នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រតិភូសាលាភូមិន្ទរដ្ឋបាល និងសិស្សមន្ត្រីជាន់ខ្ពស់ក្នុងកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២៥ (ថ្នាក់គុណភាព) នៃសាលាភូមិន្ទរដ្ឋបាល (ERA) សរុបចំនួន៦៦ អង្គ/នាក់ ធ្វើដំណើរទស្សនកិច្ចសិក្សាមកកាន់តំបន់ប្រវត្តិសាស្រ្ត និងព្រំដែនកម្ពុជា-ឡាវ នៃស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង។ ដំណើរទស្សនកិច្ចសិក្សានេះ រួមបញ្ចូលការចុះទៅកាន់តំបន់ព្រំដែនកម្ពុជា-ឡាវ (បង្គោលឡាក់បន្សល់ទុកពីសម័យសង្គមរាស្រ្តនិយម) និងបង្គោលព្រំដែនអន្តរជាតិលេខ០៣៣ (ច្រកទ្វាអន្តរជាតិត្រពាំងក្រៀល), ស្ដូបព្រះបរមឆាយាល័ក្ខណ៍ព្រះបរមរតនកោដ្ឋ និងអគារមរតកសង្គមរាស្ត្រនិយម សម្ដេចឪ–សម្ដេចម៉ែ (បុរីអូរស្វាយ–សែនជ័យ) ដែលជាសាខាព្រះរាជបណ្ណាល័យហ្លួងម៉ែ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។
លោក លី មីណា អភិបាលនៃគណៈអភិបាលស្រុកបុរីអូរស្វាយសែនជ័យ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់បទបង្ហាញ ស្ដីពីប្រវត្តិសាស្រ្តសហគមន៍ និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់នៅភូមិសាស្រ្តស្រុកបុរីអូរស្វាយ សែនជ័យ៖
ទី១) ប្រវត្តិសាស្ត្រសហគមន៍បុរីអូរស្វាយ៖ បុរីអូរស្វាយត្រូវបានបង្កើតឡើងតាំងពីទសវត្សរ៍ឆ្នាំ១៩៦០ ក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) ក្នុងបំណងការពារទឹកដី និងអភិវឌ្ឍន៍តំបន់ដាច់ស្រយាល។
ទី២) គម្រោងអភិវឌ្ឍន៍សហគមន៍៖ មជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយរដ្ឋបាលស្រុក និងការឧបត្ថម្ភពីទីភ្នាក់ងារសហប្រតិបត្តិការនិងសម្របសម្រួលតួកគី (TİKA) បានកសាងអគារមរតកសង្គមរាស្ត្រនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ដែលជាទីកន្លែងផ្ទុកឯកសារដ៏សម្បូរបែបសម្រាប់ស្រាវជ្រាវ, បង្កើនចំណេះដឹង និងថែរក្សាកេរដំណែលប្រវត្តិសាស្ត្រ។ បន្ថែមលើនេះទៀត គម្រោងអភិវឌ្ឍន៍សហគមន៍ ក៏បានធ្វើទូកចម្លងសហគមន៍សម្រាប់ផ្ដល់សេវាដឹកជញ្ជូនដោយមិនគិតកម្រៃជូនដល់សិស្សានុសិស្សដែលរស់នៅតាមបណ្ដាកោះមកសិក្សានៅសាលា ឬវិទ្យាល័យ និងផែបណ្ដែតទឹកដែលមានតម្កល់សៀវភៅសម្រាប់យុវជនអាន។
ទី៣) កិច្ចសហការណ៍ជាមួយដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ និងគម្រោងសណ្ឋានដី៖ ដើម្បីបន្តការអនុវត្តគម្រោងអភិវឌ្ឍន៍សហគមន៍ ក្នុងដំណាក់កាលទី២, មជ្ឈមណ្ឌលឯកសារកម្ពុជា និងរដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ ផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធ និងបានជួបប្រជុំពិភាក្សាជាបន្តបន្ទាប់ជាមួយស្ថានទូតហ្វីលីពីនប្រចាំនៅកម្ពុជា ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការសហការរៀបចំវគ្គបណ្ដុះបណ្ដាល និងការអនុវត្តគម្រោងនានា។ ស្ថានទូតហ្វីលីពីនប្រចាំនៅកម្ពុជា បានផ្ដល់វគ្គបណ្ដុះបណ្ដាល៖
- វគ្គបណ្តុះបណ្តាលភាសាអង់គ្លេស សម្រាប់សិស្សវិទ្យាល័យបុរីអូរស្វាយសែនជ័យ និងសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ។
- វគ្គបណ្ដុះបណ្ដាលស្ដីពីការជួយសង្រ្គោះបឋម និងការឆ្លើយតបទៅហ្នឹងគ្រោះមហន្តរាយ សម្រាប់គណៈកម្មធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុក និងឃុំ។
- ការផ្តល់ទូកកៃយ៉ាក់ (Kayak) ដល់សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ ដើម្បីជំរុញវិស័យទេសចរណ៍។
- ការរៀបចំសួន និងកែប្រែសណ្ឋានដី។
ទី៤) សក្ដានុពលធនធានធម្មជាតិ៖ ស្រុកបុរីអូរស្វាយ សែនជ័យ ស្ថិតនៅក្នុងភូមិសាស្រ្ត «តំបន់រ៉ាមសារ» ឬ «តំបន់ដីសើម» ដែលជាតំបន់លិចទឹកសម្បូរទៅដោយធនធានធម្មជាតិ, មច្ឆាជាតិ និងជីវៈចម្រុះដ៏សម្បូរណ៍បែប។ តំបន់ដីសើម ត្រូវបានអនុម័តដោយ «អនុសញ្ញាស្តីពីតំបន់ដីសើម» ឬហៅកាត់ថា «អនុសញ្ញារ៉ាមសារ» ក្នុងអំឡុងសន្និសីទនៅទីក្រុងរ៉ាមសារ ប្រទេសអ៊ីរ៉ង់ នៅឆ្នាំ១៩៧១។
ជាកិច្ចបន្ត ប្រតិភូសាលាភូមិន្ទរដ្ឋបាល និងសិស្សមន្ត្រីជាន់ខ្ពស់ បានចូលទស្សនកិច្ចអគារមរតកសង្គមរាស្ត្រនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ដែលជាសាខាព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា និងទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ៖ សៀវភៅកំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ» និងអាវយឺតមជ្ឈមណ្ឌលឯកសារកម្ពុជា។
អត្ថបទ៖ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា















