ឧត្តមសេនីយ៍ឯក ចន សាន់ដឺសុន ធ្វើទស្សនកិច្ចពិសេស នៅអន្លង់វែង

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ​២០២២ ឧត្តមសេនីយ៍ឯក ចន សាន់ដឺសុន អតីត​មេបញ្ជាការកងកម្លាំង របស់អាជ្ញាធរ​បណ្តោះអាសន្ន​អង្គការ​សហប្រជាជាតិ​បនៅកម្ពុជា (អ៊ុនតាក់) ចាប់ពីឆ្នាំ​១៩៩២ ដល់ឆ្នាំ​១៩៩៣ បាន​ធ្វើទស្សនកិច្ច​ពិសេសមួយទៅកាន់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដែលត្រូវបាន​ផ្តួចផ្តើមបង្កើតឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។ ​ដោយសារមានការ​គាំទ្រ​ជាចម្បងពីទីភ្នាក់​ងារ​​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍន៍អន្តរជាតិ​ មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​​បាន​ផ្តោតការ​ងារ​របស់ខ្លួន​ទៅលើ​ការ​អប់រំអំ​ពីអំពើប្រល័យ​ពូជសាសន៍​ដល់​យុវជន។​ ការ​អប់រំអំ​​​ពីអំពើ​ប្រល័យ​ពូជសាសន៍​គឺជាប្រធានបទ​​ដ៏លំបាកមួយ ជាពិសេស​នៅអន្លង់វែង ដោយសារ​តែ​​ប្រវត្តិ​រឿងរ៉ា​វ​​ដ៏​ស្មុគ្រស្មាញនៅ​​តាមគ្រួសារនីមួយៗ​​ ដែល​​បាន​និងកំពុង​បន្ត​និយាយនិង​​​ពាំនាំ​ទៅកាន់មនុស្ស​ជំនាន់ក្រោយៗ​ទៀត។​ អស់រយៈពេល​ជាង​២០ឆ្នាំនេះ មជ្ឈ​មណ្ឌល​​​ឯកសារកម្ពុជា​ បាន​និង​កំពុងធ្វើកិច្ចការ​​នេះ​ដោយ​មាន​ការសហការជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​​ ដើម្បីធានា​ឲ្យ​ប្រាកដ​ថា ប្រវត្តិសាស្ត្រ​នេះ​ត្រូវ​បាន​បង្រៀន​សម្រាប់​មនុស្ស​គ្រប់ជំនាន់​នាពេល​អនាគត។​

ឧត្តមសេនីយ៍ឯក ចន សាន់ដឺសុន​ បាន​ទស្សនកិច្ច​មជ្ឈមណ្ឌល​សន្តិភាពអន្លង់វែង និងតំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ ព្រមទាំង​បាន​ជួប​ជាមួយអតីត​ទាហានខ្មែរក្រហមដែរ។ ដំណើរទស្សនកិច្ច​របស់​ឧត្តមសេនីយ៍ឯក ចន សាន់ដឺសុន​ ទៅកាន់អន្លង់វែង​ ត្រូវ​បាន​ធ្វើឡើងជាលើកដំបូងបង្អស់ ចាប់​តាំងពី​ការ​ដួលរលំតំបន់តស៊ូចុងក្រោយ​​នៃចលនា​ខ្មែរក្រហម​ កាលពីជាង​២០ឆ្នាំ​មុន។​ លោកឧត្តមសេនីយ៍ឯក ក៏ត្រូវ​បាន​អមដំណើរដោយភរិយារបស់លោក ព្រមទាំង​លោកឯកអគ្គរាជទូតអូស្រ្តាលី ប៉ាប្លូ កាង​ ដែរ។

ដំណើរទស្សនកិច្ច​​បាន​ចាប់ផ្តើម​ដោយមាន​ការ​បង្ហាញពីមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ ខ្ញុំ​ក៏បាន​​រៀបរាប់ប្រាប់អំ​ពីសកម្មភាពការងារ​ផ្សេងៗរបស់មជ្ឈមណ្ឌល ដោយរាប់ទាំង​កម្មវិធីអប់រំស្តីពីសន្តិភាពនិង​សិទ្ធិមនុស្ស​ ដែលមជ្ឈមណ្ឌល​សន្តិភាពអន្លង់វែង​ ​បាន​ផ្តល់​ជូន​ដល់​កូនចៅ​របស់​អតីតសមាជិក​ខ្មែរក្រហម។ ​អន្លង់វែង​មាន​ប្រជាជនចំនួន​ប្រមាណជិត​៦ម៉ឺននាក់ ដែល​៨០ភាគរយនៃប្រជាជននៅទីនោះគឺជា​អតីត​​សមាជិក​ខ្មែរក្រហម។ អន្លង់វែង​បាន​ធ្វើសមាហរណកម្មមកក្នុង​សង្គមជាតិ​វិញនៅក្នុង​ឆ្នាំ​១៩៩៨ ដែល​មាន​រយៈពេល​៥ឆ្នាំ ក្រោយ​ពី​អ៊ុនតាក់​បាន​បញ្ចប់​បេសកកម្មរបស់ខ្លួន។

