សម្តេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ត្រូវបានទទួលស្គាល់ថាជាថ្នាក់ដឹកនាំមួយអង្គ ជាព្រះរាជមគ្គទ្ទេសក៍នាំផ្លូវ និងជាព្រះនិមិត្តរូបតំណាងឲ្យកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការផ្លាស់ប្តូរមុខមាត់ថ្មីរបស់ប្រជាជនកម្ពុជា តាមរយៈការអប់រំ។ ដើម្បីជាការទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដ៏វិសេសវិសាលនៃសម្តេចព្រះវររាជមាតាជាតិខ្មែរ មជ្ឈមណ្ឌលឯកសាកម្ពុជា មានកិត្តិយសបង្កើតជា បណ្ណាល័យសម្តេចម៉ែ ដែលដើរតួនាទីជាស្ថាប័នមួយ គាំពារដល់ការអប់រំ, ការសិក្សាស្រាវជ្រាវ និងការអភិរក្សប្រវត្តិសាស្ត្រកម្ពុជា។
បើកសម្ពោធជាផ្លូវការនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ បណ្ណាល័យសម្តេចម៉ែ តម្កល់សៀវភៅរាប់ពាន់ក្បាល រួមជាមួយនឹងឯកសារនិងវត្ថុសិល្បៈនិងប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបានជាច្រើនស្តីអំពីប្រវត្តិសាស្ត្រកម្ពុជា។ បណ្តុំឯកសារដែលតម្កល់ទុកនៅក្នុងបណ្ណាល័យ រួមមាន បណ្ណសារឯកសារខ្មែរក្រហមរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលគួបផ្សំនូវឯកសារប្រមាណជាង១លាន៧សែនទំព័រស្តីពីរបបខ្មែរក្រហម ក៏ដូចជាឯកសារសោទស្សន៍ដែលជាបទសម្ភាសន៍កត់ត្រាទុកនូវបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមថែមទៀតផង។ បន្ថែមលើសពីនេះទៅទៀត បណ្ណាល័យក៏មានតម្កល់ទុកសៀវភៅ, ឯកសារជាក្រដាស, ឯកសារសោទស្សន៍ និងសម្ភារនានាស្តីពីព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ ឯកសារទាំងអស់នេះ ត្រូវបានប្រមែប្រមូលចងក្រងដោយឯកអគ្គរាជទូត ហូលីយ៉ូ អេ. ហែលដ្រេស ក្នុងអំឡុងពេលដែលលោកសិក្សាស្រាវជ្រាវចងក្រងឯកសារស្តីពីសែស្រឡាយរាជវង្ស និងប្រវត្តិសាស្ត្រប្រទេសកម្ពុជា។ ជាចុងបញ្ចប់ បណ្ណាល័យសម្តេចម៉ែ មានតាំងបង្ហាញនូវពិព័រណ៍រូបភាពប្លង់ស្ថាបត្យកម្មនៃវិទ្យាស្ថានស្លឹករឹត។ វិទ្យាស្ថានស្លឹករឹត គឺជាចក្ខុវិស័យរបស់លោក ឆាំង យុ ដែលនឹងជាទីតាំងអចិន្ត្រៃយ៍របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដោយនឹងមានរួមបញ្ចូលនូវសារមន្ទីរ, មជ្ឈមណ្ឌលស្រាវជ្រាវ, សាកលវិទ្យាល័យ, បណ្ណាល័យ និងបណ្ណសារដ្ឋាន។ វិទ្យាស្ថានស្លឹករឹត គឺជាស្នាដៃរចនារបស់ស្ថាបត្យករដ៏ល្បីល្បាញ លោកស្រី ហ្សាហា ហាឌីដ។
បណ្ណាល័យសម្តេចម៉ែ គាំទ្រយ៉ាងមុតមាំចំពោះការយល់ឃើញថា ការអប់រំគឺជាការផ្លាស់ប្តូរមុខមាត់ថ្មី។ ការអប់រំផ្តល់នូវឱកាសមួយឈានទៅសម្រេចការផ្លាស់ប្តូរ និងផ្តល់សេរីភាពដល់បុគ្គល, សហគមន៍ និងប្រជាជាតិ។ ការអប់រំ អាចបញ្ឈប់ការកកើតឡើងវិញនៃអំពើហិង្សា, ភាពអមនុស្សធម៌ និងការគាបសង្កត់នៅក្នុងប្រវត្តិសាស្ត្រ។ ទន្ទឹមនឺងនេះដែរ ការអប់រំអាចផ្តល់ជាឱកាសមួយ ដើម្បីនឹករំពៃជាថ្មីក្នុងការបង្កើតជាអនាគតថ្មីមួយ។
យើងខ្ញុំពិតជាមានកិត្តិយសយ៉ាងអនេក ដែលលោកជំទាវ អញ្ជើញទស្សនកិច្ចមកកាន់បណ្ណាល័យសម្តេចម៉ែនៅក្នុងថ្ងៃនេះ។ យើងខ្ញុំរីករាយក្នុងការឆ្លើយតបនូវរាល់សំណួរនិងមតិយោបល់ចំពោះ បណ្ណាល័យសម្តេចម៉ែ និងការងាររបស់យើងខ្ញុំ។
អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាស្ថាបនិកវិទ្យាស្ថានស្លឹករឹត
រូបថត ៖ លី ដេវីដ/មជ្ឈមណ្ឌលឯកសារកម្ពុជា