"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងរៀបចំវេទិកាប្រវត្តិសាស្រ្តគ្រួសារ ពីថ្ងៃទី១៣ ដល់ទី១៥ ខែមិថុនា ឆ្នាំ២០២២

ពីថ្ងៃទី១៣ដល់១៥ ខែមិថុនា ឆ្នាំ២០២២  ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ក្រោមជំនួយទ្រទ្រង់ពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ បានចុះធ្វើវេទិកាប្រវត្តិសាស្រ្ដគ្រួសារនៅក្នុងភូមិចំនួន២គឺ ភូមិស្រះតាអឹម និងភូមិអង្គ្រង នៃឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង។ កិច្ចការនេះ ទទួលបានការឯកភាព និងសម្របសម្រួលពីអាជ្ញាធរមូលដ្ឋានឃុំអង្គរស ដើម្បីចុះជួបជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន១២នាក់ ក្នុងនោះមានស្រី៥នាក់។

មុននឹងចុះទៅកាន់មូលដ្ឋានដើម្បីជួបជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតាមភូមិនីមួយៗនេះ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានធ្វើការទំនាក់ទនងទៅកាន់លោកមេឃុំអង្គរសជាមុន ដើម្បីជម្រាបអំពីផែនការការងារ គោលបំណង និងស្នើសុំការសហការពីអាជ្ញាធរមូលដ្ឋាន ក្នុងការបញ្ជូនបញ្ជីឈ្មោះអ្នករស់រានមានជីវិតទាំង១២នាក់ ដែលត្រូវបានឧទ្ទេសនាមដោយលោកមេឃុំអង្គរស ហើយផ្តល់ព័ត៌មានទៅកាន់អ្នកទាំងនោះវិញដើម្បីចូលរួមសហការផ្តល់បទសម្ភាសន៍ពីជីវប្រវត្តិឆ្លងកាត់របបខ្មែរក្រហម។

ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានចាកចេញពីទីរួមខេត្តព្រៃវែងនៅរៀងរាល់ព្រឹក ឆ្ពោះទៅកាន់គោលដៅការងារក្នុងឃុំអង្គរសដើម្បីអនុវត្តការងារ ហើយបានវិលត្រឡប់មកកាន់ទីរួមខេត្តវិញ នៅពេលរសៀល។ ក្នុងមួយថ្ងៃក្រុមការងារបានចុះទៅជួបជា មួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៤នាក់។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហ ម បានសហការយ៉ាងល្អជាមួយក្រុមការងារក្នុងការផ្តល់បទសម្ភាសន៍។ ក្រុមការងារសង្កេតឃើញមានអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់រីករាយក្នុងការផ្តល់បទសម្ភាសន៍ទោះបីគាត់ឈឺ និងមិនអាចអង្គុយយូរដោយសារតែគាត់មានជំងឺពុកឆ្អឹងខ្នង។ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានស្នើសុំឲ្យគាត់ដេកនៅលើគ្រែដើម្បីជួយសម្រួលដល់គាត់ក្នុងការផ្តល់បទសម្ភាសន៍។ គាត់ចង់ចែករំលែកអំពីបទពិសោធន៍ និងទុក្ខវេទនា ព្រមទាំងការឈឺចាប់ចំពោះការបាត់បង់សាច់ញាតិបងប្អូនបង្កើត និងជីដូនមួយរបស់គាត់អស់ចំនួន២៥នាក់ ដែលត្រូវបានខ្មែរក្រហមយកទៅសម្លាប់ ដើម្បីឲ្យក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងយកទៅចងក្រងជាឯកសារប្រវត្តិសាស្ត្រសម្រាប់ក្មេងជំនាន់ក្រោយ។

ភាគច្រើននៃអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលក្រុមការងារបានសម្ភាសន៍ គឺជាអតីតកម្មាភិបាលខ្មែរក្រហមថ្នាក់មូលដ្ឋាន និងអតីតពេទ្យខ្មែរក្រហម។ អ្នកទាំងនោះនៅចងចាំអំពីបទពិសោធន៍ជីវិតរបស់ខ្លួនបានយ៉ាងល្អ និងគិតថារបបខ្មែរក្រហមហាក់ដូចជាទើបនឹងកើតឡើងថ្មីៗសម្រាប់គាត់។ អ្នកទាំងនោះបានទទួលស្វាគមន៍ក្រុមការងារយ៉ាងកក់ក្តៅ និងរីករាយក្នុងការផ្តល់បទសម្ភាសន៍ ព្រមទាំងសហការជាមួយក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង។

ទោះបីយ៉ាងណា ក្រុមការងារបានជួបបញ្ហាប្រឈមខ្លះដោយសារស្ថានភាពផ្លូវចូលទៅកាន់ភូមិនានាក្នុងឃុំអង្គរស ហើយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមួយចំនួនមានពេលវេលាខ្លីក្នុងការផ្តល់បទសម្ភាសន៍ព្រោះគាត់ជាប់រវល់ក្នុងការប្រកបរបររកស៊ី។ តាមរយៈបញ្ហាប្រឈមខាងលើនេះ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង នឹងជ្រើសរើសទីតាំងអំណោយផលក្នុងការចុះជួបសម្ភាសន៍ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងនោះនៅពេលក្រោយ។ ក្រុមការងារនឹងខិតខំបន្តពង្រឹងបន្ថែមនូវវិធីសាស្ត្រសម្ភាសន៍ ដើម្បីធានាថាការសន្ទនាពីបទពិសោធន៍ឆ្លងកាត់របបខ្មែរក្រហមនឹងប្រព្រឹត្តទៅដោយរលូន និងទទួលបានព័ត៌មានគ្រប់គ្រាន់។

គម្រោងផែនការសម្រាប់ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តព្រៃវែង នឹងបន្តកិច្ចការរបស់ខ្លួននៅក្នុងឃុំអង្គរស ដើម្បីជួបសម្ភាសន៍អតីតកម្មាភិបាលខ្មែរក្រហមមួយចំនួនទៀតដើម្បីស្វែងយល់បន្ថែមពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ​ក្រោយថ្ងៃជ័យជម្នះ៧ ខែមករា ឆ្នាំ១៩៧៩។

អត្ថបទ ៖ ថុន ស្រីពេជ្រ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា