ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ទទួលបានសំណង់ចេតីយ៍សមូហភាពមួយ និងផ្ទាំងពាក្យស្លោករំឭកពីការចងចាំមួយ សាងសង់ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ក្រោមជំនួយទ្រទ្រង់ពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ។ សំណង់ទាំងពីរនេះ បានសាងសង់រួចរាល់នៅពាក់កណ្តាលខែមេសា ឆ្នាំ២០២២ នៅលើទីតាំងដី «ព្រៃធាតុដើមឈើទាលកោង» ស្ថិតនៅភូមិកំពង់ស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ តាមការស្នើសុំរបស់មេឃុំតាភេមឈ្មោះ ស៊ុំ ផាសឺត កាលពីចុងឆ្នាំ២០២១ កន្លងមក។
«ព្រៃធាតុដើមឈើទាលកោង» គឺជាដីសាធារណៈមួយកន្លែងដែលប្រើប្រាស់ធ្វើជាកន្លែងកប់អដ្ឋិធាតុអ្នកភូមិតាំងពីមុនរបបសង្គមរាស្ត្រនិយមមកម៉្លេះ។ ខណៈពេលដែលប្រទេសជាតិស្ថិតក្រោមការគ្រប់គ្រងរបស់របបសាធារណរដ្ឋខ្មែរ និងរបបខ្មែរក្រហម បរិវេណដីព្រៃធាតុដើមឈើទាលកោង គឺជាដីព្រៃគ្មានមនុស្សរស់នៅ ហើយមានសាកសពមួយចំនួនដែលស្លាប់ដោយសារការប្រយុទ្ធគ្នារវាងកងទ័ព លន់ នល់ និងក្រុមខ្មែរក្រហមក្នុងអំឡុងឆ្នាំ១៩៧៣ ក៏ត្រូវសែងយកមកកប់នៅទីនេះដែរ។ ក្រោយឆ្នាំ១៩៧៩ «ព្រៃទួលធាតុដើមឈើទាលកោង» លែងមានម្ចាស់គ្រប់គ្រងទៀតហើយ ហើយអ្នកភូមិបានកំណត់យកទីតាំងនេះធ្វើជាកន្លែងកប់អដ្ឋិធាតុអ្នកស្លាប់ នៅក្នុងឃុំតាភេមទាំងមូលរហូតមកដល់បច្ចុប្បន្ន។
សព្វថ្ងៃនេះ «ទីតាំងព្រៃធាតុដើមឈើទាលកោង» មានទំហំដីជិតមួយហិកតា ខណៈពីមុនមក ទីតាំងនេះមានត្រឹមតែជាង១០ម៉ែត្របួនជ្រុងប៉ុណ្ណោះ។ តាមប្រសាសន៍រៀបរាប់របស់ អាចារ្យ ឃួន គឹមម៉ន ដែលអះអាងថាគាត់បានបរិច្ចាកដីរបស់គាត់ចូលជាចំណែកដីព្រៃធាតុនេះបានប្រាប់ថា មូលហេតុដែលធ្វើឲ្យដីព្រៃធាតុដើមឈើទាលមានទំហំធំជាងមុន ព្រោះមានអ្នកបរិច្ចាកដីផ្ទាល់ខ្លួនចំនួនបីនាក់គឺ យាយ ហៀង, តា ឈីវ និងខ្លួនគាត់ផ្ទាល់។
នៅវេលាព្រឹកថ្ងៃទី២០ ខែឧសភា ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ និងប្រគល់សំណង់ចេតីយ៍ព្រមទាំងផ្ទាំងពាក្យស្លោករំឭកពីការចងចាំប្រវត្តិសាស្ត្រខ្មែរក្រហមទៅឲ្យអាជ្ញាធរមូលដ្ឋាន និងប្រជាជនរស់នៅក្នុងឃុំតាភេម បានចាប់ផ្តើមឡើង ដោយមានការចូលរួមពីមេឃុំតាភេមលោក ស៊ុំ ផាសឺត មេភូមិគ្រប់ភូមិ អ្នករស់រានមានជីវិតចំនួន៣០នាក់ សិស្សានុសិស្សថ្នាក់វិទ្យាល័យចំនួន១០នាក់ តំណាងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ និងបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាចំនួន៦នាក់។ មេឃុំតាភេម បានសម្តែងក្តីសោមនស្សរីករាយចំពោះសមិទ្ធិផលថ្មីនេះ ព្រមទាំងអានសុន្ទរកថាស្តីអំពីបទពិសោធន៍របស់គាត់ និងប្រជាជនឯទៀតដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម។ លោកមេឃុំ ក៏បានផ្តាំផ្ញើដល់អ្នករស់រានមានជីវិតទាំងអស់ដែលមានវត្តមាននៅក្នុងពិធី ក៏ដូចជាប្រាប់ទៅមេភូមិទាំងអស់ឲ្យជូនដំណឹងដល់អ្នករស់រានមានជីវិតក្នុងភូមិរៀងខ្លួន ឲ្យនាំយកអដ្ឋិធាតុសាច់ញាតិរបស់ខ្លួនដែលស្លាប់ក្នុងរបបខ្មែរក្រហម មកដាក់នៅក្នុងចេតីយនេះ ចាប់ពីថ្ងៃសម្ពោធនេះតទៅ។ ចុងបញ្ចប់នៃសុន្ទរកថារបស់គាត់ លោកមេឃុំបានស្នើសុំឲ្យមានការសាងសង់រោងមួយមានទំហំទទឹង៥ម៉ែត្រ និងបណ្តោយ១០ម៉ែត្រ ដើម្បីទុកធ្វើជាកន្លែងប្រារព្ធធ្វើពិធីសាសនាផ្សេងៗ និងកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍ដែលរៀបចំដោយសមាគមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នាពេលអនាគត។
