នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនឹងដល់ថ្ងៃទី២០ ឧសភា ការប្រារព្ធធ្វើពីធីសាសនា និងពិធីរំឮកការចងចាំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ នឹងធ្វើឡើងនៅទូទាំងប្រទេសកម្ពុជា។ កាលពី៥០ឆ្នាំមុន គឺខែឧសភា ឆ្នាំ១៩៧៣ អង្គការបដិវត្តន៍ខ្មែរក្រហម បានបង្កើតសហករណ៍ដើម្បីបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ របស់ប្រជាជនមូលដ្ឋានក្នុងការគាំទ្រដល់កម្លាំងបដិវត្តន៍មហាលោតផ្លោះមហាអស្ចារ្យ។ នៅក្នុងសម័យខ្មែរក្រហម ការបង្កើតសហករណ៍កាន់តែមានលក្ខណៈរីកចម្រើនទៅមុខជាលំដាប់ ពីសហករណ៍កម្រិតទាបទៅសហករណ៍កម្រិតខ្ពស់។ ភាពរីកចម្រើនទៅមុខនេះ កាន់តែធ្វើឲ្យជីវិតប្រជាជនរស់នៅជួបប្រទះទុក្ខលំបាកវេទនាគ្រប់បែបយ៉ាង និងឈានដល់ការបាត់បង់ជីវិតមនុស្សជាងពីរលាននាក់ក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម។
វេទិកាថ្នាក់រៀនស្តីពីការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នាខែឧសភា ឆ្នាំ២០២៣ បានលើកប្រធានបទ «ការបង្កើតសហករណ៍ខ្មែរក្រហម និងផលប៉ះពាល់បន្ទាប់មកទៀត» មកធ្វើការពិភាក្សា និងពន្យល់ពីព្រឹត្តិការណ៍ឃោរឃៅនានា ដែលជាលទ្ធផលបានមកពីការបង្កើតសហករណ៍របស់ខ្មែរក្រហម។ សិស្សានុសិស្សមកពីវិទ្យាល័យមេសាង ចំនួន៣៣នាក់ ស្រី១៥នាក់ និងគ្រូដឹកនាំសិស្សចំនួន២នាក់ បានមកចូលរួមនៅក្នុងវេទិកាថ្នាក់រៀនប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ។ គ្រូឧទ្ទេស ផេង ពង្សរ៉ាស៊ី បានលើកយកជំពូកទី៨ នៃសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ មានចំណងជើង «ជីវិតរស់នៅប្រចាំថ្ងៃក្នុងរបបកម្ពុជាប្រជាធិបតេយ្យ» មកធ្វើបទបង្ហាញ និង ពន្យល់យ៉ាងក្បោះក្បាយពីចំណុចសំខាន់ៗ មួយចំនួនដូចជា ៖ ការបង្កើតសហករណ៍, វណ្ណៈសង្គមថ្មីពីរ, ពីធីរៀបមង្គលការ ការរំលោភលើសិទ្ធ, និងពលកម្មរបស់កុមារ, ការបង្ខំឲ្យធ្វើការងារជាទម្ងន់, បន្សុទ្ធកម្ម និងការសម្លាប់រង្គាល។ សិស្សានុសិស្សទាំងអស់បានដឹងពីការរស់នៅរបស់ប្រជាជនក្នុងសម័យខ្មែរក្រហម ជាពិសេស ទុក្ខលំបាករបស់ប្រជាជនក្នុងការបង្កើតសហករណ៍ និងការសម្លាប់មនុស្សយ៉ាងព្រៃផ្សៃ។