ឧត្តមសេនីយ៍ឯក ចន សាន់ដឺសុន ក៏បាន​ផ្តោតការចាប់អារម្មណ៍លើ​​ផ្ទាំង​ពិព័រណ៍អចិន្ត្រៃយ៍​របស់មជ្ឈមណ្ឌល​ដែរ ដែល​មាន​បង្ហាញ​រូបភាពនិង​ព័ត៌មាន​​ស្តីពីដំណើរមាតុភូមិនិវត្ត​ន៍​របស់ជនភៀសខ្លួន​កម្ពុជា​ កាលពីសម័យ​អ៊ុនតាក់។ នៅ​ក្រោម​ការ​គ្រប់គ្រងរ​បស់​អ៊ុនតាក់ ជនភៀសខ្លួន​​បាន​វិលត្រឡប់មក​កាន់​ភូមិឋាន​របស់ខ្លួន​វិញ​តាម​រទេះភ្លើង ដែល​បាន​ដាក់តាំងបង្ហាញនៅ​លើពិព័រណ៍មួយផ្ទាំង។ ចំណែកឯ ពិព័រណ៍មួយ​ទៀត​បាន​ពណ៌នា​អំពីរូបភាព ដែលបាន​សរសេរថា៖ «Benny Widyono ឈរក្នុងចំណោមកងទ័ពខ្មែរក្រហមនៅប៉ៃលិន ដែលជាទីស្នាក់ការកណ្ដាលរបស់ខ្មែរក្រហម នៅជាប់ព្រំដែនថៃ ជាតំបន់​មួយ​ដែលមមាញឹកជាមួយនឹងការជួញដូរត្បូងមានតម្លៃ និងព្រៃឈើជាមួយឈ្មួញជនជាតិថៃ។ ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ បានអញ្ជើញ Benny Widyono អមដំណើរជាមួយទ្រង់ ដើម្បីត្រួតពិនិត្យតំបន់ខ្មែរក្រហម នៅខែកញ្ញា ឆ្នាំ​១៩៩២»។ លោកឧត្តមសេនីយ៍ឯក បាន​ចាប់អារម្មណ៍ពិព័រណ៍ទាំងនេះ ដោយសារ​តែបាន​រំឭកឡើងវិញ​ពីសម័យកាល​ដែលលោក​ឧត្តមសេនីយ៍ឯក ដឹកនាំ​កងកម្លាំងអ៊ុនតាក់។

ឧត្តមសេនីយ៍ឯក ចន សាន់ដឺសុន បាន​ធ្វើដំណើរទៅកាន់​ទីតាំងប្រវត្តិសាស្ត្រ​មួយចំនួន​ដែរ ដោយ​រាប់​បញ្ចូល​ទាំង​អតីតផ្ទះប្រជុំ​របស់​តាម៉ុក និង​ទីតាំង​បូជាសព ប៉ុល ពត។ អតីតផ្ទះប្រជុំ​របស់​តាម៉ុក គឺជា​គោល​ដៅ​ទីមួយ ដែល​បច្ចុប្បន្នគឺជា​ទីតាំង​របស់​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង។​ មជ្ឈមណ្ឌល​នេះ​បាន​ប្រែក្លាយ​​អតីតផ្ទះប្រជុំ​នេះឲ្យ​ទៅ​ថ្នាក់រៀនសម្រាប់​យុវជន​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ និង​ប្រវត្តិសាស្ត្រ​សហគមន៍​អន្លង់វែង។ ដោយមាន​ទីតាំងនៅ​លើខ្នង​ភ្នំដងរែក ថ្នាក់រៀន​នេះ​គាំទ្រដល់​ការ​អប់រំ​ពីអំពើប្រល័យ​ពូសាសន៍ដល់សិស្ស និង​និស្សិតប្រមាណជា​៥០០នាក់ នៅក្នុងប្រទេសកម្ពុជា ព្រមទាំង​និស្សិត​បរទេសដែរ។ កន្លងមក និស្សិត​បរទេស​ប្រមាណជា​ជាង​១០នាក់នៃ​សកលវិទ្យាល័យ​ម៉ូណាសរបស់ប្រទេសអូស្ត្រាលី​ បាន​មកបំពេញ​បេសកកម្មសិក្សា​ស្រាវជ្រាវអំពី​ប្រវត្តិសាស្ត្រ ការ​ផ្សះផ្សា និង​ជំងឺផ្លូវចិត្ត ព្រមទាំង​ព័ត៌មាន​ស្តី​អំពី​បរិស្ថាន​ និង​ធនធានរ៉ែនៅ​ក្នុង​មូលដ្ឋាន​ទៀតផង។​ និស្សិត​ទាំងអស់នោះ​ក៏បាន​ស្តាប់ឮការ​និយាយរៀបរាប់​ផ្ទាល់​ពី​អតីត​សមាជិក​ខ្មែរក្រហម​ និងបាន​ពិភាក្សា ​ព្រមទាំងរៀនសូត្រអំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ និងប្រវត្តិសាស្ត្រ​នៅ​ក្នុង​តំបន់។

គោលដៅ​ទី២នៃដំណើរទស្សនកិច្ច​គឺជា​ទីតាំងបូជាសព ប៉ុល ពត អតីតមេដឹកនាំខ្មែរក្រហម​ និង​ជាអតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​ប្រជាធិបតេយ្យ ដែលបានស្លាប់នៅក្នុ​ង ខែមេសា ឆ្នាំ​១៩៩៨។ ខ្ញុំ​ក៏បាន​ជម្រាបត្រួសៗជូន លោកឧត្តមសេនីយ៍ អំពី​ទីតាំងប្រវត្តិសាស្ត្រ និង​រឿងរ៉ាវមួយចំនួន​រហូតដល់​ការ​ស្លាប់របស់ ប៉ុល​ ពត។ បន្ទាប់ពីការ​ដួលរលំជាផ្លូវការ​របស់​របបខ្មែរក្រហម​ នៅ​ក្នុង​ឆ្នាំ​១៩៧៩ ប៉ុល​ ពត និងសមាជិក​ទាំងឡាយ បាន​បន្ត​ការ​តស៊ូ​ប្រដាប់អាវុធ​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​ថៃ នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០។

នៅ​ដើមទសវត្សន៍​ឆ្នាំ​១៩៩០ ចលនា​របស់ ប៉ុល​ ពត បាន​ទទួលរងនូវ​ភាពឯកោជាលំដាប់ ហើយ​ការ​គាំទ្រពីអន្តរជាតិ​ចាប់​ផ្តើម​កាត់ផ្តាច់ ដែលស្របទៅនឹង​​​សន្ធិសញ្ញា​សន្តិភាពទីក្រុង​ប៉ារីស នាថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១។ ប៉ុល ពត បាន​បន្តដកថយពីតំបន់តស៊ូ​នានា មកកាន់​តំបន់​អន្លង់វែងនៅ​ឆ្នាំ​១៩៩៣ ឬ១៩៩៤។ ប៉ុល ពត បាន​រួម​កម្លាំង​ជាមួយ​ ឈិត ជឿន ហៅ តាម៉ុក ដែល​ជាមេបញ្ជាការនៅ​តំបន់អន្លង់វែង។ នៅទីបំផុត មេដឹកនាំទាំងពីរបាន​វាយប្រយុទ្ធគ្នា ដែលកាន់តែធ្វើឲ្យ​ចុះខ្សោយ​ដល់ចលនាខ្មែរក្រហម។ ក្រោយមក ប៉ុល ពត ត្រូវ​បាន​នាំយកទៅកាត់ទោសនៅ​ក្នុង​តុលាការប្រជាជន និង​ដាក់ឲ្យ​នៅឃុំ​ខ្លួន​ក្នុង​ផ្ទះរហូតដល់គាត់ស្លាប់។

ឧត្តមសេនីយ៍ឯក ចន សាន់ដឺសុន ក៏បានជួបជាមួយ វង សារ៉ន ដែល​ជាអតីតទាហាន​ខ្មែរក្រហម និងធ្លាប់ជាសហការីរបស់លោកនៅក្នុងសម័យអ៊ុនតាក់។ ចលនា​ខ្មែរក្រហម​នៅ​តែជាបញ្ហា បន្ទាប់​ពីសម័យអ៊ុនតាក់។ ប្រទេសកម្ពុជា​បាន​ចំណាយពេលប្រាំឆ្នាំក្រោយមក​ទៀតដើម្បី​បញ្ចប់​នូវរាល់​កម្លាំង​សេសសល់របស់ចលនាខ្មែរក្រហម។

