានជម្លៀសចេញពីស្រុកកោះសូទិន ទៅកាន់ខេត្តបាត់ដំបង រៀបរាប់អំពីបទពិសោធន៍ក្នុងកងចល័តនារី និងការបាត់បង់បងប្រុសស្រីក្នុងរបបខ្មែរក្រហម៖
«ខ្ញុំមិនបានរៀនសូត្រទេ ដោយសារជីវភាពគ្រួសារមានការលំបាក។ នៅឆ្នាំ១៩៧០ មានរដ្ឋប្រហារទម្លាក់សម្ដេចឪកើតឡើង។ បាតុកម្មបានផ្ទុះឡើង ហើយបាតុករដង្ហែក្បួនតវ៉ាទៅកាន់ទីរួមខេត្តកំពង់ចាម។ នៅពេលនោះគ្រួសារខ្ញុំរត់ទៅរស់នៅម្ដុំរកាកោង និងក្រោយមកវិលត្រឡប់មករស់នៅភូមិវិញ។ នៅឆ្នាំ១៩៧៦ គ្រួសារខ្ញុំត្រូវបានជម្លៀសទៅខេត្តបាត់ដំបង តាមផ្លូវទឹក (ជិះស្រឡាង) និងផ្លូវដែក (ជិះរទេះភ្លើង)។ ខ្ញុំត្រូវបានដាក់ឲ្យធ្វើការនៅកងចល័តនារី ធ្វើការងារដកស្ទូង រែកដី និងលើកទំនប់។ ខ្ញុំត្រូវទៅធ្វើការចាប់ពីម៉ោង៦ដល់ម៉ោង១១ទើបបានឈប់សម្រាកថ្ងៃត្រង់ និងបន្តទៅធ្វើការងារ ចាប់ពីម៉ោង១ដល់ម៉ោង៥ល្ងាច។ នៅពេលនោះ ខ្ញុំត្រូវស្ទូងស្រូវ។ ប្រសិនបើខ្ញុំស្ទូងស្រូវអណ្ដែតមួយដើម ខ្ញុំនឹងត្រូវបានចាប់វាយធ្វើបាប ឬសម្លាប់ចោល។ បងស្រីរបស់ខ្ញុំបានដួលដោយសារតែភ្លៀងខ្យល់ខ្លាំង និងត្រូវបានចាប់យកទៅធ្វើទារុណកម្មដោយការក្របួចសក់ឡើងលើដើម្បីវាយ និងបន្ទាប់មកត្រូវបានយកទៅសម្លាប់។ ខ្ញុំធ្វើការនៅការដ្ឋានរាំងក្រោល ដែលមានប្រធានកងចល័តឈ្មោះ ណុច និងប្រពន្ធឈ្មោះ ចាន់។ ប្រធានកងចល័ត និងប្រពន្ធមានចរិតកាចសាហាវខ្លាំងណាស់។ បងប្រុសស្រីរបស់ខ្ញុំចំនួន៣នាក់ត្រូវបានសម្លាប់នៅការដ្ឋាន។ ខ្ញុំរួចផុតពីការកាប់សម្លាប់ និងការអត់ឃ្លាននៅពេលនោះ។ ខ្ញុំនៅតែចងចាំបងប្រុសស្រីរបស់ខ្ញុំដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម»។
ម៉ាត់ វី អាយុ៦២ឆ្នាំ រស់នៅភូមិទី១៥ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម គឺជាជនជាតិចាមដែលត្រូវបានជម្លៀសចេញពីស្រុកកោះសូទិន ទៅកាន់ខេត្តបាត់ដំបង រំឭកអំពីបទពិសោធន៍ក្នុងកងចល័តនារី និងការបាត់បង់បងប្រុសស្រីក្នុងរបបខ្មែរក្រហម ៖
