វីរកងទ័ព ឆូន តុលា បានពលីជីវិតនៅយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ដោយសារគ្រាប់បែកទម្លាក់ពីយន្តហោះគ្មានមនុស្សបើករបស់ទាហានថៃនៅខ្សែត្រៀមទិសប្រាសាទតាមាន់។ ឆូន តុលា គឺជាកងទ័ពម្នាក់ក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៥ ឈរជើងនៅស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។ ឆូន តុលា បានស្រឡាញ់វិស័យយោធា និងចូលបម្រើកងទ័ពតាំងពីវ័យក្មេង។ ក្នុងនាមជាយោធិនមួយរូប ឆូន តុលា បានបំពេញភារកិច្ចបានយ៉ាងល្អ និងការពារទឹកដីរបស់ខ្លួនរហូតដល់ដង្ហើមចុងក្រោយ។
រឿងរ៉ាវរបស់វីរកងទ័ព ឆូន តុលា និងក្រុមគ្រួសារមានដូចខាងក្រោម៖
ឆូន តុលា អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ តុលា មានឪពុកឈ្មោះ ស្មៀង ឈូង និងម្ដាយឈ្មោះ ភ្នំ គិស។ តុលា មានបងប្អូនចំនួន៤នាក់ គឺស្រីម្នាក់ និងប្រុសចំនួន៣នាក់ ហើយ តុលា គឺជាកូនទីពីរនៅក្នុងគ្រួសារ។
កាលពីកុមារ តុលា រស់នៅភូមិស្រែណូយ និងបានចូលរៀននៅសាលាបឋមសិក្សាស្រែណូយរហូតចប់ថ្នាក់បឋមសិក្សា។ ក្រោយមកឪពុកម្ដាយ តុលា បានផ្លាស់ទីលំនៅមករស់នៅភូមិពោធិ៍ថ្មី ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ភូមិពោធិ៍ថ្មី មានទីតាំងស្ថិតនៅជិតទីបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ៥ ចំណុះកងពលធំអន្តរាគមន៍លេខ២។ ដោយសារឪពុករបស់ តុលា គឺជាពេទ្យទាហាននៅក្នុងកងពលតូចអន្តរាគមន៍លេខ៥ ទើបគ្រួសារ តុលា ត្រូវផ្លាស់មករស់នៅក្នុងពោធិ៍ថ្មីជិតទីបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ៥។ តុលា រស់នៅជាមួយឪពុកម្ដាយដល់អាយុ១៣ឆ្នាំ ក៏ត្រូវឪពុកបញ្ជូនទៅបន្តការសិក្សានៅអនុវិទ្យាល័យអំពិលស្ថិតក្នុងឃុំអំពិល ស្រុកបន្ទាយអំពិល ហើយ តុលា ត្រូវរស់នៅជាមួយឪពុកមាឈ្មោះ ពេម ផុម ដែលជាមេបញ្ជាការកងអនុសេនាធំអន្តរាគមន៍លេខ២៣១ ចំណុះកងពលតូចអន្តរាគមន៍លេខ៥។ នៅពេល តុលា ស្នាក់នៅជាមួយឪពុកមា តុលា បានចូលរៀននៅថ្នាក់ទី៧ក្នុងអនុវិទ្យាល័យអំពិល និងបានបន្តការសិក្សារហូតដល់បញ្ចប់ថ្នាក់ទី៩។ បន្ទាប់ពីប្រឡងជាប់ឌីប្លូម តុលា មិនបានបន្តការសិក្សានៅវិទ្យាល័យបន្ទាយអំពិលទៀតទេ ពីព្រោះសាលាស្ថិតនៅឆ្ងាយពីផ្ទះ ហើយឪពុកម្តាយក៏មានជីវភាពខ្វះខាត។
នៅក្នុងឆ្នាំ២០១៦ តុលា បានដាក់ពាក្យសុំចូលបម្រើកងទ័ព ពីព្រោះ តុលា បានស្រឡាញ់វិស័យយោធានេះតាំងពីវ័យក្មេងមកម៉្លេះ។ សំណាងល្អ តុលា បានជាប់ឈ្មោះចូលបម្រើកងទ័ពក្នុងកងពលតូចអន្តរាគមន៍លេខ៥ចំណុះកងពលធំអន្តរាគមន៍លេខ២ ហើយត្រូវបញ្ជូនទៅហ្វឹកហាត់យុទ្ធសាស្រ្តយោធានៅបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ២ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបរយៈពេល៣ខែ។ បន្ទាប់ពីហ្វឹកហ្វាត់ចប់ តុលា ត្រូវបានអង្គភាពបញ្ជូនមកបម្រើការងារនៅក្នុងកងអនុសេនាធំអន្តរាគមន៍លេខ២៣១ ស្ថិតនៅក្នុងឃុំអំពិល ស្រុកបន្ទាយអំពិលវិញ។
មេបញ្ជាការអនុសេនាធំអន្តរាគមន៍លេខ២៣១ ពេម ផុម មានប្រសាសន៍ថា តុលា គឺជាកងទ័ព វ័យក្មេងម្នាក់ឧស្សាហ៍ព្យាយាម និងគោរពវិន័យកងទ័ពបានយ៉ាងល្អ។ ក្រៅពីការងារកងទ័ព តុលា ក៏បានចូលរួមយ៉ាងសកម្មក្នុងការងារបង្កបង្កើនផល និងកិច្ចការសង្គម។ នៅពេលទំនេរពីការងារកងទ័ព តុលា តែងតែធ្វើដំណើរទៅលេងផ្ទះ សួរសុខទុក្ខឪពុកម្ដាយ និងបងប្អូននៅក្នុងភូមិពោធិ៍ថ្មី។
យោងតាមមិត្តភក្តិជិតស្និទ្ធ២នាក់របស់ តុលា ឈ្មោះ វិសាល និងម្នាក់ទៀតឈ្មោះ វីរៈ ដែលជាបងជីដូនមួយរបស់ តុលា បានរៀបរាប់ថា តុលា គឺជាមនុស្សស្មោះត្រង់ ចេះជួយយកអាសាគ្នាទៅវិញទៅមក។ តុលា បានរាប់អានមិត្តភក្តិរួមអង្គភាពដូចបងប្អូនបង្កើត។
បន្ទាប់ពីមានព្រឹត្តិការណ៍ទាហានថៃ បានធ្វើការបាញ់ប្រហារមកលើលេណដ្ឋានកងទ័ពកម្ពុជានៅមុំបី ក្នុងខេត្តព្រះវិហារ និងបានបណ្តាលឱ្យកងទ័ពកម្ពុជាម្នាក់ស្លាប់ ភ្លាមនោះអង្គភាពកងអនុសេនាធំអន្តរាគមន៍លេខ២៣១ បានចល័តកងទ័ពចេញពីអង្គភាព ដើម្បីទៅឈរជើងប្រចាំការនៅតាមខ្សែបន្ទាត់តំបន់ព្រំដែនកម្ពុជា-ថៃ។ នៅខណៈពេលទៅឈរជើងប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ តុលា វិសាល និងវីរៈ ត្រូវឈរជើងនៅទីតាំងផ្សេងគ្នា។ តុលា ត្រូវមេបញ្ជាការចាត់តាំងឱ្យទៅប្រចាំការនៅទិសប្រាសាទតាមាន់ស្លាបខាងឆ្វេងជាមួយមិត្តភក្តិរួមអង្គភាពផ្សេងទៀត។ ចំណែក វិសាល និង វីរៈ ត្រូវទៅប្រចាំការនៅទិសប្រាសាទតាមាន់ស្លាបខាងស្តាំជាមួយមិត្តភក្តិរួមអង្គភាពផ្សេងទៀតដែរ។ ទោះបីជាយ៉ាងណា តុលា, វិសាល និង វីរៈ តែងតែទាក់ទងគ្នាតាមទូរសព្ទជាធម្មតា។
ចាប់តាំងពីឡើងមកប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទិសប្រាសាទតាមាន់ តុលា មិនសូវបានទៅលេងផ្ទះ និងសួរសុខទុក្ខឪពុកម្តាយបងប្អូនដូចពីមុនឡើយ។ ទោះបីជាស្ថានភាពនៅតំបន់ព្រំដែនមានភាពស្ងប់ស្ងាត់ម្តងម្កាលក៏បានត្រឹមតែទាក់ទងទៅក្រុមគ្រួសារតាមរយៈទូរសព្ទប៉ុណ្ណោះ ពីព្រោះ តុលា ត្រូវបំពេញការងារផ្នែកភ័ស្ដុភារ និងមានភារកិច្ចចែកស្បៀងអាហារជូនកងទ័ពក្នុងអង្គភាពក្នុងរយៈពេល២ថ្ងៃម្ដង។
ទោះបីការផ្ទុះអាវុធលើកទី១ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ចប់ តុលា ត្រូវនៅប្រចាំការនៅលើខ្សែបន្ទាត់ព្រំដែនតំបន់ប្រាសាទតាមាន់ផ្នែកស្លាបខាងឆ្វេងរហូតដល់ការផ្ទុះអាវុធលើកទី២ជាថ្មីម្ដងទៀតនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ ទាហានថៃបានធ្វើការបាញ់ប្រហារចូលមកក្នុងទឹកដីកម្ពុជា ហើយតំបន់ដែលទាហានថៃបាញ់ខ្លាំង គឺតំបន់ប្រាសាទតាមាន់។
នៅយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់ប្រាសាទតាមាន់សភាពការណ៍មានភាពធូរស្រាលបន្តិច តុលា បានហៅទូរសព្ទទៅម្ដាយ ពីព្រោះម្ដាយ តុលា បានហៅទូរសព្ទមកសួរសុខទុក្ខ តុលា ជាច្រើនដង ប៉ុន្តែ តុលា មិនអាចលើកទូរសព្ទនិយាយជាមួយម្តាយបានឡើយ។ នៅខណៈពេល តុលា កំពុងនិយាយជាមួយម្តាយបានបន្តិច ស្រាប់តែយន្តហោះគ្មានមនុស្សបើករបស់ទាហានថៃបានហោះមកក្បែរនោះ។ តុលា បាននិយាយប្រាប់ម្ដាយថា «ម៉ាក់ប៉ុណ្ណឹងសិនហើយ ខ្ញុំឃើញយន្តហោះគ្មានមនុស្សបើករបស់ទាហានថៃហោះមក ខ្ញុំចូលលេណដ្ឋានសិន» នៅខណៈពេលដែល តុលា រត់ចូលក្នុងលេណដ្ឋាន យន្តហោះគ្មានមនុស្សបើករបស់ទាហានថៃបានទម្លាប់គ្រាប់បែកចុះមកត្រូវចំកន្លែងលេណដ្ឋានបណ្តាលឱ្យ តុលា ស្លាប់ភ្លាមៗនៅក្នុងលេណដ្ឋាន។
នៅពេលនោះសព តុលា មិនទាន់អាចយកចេញមកបានភ្លាមៗនោះទេ ព្រោះសភាពការណ៍ តានតឹងខ្លាំង រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង២រសៀល ទើបបងៗវីរកងទ័ពកម្ពុជាអាចយកសព តុលា ចេញពីលេណដ្ឋានបាន។ បន្ទាប់មកកងទ័ពបានដឹកសពតុលា យកមកធ្វើបុណ្យតាមប្រពៃណីខ្មែរនៅផ្ទះសាច់ញាតិរបស់ តុលា នៅក្នុងភូមិដូនស្វា ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប ដើម្បីឧទ្ទិសកុសលផលបុណ្យជូន តុលា។ ចំណែកផ្ទះឪពុកម្តាយ តុលា ស្ថិតនៅភូមិពោធិ៍ថ្មី ឃុំបេង ស្រុកបន្ទាយអំពិល មិនមានរស់នៅឡើយ គឺបានរត់ភៀសខ្លួនអស់ហើយ។
នៅពិធីបុណ្យគម្រប់ខួប១០០ថ្ងៃសពតុលា នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ទើបឪពុកម្តាយបានរៀបចំប្រារព្ធពិធីបុណ្យធំ និងមានញាតិមិត្តចូលរួមច្រើន។
ការបាត់បង់វីរកងទ័ព ឆូន តុលា គឺជាការបាត់បង់កុលបុត្រកម្ពុជាម្នាក់ដែលស្នេហាជាតិ និងហ៊ានពលីដើម្បីជាតិ។ ចំពោះឪពុកម្តាយ ក្រុមគ្រួសារ តុលា គឺជាបាត់បង់កូនប្រុស និងមនុស្សជាទីស្រឡាញ់ និងមានព្រហ្មវិហារធម៌ ដោយសារទាហានថៃបានឈ្លានពានទឹកដីកម្ពុជា។ ឈ្មោះរបស់វីរកងទ័ព ឆូន តុលា ដែលបានពលីក្នុងបុព្វហេតុការពារទឹកដី ត្រូវបានប្រជាជនកម្ពុជាគ្រប់រូបចងចាំជារៀងរហូត។
អត្ថបទ៖ គាត ស្រីឡែន បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា



