ឪពុករបស់ខ្ញុំបានប្រាប់ខ្ញុំថា គាត់បានចាកចេញពីស្រុកកំណើតនៅភូមិក្រាំងចេក ព្រោះសម័យមុនមានក្រុមខ្មែរឥស្សរដើរចាប់មនុស្សប្រុសឲ្យចូលធ្វើទាហាន ចំណែករដ្ឋការបារាំងក៏តាមចាប់គាត់ដែរដោយសង្ស័យថា គាត់ចូលដៃជើងជាមួយក្រុមខ្មែរឥស្សរ។ មនុស្សប្រុសក្នុងភូមិដែលមានប្រពន្ធកូន និងមិនចង់ចូលធ្វើទាហាន ក៏បានចាកចេញពីភូមិកំណើត។ ឪពុកម្តាយនិងបងៗរបស់ខ្ញុំបានមករស់នៅជិតវត្តមហាមន្រ្តី ក្នុងទីក្រុងភ្នំពេញ ដោយមានការជួយទំនុកបម្រុងពីបងប្អូនខាងឪពុករបស់ខ្ញុំធ្វើជាកុង្សីយ៍នៅសម័យនោះ។ ឪពុករបស់ខ្ញុំឈ្មោះ កាន់ វ៉ាត និងម្តាយរបស់ខ្ញុំឈ្មោះ ឆេង ផុន។ ចំណែកខ្ញុំឈ្មោះ កាន់ សុន្ធរ៉ា បច្ចុប្បន្នមានអាយុ៧០ឆ្នាំ កើតនៅទីក្រុងភ្នំពេញ រីឯបងប្រុសរបស់ខ្ញុំឈ្មោះ ជឹម ឡាង និងបងស្រីឈ្មោះ កាន់ សុខា ហៅ សួន សុភាព កើតនៅភូមិក្រាំងចេក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
បងប្រុសរបស់ខ្ញុំមានអាយុបងខ្ញុំ១០ឆ្នាំ និងបងស្រីអាយុបងខ្ញុំ៧ឆ្នាំនៅពេលនោះ។ ឪពុករបស់ខ្ញុំស្រឡាញ់បង ឡាង ខ្លាំងណាស់ដោយសារគាត់គឺជាកូនច្បង ហើយរៀនពូកែតាំងពីតូច។ គ្រូតែងតែឲ្យបង ឡាង រៀនផ្លោះថ្នាក់រហូត។ ខ្ញុំចាំរូបរាងបងប្រុសរបស់ខ្ញុំដែលមានច្រមុះស្រួច ហើយនិយាយម៉ឺងម៉ាត់។ ឪពុកខ្ញុំតែងតែផ្គត់ផ្គង់សម្ភារឲ្យបង ឡាង រៀនមិនឲ្យខ្វះខាតឡើយ។ ខ្ញុំចាំកាលនោះផ្ទះរបស់ខ្ញុំធំទូលាយ ហើយ បងឡាង តែងហៅមិត្តភក្តិរបស់គាត់មករៀនបន្ថែមនៅផ្ទះ។ មិត្តភក្តិបង ឡាង ច្រើននាក់សុទ្ធតែប្រុសៗ។ តុអង្គុយរបស់បង ឡាង មួយគឺឪពុករបស់ខ្ញុំកុម្មង់ជាងឲ្យធ្វើដោយអាចបញ្ឈរធ្វើជាក្ដារឃៀនក៏បានឬធ្វើជាតុសម្រាប់ សរសេរក៏បាន។ ក្រោយមកបងឡាងចូលរៀនផ្នែកវិស្វករអគ្គិសនីនៅសាលាពហុបច្ចេកវិទ្យាជំនាន់ទី១ ហៅកាត់សាលាតិចណូ។
បន្ទាប់មក បងឡាង បានរៀបការជាមួយប្រពន្ធរបស់គាត់ឈ្មោះ អោម យិនដូនី។ បងប្រុសរបស់ខ្ញុំរៀបការអស់រយៈពេល១០ឆ្នាំប៉ុន្តែគាត់មិនមានកូនឡើយ។ បងឡាង ចេញធ្វើការដំបូងនៅសូនិចស៊ីមគឺជាក្រុមហ៊ុននាំផលិតផលពីបរទេសចូលមកតាមកប៉ាល់ និងដឹកបន្តមកផែនៅទីក្រុងភ្នំពេញ។ ដូច្នេះនៅផ្ទះរបស់បង ឡាង មានរបស់របរប្រើប្រាស់ដូចជាម៉ាស៊ីនបោកខោអាវទោះបីវាមានតម្លៃថ្លៃក៏ដោយ។ មិនយូរប៉ុន្មាន បងឡាង បានផ្លាស់ទៅធ្វើការផ្នែកអគ្គិសនីតាមជំនាញរបស់គាត់។