«ខ្ញុំកើតនៅភូមិទី១៥ ឃុំកោះសូទិន ស្រុកកោះសូទិន។ នៅវ័យកុមារ ខ្ញុំបានចូលរៀននៅសាលាបឋមសិក្សាវត្តចុងកោះ។ នៅឆ្នាំ១៩៧១ ខ្ញុំឈប់រៀន ពីព្រោះនៅពេលនោះមានការប្រយុទ្ធគ្នារវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម។ សង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម ផ្ទុះកាន់តែខ្លាំងឡើងៗ រហូតដល់ ឆ្នាំ១៩៧៣។ នៅឆ្នាំ១៩៧៤ ឪពុកម្ដាយខ្ញុំនាំកូនៗរត់ភៀសខ្លួនទៅស្នាក់នៅម្ដុំមហាលាភ និងបន្ទាប់មកបានវិលត្រឡប់មករស់នៅភូមិកំណើតវិញ។ នៅឆ្នាំ១៩៧៥ ឪពុកម្ដាយខ្ញុំត្រូវបានដាក់ឲ្យធ្វើការកងប្រវាស់ដៃ ដើម្បីជួយច្រូត ស្រូវ និងប្រមូលផលដំណាំផ្សេងៗចែកគ្នាហូប។ នៅឆ្នាំ១៩៧៦ គ្រួសាររបស់ខ្ញុំត្រូវបានជម្លៀសទៅខេត្តបាត់ដំបង ដោយជិះស្រឡាង២ជាន់ដែលពោលពេញទៅដោយប្រជាជនជម្លៀស។ គ្រួសារខ្ញុំបានទៅដល់ឃ្លាំងស្បែក និងត្រូវបានដាក់ឲ្យជិះរថយន្ត រហូតដល់ស្ថានីយរទេះភ្លើង។ គ្រួសារខ្ញុំបន្តឡើងជិះរទេះភ្លើងរហូតមកដល់ខេត្តបាត់ដំបង។ នៅពេលនោះ ម្ដាយខ្ញុំបានសួរខ្មែរក្រហមថា តើទៅដល់កន្លែងហើយឬនៅ? ខ្មែរក្រហមបានតបមកវិញថា មិនទាន់ទៅដល់កន្លែងស្នាក់នៅទេ គឺត្រូវជិះរទេះគោទៅស្រះកែវបន្តទៀត។ ខ្ញុំត្រូវបានបញ្ជូនទៅធ្វើការនៅកងចល័តដែលត្រូវដកសំណាប និងរែកសំណាបដើម្បីស្ទូងស្រូវ។ ខ្ញុំអាណិតប្អូនខ្ញុំខ្លាំងណាស់ ពីព្រោះប្អូនខ្ញុំបានស្លាប់ដោយសារតែជំងឺ និងការអត់ឃ្លាន។ ខ្ញុំធ្វើការនៅការដ្ឋានបឹងពើតនៅខេត្តបាត់ដំបង។ បឹងនោះគឺធំណាស់ ដែលមើលទៅគឺសុទ្ធតែវាលស្រែ។ សមាជិកគ្រួសារខ្ញុំជាច្រើននាក់បានស្លាប់បាត់បង់ជីវិតនៅពេលនោះ។ ខ្ញុំបានរួចផុតពីសេចក្ដីស្លាប់ និងនៅតែនឹករឭកគ្រួសារជាទីស្រលាញ់ជានិច្ច»។
សិស្សឈ្មោះ ស៊ុន នីតា ថ្នាក់ទី១០-អេ (A) ផ្នែកវិទ្យាសាស្រ្តពិត មកពីវិទ្យាល័យ ឈីន លាន ហាន់ជ័យ ដែលបានចូលរួមវេទិកាអប់រំសហគមន៍នេះ លើកឡើងថា «ថ្ងៃនេះ ខ្ញុំទទួលបានឱកាសចូលរួមវេទិកាអប់រំសហគមន៍នៅក្នុងឃុំកោះសូទិន រៀបចំដោយមជ្ឈមណ្ឌលឯកសារ ខេត្តកំពង់ចាម។ ខ្ញុំទទួលបានចំណេះដឹងជាច្រើន និង បទពិសោធន៍ពីប្រវត្តិសាស្រ្តខ្មែរក្រហម ដែលប្រទេសកម្ពុជាធ្លាក់ក្នុងអន្លង់នៃភាពវឹកវរក្នុងរបបប្រល័យពូជសាសន៍ និងសង្រ្គាម។ បន្ថែមលើនេះទៀត ខ្ញុំបានយល់ដឹងអំពីបទពិសោធន៍លំបាក និងការបាត់បង់របស់ជនជាតិចាមក្នុងរបបខ្មែរក្រហម។ អ្វីដែលខ្ញុំចាប់អារម្មណ៍បន្ថែមទៀតនោះគឺ ក្នុងរបបខ្មែរក្រហម មិនមានការលេងកីឡា ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានសុខសន្តិភាព និងកំពុងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលធ្វើឲ្យអ្នកលេងកីឡាកាន់តែមានច្រើនឡើង ហើយកីឡារបស់យើងខ្លះត្រូវបានដាក់បញ្ចូលក្នុងការប្រកួតផងដែរ ដូចជាគុនល្បុក្កតោខ្មែរ។ ដូច្នេះ ក្នុងនាមជាយុវជនជំនាន់ក្រោយ ខ្ញុំយល់ថា ការសិក្សាពីប្រវត្តិសាស្រ្តគឺពិតជាមានសារសំខាន់ណាស់»។
សិស្សឈ្មោះ គ្រេង ស៊ាងអ៊ី ថ្នាក់ទី១០-អេ(A) ផ្នែកវិទ្យាសាស្រ្តពិត មកពីវិទ្យាល័យ ឈីន លាន ហាន់ជ័យ លើកឡើងថា «ខ្ញុំទទួលបានចំណេះដឹងបន្ថែម និងការយល់ដឹងអំពីរបបខ្មែរក្រហម រួមមាន ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ភាពលំបាកវេទនា ការធ្វើការងារគ្មានពេលសម្រាក និងការហូបចុកមិនគ្រប់គ្រាន់។ ខ្ញុំក៏ធ្លាប់ស្ដាប់រឿងរ៉ាវជីវិត និងបទពិសោធន៍ជីវិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែរ។ ខ្ញុំពិតជាអាណិតគាត់ខ្លាំងណាស់។ ក្រៅពីរឿងរ៉ាវខាងលើ ខ្ញុំដឹងថាក្នុងរបបខ្មែរក្រហមមិនមានការលេងកីឡាទេ គឺមានតែការបង្ខំ ឲ្យប្រជាជនធ្វើការងារហួសកម្លាំង។ ប៉ុន្ដែនៅពេលបច្ចុប្បន្ននេះ ប្រទេសយើងមានសន្តិភាព ដូច្នេះ កីឡាមួយចំនួនបានរស់ឡើងវិញ»។
សិស្សឈ្មោះ ផេង យូរីម ថ្នាក់ទី១០-អេ(A) ផ្នែកវិទ្យាសាស្រ្តពិត មកពីវិទ្យាល័យ ឈីន លាន ហាន់ជ័យ និយាយថា «នៅថ្ងៃនេះ ខ្ញុំចូលរួមវេទិកាអប់រំសហគមន៍នៅឃុំកោះសូទិន និងយល់ដឹងអំពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ក្នុងរបប ប៉ុល ពត ចាស់ទុំដែលនៅរស់រានមានជីវិត បានចែករំលែកប្រាប់ខ្ញុំអំពីការលំបាកវេទនា ការបង្ខំឲ្យធ្វើការងារធ្ងន់ធ្ងរ ការហូបចុកមិនគ្រប់គ្រាន់ ការបែកចេញពីគ្រួសារ និងការចាប់យកទៅសម្លាប់ ដែលបន្សល់ទុកនូវការស្លាប់ប្រជាជន ជិត២លាននាក់។ ចាស់ទុំដែលជាជនជាតិចាម និងជនជាតិខ្មែរ ទទួលរងការធ្វើបាប និងការលំបាកមិនខុសគ្នានោះទេ ក្នុងរបប ប៉ុល ពត។ អ្វីដែលធ្វើឲ្យខ្ញុំអាណិតអាសូរគាត់ជាខ្លាំងនោះគឺ គាត់និយាយបណ្ដើរ យំបណ្ដើរដើម្បីប្រាប់ខ្ញុំអំពីរឿងរ៉ាវមិនអាចបំភ្លេចបានដែលគាត់បានឆ្លងកាត់»។
អត្ថបទ ៖ ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម
រូបថត ៖ លី ដេវីត/មជ្ឈមណ្ឌលឯកសារកម្ពុជា