​អន្លង់វែង​បាន​ក្លាយ​ជា​តំបន់​តស៊ូ​ចុងក្រោយ​នៃ​ចលនា​នេះដែល​បាន​ធ្វើសមាហរណកម្ម​ចូលមកក្នុង​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ នៅក្នុង​ឆ្នាំ​១៩៩៨ នៅក្រោម​គោលនយោបាយ​ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃរាជរដ្ឋាភិបាលកម្ពុជា។

នៅ​ក្នុង​ឱកាសនោះដែរ វង សារ៉ន ក៏បាន​សម្តែង​នូវសេចក្តីរីករាយ​យ៉ាងខ្លាំង ដែលបាន​ជួបជាមួយ លោកឧត្តមនីយ៍ឯក ចន សាន់ដឺសុន នៅ​អន្លង់វែង។ អ្នក​ទាំងពីរ​បាន​និយាយ​គ្នា​ប្រកប​ដោយភាពស្និទ្ធស្នាលរីករាយ ដោយរាប់​ចាប់​តាំងពី​រយៈកាល​ដែល​បាន​ជួបគ្នា រហូតដល់​គ្រាលំបាកដែល​ខ្មែរក្រហម​ធ្វើពហិការ​មិនអនុវត្តតាម​កិច្ចព្រមព្រៀង។ អ្នកទាំងពីរបាន​អង្គុយជជែក និង​ចែករំលែកសាច់រឿងនៃទំព័រ​ប្រវត្តិសាស្ត្រ​កម្ពុជា និង​ប្រវត្តិសាស្ត្រ​របស់​អាស៊ី​អាគ្នេយ៍។

អត្ថបទ ៖ លី សុខឃាង ​នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងនៃមជ្ឈមណ្ឌល​ឯកសារកម្ពុជា

ឧត្តមសេនីយ៍ឯក ចន សាន់ដឺសុន អតីតមេបញ្ជាការកងកម្លាំង របស់អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៣ និងភរិយា អមដំណើរដោយបណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ធ្វើទស្សនកិច្ចនៅសារមន្ទីរផ្ទះតាម៉ុក នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
ឧត្តមសេនីយ៍ឯក ចន សាន់ដឺសុន និង ភរិយា ជួបជាមួយលោក វង សារ៉ន (រូបទី២រាប់ពីស្តាំ) ដែលជាអតីតទាហានខ្មែរក្រហម និងធ្លាប់ជាសហការីរបស់លោកនៅក្នុងសម័យអ៊ុនតាក់ នៅឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
រូបរាប់ពីស្តាំ៖ ឯកអគ្គរាជទូតអូស្រ្តាលី ប៉ាប្លូ កាង, បណ្ឌិត លី សុខឃាង, ឧត្តមសេនីយ៍ឯក ចន សាន់និងលោក វង សារ៉ន នៅឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
ឧត្តមសេនីយ៍ឯក ចន សាន់ដឺសុន អតីតមេបញ្ជាការកងកម្លាំង របស់អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៣ ទស្សនកិច្ចទីតាំងបូជាសព ប៉ុល ពត នៅលើខ្នងភ្នំដងរែក នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
រូបរាប់ពីស្តាំ៖ ឯកអគ្គរាជទូតអូស្រ្តាលី ប៉ាប្លូ កាង, ឧត្តមសេនីយ៍ឯក ចន សាន់ដឺសុន និងភរិយា និង បណ្ឌិត លី សុខឃាង ថតរូបជុំគ្នាបន្ទាប់ពីទស្សនកិច្ចអតីតផ្ទះប្រជុំរបស់តាម៉ុកនៅលើខ្នងភ្នំដងរែក ដែលបច្ចុប្បន្នគឺជាទីតាំងរបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
រូបឈរពាក់មួកនៅកណ្តាល៖ លោក វង សារ៉ន ជាមួយកងកម្លាំងរបស់អ៊ុនតាក់។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
លោក វង សារ៉ន ពេលបំពេញការងារជាមួយកងកម្លាំងរបស់អ៊ុនតាក់។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
លោក វង សារ៉ន ពេលបំពេញការងារជាមួយអ៊ុនតាក់។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
អត្ថបទផ្សេងទៀត៖