ក្រោយមកបងស្រីរបស់ខ្ញុំ កាន់ សុខា ក៏រៀបការទៀត ដោយប្ដីរបស់គាត់គឺជាសាស្រ្តាចារ្យ ផ្នែកគណិតវិទ្យា និងរូបវិទ្យា។ បងថ្លៃរបស់ខ្ញុំតែងតែប្រាប់ម្តាយរបស់ខ្ញុំឲ្យលក់សម្ភារប្រើប្រាស់និងចានល្អៗដើម្បីយកប្រាក់ចាយ ព្រោះសភាពការណ៍ក្នុងប្រទេសមិនស្រួល ប៉ុន្តែម្តាយរបស់ខ្ញុំមិនជឿបងថ្លៃខ្ញុំទេ។ នៅក្នុងឆ្នាំ១៩៧៣ ខ្ញុំបានរៀបការ។ ដំបូងប្ដីរបស់ខ្ញុំគឺជាអ្នករកស៊ីក្រោយមកគាត់ចូលធ្វើការផ្នែកហិរញ្ញវត្ថុក្នុងជួរទាហានប៉ុន្តែគាត់ធ្វើបានរយៈពេលខ្លីប៉ុណ្ណោះ។
ថ្ងៃជម្លៀសដំបូង
នៅមុនពេលចូលឆ្នាំខ្មែរ ក្នុងឆ្នាំ១៩៧៥ បងឡាង និងប្រពន្ធរបស់គាត់ត្រូវទៅប្រទេសបារាំង ប៉ុន្តែគាត់បានពន្យារពេលរង់ចាំចូលឆ្នាំខ្មែររួចសិន។ បងឡាង មកជប់លៀងនៅផ្ទះរបស់ខ្ញុំ ហើយយកខោអាវរបស់គាត់មកគរទុកនៅផ្ទះរបស់ខ្ញុំទៀត។ ខ្ញុំបានខោអាវ បងឡាង ស្លៀកពាក់នៅក្នុងរបបខ្មែរក្រហម ព្រោះខ្ញុំមិនបានរៀបខោអាវខ្លួនឯងយកមកជាមួយ។ នៅមុនពេលខ្មែរក្រហមចូលមក ម្តាយរបស់ខ្ញុំបានសុបិនឃើញក្រពើក្រៀមស្រកា ហើយមានបាយជាប់នៅមាត់ក្រពើមួយគ្រាប់ៗ និងឃើញពស់ក្បាលពីរលូនកាត់មុខគាត់ទៅបាត់។ បន្ទាប់ពីសុបិននោះ ម្តាយរបស់ខ្ញុំតែងតែខ្វល់ក្នុងចិត្តរហូត និងនឹកគិតថានឹងមានរឿងអ្វីកើតឡើង។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ យោធាខ្មែរក្រហមបានចូលមកប្រាប់ខ្ញុំឲ្យចាកចេញពីផ្ទះ ហើយពេលនោះខ្ញុំគិតតែយំ ព្រោះប្ដីរបស់ខ្ញុំទៅលេងឪពុកម្ដាយរបស់គាត់ ចំណែកឪពុករបស់ខ្ញុំទៅលេងបងប្អូនរបស់គាត់ដែរ។ ខ្ញុំមិនទាន់ចាកចេញភ្លាមៗទេ គឺនៅរង់ចាំប្ដីរបស់ខ្ញុំទល់ល្ងាចទើបគាត់ត្រឡប់មកដល់ផ្ទះ។ បន្ទាប់មកយើងធ្វើដំណើរចេញពីផ្ទះនៅម្តុំផ្សារដើមអំពិល ជិតអូរឡាំពិក ដែលមានគ្រួសារបងស្រីរបស់ខ្ញុំ និងគ្រួសារខ្ញុំ។ ចំណែកឪពុករបស់ខ្ញុំយើងមិនបានជួបគាត់ទេ។ យើងមានកូនឡានមួយសម្រាប់ដឹកអង្ករខ្លះដើម្បីទុកដាំបាយហូបតាមផ្លូវ និងដឹកក្មេងៗ ព្រោះកូនរបស់បងស្រីខ្ញុំ៣នាក់ និងកូនរបស់ខ្ញុំម្នាក់នៅតូចៗពិបាកដើរ។ ខ្ញុំកាច់ចង្កូតឡាន ហើយបងៗនិងប្ដីរបស់ខ្ញុំរុញពីក្រោយ។ នៅពេលទៅដល់ផ្លូវទូលាយទើបយើងបញ្ឆេះម៉ាស៊ីនឡានបើកយឺតៗ។ យើងធ្វើដំណើរដល់ក្បាលថ្នល់ក៏ជាប់ទ្រឹង។ នៅក្បែរនោះ ខ្ញុំឃើញមានឃ្លាំងអង្ករ គ្រាប់សណ្ដែក ស្ករ ទឹកដោះគោ និងឃ្លាំងមី ដូច្នេះប្រជាជនបាននាំគ្នាឈប់រួចហើយចូលទៅយកម្ហូបអាហារទាំងនោះទុកហូប។ យើងអង្គុយរង់ចាំអស់រយៈពេល២ទៅ៣ថ្ងៃ ទើបអាចចេញផុតពីក្បាលថ្នល់។ ចំណែកបង ឡាង ចាកចេញពីផ្ទះនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៧៥។ ខ្ញុំបានដឹងព័ត៌មានរបស់ បងឡាង បន្ថែមទៀតតាមរយៈមិត្តភក្តិរបស់គាត់ប្រាប់ថា បងឡាង ធ្វើដំណើរដល់កោះក្របីត្រូវអង្គការឃាត់ និងឆែកប្រវត្តិរូបរបស់គាត់។ អង្គការឃើញប័ណ្ណសម្គាល់ខ្លួនរបស់បង ឡាង ធ្វើការនៅអគ្គិសនីវត្តភ្នំ ក៏ហៅគាត់ចូលមកភ្នំពេញធ្វើការវិញ។ បងឡាង គិតថា គាត់បានចូលធ្វើការវិញ ក៏នាំក្មួយពីរនាក់គឺស្រីម្នាក់និងប្រុសម្នាក់ដែលជាសាច់ញាតិខាងប្រពន្ធទៅជាមួយដែរ។
នៅតាមផ្លូវកូនរបស់ខ្ញុំនិងក្មួយៗដែលនិយាយមិនទាន់ច្បាស់តែងតែរំអុកថា «ម៉ែទៅផ្ទះយើងវិញ»។ ក្មួយស្រីរបស់ខ្ញុំដែលធ្លាប់តែដេកជាមួយឪពុករបស់ខ្ញុំ តែងតែសួរម្ដាយរបស់ខ្ញុំថា «ណាលោកតា?»។ ពេលឮដូច្នេះម្តាយខ្ញុំយំ ហើយជារឿយៗក្មួយនិងកូនរបស់ខ្ញុំតែងតែសួររកអ្នកនេះ សួររកអ្នកនោះមិនចេះចប់។
នៅសិត្បូ
អង្គការជម្លៀសគ្រួសាររបស់ខ្ញុំឲ្យទៅរស់នៅភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល។ កន្លែងនោះមានដើមទឹកដោះគោធំមួយដើមនៅខាងមុខផ្ទះ ហើយអង្គការហាមមិនឲ្យបេះផ្លែទឹកដោះគោជាដាច់ខាត។ នៅពេលយប់ប្ដីរបស់ខ្ញុំលួចឡើងច្របាច់ផ្លែទឹកដោះគោរកផ្លែណាដែលទុំលួចបេះមកឲ្យខ្ញុំនិងកូនហូប។ កូនស្រីរបស់ខ្ញុំអាយុប្រាំឆ្នាំ ចេះហូបផ្លែទឹកដោះគោក្នុងមុងយ៉ាងស្ងៀមស្ងាត់។ នៅថ្ងៃបន្ទាប់ អង្គការចាត់តាំងខ្ញុំឲ្យទៅស្ទូង ច្រូតស្រូវ កាប់ព្រៃ។ ដំបូងការងារអ្វីក៏ខ្ញុំមិនចេះធ្វើដែរ។ ក្រោយមកអង្គការវាស់ដីព្រៃប្រវែង៥ម៉ែត្រឲ្យខ្ញុំកាប់ឆ្ការ។ ខ្ញុំកាប់ឆ្ការយឺតជាងគេ ដូច្នេះម្តាយរបស់ខ្ញុំបានលួចជួយកាប់ឆ្ការព្រៃឲ្យខ្ញុំរហូត។ ខ្ញុំស្ទួងមិនទំនងមេកងឈរសម្លឹងមុខខ្ញុំ។ លើសពីនោះកងស្ទូងជាមួយគ្នា បានស្ទូងបិទពីក្រោយខ្ញុំរកផ្លូវដើរចេញមិនរួច។ នៅពេលច្រូតស្រូវម្តងៗ ក៏ខ្ញុំច្រូតយឺតជាងគេដែរ។
នៅពាក់កណ្ដាលឆ្នាំ១៩៧៥ ខ្ញុំឆ្លងទន្លេបានកូនប្រុសម្នាក់ទៀត។ កាលនោះមានឆ្មបក្មេងៗ អាយុប្រមាណជាង១០ឆ្នាំជួយបង្កើតកូនឲ្យខ្ញុំ។ ពេលកូនរបស់ខ្ញុំអាយុបាន១០ខែ អង្គការបានចាត់តាំងខ្ញុំឲ្យចូលធ្វើការងារវិញ។ កូនរបស់ខ្ញុំនៅបៅដោះនៅឡើយ ដូច្នេះខ្ញុំមានអង្រឹងមួយចងឲ្យកូនខ្ញុំដេកនៅព្រៃជិតកន្លែងខ្ញុំធ្វើការ ពេលកូនខ្ញុំឃ្លានទើបខ្ញុំឡើងមកឲ្យកូនបៅ ចំណែកកូនស្រីរបស់ខ្ញុំឲ្យយាយៗមើលថែទាំ។ ខ្ញុំរែកដី បោចស្មៅ លើកភ្លឺ និងគាស់គល់ឈើ។ រាល់ថ្ងៃខ្ញុំធ្វើការត្រាំនៅក្នុងទឹក ព្រោះនៅសិត្បូគឺជាស្រុកទន្លេធ្វើឲ្យខ្ញុំកើតបន្ទាលត្រអាក និងរមាស់ ប៉ុន្តែមេកងមិនឲ្យខ្ញុំដើរចេញពីទឹកទេ ទាល់តែដល់ម៉ោងទើបខ្ញុំអាចឡើងគោកបាន។ ខ្ញុំឈរហាលថ្ងៃទើបបាត់រមាស់។ នៅទីនោះ ខ្ញុំឈឺគ្រុនចាញ់ជាច្រើនលើក គឺឲ្យតែដល់ពេលរសៀលខ្ញុំចាប់ផ្ដើមញាក់។ ដូច្នេះមុនពេលថ្ងៃរសៀល ខ្ញុំដាក់ដាំបាយរួចហើយឲ្យកូនស្រីរបស់ខ្ញុំនៅចាំមើលភ្លើង។ ដល់ពេលបាយពុះកូនស្រីរបស់ខ្ញុំក៏រត់មកប្រាប់ខ្ញុំ។ ខ្ញុំបានបង្រៀនកូនស្រីខ្ញុំពីរបៀបដាំបាយដោយឲ្យគាត់បើកគម្របឆ្នាំងនៅពេលទឹកបាយពុះ ហើយពេលរីងទឹកខ្ញុំឲ្យគាត់ក្របវិញ។
ល្ងាចមួយក្នុងឆ្នាំ១៩៧៦ ពេលខ្ញុំចេញពីធ្វើការនៅកងចល័ត ខ្ញុំមកទាន់កូនរបស់ខ្ញុំនិងមិត្តភក្តិកូនរបស់ខ្ញុំដែលមានអាយុប្រមាណ៥ឆ្នាំស្របាលគ្នា កំពុងអង្គុយដំខ្យងដែលនៅរស់យកសំបកចេញ និងយកសាច់ខ្យងដាក់ចូលក្នុងមាត់។ ឃើញដូច្នេះខ្ញុំក៏ស្ទុះទៅវាយកូនរបស់ខ្ញុំមួយដៃឲ្យទម្លាក់ខ្យងចុះវិញ។ រឿងនេះធ្វើឲ្យខ្ញុំសោកស្ដាយ និងអាណិតកូនដែលស្រេកឃ្លាន។
ឆ្នាំដែលសោកសៅ
នៅក្នុងឆ្នាំ១៩៧៧ កូនស្រីរបស់ខ្ញុំឈ្មោះ ថាវី ឈឺរាកមូល កូនប្រុសខ្ញុំក៏ឈឺ ចំណែកក្មួយស្រីរបស់ខ្ញុំក៏ឈឺហើមទៀត។ ខ្ញុំគឺជាអ្នកនៅមើលថែទាំពួកគេ។ ពេលកូនស្រីរបស់ខ្ញុំរាកដំបូង ខ្ញុំស្នើសុំអង្គការនាំគាត់ទៅព្យាបាលនៅពេទ្យដោយសារយើងមិនមានថ្នាំឲ្យគាត់លេប។ អង្គការមិនឲ្យយកកូនខ្ញុំទៅពេទ្យភ្លាមទេ រហូតកូនខ្ញុំរាកមូលចេញឈាមទើបអង្គការអនុញ្ញាត។ ខ្ញុំយកកូនទៅព្យាបាលនៅពេទ្យឃុំ ពេទ្យឃុំមើលមិនជាទើបខ្ញុំយកកូនទៅព្យាបាលនៅពេទ្យស្រុកស្អាង។ កូនរបស់ខ្ញុំឈប់រាក ប៉ុន្តែនៅហើម ដូច្នេះពេទ្យប្រាប់ខ្ញុំឲ្យទៅរកស្ករឲ្យកូន ហូប ដូច្នេះខ្ញុំក៏ទៅសុំស្ករពីខាងរោងបាយ។ ពេលនោះខ្ញុំមិនដឹងវិធីព្យាបាលរាកមូលដោយត្រូវយកស្ករទៅកូរឲ្យឆ្អិន (ឡើងតាំងម៉ែ) សិនទើបឲ្យអ្នកជំងឺហូបទេ គឺខ្ញុំឲ្យកូនហូបស្ករឆៅ ទើបធ្វើឲ្យកូនខ្ញុំហូបរួចហើយលាប់រាកវិញ។
នៅពេលនោះអ្នកស្គាល់ខ្ញុំបានឲ្យផ្លែល្ហុងមក ដូច្នេះខ្ញុំក៏យកល្ហុងមកជ្រក់ជាមួយអំបិលហើយទុកនៅចុងជើងក្មួយ។ ចំណែកកូនប្រុសរបស់ខ្ញុំទើបតែអាយុ២ឆ្នាំ យំឲ្យខ្ញុំបីវាចេញមកក្រៅ ស្រាប់តែក្មួយរបស់ខ្ញុំឈ្មោះ មុំ លួចហូបជ្រក់ល្ហុងធ្វើឲ្យវាឈឺលាប់មើលមិនជា។ នៅពេលនោះបងស្រីរបស់ខ្ញុំបានទៅលេងកូនស្រីរបស់គាត់ (ក្មួយរបស់ខ្ញុំ) នៅមន្ទីរពេទ្យដែរ។ ក្មួយរបស់ខ្ញុំបានប្រាប់បងស្រីរបស់ខ្ញុំថា «ម៉ាក់មិននៅមើលកូន ឲ្យតែម៉ាក់មីងនៅមើល ម៉ាក់មីងមិនមើលមុំទេ មើលតែកូនរបស់គាត់»។ ពេលឮដូច្នេះបងស្រីរបស់ខ្ញុំហាក់ដូចជាអន់ចិត្តជាមួយខ្ញុំដែរ។ ក្រោយមកកូនរបស់ខ្ញុំពីរនាក់ និងកូនបងស្រីរបស់ខ្ញុំម្នាក់ទៀតបានស្លាប់ទាំងអស់។ ចំណែកម្តាយខ្ញុំឈឺហើម និងរាកមូល ហើយត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យចំថ្ងៃដែលចៅស្លាប់ដែរ។ ម្តាយរបស់ខ្ញុំមិនទាន់ដឹងថាចៅៗស្លាប់ទេ។ ខ្ញុំបានទៅជួយបោកសារុងឲ្យម្តាយរបស់ខ្ញុំ។ ក្រោយមកទើបម្តាយខ្ញុំដឹងថា ចៅស្លាប់ហើយគាត់យំយ៉ាងខ្លាំង។ គាត់ប្រាប់ខ្ញុំថា ម៉ាក់ប្រហែលជាទៅតាមចៅហើយ។ ម្តាយរបស់ខ្ញុំបានពោតស្ងោរមួយផ្លែពីអ្នកជិតខាងឲ្យមកគាត់។ គាត់ហូបពោតនោះក៏លាប់ជំងឺរាកមូលវិញ។ ខ្ញុំមិនអាចសុំអង្គការនៅមើលថែម្តាយរបស់ខ្ញុំបានយូរទេ ព្រោះអង្គការថាខ្ញុំមិនមែនជាពេទ្យ។ ក្រោយមកម្តាយរបស់ខ្ញុំបានស្លាប់។ ខ្ញុំស្នើសុំអង្គការមកមើលមុខម្តាយខ្ញុំចុងក្រោយ ប៉ុន្តែអង្គការមិនឲ្យខ្ញុំមក ថែមទាំងនិយាយថាមកធ្វើអីបើស្លាប់ហើយ។
កោះគរ
