ខ្ញុំឈ្មោះ ម៉ៅ វណ្ណា ភេទស្រី អាយុ៦២ឆ្នាំ រស់នៅក្នុងភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្ដីឈ្មោះ សុខ ងុយ និងមានកូនប្រុសស្រីចំនួន៣នាក់។ ខ្ញុំគឺជាអតីតនាយក សាលាបឋមសិក្សាទីប្រជុំ ដែលស្ថិតនៅភូមិទី៨នេះ។ ខ្ញុំមានឪពុកឈ្មោះ ម៉ៅ លាងគ្រី ដែលជាគ្រូ បង្រៀននៅវិទ្យាល័យជម្ពូវ័ន និងម្ដាយឈ្មោះ ម៉ៅ សុផល គឺជាមេផ្ទះ។ ឪពុកម្ដាយ និងបងប្អូនរបស់ខ្ញុំត្រូវបានខ្មែរក្រហមសម្លាប់ គឺនៅសល់តែរូបខ្ញុំនិងប្អូនម្នាក់ប៉ុណ្ណោះដែលរួចរស់ជីវិត។ នៅវ័យកុមារ ខ្ញុំទៅរៀននៅសាលាបឋមសិក្សាចុងកោះរហូតដល់ថ្នាក់ទី៧ចាស់។ នៅពេលនោះ ខ្ញុំស្នាក់នៅជាមួយយាយនៅក្នុងភូមិកំណើតចំណែកឯឪពុកម្ដាយ និងបងប្អូនផ្សេងទៀតរបស់ខ្ញុំរស់នៅទីក្រុងភ្នំពេញ។ ប៉ុន្មានខែបន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ មានអ្នកភូមិបានទៅចូលរួមដង្ហែរបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារនេះនៅទីរួមខេត្តកំពង់ចាម។ ខ្ញុំមិនបានទៅចូលរួមទេ គឺខ្ញុំស្នាក់នៅផ្ទះជាមួយយាយរបស់ខ្ញុំ។ ក្រោយមកទៀត កងទ័ពរំដោះខ្មែរក្រហមបានចូលមកដល់ និងបានស្នាក់នៅក្រោមផ្ទះរបស់អ្នកភូមិទី៨។ នៅចុងឆ្នាំ១៩៧០ និងដើមឆ្នាំ១៩៧១ សង្រ្គាមរវាង ទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហមបានផ្ទុះឡើងជាច្រើនសមរភូមិនៅស្រុកកោះសូទិន។ ចាប់ពីឆ្នាំ១៩៧២ ដល់ឆ្នាំ១៩៧៣ ទាហាន លន់ នល់ បានបើកការវាយប្រហារទៅលើកងទ័ពរំដោះខ្មែរក្រហមដែលឈរជើងនៅក្នុងស្រុកកោះសូទិនកាន់តែខ្លាំងឡើង។ ដោយមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ខ្ញុំ ឪពុកម្ដាយរបស់ខ្ញុំបានមកយកខ្ញុំទៅរស់នៅជាមួយពួកគាត់នៅជាយក្រុងក្រុងភ្នំពេញវិញ។ ខ្ញុំបានចូលរៀនបន្តនៅសាលាបឋមសិក្សាជម្ពូវ័ន រហូតដល់ថ្នាក់ទី៤ នៅវិទ្យាល័យជម្ពូវ័នដដែល។
នៅដើមឆ្នាំ១៩៧៥ ឪពុករបស់ខ្ញុំបានទទួលដំណឹងថាកងទ័ពខ្មែរក្រហមបានចូលមកកៀកទីក្រុងភ្នំពេញហើយ។ នៅពេលនោះ ឪពុករបស់ខ្ញុំបានប្រាប់ម្ដាយខ្ញុំឲ្យនាំកូនៗចូលក្នុងក្រុងភ្នំពេញ និងទៅស្នាក់នៅផ្ទះម្ដុំទួលស្វាយព្រៃបណ្តោះអាសន្ន។ ចំណែកឯ ឪពុករបស់ខ្ញុំជិះកង់មកតាមក្រោយ។ បន្ទាប់ពីស្នាក់នៅមិនបានប៉ុន្មានផង ទីក្រុងភ្នំពេញត្រូវបានកងទ័ពរំដោះខ្មែរក្រហមវាយបែក និងគ្រប់គ្រង។ គ្រួសាររបស់ខ្ញុំ គឺស្ថិតនៅក្នុងចំណោមគ្រួសាររាប់ពាន់ផ្សេងទៀតដែលត្រូវបានខ្មែរក្រហមជម្លៀសដោយបង្ខំចេញពីទីក្រុងភ្នំពេញ។ ឪពុកម្ដាយរបស់ខ្ញុំសម្រេចចិត្តនាំកូនៗត្រឡប់មកភូមិកំណើតនៅកោះសូទិនដើម្បីរស់នៅជាមួយយាយរបស់ខ្ញុំវិញ។ គ្រួសាររបស់ខ្ញុំបានធ្វើដំណើរជាច្រើនថ្ងៃទើបមកដល់ភូមិ។
បន្ទាប់ពីមកដល់ភូមិវិញ គ្រួសាររបស់ខ្ញុំត្រូវបានប្រជាជនមូលដ្ឋានហៅថាប្រជាជន១៧មេសា ព្រោះមានប្រវតិ្តរូបធ្លាប់ធ្វើជាគ្រូបង្រៀននៅក្នុងរបបចាស់។ បន្ទាប់មក ឪពុកម្ដាយ និងបងប្អូនរបស់ខ្ញុំត្រូវបានបញ្ជូនទៅធ្វើការនៅការដ្ឋានភូមិតាណុង គឺជាកន្លែងប្រមូលផ្ដុំប្រជាជនដែលជាប់និន្នាការជាមួយរបប លន់ នល់ ដើម្បីលត់ដំខ្លួន។ នៅពេលនោះ ខ្ញុំមិនបានទៅនៅជាមួយឪពុកម្ដាយ និងបងប្អូនទេ ពីព្រោះយាយរបស់ខ្ញុំបានប្រាប់មេភូមិថា ខ្ញុំគឺជាអ្នកមូលដ្ឋានចាស់។ នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវបានដាក់ឲ្យធ្វើការនៅក្នុងកងចល័តនារី គឺធ្វើស្រែ ជីកដី និងលើកទំនប់។ នៅឆ្នាំ១៩៧៧ កងចល័តនារីរបស់ខ្ញុំត្រូវបានផ្លាស់ទីកន្លែងធ្វើការទៅការដ្ឋានឆ្ន័ត្រវិញ ដែលនៅទីកន្លែងនោះខ្ញុំស្ទើរតែត្រូវបានចាប់យកទៅសម្លាប់ និងជាកន្លែងដែលខ្ញុំឃើញផ្ទាល់ភ្នែកពីទុក្ខវេទនារបស់គ្រួសារខ្ញុំ។ ខ្ញុំតែងតែលួចទៅជួបឪពុកម្ដាយរបស់ខ្ញុំក្នុងស្ថានភាពស្គមស្គាំង និងភិតភ័យ។ ខ្ញុំបានត្រឹមតែសួរសុខទុក្ខ និងមិនអាចធ្វើអ្វីបានលើសពីនេះទេ។ ចំណែកឯកងចល័តនារីរបស់ខ្ញុំវិញត្រូវទៅជីកដី លើកដី និងធ្វើស្រែគ្មានពេលសម្រាក និងគ្មានអាហារហូបគ្រប់គ្រាន់។ កងចល័តនារីកន្លែងខ្ញុំធ្វើការ មានសមាជិកមិត្តនារីទាំងអស់៩៧នាក់។ នៅឆ្នាំ១៩៧៧ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីបានចូលមកដល់ និងចាប់ផ្ដើមចាប់កម្មាភិបាលមូលដ្ឋាន និងប្រធានកងយកទៅសម្លាប់ចោល។ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីក៏ចាប់ផ្ដើមស្រាវជ្រាវប្រវត្តិប្រជាជន១៧មេសា។ នៅពេលនោះ កងចល័តនារីនៅសេសសល់ប្រហែល៦០នាក់ប៉ុណ្ណោះ។
នៅយប់មួយ ប្រធានកងចល័តនារីឈ្មោះ ស្រ៊ាង បានដើរស្រង់ឈ្មោះអ្នកដែលមានប្រវត្តិជាប្រជាជន១៧ មេសា។ ខ្ញុំដឹងថា ប្រជាជន១៧មេសា នៅពេលនោះគឺត្រូវបានស្រង់ឈ្មោះបានចំនួន១៣នាក់ រួមទាំងឈ្មោះរបស់ខ្ញុំផងដែរ។ ប៉ុន្តែមិត្តនារី ស្រ៊ាង ដែលជាអតីតមិត្តរៀនថ្នាក់ទី១១ នៅសាលាបឋមសិក្សាចុងកោះជាមួយគ្នា ស្គាល់ខ្ញុំ និងមិនបានហៅខ្ញុំដើម្បីរៀបចំបាយពោតដើម្បីយកទៅសម្លាប់ចោលនោះទេ។ ចំណែកឯ អ្នក១២នាក់ផ្សេងទៀតត្រូវបានមិត្តនារី ស្រ៊ាង ប្រាប់ឲ្យរៀបចំបាយពោត និងហៅទៅតាមគាត់។ នៅយប់ដដែល ប្រជាជន ១៧ មេសា បានងើបអង្គុយ និងពិភាក្សាគ្នាអំពីការរៀបចំបាយ និងការផ្លាស់ទៅកន្លែងផ្សេងទៀត។ នៅពេលនោះ មិត្ត ថាច ដែលរៀនបានខ្ពង់ខ្ពស់ និងចប់ថ្នាក់មហាវិទ្យាល័យ និយាយទៅកាន់អ្នកទាំងអស់គ្នាថា «កុំទៅបារម្ភពេក ខ្មែរក្រហមមិនដែលសាហាវជាងហ៊ីត្លែរនោះទេ»។ ការលើកឡើងរបស់មិត្ត ថាច នៅពេលនោះ គឺគាត់មិនជឿថា ខ្មែរក្រហម សម្លាប់ខ្មែរនោះទេ។ ប៉ុន្តែអ្វីដែលមិត្ត ថាច និយាយនោះគ្រាន់តែជាការយល់ខុស។ ខ្មែរក្រហមបានបណ្ដើរអ្នកទាំង១២នាក់ ដែលត្រូវបានស្រង់ឈ្មោះ និងប្រាប់ឲ្យរៀបចំបាយ យកទៅសម្លាប់ចោលយ៉ាងព្រៃផ្សៃក្បែរការដ្ឋានដែលខ្ញុំ និងអ្នកផ្សេងទៀតកំពុងធ្វើការ។
នៅឆ្នាំ១៩៧៨ ខ្ញុំទទួលបានដំណឹងថា ឪពុកម្ដាយ និងបងប្អូនរបស់ខ្ញុំត្រូវបានខ្មែរក្រហមយកទៅសម្លាប់ និងទម្លាក់ចោលក្នុងទន្លេ ពីព្រោះតែជាប់ប្រវត្តិជាប្រជាជន ១៧ មេសា។ បន្ទាប់ពីកងទ័ពវៀតណាមចូលមកដល់នៅដើមឆ្នាំ១៩៧៩ ខ្ញុំមិនបានរត់ទៅជាមួយខ្មែរក្រហមមកពីភូមិភាគនិរតីទេ។ ខ្ញុំបានវិលត្រឡប់មកភូមិទី៨វិញ ដើម្បីរស់នៅជាមួយយាយរបស់ខ្ញុំ និងប្អូនម្នាក់ដែលរួចផុតពីការសម្លាប់នៅពេលនោះ។ នៅឆ្នាំ១៩៨០ ខ្ញុំបានបង្រៀនកូនអ្នកភូមិនៅសាលាបឋមសិក្សាទីប្រជុំ និងក្រោយមកទៀតទទួលតួនាទីជានាយកសាលា។ បន្ទាប់ពីខ្ញុំចូលចូលនិវត្តន៍ ខ្ញុំលក់នំនិងអាហារនៅក្នុងសាលា និងបន្តបង្រៀនកូនអ្នកភូមិក្នុងតួនាទីជាគ្រូកិច្ចសន្យា។
អត្ថបទ ៖ ស៊ាង ចិន្តា នាយកមជ្ឈមណ្ឌលឯកសារ ខេត្តកំពង់ចាម
រូបថត ៖ ស៊ាង ចិន្តា/មជ្ឈមណ្ឌលឯកសារកម្ពុជា