ខ្ញុំឈ្មោះ ប៉ុន យ៉េត អាយុ៧៥ឆ្នាំ សព្វថ្ងៃរស់នៅភូមិសំរោងវត្ត ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ នៅអាយុ១០ឆ្នាំ ខ្ញុំបានសិក្សារៀនសូត្រនៅសាលាបឋមសិក្សាវត្តសំរោងវត្ត។ ក្រោយមក ខ្ញុំស្ម័គ្រចិត្តចូលបម្រើការងារនៅក្នុងមន្ទីរពេទ្យមួយក្នុងភូមិសំរោង។ ខ្ញុំមានតួនាទីជាអ្នកចាក់វ៉ាក់សាំងឲ្យក្មេងៗនៅតាមភូមិដោយមិនទទួលបានប្រាក់កម្រៃឡើយ។ ខ្ញុំឈប់ធ្វើពេទ្យ បន្ទាប់ពី លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧១ ខ្ញុំរៀបការ និងចាប់ផ្តើមបែកចេញពីគ្រួសារទៅរស់នៅតែពីរនាក់ប្តីប្រពន្ធ។ មួយរយៈក្រោយមក សង្គ្រាមរវាង លន់ នល់ និងខ្មែរក្រហមបានផ្ទុះឡើងកាន់តែខ្លាំង ធ្វើឲ្យប្រជាជនមានការលំបាកក្នុងរស់នៅ រហូតដល់ខ្មែរក្រហមទទួលជ័យជម្នះទាំងស្រុងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
នៅក្នុងឆ្នាំ១៩៧៦ ខ្មែរក្រហមបានស្នើសុំឲ្យប្រជាជនទាំងអស់ប្រមូលរបស់របរ ដែលមាននៅក្នុងផ្ទះដូចជា គោ ក្របី និងសម្ភារផ្សេងៗ យកមកដាក់ជាសម្បតិ្តរួម។ បន្ទាប់ពីខ្មែរក្រហមប្រមូលរបស់របរទាំងនោះដាក់ជារបស់រួមរួចហើយ កម្មាភិបាលខ្មែរក្រហមដាក់ផែនការឲ្យខ្ញុំបុកស្រូវក្នុងមួយថ្ងៃឲ្យបាន១០ថាំង។ ខ្ញុំខិតខំធ្វើការងារព្រោះមិនចង់ឲ្យខ្មែរក្រហមស្តីបន្ទោស។ រីឯប្តីរបស់ខ្ញុំវិញដែលមានជំងឺ និងមិនអាចធ្វើការងារធ្ងន់ធ្ងរបាន ត្រូវខ្មែរក្រហមចាត់តាំងឲ្យធ្វើជាគ្រូបង្រៀនក្មេងៗនៅក្នុងភូមិ។ នៅថ្ងៃមួយក្នុងឆ្នាំ១៩៧៧ ប្អូនជីដូនមួយរបស់ខ្ញុំឃើញផ្លែត្នោតទុំជ្រុះធ្លាក់មកដល់ដី ក៏ដើរសំដៅទៅរើសយកត្នោតទុំនោះ ប៉ុន្តែជាអកុសលស្រាប់តែកម្មាភិបាលខ្មែរក្រហមបានឃើញប្អូនប្រុសរបស់ខ្ញុំកំពុងកាន់ផ្លែត្នោត ក៏ទៅ ចាប់ប្អូនប្រុសរបស់ខ្ញុំ ចងអូសពីក្រោយរទេះយកទៅសម្លាប់។
នៅចុងឆ្នាំ១៩៧៨ កម្មាភិបាលខ្មែរក្រហមជម្លៀសប្រជាជននៅស្រុកមេសាងទៅតំបន់ភាគខាងលិចប្រទេស ហើយខ្ញុំក៏មានឈ្មោះទៅដែរ។ ពេលខ្ញុំទៅដល់អ្នកលឿង កម្មាភិបាលខ្មែរក្រហមមិនអនុញ្ញាតឲ្យខ្ញុំឡើងជិះកប៉ាល់ជាមួយប្រជាជនជម្លៀសផ្សេងទៀតទេ ព្រោះឃើញខ្ញុំកំពុងមានផ្ទៃពោះជិតឆ្លងទន្លេ។ កម្មាភិបាលខ្មែរក្រហមអនុញ្ញាតឲ្យខ្ញុំស្នាក់នៅអ្នកលឿង រហូតដល់ខ្ញុំឆ្លងទន្លេរួច។ រយៈពេល៥ថ្ងៃក្រោយពីខ្ញុំឆ្លងទន្លេរួច កូនរបស់ខ្ញុំក៏ស្លាប់ ហើយខ្ញុំក៏ត្រឡប់មកភូមិកំណើតវិញ។
អត្ថបទ ៖ ភួង សុខថា អ្នកស្ម័គ្រចិត្តមជ្ឈណ្ឌលឯកសារខេត្តព្រៃវែង