ចុងបញ្ចប់នៃកម្មវិធីវេទិកាថ្នាក់រៀនចុងសប្តាហ៍ សិស្សានុសិស្សទាំងអស់ត្រូវបានវាស់ស្ទង់ពីចំណេះដឹងទាក់ទងនឹងការបង្កើតសហករណ៍ តាមរយៈការសួរសំណួរ «តើការបង្កើតសហករណ៍របស់ខ្មែរក្រហម បណ្តាលឲ្យមានមនុស្សស្លាប់ច្រើនដែឬទេ? មូលហេតុអ្វី?»។ សំណួរនេះ ត្រូវបានផ្តល់ឲ្យតាមរយៈការបំពេញតារាងស្ទាបស្ទង់មតិក្រោយការធ្វើបទបង្ហាញវេទិកាថ្នាក់រៀន ហើយសិស្សានុសិស្សទាំងអស់ បានបំពេញសំណួរនេះគ្រប់គ្នា។ តាមរយៈចម្លើយដែលសិស្សានុសិស្សបានឆ្លើយ យើងអាចសន្និដ្ឋានបានថា សិស្សានុសិស្សទាំងអស់ពិតជាបានផ្តល់ចម្លើយស្រដៀងគ្នាថា ការបង្កើតសហករណ៍ គឺពិតជានាំឲ្យប្រជាជនស្លាប់ច្រើន ព្រោះប្រជាជនត្រូវធ្វើការហួសកម្លាំង, គ្រោះអត់ឃ្លាន, បាត់បង់ស្មារតី និងវិញ្ញាណ, បែកបាក់ក្រុមគ្រួសារ, ទារុណកម្ម និងការជម្លៀស។ ចម្លើយរបស់សិស្សានុសិស្សចំនួន៤នាក់ដំបូង ត្រូវបានយកមកភ្ជាប់ជាមួយនឹងសំណេរ ដូចខាងក្រោម៖
ធន់ សុខឃាង ភេទប្រុស អាយុ១៧ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យមេសាង បានលើកឡើងថា ការបង្កើតសហករណ៍របស់ខ្មែរក្រហមនាំឲ្យមានការសម្លាប់មនុស្ស ព្រោះនៅក្នុងរបបខ្មែរក្រហមគឺជារបបមួយពោរពេញទៅដោយការរើសអើងគ្នា។ អ្នកមានទ្រព្យសម្បត្តិ និងអ្នកចេះដឹង ត្រូវបានអង្កការចាប់យកទៅសម្លាប់ចោល។ លើសពីនេះទៅទៀត អង្គការបានបង្ខំឲ្យប្រជាជនខ្មែរទូទាំងប្រទេសនាំគ្នាទៅទីជនបទ ដើម្បីធ្វើស្រែចម្ការ និងធ្វើការហួសកម្លាំងលើសរយៈពេល១២ម៉ោងក្នុងមួយថ្ងៃ។ ប្រជាជនត្រូវបានបង្ខំឲ្យធ្វើការពេលយប់បន្ថែមទៀតចាប់ពីម៉ោង៦ ដល់ម៉ោង១០យប់ ធ្វើឲ្យមានជំងឺ បាក់កម្លាំងស្លាប់ជាច្រើននាក់។ អង្គការបានឲ្យប្រជាជនហូបបបរបន្តិចបន្តួចក្នុងមួយថ្ងៃ ហើយប្រជាជនមួយចំនួនដាច់ពោះស្លាប់ និងខ្លះទៀតហ៊ានលួចអាហារហូប។ ចំពោះប្រជាជនដែលហ៊ានលួចអាហារហូបអង្គការចាត់ទុកថាជាជនក្បត់ និងយកទៅសម្លាប់ចោល។
ម៉ៅ ស្រីពៅ ភេទស្រី អាយុ១៩ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យមេសាងយល់ថា ការបង្កើតសហករណ៍របស់ខ្មែរក្រហមនាំឲ្យមានការសម្លាប់មនុស្ស ដោយសារមនុស្សមួយចំនួនរស់នៅមិនចេះយោគយល់គ្នា មានតែការចងកំហឹងទៅលើគ្នា និងមានការឈ្លោះទាស់ទែងគ្នាឈានដល់ការប្រើអំពើហិង្សា។ នៅគ្រប់ការដ្ឋានការងារទាំងអស់តែងតែមានអ្នកតូច អ្នកធំ នៅគ្រប់កន្លែងសម្បូរអង្គការភ្នែកម្នាស់ ថ្នាក់លើយកព័ត៌មានមិនពិត ហើយចុះមកសម្លាប់មនុស្សដោយគ្មានហេតុផល។ ប្រជាជនរស់នៅក្នុងភាពភ័យខ្លាច ព្រោះមានការកាប់សម្លាប់ ការធ្វើពលកម្មធ្ងន់ធ្ងរ ជួបជុំគ្នាអង្គការចោទថាក្បត់ បេះផ្លែឈើតិចតួចចោទថាខ្មាំង រស់នៅគ្មានសិទ្ធិសេរីភាព មិនចេះសាមគ្គីគ្នា និងកាប់សម្លាប់ធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ។
រ៉ុម សារាយ ភេទប្រុស អាយុ១៨ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យមេសាងយល់ឃើញថា ការបង្កើតសហករណ៍របស់ខ្មែរក្រហមនាំឲ្យមានការសម្លាប់មនុស្ស ព្រោះប្រជាជនរស់នៅដោយមិនមានការទុកចិត្តគ្នាទៅវិញទៅមក ប្រជាជនដែលលួចលាក់ទ្រព្យសម្បត្តិ ចំណីអាហារត្រូវបានអង្គការចោទជាខ្មាំង នឹងត្រូវយកទៅសម្លាប់ចោល។ ឪពុកម្ដាយប្រពន្ធកូនត្រូវយកការពីគ្នាទៅវិញទៅមក។ ប្រសិនបើធ្វើខុសនឹងត្រូវយកទៅសម្លាប់។ នៅពេលមានការសម្ដែងសិល្បៈ ប្រជាជនត្រូវទៅមើលទាំងអស់គ្នា ប្រសិនបើប្រកែកមិនទៅនឹងត្រូវចោទជាខ្មាំង។
ហ៊ាប សំណាង ភេទប្រុស អាយុ១៧ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យមេសាងយល់ឃើញថា ការបង្កើតសហករណ៍របស់ខ្មែរក្រហមនាំឲ្យមានការសម្លាប់មនុស្ស ពីព្រោះប្រជាជនហូបមិនគ្រប់គ្រាន់ ធ្វើការជាទម្ងន់ ហួសកម្លាំង និងធ្វើការលើសម៉ោង។ ប្រជាជនម្នាក់ទទួលបានបបរមួយចានប៉ុណ្នោះសម្រាប់មួយពេល និងមានការតាមដានគ្នាទៅវិញទៅមក ចោទគ្នាឯងថាជាខ្មាំងរបស់អង្គការ។ ដើម្បីសម្រេចផែនការ អង្គការបានធ្វើបន្សុទ្ធកម្ម មានការបែងចែកប្រជាជន បណ្ដុះស្មារតីឲ្យមនុស្សលែងទុកចិត្តគ្នា មេដឹកនាំផ្ដាច់ការមិនទុកចិត្តប្រជាជនថ្មី អនុវត្តលទ្ធិកុម្មុយនីស្តផ្ដាច់ការ និងសម្លាប់មេដឹកនាំរបបមុនៗ។
ថ្ងៃទី២០ ឧសភា ក្លាយជា «ថ្ងៃទិវាការចងចាំ» ពីប្រវត្តិសាស្ត្រខ្មែរក្រហមនាពេលបច្ចុប្បន្ន។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ នៅថ្ងៃទី២០ ឧសភា គឺជា «ទិវាចងកំហឹង» ចំពោះបនប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី។ នៅថ្ងៃ២០ ឧសភានេះ រូបតំណាង ប៉ុល ពត និង អៀង សារី ធ្វើពីចំបើង តែងតែត្រូវបានដុតនៅមុខមហាជនដែលបានចូលរួមនៅក្នុងទិវានេះ។ ក្រោយមក រាជរដ្ឋាភិបាលកម្ពុជាបានផ្លាស់ប្តូរពី «ទិវាចងកំហឹង» ដោយជំនួសមកវិញនូវ «ទិវាជាតិនៃការចងចាំ»។ ប្រជាជនមន្ត្រីរាជការ ព្រះសង្ឃ និងមនុស្សគ្រប់ជាន់ថ្នាក់ បានមកជួបជុំគ្នាធ្វើពិធីបង្សុកូល ឧទ្ទិសកុសល្យ និងបួងសួងដល់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ក្នុងរបបខ្មែរក្រហម ឲ្យបានដល់សុគតិភព។\
អត្ថបទ ៖ ភា រស្មី បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា