នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ សមាគមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅឃុំគគរ គាំទ្រដោយមជ្ឈមណ្ឌលឯកសារកម្ពុជា រៀបចំប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលដល់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបខ្មែរក្រហមនៅចេតីយ៍សម្រាប់សហគមន៍ និងដើម្បីរំឭកដល់ការចងចាំពីអំពើប្រល័យពូជសាសន៍នៅក្នុងរបបខ្មែរក្រហម។ ចេតីយ៍សម្រាប់សហគមន៍ មានទីតាំងស្ថិតនៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ដែលមានចម្ងាយប្រមាណ១៥គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម។
ចេតីយ៍សម្រាប់សហគមន៍ ត្រូវបានកសាងជានិមិត្តរូបដើម្បីរំឭកការចងចាំជាសមូហភាពដល់ជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបខ្មែរក្រហម និងជាវេទិកាផ្ទាល់សម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅកម្រិតមូលដ្ឋានដើម្បីចែករំលែកបទពិសោធន៍ជីវិតក្នុងរបបខ្មែរក្រហមដល់ក្មេងជំនាន់ក្រោយ ក្នុងការឈ្វេងយល់រឿងរ៉ាវដែលបានកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ចន្លោះឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ ក្នុងភូមិសាស្រ្តឃុំគគរ ត្រូវបានខ្មែរក្រហមរៀបចំធ្វើជាទីតាំងធ្វើទារុណកម្ម សួរចម្លើយ និងទីតាំងសម្លាប់ប្រជាជនចំនួន៣កន្លែងដែលធ្វើឲ្យជនរងគ្រោះរាប់រាយនាក់ស្លាប់បាត់បង់ជីវិត ។ ទីតាំងសម្លាប់ទី១) ការដ្ឋានវាលស្រែក្នុងភូមិចំការសាមសិប (ដែលជាទីតាំងចេតីយ៍សម្រាប់សហគមន៍សព្វថ្ងៃ)។ ប្រជាជនមូលដ្ឋាន ដែលប្រព្រឹត្តខុស និងប្រជាជនបញ្ញើ ត្រូវបានខ្មែរក្រហមយកទៅសម្លាប់នៅវាលស្រែ។ ទីតាំងទី២) ឡដុតថ្នាំជក់ ដែលខ្មែរក្រហមប្រើប្រាស់សម្រាប់សម្លាប់ជនជាតិភាគតិចចាមដែលរស់នៅភូមិចំការសាមសិប និងភូមិកំពង់ក្របី។ ជនជាតិភាគតិចចាមជាច្រើនគ្រួសារត្រូវបានខ្មែរក្រហមដឹកយកទៅសម្លាប់ និងកប់នៅក្នុងឡថ្នាំជក់ស្ថិតនៅឆ្ងាយពីផ្ទះអ្នកភូមិ។ ទីតាំងសម្លាប់ទី៣) មន្ទីរសន្តិសុខវត្តគគរ ដែលបានបង្កើតឡើងនៅឆ្នាំ១៩៧៥។ នៅពេលដែលកម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីចូលមកគ្រប់គ្រងភូមិសាស្ត្រឃុំគគរ រវាងពាក់កណ្ដាលឆ្នាំ១៩៧៧ រហូតដល់ចុងឆ្នាំ១៩៧៨ ការកាប់សម្លាប់ប្រជាជនកើតមានកាន់តែច្រើនឡើង។ ប្រជាជនមូលដ្ឋាន និងជនជាតិភាគតិចចាមត្រូវបានយកទៅសម្លាប់ជាបន្តបន្ទាប់ ខណៈពេលដែលអតីតកម្មាភិបាលភូមិភាគបូព៌ាកម្រិតមូលដ្ឋានជាច្រើន និងអ្នកពាក់ព័ន្ធត្រូវបានចាប់ឃុំឃាំង សួរចម្លើយ និងសម្លាប់នៅមន្ទីរសនិ្ដសុខឃុំគគរ។ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតី បានឲ្យអ្នកទោសជីករណ្ដៅសាកសពរួមជាច្រើនមុនពេលសម្លាប់។
ជារៀងរាល់ឆ្នាំ នៅថ្ងៃទិវាជាតិនៃការចងចាំ អាជ្ញាធរមូលដ្ឋាន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស បានប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលជូនជនរងគ្រោះដែលបានស្លាប់ក្នុងរបបខ្មែរក្រហម នៅក្នុងបរិវេណវត្តគគរ។ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ សំណង់ចេតីយ៍សម្រាប់សហគមន៍បានលេចចេញរូបរាងឡើងជាលើកដំបូងនៅភូមិសាស្រ្តឃុំគគរ ដែលអាចឲ្យប្រជាជនមូលដ្ឋានរៀបចំប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលជូនជនរងគ្រោះនៅចេតីយ៍សម្រាប់សហគមន៍នេះ នៅទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ។
នៅក្នុងពិធីសូត្រមន្តបង្សុកូលឧទ្ទិសដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហម លោកយាយ ប៊ុន សេងហាន អាយុ៧៦ឆ្នាំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម បានរៀបរាប់ថា «ខ្ញុំមានអារម្មណ៍មិនសប្បាយចិត្តរាល់ពេលដែលខ្ញុំនឹកឃើញពីការស្លាប់របស់ប្ដី និងបងប្អូនប្រុសស្រីរបស់ខ្ញុំសរុបចំនួន៩នាក់ក្នុងរបបខ្មែរក្រហម។ ជារៀងរាល់ឆ្នាំ ខ្ញុំនិមន្តព្រះសង្ឃសូត្រមន្តឧទ្ទិសកុសលជូនគ្រួសារដែលបានស្លាប់ក្នុងរបបខ្មែរក្រហមនៅផ្ទះ។ ប៉ុន្តែនៅឆ្នាំនេះ ខ្ញុំអាចចូលរួមការប្រារព្ធទិវាជាតិនៃការចងចាំក្នុងមូលដ្ឋានរបស់ខ្ញុំ ដែលមានការកសាងចេតីយ៍សម្រាប់សហគមន៍នេះ។ ខ្ញុំរំភើបផង និងនឹកឃើញពេលវេលានៃការបាត់បង់គ្រួសារផង នៅពេលដែលព្រះសង្ឃសូត្រមន្ត។ ខ្ញុំសូមឧទ្ទិសកុសលជូនគ្រួសាររបស់ខ្ញុំ និងជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបខ្មែរក្រហម»។
លោក សៀង ស៊ីផាន ក្រុមប្រឹក្សារឃុំគគរ បានលើកឡើងថា «នៅថ្ងៃទី២០ ខែឧសភា គឺជាថ្ងៃមួយដែលប្រជាជនកម្ពុជាត្រូវតែចងចាំពីរងទុក្ខវេទនា និងការកាប់សម្លាប់ប្រជាជន។ យើងមិនអាចបំភ្លេចរឿងរ៉ាវដែលបានកើតឡើងក្នុងរបបខ្មែរក្រហមទាំងនៅកម្រិតមូលដ្ឋាន និងទូទាំងប្រទេសទេ។ ខ្ញុំសូមថ្លែងអំណរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានជួយកសាងចេតីយ៍សម្រាប់សហគមន៍នេះជានិមិត្តរូបសម្រាប់ឲ្យអ្នករស់រានមានជីវិតសិស្សានុសិស្ស និងប្រជាជនមូលដ្ឋានអាចមកចែករំលែកបទពិសោធន៍ជីវិត និងប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលជូនជនរងគ្រោះក្នុងរបបខ្មែរក្រហម»។
ជាចុងក្រោយ លោក តុង សុភា អ្នករស់រានមានជីវិត និងជាតំណាងសមាគមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងមូលដ្ឋានឃុំគគរ បញ្ជាក់ថា «ចេតីយ៍សម្រាប់សហគមន៍នេះជានិមិត្តរូបសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅមូលដ្ឋានឃុំគគរ និងនៅទូទាំងប្រទេសកម្ពុជា។ សម្រាប់ខ្ញុំ ការប្រារព្ធទិវាចងចាំនេះ គឺមានសារសំខាន់ខ្លាំងណាស់ ដែលអាចជួយឲ្យអ្នករស់រានមានជីវិតនិយាយប្រាប់ពីអ្វីដែលបានកើតឡើងនៅក្នុងមូលដ្ឋានទៅកាន់ក្មេងៗជំនាន់ក្រោយ ដើម្បីទប់ស្កាត់របបប្រល័យពូជសាសន៍ខ្មែរក្រហមកុំឲ្យកើតឡើងម្តងទៀត»។
អត្ថបទ ៖ ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម