នៅរសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ក្រុមការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ បានចុះមកជួបប្រជុំជាមួយបងប្អូនជនជាតិដើមភាគតិចស្ទៀង ដែលមានជីវភាពខ្វះខាតចំនួន២៦គ្រួសារនៅក្នុងភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ អំពីសារសំខាន់នៃការប្រើប្រាស់ប័ណ្ណសមធម៌ (ប័ណ្ណក្រីក្រ) និងគម្រោងសាងសង់បង្គន់អនាម័យ។ កិច្ចប្រជុំនេះ បានរៀបចំធ្វើឡើងនៅទីតាំងផ្ទះសហគមន៍ជនជាតិដើមភាគតិចស្ទៀងក្នុងភូមិក្ដុលលើនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលជាទីកន្លែងសិក្សាស្រាវស្រាវពីប្រវត្តិ សាស្រ្តខ្មែរក្រហម, ទំនៀមទម្លាប់ វប្បធម៌ ប្រពៃណី សាសនា របស់ជនជាតិដើមភាគតិចស្ទៀង និងជាទីតាំងសាធារណៈបម្រើដល់សហគមន៍ទាំងមូល។
ជាកិច្ចចាប់ផ្ដើម លោក វាសនា តុលា គឺជាមន្រ្តីមកពីគម្រោងអភិវឌ្ឍន៍ជនបទបានណែនាំខ្លួន និងបានថ្លែងអំណរគុណដល់អាជ្ញាធរភូមិក្ដុលលើ និងឃុំទន្លូង រួមទាំងក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកោះថ្ម ដែលបានចូលរួមសហការ។ ជាពិសេសលោកអរគុណចំពោះវត្តមានរបស់ពុកម៉ែបងប្អូនជនជាតិដើមភាគតិចស្ទៀង ដែលមានប័ណ្ណក្រីក្របានមកចូលរួមប្រជុំនៅថ្ងៃនេះ។
ក្នុងឱកាសនេះ លោក វាសនា តុលា បានបង្ហាញពីគោលបំណងចំនួនពីរសម្រាប់បងប្អូនជនជាតិដើមភាគតិចស្ទៀង គឺ គោលបំណងទីមួយ ៖ ទាក់ទងនឹងប័ណ្ណសមធម៌ ឬ ប័ណ្ណក្រីក្រ ដែលបងប្អូនកាន់យកមកចូលរួមប្រជុំ។ លោក វាសនា តុលា បន្តថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកគោលនយោបាយថ្នាក់ជាតិលើកចុងក្រោយទាក់ទងនឹងប័ណ្ណសមធម៌ ឬប័ណ្ណក្រីក្រ។ ប័ណ្ណសមធម៌ ឬប័ណ្ណក្រីក្រត្រូវបានបែងចែកជាបីផ្នែកគឺ៖ ប័ណ្ណក្រីក្រកម្រិត១, ប័ណ្ណក្រីក្រកម្រិត២ និងប័ណ្ណក្រីក្រកម្រិត៣ ឬ ហៅថាប័ណ្ណហានិភ័យ។ ប័ណ្ណទាំងបីប្រភេទនេះសុទ្ធតែមានអត្ថប្រយោជន៍ដល់បងប្អូនទាំងអស់គ្នា ជាពិសេសប័ណ្ណនេះបងប្អូនអាចប្រើប្រាស់បានទាំងក្រុមគ្រួសារ។
លោក វាសនា តុលា បានស្នើសុំឱ្យបងប្អូនជនជាតិដើមភាគតិចស្ទៀងថែរក្សាប័ណ្ណក្រីក្រឱ្យបានល្អកុំឱ្យដាច់រហែក ឬត្រូវទឹកភ្លៀង ព្រោះប័ណ្ណសមធម៌ (ប័ណ្ណក្រីក្រ) គឺជាយន្តការរបស់រាជរដ្ឋាភិបាលសម្រាប់កំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ដើម្បីទទួលបានអត្ថប្រយោជន៍សង្គមសំខាន់ៗ រួមមាន៖ ការពិនិត្យព្យាបាលជំងឺឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ ការឧបត្ថម្ភសាច់ប្រាក់ក្រោមកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងអន្តរាគមន៍ជំនួយជាអាទិភាពផ្សេងទៀតពីកាកបាទក្រហម ឬគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
លោក វាសនា តុលា បន្ថែមថា ចំពោះសេវាសុខាភិបាល គឺទទួលបានការពិនិត្យ ព្យាបាល និងសម្រាកពេទ្យដោយឥតគិតថ្លៃនៅគ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែករបស់រដ្ឋ។ ជំនួយសាច់ប្រាក់ គឺទទួលបានការឧបត្ថម្ភសាច់ប្រាក់ (ប្រចាំខែ ឬកញ្ចប់) ពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។ ជំនួយអាទិភាព គឺទទួលបានការអនុគ្រោះ ឬជំនួយជាអាទិភាពនៅពេលមានគ្រោះអាសន្ន ដូចជា គ្រោះធម្មជាតិ (ទឹកជំនន់ ខ្យល់កន្ត្រាក់) ឬវិបត្តិសេដ្ឋកិច្ចផ្សេងៗ។ ចំណែក ការអប់រំ គឺការលើកលែងថ្លៃសិក្សា ឬទទួលបានអាហារូបករណ៍សម្រាប់កូនចៅគ្រួសារក្រីក្រ (ជាទូទៅយោងតាមគោលការណ៍កម្រិតទី១ និងទី២)។
ជាចុងក្រោយ លោក វាសនា តុលា បានបង្ហាញគោលបំណងទីពីរ៖ ដោយលោកបានបែងចែកបងប្អូនជនជាតិដើមភាគតិចស្ទៀងដែលមានបង្គន់អនាម័យឱ្យនៅម្ខាង និងបងប្អូនដែលគ្មានបង្គន់អនាម័យឱ្យនៅម្ខាងទៀត។ លោក វាសនា តុលា បានសួរសំណួរដល់បងប្អូនជនជាតិដើមភាគតិចស្ទៀងដែលកំពុងប្រើប្រាស់បង្គន់អនាម័យអំពីអត្ថប្រយោជន៍របស់វាម្នាក់ម្តងៗ។ បន្ទាប់ពីបានស្តាប់អំពីអត្ថប្រយោជន៍បង្គន់អនាម័យរួចមក បងប្អូនជនជាតិដើមភាគតិចស្ទៀងដែលគ្មានបង្គន់អនាម័យបានបង្ហាញពីបំណងចង់បានបង្គន់អនាម័យគ្រប់គ្នា។ លោក វាសនា តុលា បានជំរុញឱ្យជនជាតិដើមភាគតិចស្ទៀងទាំងអស់ចូលរួមសង់បង្គន់អនាម័យដើម្បីសុខភាព និងសុវត្ថិភាពរបស់សមាជិកគ្រួសារ។
អត្ថបទ ៖ វី ស៊ីថា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា











