យុទ្ធសាស្ត្របច្ចុប្បន្នរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបង្ហាញឱ្យពិភពលោកបានឃើញនូវការឈ្លានពានដោយខុសច្បាប់ និងសកម្មភាពពាក់ព័ន្ធរបស់រដ្ឋាភិបាល និងកងទ័ពថៃនៅលើទឹកដីកម្ពុជា គឺជាវិធីសាស្ត្រដ៏ឈ្លាសវៃបំផុត ពីព្រោះថាយុទ្ធសាស្ត្រនេះ នឹងមិនជំរុញឱ្យមានជម្លោះបន្ថែមទៀត ដែលនឹងធ្វើឱ្យមានការបង្ហូរឈាមប្រជាជនខ្មែរ ឬបណ្តាលឱ្យបាត់បង់ជីវិតប្រជាជនស្លូតត្រង់នៃប្រទេសទាំងពីរឡើយ។
យុទ្ធសាស្ត្រការទូត ដូចជាការលាតត្រដាង និងការថ្កោលទោសជាសាធារណៈនូវសកម្មភាពខុសច្បាប់របស់ប្រទេសណាមួយ ជួនកាលអាចបង្កជាអារម្មណ៍មន្ទិលសង្ស័យ ព្រោះលទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្រខាងលើ អាចនឹងមិនបង្ហាញឱ្យឃើញភ្លាមៗនោះទេ ហើយពេលខ្លះ យុទ្ធសាស្ត្រការទូតដែលមានប្រសិទ្ធភាពបំផុត ក៏មិនត្រូវបានផ្សព្វផ្សាយជាសាធារណៈដែរ ដែលនាំឱ្យប្រជាជនមានការងឿងឆ្ងល់ថា តើមានអ្វីកើតឡើងពិតប្រាកដ។ ទោះបីជាយ៉ាងណាក៏ដោយ ចំពោះប្រជាជាតិដែលមានភាពចាស់ទុំ ការធ្វើសង្គ្រាម ត្រូវតែជាជម្រើសចុងក្រោយបង្អស់។
កម្ពុជាមានចំណុចខ្លាំងជាច្រើននៅក្នុងដៃ ដែលគ្រប់គ្នាគួរតែទទួលស្គាល់៖ (១) ប្រទេសកម្ពុជា នៅតែបន្តប្រកាន់ខ្ជាប់នូវសន្តិភាព និងបានបង្ហាញពីភាពចាស់ទុំដ៏វិសេសវិសាលឆ្លើយតបចំពោះការញុះញង់ពីប្រទេសថៃ (២) ប្រទេសកម្ពុជាមានប្រៀបជាងលើផ្លូវច្បាប់ ហើយការដែលប្រទេសថៃបដិសេធមិនទទួលស្គាល់សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីការខ្វះភាពស្របច្បាប់របស់ប្រទេសថៃទៅវិញទេ និង (៣) ប្រទេសកម្ពុជា មានប្រៀបជាងទៅលើផ្នែកប្រវត្តិសាស្ត្រ។
ប្រទេសថៃតែងតែមានមហិច្ឆតាចង់ដណ្តើមយកទឹកដីមួយភាគធំរបស់កម្ពុជា ប៉ុន្តែការប៉ុនប៉ងនេះ ត្រូវបានរារាំងជាច្រើនលើកច្រើនសាមកហើយ។
អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ ក្រសួងការពារជាតិកម្ពុជា