ប្ដីរបស់ខ្ញុំគឺជាមនុស្សឧស្សាហ៍ ព្យាយាមធ្វើការ ដូច្នេះមេភូមិពេញចិត្តគាត់ណាស់។ នៅពេលដែលខ្មែក្រហមជម្លៀសប្រជាជនមកពីខាងបូព៌ាចូលមក ស្ថានភាពនៅក្នុងភូមិកាន់តែលំបាក ហើយមេភូមិ មេឃុំ ត្រូវបានខ្មែរក្រហមផ្លាស់ប្ដូរទាំងអស់។ ប្ដីរបស់ខ្ញុំត្រូវបានអង្គការហៅទៅរៀនសូត្រ តាមពិតយកទៅឃុំឃាំងនៅកោះគរ ក្នុងស្រុកស្អាង ខេត្តកណ្តាល។ ពេលនោះ ខ្ញុំនៅតែសង្ឃឹមថាប្តីរបស់ខ្ញុំនៅរស់ ប៉ុន្តែខ្ញុំបានជួបមនុស្សម្នាក់ដែលលួចរត់ចេញពីកោះគរបានប្រាប់ខ្ញុំថា ខ្មែរក្រហមយកគ្រាប់បែកគប់ចូលទៅក្នុងបន្ទប់អ្នកទោស ហើយមានអ្នកទោសជាច្រើននាក់ស្លាប់។ ចំណែកបងថ្លៃរបស់ខ្ញុំក៏អង្គការហៅទៅរៀនសូត្រនៅកោះគរ នៅខែមេសា ឆ្នាំ១៩៧៧ ដែរ។ ពេលឮដំណឹងនេះ បងស្រីរបស់ខ្ញុំខិតខំទប់ស្មារតីមិនហ៊ានយំឡើយ ប៉ុន្តែរន្ធត់និងសង្វេគស្ទើរបាត់បង់ស្មារតី។ ក្រោយមកខ្ញុំទទួលដំណឹងថា ឪពុករបស់ខ្ញុំត្រូវបានជម្លៀសទៅកាន់ខេត្តបាត់ដំបង និងស្លាប់នៅក្នុងអំឡុងឆ្នាំ១៩៧៧ ដែរ។
ជីវិតឯកោ
ខ្ញុំលែងមានកូនទៀតហើយ អង្គការយកខ្ញុំទៅដាក់ក្រុមកម្លាំងស្រួចធ្វើស្រែមួយហិកតាមនុស្សចំនួន២០នាក់។ ខ្ញុំហាក់ដូចជាសាំនឹងការងារច្រូត ស្ទូង លើកទំនប់ និងរែកដីប្រណាំងប្រជែងគ្នា។ បងស្រីរបស់ខ្ញុំត្រូវបានអង្គការចាត់ទៅកងមនុស្សចាស់ធ្វើការជិតៗផ្ទះ។ ចំណែកខ្ញុំទៅធ្វើការនៅឆ្ងាយផ្ទះពិតមែន ប៉ុន្តែខ្ញុំមានសំណាងធ្វើការនៅចម្ការអំពៅ ចម្ការពោត អាចលួចយកមកផ្ញើអ្នកផ្ទះខ្លះ។ ពេលចប់ពីការងារ មេកងឲ្យខ្ញុំទូលស្មៅមួយពំនូកត្រឡប់មកវិញ ដូច្នេះខ្ញុំយកអំពៅដែលកណ្ដុរកកេរយកមកហូប និងយកអំពៅខ្លះលាក់ក្នុងពំនូកស្មៅទុកផ្ញើអ្នកផ្ទះ។ ខ្ញុំមិនយកអំពៅល្អៗរបស់អង្គការទេ ចំណែកពោតក៏ខ្ញុំយកតែផ្លែតូចៗដែលអង្គការទុកចោល ព្រោះពេលឈ្លបខ្មែរក្រហមចាប់យើងបាន គឺមិនសូវយកទោសពៃរ៍យើងទេ។
ថ្ងៃមួយ ខ្ញុំទៅងូតទឹកនៅមាត់ទន្លេនៅពេលយប់ស្រាប់តែខ្ញុំឃើញត្រីមួយកញ្ច្រែងដែលគេធ្វើរួច និងលាងស្អាតទុកនៅទីនោះ។ ខ្ញុំមិនឃើញមនុស្សនៅក្បែរត្រីនោះឡើយ ដូច្នេះខ្ញុំក៏លួចយកត្រីមួយក្បាលលាក់ទុកក្នុងចង្កេះខោ។ បន្តិចក្រោយមកខ្ញុំឮខ្មែរក្រហមជជែកគ្នា អើឆ្កែអូសត្រីមួយទៅបាត់ហើយ។ ខ្ញុំអរខ្លាំងណាស់ពេលបានឮខ្មែរក្រហមនិយាយថាឆ្កែអូសត្រីទៅបាត់ដោយមិនសង្ស័យមានអ្នកលួច។ ខ្ញុំយកត្រីនោះមកស្ងោរដាក់អំបិលតិចៗ។ ខ្ញុំហូបត្រីនោះឆ្ងាញ់ខ្លាំងណាស់ ទោះបីមិនមានបាយហូបជាមួយក៏ដោយ។
ខ្ញុំធ្វើការនៅសិត្បូបានរយៈពេល១ឆ្នាំជាងអង្គការបានផ្លាស់ប្តូរទីកន្លែងខ្ញុំ។ អង្គការឲ្យខ្ញុំដើរពីសិត្បូ ទៅកោះទឹកវិល។ ខ្ញុំឃើញសុទ្ធតែស្រីៗ និងក្មេងៗរស់នៅទីនោះ។ អង្គការឲ្យខ្ញុំឃ្វាលគោនៅទឹកវិល។ ខ្ញុំមិនដែលឃ្វាលគោពីមុនមកទេ ហើយក៏មិនចំណាំគោដែរ។ ខ្ញុំយកគោទៅចងនៅក្រោមដើមឈើ ហើយវង្វេងកន្លែងចងគោទៀត។ ខ្ញុំរកគោមិនឃើញ ក៏ភិតភ័យខ្លាំងណាស់។ សំណាងល្អពេលល្ងាចគោបម្រះរួចពីចំណង ហើយរត់ចូលគ្រោលដោយខ្លួនឯង។ ខ្មែរក្រហមលត់ដំខ្ញុំគ្រប់សព្វបែបយ៉ាង។ ថ្ងៃមួយពេលខ្ញុំកំពុងជម្រះស្មៅនៅក្នុងចម្ការ ប្រធានកងហៅប្រជាជនមកតម្រង់ជួរ។ បងស្រីរបស់ខ្ញុំមកមិនទាន់បានចូលជួរយឺត ដូច្នេះខ្ញុំថយក្រោយដើម្បីឲ្យបងស្រីរបស់ខ្ញុំឈរពីមុខខ្ញុំ។ ប្រធានកងរាប់ពីលេខរៀងទី១ដល់៥០ក៏ឈប់ ហើយឲ្យអ្នកទាំងនោះទៅផ្ទះរៀបចំអីវ៉ាន់ទាំងយប់ ប៉ុន្តែមិនបានប្រាប់ថាទៅទីណាឡើយ។ ខ្មែរក្រហមនាំយើងមកស្ទឹងសៀមរាបកន្ទួត។ ខ្មែរក្រហមរៀបចំបាយឲ្យយើងហូបមួយចម្អែតទាំងយប់ ហើយថ្ងៃបន្ទាប់ខ្មែរក្រហមចាត់តាំងយើងទាំង៥០នាក់ឲ្យជួយច្រូតស្រូវបន្ទាន់។ ពេលនោះមនុស្សពាក់កណ្ដាលឈឺក្រពះ ដោយសារយើងមិនដែលបានហូបបាយឆ្អែតជាយូរមកហើយ។ ខ្ញុំក៏ឈឺរាករួសដែរ ចំណែកបងស្រីរបស់ខ្ញុំបានចេញទៅធ្វើការធម្មតា។ ពេលច្រូតស្រូវហើយរួចរាល់ ខ្ញុំបានត្រឡប់ទៅនៅត្រើយខាងលិចទន្លេ គឺនៅព្រែករាំង ក្នុងស្រុកស្អាង ខេត្តកណ្តាល រហូតដល់កងទ័ពវៀតណាមវាយចូលមក នៅដើមឆ្នាំ១៩៧៩។
សាងជីវិតថ្មី
ក្រោយរបបខ្មែរក្រហមដួលរលំនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៩ ខ្ញុំមករស់នៅឃុំក្រាំងចេក ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺវិញ។ ខ្ញុំបានចូលធ្វើជាគ្រូបង្រៀន។ ដំបូងខ្ញុំបង្រៀនសិស្សក្រោមម្លប់ឈើព្រោះយើងមិនទាន់មានសាលារៀន។ ក្រៅពីធ្វើជាគ្រូបង្រៀន ខ្ញុំប្រកបរបរចិញ្ចឹមជ្រូក ប៉ុន្តែជ្រូកក៏ងាប់អស់។ ពេលនោះខ្ញុំមានកង់មួយ ដូច្នេះខ្ញុំបានជិះកង់ដើររកស៊ីទិញស្រូវយកមកស្តុកទុកដើម្បីលក់ ប៉ុន្តែខ្ញុំខាតដោយសារខ្ញុំទុកស្រូវចំកន្លែងដែលមានទឹកស្រក់ពីលើបណ្តាលឲ្យស្រូវដុះ។ បន្ទាប់មកខ្ញុំដើរទិញស្ករត្នោតទុកលក់ ប៉ុន្តែស្ករចុះថោកទៀត។
ប្រវត្តិរូប និងរូបថត
នៅឆ្នាំ១៩៨៤ ខ្ញុំឡើងមករៀននៅសាលាគរុកោសល្យនៅភ្នំពេញ ផ្នែកគីមីវិទ្យា។ ពេលនោះ ខ្ញុំនឹកឃើញបងឡាងដែលអង្គការហៅឲ្យទៅធ្វើការវិញ ដែលខ្ញុំតែងតែសង្ឃឹមថាគាត់នៅរស់។ ប៉ុន្តែក្ដីសង្ឃឹមនេះបានរលត់ទៅវិញ នៅពេលខ្ញុំរកឃើញឯកសារចម្លើយសារភាពរបស់ បងឡាង ចុះកាលបរិច្ឆេទថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៧៥ រក្សាទុកនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍សាសន៍ទួលស្លែង។ នៅក្នុងឯកសារនេះក៏បានបញ្ជាក់អំពីក្មួយរបស់បងឡាងពីរនាក់ ដែលបងឡាងនាំយកទៅជាមួយគាត់ដែរ ហើយក្រោយមកអង្គការយកកុមារទាំងពីរនាក់នោះទៅដាក់នៅមន្ទីរកុមារចម្ការដូង។ ក្រោយមកខ្ញុំរកឃើញរូបថតនិងឯកសាររបស់បងថ្លៃខ្ញុំចុះលេខI០៩៥៨១ នៅមជ្ឈមណ្ឌលឯកសារកម្ពុជា ឈ្មោះ អោម យិនដូនី (ត្រូវជាប្រពន្ធរបស់ បងឡាង) ដែលត្រូវបានឃាត់ខ្លួននៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ទៀត។
ខ្ញុំបានបាត់បង់ឪពុកម្តាយ បងបង្កើត បងថ្លៃ កូន ក្មួយ ជាទីស្រឡាញ់។ នៅក្នុងឆ្នាំ២០០៧ ខ្ញុំសម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្ដីខ្មែរក្រហមដើម្បីរកយុត្តិធម៌ជូនសមាជិកគ្រួសាររបស់ខ្ញុំ។ កន្លងមកសាលាក្តីខ្មែរក្រហមបានកាត់ទោសឲ្យមេដឹកនាំខ្មែរក្រហមជាប់គុកអស់មួយជីវិតធ្វើឲ្យខ្ញុំស្ងប់ចិត្តបានខ្លះ។
ខ្ញុំចូលនិវត្តន៍ពីគ្រូបង្រៀនរយៈពេល១០ឆ្នាំមកហើយ ប៉ុន្តែខ្ញុំសប្បាយចិត្តពេលឃើញសិស្សជាច្រើនដែលខ្ញុំធ្លាប់បានបង្រៀនមានការងារធ្វើ ចំណែកក្មួយៗរបស់ខ្ញុំខិតខំប្រឹងប្រែងរៀនសូត្រ កសាងគ្រួសារ និងអាចរស់នៅដោយខ្លួនឯងបាន។ ឆ្លៀតពេលទំនេរពីការងារ ខ្ញុំទៅវត្តធ្វើបុណ្យស្ដាប់ព្រះធម៌ ។ បច្ចុប្បន្ន ខ្ញុំរស់នៅឃុំសុព័រទេព សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
អត្ថបទ ៖ ដារ៉ារដ្ឋ មេត្តា អ្នកសរសេរទស្សនាវដ្ដីស្វែងរកការពិត
រូបថត ៖ កាន់ សុន្ធរ៉ា/មជ្ឈមណ្ឌលឯកសារកម្ពុជា