យុវជនអាយុក្រោម១៩ឆ្នាំ មានឪពុកម្តាយមិនធ្លាប់ឆ្លងកាត់របបខ្មែរក្រហម ចំនួន៣២នាក់ ក្នុងនោះស្រី២៥នាក់ បានចូលរួមកម្មវិធីវេទិកាថ្នាក់រៀនចុងសប្តាហ៍ រៀបចំដោយមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣។ យុវជនទាំងនោះគឺជាសិស្សានុសិស្សមកពីវិទ្យាល័យ ហ៊ុន សែន កំពង់លាវ និងវិទ្យាល័យ ព្រះអង្គឌួងក្នុងខេត្តព្រៃវែង។ តាមរយៈការបំពេញតារាងស្ទាបស្ទង់មតិមុនពេលធ្វើវេទិកាថ្នាក់រៀនឃើញថា ក្នុងចំណោមសិស្សានុសិស្សទាំងអស់សុទ្ធតែធ្លាប់បានដឹង ពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ។ ក្នុងនោះ ក្មេងៗចំនួន១៩នាក់ ស្មើនឹង៥៥.៩% លើកឡើងថា ខ្លួនបានដឹងពីប្រវត្តិសាស្ត្រខ្មែរក្រហម តាមរយៈការសិក្សាជាមួយលោកគ្រូអ្នកគ្រូនៅតាមសាលារៀន។ សិស្សានុសិស្សចំនួន១៤នាក់ ស្មើនឹង៤១.២% ផេ្សងទៀតប្រាប់ថា ខ្លួនធ្លាប់ដឹងពីប្រវត្តិសាស្ត្រខ្មែរក្រហម តាមរយៈការស្តាប់ជីដូនជីតា ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ មានតែសិស្សម្នាក់គត់ ឬស្មើនឹង៣% នៃចំនួនសិស្សទាំងអស់ឆ្លើយថា ខ្លួនបានដឹងប្រវត្តិសាស្ត្រខ្មែរក្រហម តាមរយៈការអានសៀវភៅ និងតាមដានប្រព័ន្ធផ្សព្វផ្សាយ ហ្វេសប៊ុក ទស្សនាវដ្តី កាសែត ទូរទស្សន៍ វិទ្យុ គេហទំព័រនានា និងយូធូប។ ចំពោះការយល់ដឹងអំពីនិយមន័យនៃអំពើប្រល័យពូជសាសន៍ យើងសង្កេតឃើញថា សិស្សានុសិស្សបានបង្ហាញពីចម្លើយខុសៗគ្នាតាមការយល់ឃើញរបស់ខ្លួន។ ក្នុងនោះ សិស្សច្រើនជាង៦០% ឆ្លើយថាអំពើប្រល័យពូជសាសន៍គឺជា «អំពើទាំងឡាយណាដែលប្រព្រឹត្តឡើងក្នុងគោលបំណងបំផ្លិចបំផ្លាញចោលទាំងស្រុង ឬដោយផ្នែកចំពោះក្រុមជនជាតិ ជាតិពន្ធុ ពូជសាសន៍ ឬក្រុមសាសនា»។ សិស្សានុសិស្សទាំងអស់ត្រូវវាស់ស្ទង់ចំណេះដឹងមុន និង ក្រោយពេលធ្វើវេទិកាថ្នាក់រៀនថា តើអ្នកទាំងនោះយល់ដឹងអ្វីខ្លះពីវិធីសាស្ត្រទប់ស្កាត់អំពើប្រល័យពូជសាសន៍។
សំរុំាំង ស្រីណែត ភេទស្រី អាយុ១៦ឆ្នាំរៀបរាប់ថា ខ្ញុំគឺជាសិស្សថ្នាក់ទី១២B នៅវិទ្យាល័យ ហ៊ុន សែន កំពង់លាវ។ សព្វថ្ងៃ ខ្ញុំរស់នៅភូមិជើងទឹក សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ មុនពេលចូលរួមក្នុងវេទិកាថ្នាក់រៀន ខ្ញុំធ្លាប់រៀនក្រៅម៉ោងបន្ថែមអំពីប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យជាមួយលោកគ្រូនៅសាលារៀន។ ឪពុកម្ដាយរបស់ខ្ញុំមិនដែលនិយាយអ្វីប្រាប់ខ្ញុំនោះទេ ដោយសារពេលរបបខ្មែរក្រហមគាត់នៅក្មេង។ លោកយាយលោកតារបស់ខ្ញុំស្លាប់អស់ហើយ។ ពេលរៀនជាមួយលោកគ្រូរួច ទើបខ្ញុំបានដឹងថាប្រជាជននៅក្នុងសម័យខ្មែរក្រហមរស់នៅក្រោមការគាបសង្កត់របស់កម្មាភិបាលខ្មែរក្រហម ប្រជាជនរស់នៅរួមគ្នា ហូបចុករួមគ្នា និងមិនមានអ្នកមាន អ្នកក្រ។ ប្រជាជនក្នុងសម័យនោះធ្វើការលើសពី១២ម៉ោង ហើយហូបអាហារបានបន្តិចបន្តួច។ ប៉ុន្តែ ពេលខ្ញុំចូលរៀនជាមួយលោកគ្រូថ្ងៃនេះមក ខ្ញុំយល់ដឹងបន្ថែមទៀតទាក់ទងការរស់នៅរបស់ប្រជាជន ការសម្លាប់ប្រជាជន ហើយខ្ញុំពិតជាមិនចង់ឲ្យរបបមួយនេះកើតឡើងម្ដងទៀតនោះទេ។ ដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍កុំឲ្យកើតឡើងម្ដងទៀត ខ្ញុំយល់ថាយើងមិនត្រូវប្រើអំពើហិង្សា មិនត្រូវរើសអើងវណ្ណះ ឬក៏ពណ៌សម្បុរ និងការពារតាមរយៈការអប់រំ វប្បធម៌ សាសនា នៅក្នុងសហគមន៍។
ឆុន សុភ័ក្ដ្រ ភេទស្រី អាយុ១៦ឆ្នាំរៀបរាប់ថា ខ្ញុំគឺជាសិស្សថ្នាក់ទី១២B នៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន កំពង់លាវ។ សព្វថ្ងៃ ខ្ញុំរស់នៅភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ មុនពេលចូលរួមក្នុងវេទិកាថ្នាក់រៀនប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ខ្ញុំធ្លាប់ដឹងរឿងរ៉ាវសម័យខ្មែរក្រហមតាមរយៈលោកយាយលោកតានិយាយប្រាប់ តាមរយៈគ្រូបង្រៀននៅសាលា និងចុះកម្មសិក្សាទៅមើលទីកន្លែងផ្ទាល់នៅគុកទួលស្លែងជាដើម។ លោកយាយ លោកតា របស់ខ្ញុំនិយាយថាសម័យនោះលំបាកណាស់ រស់នៅដោយភាពភ័យខ្លាច ព្រោះត្រូវរត់គេចពីគ្រាប់បែក គ្រាប់ផ្លោង ហើយក្រុមគ្រួសារក៏មិនអាចរស់នៅជុំគ្នាបាន និងមិនមានអាហារគ្រប់គ្រាន់។ ពេលខ្ញុំស្តាប់លោកយាយដំបូងខ្ញុំមិនសូវជឿប៉ុន្មានទេ ប៉ុន្តែពេលបានរៀនជាមួយលោកគ្រូបន្ថែមទៀតទើបខ្ញុំយល់កាន់តែច្បាស់។ ការសិក្សានៅសាលារៀនធ្វើឲ្យខ្ញុំបានដឹងអំពីការរស់នៅរបស់ប្រជាជន ការដឹកនាំរបស់កម្មាភិបាលខ្មែរក្រហម ការកាប់សម្លាប់ប្រជាជនមានចំណេះដឹង និងយកអ្នកល្ងង់មកដឹកនាំប្រទេស។ ចំពោះវេទិកាថ្នាក់រៀនថ្ងៃនេះ ខ្ញុំពិតជាមានអារម្មណ៍ថាតក់ស្លុតខ្លាំងណាស់ ព្រោះលោកគ្រូបង្រៀននៅថ្ងៃនេះគឺដូចអ្វីដែល ខ្ញុំធ្លាប់ឃើញពីទីកន្លែងសម្លាប់ប្រជាជនខ្មែរ ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ខ្មែរដែលបន្សល់ពីសម័យខ្មែរក្រហម។ នៅក្នុងវេទិកាថ្នាក់រៀនព្រឹកនេះ មានចំណុចមួយដែលខ្ញុំចាប់អារម្មណ៍ខ្លាំងជាងគេនៅពេលលោកគ្រូឧទ្ទេសធ្វើបទបង្ហាញគឺ ខ្មែរក្រហមបានបង្កើតឲ្យមានអំពើប្រល័យពូជសាសន៍ទៅលើជនជាតិចាម និងសាសនាដទៃ។ ខ្ញុំដឹងថាខ្មែរក្រហមសម្លាប់ជនជាតិខ្មែរ ប៉ុន្តែមិនដឹងថាខ្មែរក្រហមសម្លាប់ជនជាតិផ្សេងទៀតនោះទេជាពិសេសជនជាតិចាម។ ខ្ញុំពិតជាមិនចង់ឲ្យរបបនេះកើតឡើងម្ដងទៀតនោះទេ។ ដូចនេះ ខ្ញុំយល់ថាដើម្បីការពារកុំឲ្យរបបនោះត្រឡប់មកវិញ យើងគួរតែមានការអប់រំទូន្មាន ដោះស្រាយបញ្ហាដោយសន្តិវិធី និងប្រឆាំងអំពើប្រល័យពូជសាសន៍ តាមរយៈការមិនរើសអើងពូជសាសន៍ដទៃ។
វីន ដេវិដ ភេទប្រុស អាយុ១៧ឆ្នាំ គឺជាសិស្សរៀននៅវិទ្យាល័យព្រះអង្គឌួង ថ្នាក់ទី១២H រៀបរាប់ថា ចំពោះចំណាប់អារម្មណ៍ខ្ញុំនៅក្នុងថ្ងៃនេះ ខ្ញុំគិតថាល្អសម្រាប់ខ្ញុំព្រោះខ្ញុំបានដឹងបន្ថែមពីការចែករំលែករបស់លោកគ្រូ។ ខ្ញុំធ្លាប់បានស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្មែរក្រហមដែរ ប៉ុន្តែខ្ញុំនៅពុំទាន់ច្បាស់ពីរបបនេះទេ នៅពេលខ្ញុំបានចូលរួមក្នុងវេទិកាព្រឹកនេះ ធ្វើឲ្យខ្ញុំចេះច្បាស់ជាងមុននូវមេរៀនប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ។ ថ្វីត្បិតតែ នៅសាលារៀនមិនទាន់បង្រៀនដល់មេរៀននេះមែន ប៉ុន្តែខ្ញុំមានចំណេះដឹងមុនខ្លះ។ កាលពីក្មេង ខ្ញុំធ្លាប់មើលរឿងខ្មែរក្រហមតាមទូរទស្សន៍ និងមានលោកតាលោកយាយនៅផ្ទះនិយាយរឿងរ៉ាវរបស់គាត់ឲ្យខ្ញុំស្តាប់ ។ គាត់បានបន្ថែមថា មានម្តងនោះលោកតាលោកយាយខ្ញុំធ្វើខុស តែខ្ញុំមិនច្បាស់ថាពួកគាត់ធ្វើខុសរឿងអ្វីទេ អង្គការបានយកគាត់ទៅសួរចម្លើយ និងយកទៅកសាង ប៉ុន្តែជាសំណាងល្អ គាត់នៅមានជីវិតមកដល់សព្វថ្ងៃ។ ចំពោះកម្មវិធីវេទិកាថ្នាក់រៀន ខ្ញុំយល់ដឹងពីរបៀបគ្រប់គ្រងរបស់ខ្មែរក្រហម ដែលខុសប្លែកពីអ្នកគ្រប់គ្រងរបបមុនៗ ក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ការគ្រប់គ្រងរបស់ខ្មែរក្រហម មានការសម្លាប់មនុស្ស និងជម្លៀសប្រជាជនចេញពីទីប្រជុំជនទៅទីជនបទ ព្រមទាំងធ្វើឲ្យគ្រួសារមួយចំនួនត្រូវបែកបាក់គ្នា។ អ្វីដែលគួរឲ្យសោកស្តាយបំផុត គឺខ្មែរក្រហមបានយកអ្នកដែលមានចំណេះដឹងជាច្រើនទៅសម្លាប់ចោល ធ្វើឲ្យប្រទេសជាតិបាត់បង់ធនធានមនុស្ស និងសោកស្តាយដែលប្រទេសកម្ពុជាបានធ្លាក់ទៅក្នុងរបបឃោរឃៅមួយនេះ។
តន ស្រីទូច ភេទស្រី អាយុ១៧ឆ្នាំ គឺជាសិស្សមកពីវិទ្យាល័យ ហ៊ុន សែន កំពង់លាវថ្នាក់ទី១២C រៀបរាប់ថា ខ្ញុំបានដឹងរឿងរ៉ាវពីរបបខ្មែរក្រហមតិចតួច។ កាលដែលខ្ញុំបានចូលរួមនៅក្នុងវេទិកានេះ ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្ត និងយល់ថាកម្មវិធីនេះល្អសម្រាប់ខ្ញុំ ព្រោះនឹងមានសារសំខាន់ចំពោះការប្រឡងរបស់ខ្ញុំនៅថ្ងៃខាងមុខ។ មួយវិញទៀត ការចូលរួមវេទិកាថ្នាក់រៀននេះគឺបន្ថែមចំណេះដឹងពីលើមេរៀនដែលលោកគ្រូបានបង្រៀននៅសាលា។ ខ្ញុំឈ្វេងយល់ពីទុក្ខលំបាករបស់ប្រជាជននាសម័យនោះ ទោះបីជាខ្ញុំកើតមិនទាន់។ ចំពោះមេរៀនប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យដែលខ្ញុំចងចាំជាងគេ គឺក្រោយរបបខ្មែរក្រហមដួលរលំ បានបន្សល់ទុកនូវស្ត្រីមេម៉ាយ ក្មេងកំព្រា ជនពិការ និងគ្រាប់មីនរាយពេញផ្ទៃប្រទេស។ ខ្ញុំជឿថារបបនេះពិតជាកើតមានមែននៅក្នុងប្រទេសកម្ពុជា ព្រោះមានភ័ស្តុតាងដែលបានសរសរនៅក្នុងសៀវភៅ និងសំអាងទៅលើការស្តាប់ បទពិសោធន៍ពិតរបស់លោកតាលោកយាយ និងឪពុកម្តាយរបស់ខ្ញុំ។ ជាចុងក្រោយ ខ្ញុំនឹងខិតខំប្រឹងប្រែងរៀនសូត្រឲ្យមានចំណេះដឹងខ្ពង់ខ្ពស់ បញ្ឈប់ការរើសអើងជាតិសាសន៍ និងសូមសំណូមពរឲ្យប្រជាជនជួយរក្សាប្រទេសជាតិឲ្យមានសុខសន្តិភាព និងព្យាយាមទប់ស្កាត់មិនឲ្យរបបខ្មែរក្រហមវិលត្រឡប់មកវិញសារជាថ្មីម្តងទៀត។
អត្ថបទ៖ ភា រស្មី និង ថុន ស្រីពេជ្រ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា