សិស្សវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ មកទស្សនកិច្ចផ្ទះសហគមន៍ជនជាតិភាគតិចស្ទៀង និងស្វែងយល់អំពីប្រវត្តិសាស្រ្តតាមរយៈការស្តាប់រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បុគ្គលិកប្រចាំនៅផ្ទះសហគមន៍ក្ដុលលើ-សាលាគរុភណ្ឌស្ទៀងនៃមជ្ឈមណ្ឌលឯកសារកោះថ្ម បានទទួលស្វាគមន៍សិស្សានុសិស្សចំនួន១០នាក់ ក្នុងនោះមានយុវតី៨នាក់ មកពីវិទ្យា​ល័យ ប៊ុនរ៉ានី ហ៊ុនសែន ក្តុលផ្សារ ដែលឆ្លៀតពេលទំនេរពីការសិក្សាមកទស្សនកិច្ចសិក្សាផ្ទះសហគមន៍។ គោលបំណងនៃដំណើរទស្សនកិច្ចរបស់សិស្សានុសិស្ស គឺដើម្បីសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ឬរបបខ្មែរក្រហម និងស្តាប់រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមពីក្រុមការងារផ្ទះសហគមន៍ជនជាតិភាគតិចស្ទៀង នៃមជ្ឈមណ្ឌលឯកសារកោះថ្មផ្ទាល់។

ឆ្លើយតបនឹងការចង់ដឹងចង់ឮពីសិស្សានុសិស្ស វី ស៊ីថា គឺជាបុគ្គលិកប្រចាំនៅមជ្ឈមណ្ឌលឯកសារកោះថ្ម បានលើកយករឿងរ៉ាវរបស់លោកតា មុំ វិបុល គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមកសង្ខេបជូនសិស្សានុសិស្សដូចខាងក្រោម៖

មុំ វិបុល ភេទប្រុស អាយុ៨៤ឆ្នាំ កើតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅភូមិក្រវៀនធំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ វិបុល មានឪពុកឈ្មោះ មុំ កែវ ស្លាប់ក្នុងឆ្នាំ១៩៧៨ ដោយ​សារការអត់អាហារនៅស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ម្តាយរបស់ វិបុល ឈ្មោះ ទិត្យ ទុំ ស្លាប់ក្នុងឆ្នាំ១៩៨២។ វិបុល មានបងប្អូនចំនួន១០នាក់ ក្នុងមានស្រីចំនួន៨នាក់ ហើយគាត់គឺជាកូនទី៤។ វិបុល មានប្រពន្ធឈ្មោះ ស្រី ឆក អាយុ៧៩ឆ្នាំ និងមានកូនចំនួនស្រីចំនួន៣នាក់។

រំឭកកាលពីកុមាររបស់ វិបុល គឺគាត់ជាកូនសិស្សព្រះសង្ឃនៅវត្តជាំក្រវៀនតាំងពីអាយុ៥ឆ្នាំ។ នៅក្នុងសម័យសង្គមរាស្រនិយម វិបុល បានចូលរៀនថ្នាក់ទី១២ពីសង្គមចាស់។ ពេលព្រឹក វិបុល ត្រូវរៀនអក្សរសាស្រ្តខ្មែរ គណិត​វិទ្យា និងភាសាបារាំង ដោយភាសាបារាំងមួយសប្តាហ៍រៀនចំនួនពីរថ្ងៃប៉ុណ្ណោះ។ រៀងរាល់ថ្ងៃចាប់ពីម៉ោង៧កន្លះព្រឹក វិបុល រៀនភាសាខ្មែរ ហើយពេលយប់ចាប់ពីម៉ោង៦ ដល់ម៉ោង៧ គាត់រៀនភាសាបាលី រៀនធម៌ ជាមួយលោកគ្រូ ឆោង ប៉ឹម គឺជាព្រះសង្ឃគង់នៅវត្តជាំវត្តក្រវៀន។ រហូតដល់ វិបុល មានអាយុ៨ឆ្នាំ ចេះសូត្រធម៌បន្តិចបន្តួចក៏ចូលបួសនៅក្នុងវត្តជាំក្រវៀនតែម្តង។

នៅឆ្នាំ១៩៧៥ ភូមិក្រវៀនធំ ឃុំជាំក្រវៀន ត្រូវបានខ្មែរក្រហមចូលកាន់កាប់។ ប្រជាជនក្នុងភូមិក្រវៀនធំធ្វើស្រែចម្ការប្រវាស់ដៃ។ បន្ទាប់ពីប្រជាជនធ្វើការងារប្រវាស់ដៃចំនួន៥ខែ ខ្មែរក្រហមប្រមូលទ្រព្យសម្បត្តិ គោ ក្របី របស់ប្រជាជនដាក់រួមទាំងអស់។

នៅឆ្នាំ១៩៧៦ វិបុល ត្រូវអង្គការចាត់តាំងឱ្យទទួលបន្ទុកជាប្រធានកងតូចភូមិក្រវៀនធំ ហើយខ្មែរក្រហមបែងចែកការងារប្រជាជនទៅតាមក្រុមដូចជាក្រុមកុមារ ក្រុមយុវជន យុវនារី និងក្រុមមនុស្សចាស់(អ្នកមើលថែកុមារក្នុងភូមិ)។ មិនយូរប៉ុន្មាន វិបុល ត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិ ព្រោះខ្មែរក្រហមបានចោទប្រកាន់គាត់ថា «ជាប់និន្នាការពីរបបសាធារណរដ្ឋខ្មែរ» ម្យ៉ាងទៀត វិបុល ធ្លាប់បានបួសរៀននៅក្នុងវត្ត។

នៅចុងឆ្នាំ១៩៧៧ វិបុល ត្រូវបានអង្គការចាត់តាំងឱ្យធ្វើការងារនៅកងចល័តលើកប្រព័ន្ធភ្លឺស្រែនៅភូមិកបាស់ ឃុំមេមង ស្រុកមេមត់ ខេត្តកំពង់ចាម រួចជាមួយសមាជិកចំនួន៣០នាក់ទៀត។ មុនពេលធ្វើការងារ វិបុល ត្រូវចូលរួមប្រជុំ «ជីវភាព» ដោយអង្គការហាមមិនឱ្យនិយាយត្អូញត្អែរថាហត់ ឬហូបមិនគ្រប់គ្រាន់ឡើយ។ បន្ទាប់មក  វិបុល ត្រូវបានទទួលផែនការពីថ្នាក់លើដោយក្នុងមនុស្សម្នាក់កំណត់ឱ្យលើកប្រព័ន្ធភ្លឺស្រែឱ្យបាន១០ម៉ែត្រគុបក្នុងមួយថ្ងៃ។ ប្រសិនបើធ្វើមិនបានគឺមិនទទួលបានរបបអាហារឡើយ។ ថ្ងៃមួយ គណៈស្រុកមេមត់បានចុះពិនិត្យប្រព័ន្ធភ្លឺស្រែ ដោយគាត់ស្ពាយបង្វេចក្រមាមួយធំល្មម បន្ទាប់គណៈស្រុកឱ្យកងចល័តទាយដោយលើកឡើងថា «មើល!សមមិត្តទាំងអស់គ្នាអាចទាយបានទេថានៅក្នុងបង្វេចក្រមានេះមានអ្វី?» វិបុល បានឆ្លើយថាធ្វើម៉េចដឹងព្រោះមិត្ត ជាអ្នកខ្ចប់បង្វេចខ្លួនឯង។ វិបុល គ្រាន់តែនិយាយបែបនេះគណៈស្រុកខឹង ប៉ុន្តែមិនចាប់កំហុស វិបុល ទេ ព្រោះ វិបុល គឺជាប្រធានកងដឹកនាំប្រជាជននៅក្នុងក្រុមធ្វើការ។ ក្រោយមក គណៈស្រុកស្រាយបង្វេចក្រមាឱ្យសមាជិកកងចល័តឃើញគឺថ្នាំជក់ រួចហើយក៏ចែកថ្នាំជក់នោះទៅកងចល័ត។ វិបុល ទទួលបានថ្នាំជក់ដែរ។ នៅពេលឈប់សម្រាកពីធ្វើការ ថ្ងៃត្រង់ វិបុល បានយកថ្នាំជក មកជក់ ហើយមួយសន្ទុះក្រោយមក គាត់វិលមុខ ឈឺក្បាល ហៀរទឹកមាត់ ព្រោះគាត់មិនធ្លាប់ជក់ថ្នាំពីមុនទេ។ វិបុល លើកប្រព័ន្ធភ្លឺស្រែនៅភូមិកំបាស់ ឃុំមេមង រហូតដល់ខ្មែរក្រហមដួលរលំ ទើបត្រឡប់មកភូមិកំណើតវិញ។

បន្ទាប់ពីស្តាប់សាច់រឿងរបស់ មុំ វិបុល ចប់ សិស្សានុសិស្សទាំងអស់បានបង្ហាញនូវការអាណិតអាសូរដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលទទួលរងនូវទុក្ខលំបាក និងបាត់បង់សាច់ញាតិជាទីស្រឡាញ់ ព្រមទាំងចង់ដឹងអំពីប្រវត្តិសាស្រ្តខ្មែរក្រហមបន្ថែមទៀត។

អត្ថបទ ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