តក់ ឡោម ៖ អតីតពេទ្យភូមិក្នុងសម័យខ្មែរក្រហម

ខ្ញុំឈ្មោះ តក់ ឡោម អាយុ៦៥ឆ្នាំ កើតនៅភូមិឫស្សីស្បាត ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ ខ្ញុំឈប់រៀននៅត្រឹមថ្នាក់ទី១០សង្គមចាស់ ព្រោះប្រទេសជាតិចាប់ផ្ដើមកើតមានសង្គ្រាមបន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ នៅពេលនោះ ក្រុមគ្រួសាររបស់ខ្ញុំបានចេញទៅនៅខាងជើងភូមិដើម្បីគេចពីកងរថក្រោះ និងការទម្លាក់គ្រាប់បែករបស់ទាហានរដ្ឋការ។

នៅឆ្នាំ១៩៧២ ប្រធានសហករណ៍ឫស្សីស្បាត បាន​ជ្រើសរើសខ្ញុំឲ្យចូលធ្វើពេទ្យ ព្រោះខ្ញុំចេះអានអក្សរ។ មុនពេលព្យាបាលអ្នកជំងឺ ខ្ញុំត្រូវទៅរៀនវិជ្ជាពេទ្យនៅភូមិថ្មីចំនួន១០ថ្ងៃ។ គ្រូបង្រៀនខ្ញុំមានឈ្មោះ សុធិន គឺជាប្រធានពេទ្យឃុំព្រៃឃ្នេស និងកម្មាភិបាលពេទ្យស្រុកចំនួនពីរបីនាក់ផ្សេងទៀត។ ខ្ញុំចេះពីរបៀបប្រើថ្នាំសម្រាប់ព្យាបាលជំងឺទូទៅ។ បន្ទាប់មកទៀត ខ្ញុំបានចេញទៅព្យាបាលជំងឺឲ្យប្រជាជននៅសហករណ៍បារាច និងពេលខ្លះដើរព្យាបាលជំងឺតាមផ្ទះប្រជាជន។

តក់ ឡោម អាយុ៦៥ឆ្នាំ សព្វថ្ងៃរស់នៅភូមិឫស្សីស្បាត ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅឆ្នាំ១៩៧៥ ខ្ញុំនៅព្យាបាលជំងឺនៅក្នុងភូមិដដែល។ ប្រជាជននៅក្នុងភូមិភាគច្រើនកើតជំងឺគ្រុញចាញ់ និងរាកមូល ព្រោះតែការហូបចុកអាហារមិនមានអនាម័យ។ ដោយសារយើងមិនមានថ្នាំពេទ្យព្យាបាលគ្រប់គ្រាន់ កម្មាភិបាលពេទ្យ បានព្យាបាលអ្នកជំងឺដោយប្រើប្រាស់ថ្នាំបុរាណខ្មែរជំនួសវិញ។ ហេតុដូច្នេះ ទើបខ្ញុំត្រូវការពេលវេលាយូរក្នុងការព្យាបាលជំងឺ។ ចំណែកអ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរ អង្គការឲ្យខ្ញុំបញ្ជូនអ្នកជំងឺបន្តទៅព្យាបាលនៅពេទ្យឃុំ ឬពេទ្យស្រុក។

ក្រោយមក អង្គការបានបញ្ជូនខ្ញុំឲ្យទៅព្យាបាលកងចល័តនៅកៅទៃ។ ការងារនៅកៅទៃមានការលំបាកខ្លាំងណាស់ ក្នុងមួយសប្ដាហ៍អង្គការអនុញ្ញាតឲ្យក្រុមកងចល័តទាំងអស់ទៅងូតទឹកនៅជ្រោះត្រពាំងថ្លុងម្តង។ ចំណែកខ្ញុំ អង្គការបានឲ្យនៅចាំព្យាបាលក្រុមកងចល័តដែលមិនស្រួលខ្លួន និងដាំទឹកក្ដៅឲ្យក្រុមកងចល័តទាំងអស់ផឹក។ នៅអំឡុងពេលទៅព្យាបាលអ្នកជំងឺនៅកៅទៃ ខ្ញុំតែងតែឮសំឡេងទម្លាក់គ្រាប់បែក និងបាញ់ផ្លោងដាក់គ្នារវាងកងទ័ពវៀតណាម និងយោធាខ្មែរក្រហម ព្រោះនៅកន្លែងខ្ញុំធ្វើការជិតព្រំដែនវៀតណាម។ បន្ទាប់ពីត្រឡប់មកភូមិវិញ អង្គការផ្លាស់ខ្ញុំពីការងារពេទ្យឲ្យទៅធ្វើជាចុងភៅនៅក្នុងរោងបាយរួមរបស់សហករណ៍។ ខ្ញុំមានតួនាទីគឺជាអ្នកស្ល ចំណែកឯអ្នកដាំបាយ រកបន្លែ និងត្រីសាច់ គឺមានអ្នកផ្សេងទៀតធ្វើ។

នៅចុងឆ្នាំ១៩៧៨ អង្គការបានឲ្យខ្ញុំរៀបការជាមួយបុរសម្នាក់ឈ្មោះ គង់ ឡាយ ដែល ខ្ញុំមិនធ្លាប់បានស្គាល់គាត់ទាល់តែសោះកាលពីមុនមក។ នៅថ្ងៃរៀបការខ្ញុំ អង្គការបានឲ្យតំណាងម្នាក់ឡើងប្តេជ្ញា រួចក៏បញ្ចប់កម្មវិធី។ អង្គការបានចិញ្ច្រាំប្រហុកដើម្បីឲ្យក្រុមគ្រួសារ កូនកម្លោះក្រមុំ និងសាមីខ្លួនហូបមួយពេល។

នៅដើមខែមករា ឆ្នាំ១៩៧៩ អង្គការបានប្រកាសឲ្យប្រជាជនទាំងអស់ រួមទាំងគ្រួសាររបស់ខ្ញុំភៀសខ្លួនទៅខេត្តភាគខាងលិច។ គ្រួសាររបស់ខ្ញុំបានធ្វើដំណើរហួសព្រៃជីផ្លូកប្រមា​ណ១០០ម៉ែត្រ ក៏ត្រឡប់មកភូមិឫស្សីស្បាតវិញ ព្រោះកងទ័ពរណសិរ្សសង្រ្គោះជាតិកម្ពុជាវាយយកបានអ្នកលឿងហើយ។ ក្រោយពីរបបខ្មែរក្រហមដួលរលំ គ្រួសាររបស់ខ្ញុំចាប់ផ្ដើមធ្វើស្រែចិញ្ចឹមជីវិត។ ខ្ញុំនិងប្តីបានរស់នៅជាមួយគ្នារហូតមានចំនួនកូន៥នាក់ គឺប្រុស៣នាក់ និងស្រី២នាក់ ទើបយើងបែកគ្នាវិញ។ សព្វថ្ងៃ ខ្ញុំរស់នៅជាមួយកូន និងចៅរបស់ខ្ញុំ ហើយខ្ញុំតែងតែយករឿងរ៉ាវដែលខ្ញុំបានឆ្លងកាត់ពីរបបខ្មែរក្រហមប្រាប់ដល់ពួកគាត់។

អត្ថបទ ៖ ភា រស្មី បុគ្គលិកមជ្ឈមណ្ឌល​ឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