នួន រឿន ៖ អតីតយុទ្ធជនខ្មែរក្រហម

នួន រឿន ភេទប្រុស អាយុ៧៥ឆ្នាំ និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បច្ចុប្បន្នរស់នៅភូមិគគរ២ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានរំឭកអំពីមូលហេតុចូលរួមជាមួយកងទ័ព និងជីវិតរស់នៅក្នុងកងចល័តក្នុងរបបខ្មែរក្រហមថា ខ្ញុំឈ្មោះ នួន រឿន កើតនៅឆ្នាំ១៩៤៧ នៅភូមិគគរ២ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ខ្ញុំរៀបការជាមួយប្រពន្ធឈ្មោះ ម៉េង ហ៊ាង និងមានកូនប្រុសស្រីទាំងអស់ចំនួន៦នាក់។ ខ្ញុំប្រកបរបរជាកសិករ។ ឪពុករបស់ខ្ញុំឈ្មោះ សួង នួន និងម្ដាយឈ្មោះ អ៊ុង ឈឹម។ ខ្ញុំគឺជាកូនទី៣ក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ចំនួន១០នាក់។ នៅពេលដែលខ្ញុំមានអាយុ១២ឆ្នាំ ខ្ញុំចូលរៀននៅសាលាបឋមសិក្សានាងអង។ ខ្ញុំរៀនបានត្រឹមថ្នាក់ទី៩ចាស់។ ក្រោយមកទៀត ខ្ញុំបានបួសរៀននៅវត្តព្រះគ្រូ អ៊ុក បាន៤ព្រះវស្សា។ ខ្ញុំលាចាកសិក្ខាបទនៅអាយុ១៦ឆ្នាំ។ ខ្ញុំទៅរៀនធ្វើជាងមាសនៅភ្នំពេញ ដោយបានស្នាក់នៅម្ដុំផ្សារអូឡាំពិក រហូតដល់ឆ្នាំ១៩៦៨។

នៅឆ្នាំ១៩៦៩ ខ្ញុំបានវិលត្រឡប់មកស្រុកវិញ និងបើកមុខរបរធ្វើជាជាងមាសនៅផ្ទះតែម្ដង។ ខ្ញុំធ្វើមាសយកទៅលក់នៅទីរួមខេត្តកំពង់ចាម ដើម្បីសម្រួលដល់ជីវភាពគ្រួសារ។ នៅឆ្នាំ១៩៧០ ខ្ញុំឃើញអ្នកភូមិជាច្រើនបានចូលរួមធ្វើបាតុកម្មដង្ហែរតាមដងផ្លូវមកពីទិសខាងលិច។ នៅពេលនោះ ខ្ញុំក៏បានចូលរួមដង្ហែរក្បួនជាមួយបាតុករទៅដល់សាលាដំបូងខេត្តកំពង់ចាមដែរ។ នៅពេលទីដល់ទីកន្លែងប្រមូលផ្ដុំ ខ្ញុំមិនបានឡើងជិះឡានដង្ហែរបន្តទៅភ្នំពេញទេ។ ខ្ញុំសម្រេចចិត្តវិលត្រឡប់មកផ្ទះវិញ។

នួន រឿន អាយុ៧៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិគគរ២ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅឆ្នាំ១៩៧០ ដដែល រដ្ឋាភិបាលសាធារណរដ្ឋខ្មែររបស់ លន់ នល់ បានកែនយុវជនឲ្យចូលបម្រើកងទ័ព។ ដោយសារខ្ញុំមិនចង់ចូលកងទ័ព ទើបខ្ញុំរត់ចេញពីភូមិទៅនៅស្រុកកោះសូទិន។ ខ្ញុំស្នាក់នៅពកស្នែងជាមួយបងប្អូនរបស់ខ្ញុំ។ មិនទាន់បានប៉ុន្មានផង ខ្ញុំឃើញកងទ័ពរំដោះខ្មែរក្រហមចូលមកដល់ភូមិ។ ខ្ញុំត្រូវបានបញ្ចុះបញ្ចូលឲ្យស្ម័គ្រចិត្តធ្វើជាកងទ័ពរំដោះខ្មែរក្រហម។ ដោយមិនមានជម្រើស និងមិនអាចរត់មកភូមិកំណើត ដែលមានវត្តមានទាហាន លន់ នល់ ខ្ញុំក៏បានសម្រេចចិត្តចូលបម្រើកងទ័ពរំដោះខ្មែរក្រហមនៅទីនោះ។ នៅពេលនោះ មានយុវជនប្រហែល១០០នាក់រួមទាំងរូបខ្ញុំផ្ទាល់ ត្រូវបានបញ្ជូនទៅខាងជីហែដែលជាតំបន់រំដោះខ្មែរក្រហម។ បន្ទាប់មក យុវជនទាំងនេះត្រូវបានប្រគល់ឲ្យកងកម្លាំងវៀតកុងដើម្បីបង្ហាត់បង្រៀនពីក្បួនទ័ព នៅខេត្តព្រៃវែង។

នៅឆ្នាំ១៩៧២ ខ្ញុំត្រូវបានបញ្ជូនទៅហ្វឹកហ្វឺនក្បួនទ័ពនៅភូមិឆ្កែកូន ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ខ្ញុំរៀនពីវិធីប្រយុទ្ធ, ទប់ទល់, ប្រដេញ និងប្រើប្រាស់កាំភ្លើងគ្រប់ប្រភេទ។ នៅឆ្នាំ១៩៧៣ ខ្ញុំត្រូវបានបញ្ជូនទៅប្រយុទ្ធនៅសមរភូមិកំពង់ត្របែក និងនៅសមរភូមិផ្សេងៗទៀត។

នៅឆ្នាំ១៩៧៥ ខ្ញុំបានសុំឈប់ធ្វើជាកងទ័ពដើម្បីមកមើលថែម្ដាយនៅភូមិវិញ។ បន្ទាប់ពីមកដល់ភូមិវិញ ខ្ញុំត្រូវបានចាត់តាំងឲ្យទៅធ្វើការនៅការដ្ឋានភូមិកៀនជ្រៃ ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នៅឆ្នាំ១៩៧៦ ខ្ញុំរៀបការប្រពន្ធ និងធ្វើការនៅកងចល័ត​ក្នុងសហករណ៍គគរ។ ខ្ញុំគឺជាប្រធានកង និងមិត្តនារី សៅ គឺជាអុនប្រធានកង។

នៅឆ្នាំ១៩៧៧ កម្មាភិបាលនិងយោធាខ្មែរក្រហមភូមិភាគនិរតីបានចូលមកគ្រប់គ្រង ឃុំគគរ។ ពេលនោះ ខ្ញុំស្នើសុំឲ្យមិត្តនារី សៅ ឡើងធ្វើជាប្រធានជំនួសខ្ញុំ ព្រោះខ្ញុំត្រូវទៅធ្វើជាប្រធានកងចល័តវ័យកណ្ដាល ដោយមើលលើការងារភ្ជួររាស់, ដាំពោត និងដំណាំផ្សេងៗដើម្បីផ្គត់ផ្គង់មូលដ្ឋាន។ បើទោះបីជាទទួលផលបានច្រើនយ៉ាងណាក៏ដោយ ក៏ប្រជាជន រួមទាំងខ្ញុំ មិនមានអាហារហូបចុកគ្រប់គ្រាន់ដែរ។ នៅពេលនោះ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតី បានចាប់អ្នកភូមិ ជនជាតិភាគតិចចាម និងកម្មាភិបាលខ្មែរក្រហមនៅក្នុងមូលដ្ឋានយកទៅសម្លាប់អស់ជាច្រើននាក់។

នៅឆ្នាំ១៩៧៨ ប្រពន្ធរបស់ខ្ញុំបង្កើតបានកូនម្នាក់។ ខ្ញុំព្យាយាមលួចជីកដំឡូងយកមកស្ងោរឲ្យប្រពន្ធហូប។ ប៉ុន្តែថ្ងៃមួយ កងឈ្លបបានឃើញ និងចាប់ខ្ញុំយកទៅសួរចម្លើយ។ ខ្ញុំឆ្លើយកុហក់ថា ខ្ញុំជីកដំឡូងព្រៃមិនមែនដំឡូងដែលប្រជាជនដាំទេ។ បន្ទាប់មក ខ្ញុំត្រូវបានដោះលែងវិញ។ ទោះបីយ៉ាងណាក៏ដោយ ខ្ញុំត្រូវបានខ្មែរក្រហមឃ្លាំមើលគ្រប់ពេលវេលា។

នៅដើមឆ្នាំ១៩៧៩ ខ្ញុំ និងប្រពន្ធកូន បានរួចផុតពីសេចក្ដីអត់ឃ្លាន និងស្លាប់ ដោយសារកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាមវាយចូលមក។ ខ្ញុំនិងគ្រួសារបានជួបជុំគ្នាវិញ និងបានប្រកបរបរជាកសិកររហូតមកដល់សព្វថ្ងៃនេះ។

ដោយ ៖ ទូច​ វណ្ណេត និង អេង វណ្ណីកា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