លោក ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ ថ្លែងពីដំណើរការនៃការសាងសង់ចេតីយ៍ និងផ្ទាំងពាក្យស្លោករំឮកពីការចងចាំង ព្រមទាំងបានគូសបញ្ជាក់ពីសារសំខាន់នៃការសាងសង់សំណង់នេះ ពន្យល់ពីអត្ថន័យនៃផ្ទាំងពាក្យស្លោក ការបង្កើតសមាគមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងការអប់រំក្រៅផ្លូវការស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ដែលគ្រោងនឹងរៀបចំឡើងនៅលើទីតាំង «ព្រៃធាតុដើមឈើទាលកោង» ចាប់ពីពេលនេះតទៅ។ លោកក៏បានស្នើសុំឲ្យអាជ្ញាធរមូលដ្ឋាន និងអ្នករស់រានមានជីវិតទាំងអស់ សហការក្នុងការចែករំលែកបទពិសោធន៍ឆ្លងកាត់របបខ្មែរក្រហម ដល់ក្មេងៗជំនាន់ក្រោយដែលត្រូវជាកូន ចៅ និងចៅទួតរបស់ខ្លួន។ នៅក្នុងឱកាសនេះដែរ រ៉ាស៊ី ក៏បានពន្យល់ត្រួសៗពីមូលហេតុដែលនាំឲ្យមានការជ្រើសរើសយកថ្ងៃ២០ ខែឧសភា ធ្វើជាពិធីរំឭកការចងចាំ នៅក្នុងប្រទេសកម្ពុជា។ ការពន្យល់នេះ គឺសំដៅទៅកាន់ក្មេងៗជំនាន់ក្រោយឲ្យគិតគូរឡើងវិញពីការយកចិត្តទុកដាក់ចំពោះការសិក្សាប្រវត្តិសាស្ត្រខ្មែរក្រហម ដើម្បីការចងចាំ និងការផ្សះផ្សា។
បន្ទាប់មក កញ្ញា វង្ស សុជាតា តំណាងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ បានថ្លែងពីទំនាក់ទំនងល្អរវាងមជ្ឈមណ្ឌលឯកសារកម្ពុជា និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ក្នុងការផ្តល់ការគំាទ្រទាំងស្មារតី និងថវិកាក្នុងការអភិវឌ្ឍការអប់រំពីប្រវត្តិសាស្ត្រខ្មែរក្រហមនៅក្នុងមូលដ្ឋាន។ មុននឹងបញ្ចប់កម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់សំណង់ចេតីយ៍និងផ្ទាំងពាក្យស្លោកនេះ លោកមេភូមិកំពង់ស្វាយឈ្មោះ សួស រ៉ា បានឡើងមានយោបល់ទៅកាន់អ្នកចូលរួម និងគណៈប្រតិភូទាំងអស់ថា អ្នកភូមិរបស់គាត់មានសំណាងជាងគេក្នុងការទទួលបានសំណង់ទាំងពីរនេះ ព្រោះថានេះជាលើកដំបូងបង្អស់ហើយដែលឃុំតាភេមទទួលបានសមិទ្ធផលរួមសម្រាប់អ្នកភូមិទាំងអស់ក្នុងឃុំ។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មជ្ឈមណ្ឌលឯកសារកម្ពុជា និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ដែលបានសាងសង់សំណង់ទាំងពីរនេះឡើង ហើយលេចត្រដែតនៅក្នុងភូមិកំពង់ស្វាយ។ ចុងបញ្ចប់ លោកបានប្តេជ្ញាថា លោកនិងកៀងគរកម្លាំងប្រជាជនក្នុងភូមិឲ្យចូលរួមថែរក្សាសំណង់នេះឲ្យស្ថិតនៅគង់វង្សរហូតតទៅ។ កម្មវិធីសម្ពោធ បានបញ្ចប់នៅត្រឹមម៉ោង១០កន្លះ ជាមួយនឹងការថតរូបជុំគ្នាជាអនុស្សាវរីយ៍ និងការហូបនំបញ្ចុកជុំគ្នាបន្ទាប់ពីកម្មវិធី។
អត្ថបទ ៖ ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា